យើងទទួលបានសំណួរជាច្រើនទាក់ទងនឹងការអានព្រះគម្ពីរ។ សម្រាប់ថ្ងៃនេះ សំណួរមានដូចតទៅ៖ «ជម្រាបសួរលោកគ្រូ! ខ្ញុំទទួលបានមេរៀនជាច្រើនណាស់តាមរយៈខាងលោកគ្រូ។ ហើយសំណួររបស់ខ្ញុំថ្ងៃនេះគឺ៖ នៅពេលដែលខ្ញុំអានព្រះគម្ពីរ ខ្ញុំឃើញថា វាពិបាកណាស់ចំពោះខ្ញុំក្នុងការទទួលបានអ្វីដែលអ្នកនិពន្ធចង់ឲ្យខ្ញុំយល់ ចេញពីអ្វីដែលគាត់បានសរសេរ។ ឥឡូវនេះ សម្រាប់ពេលវេលាស្ងៀមស្ងាត់ជាមួយនឹងព្រះជាម្ចាស់ ខ្ញុំកំពុងតែអានកណ្ឌគម្ពីរ លោកុប្បត្ដិ ប៉ុន្តែជាញឹកញាប់ខ្ញុំឃើញថា ខ្ញុំមិនមានចំណាប់អារម្មណ៍លើអ្វីដែលខ្ញុំទើបតែបានអានប៉ុន្មានទេ។ តើអ្វីទៅជាជំនាញមូលដ្ឋានដំបូង ក្នុងការអានព្រះគម្ពីរ ដើម្បីស្វែងរកអត្ថន័យសម្រាប់ជីវិតខ្ញុំ?
ជំនាញមូលដ្ឋាន
ខ្ញុំដឹងថា អ្នកសួរកំពុងតែសួរអំពីជំនាញមូលដ្ឋានក្នុងការអានព្រះគម្ពីរ។ ប៉ុន្តែ យោងលើការពណ៌នារបស់គាត់អំពីអ្វីដែលកើតឡើងនៅពេលដែលគាត់អាន ខ្ញុំចង់ឆ្លើយសំណួរនេះក្នុងរបៀបខុសគ្នាបន្តិចអំពីអ្វីដែលគាត់កំពុងតែសួរ ជាជាងគ្រាន់តែឆ្លើយដោយលើកឡើងអំពីជំនាញមូលដ្ឋាន ពីព្រោះខ្ញុំគិតថា នោះមិនមែនជាចំណុចគន្លឹះនៅពេលដែលយើងចំណាយពេលស្ងៀមស្ងាត់ជាមួយនឹងព្រះជាម្ចាស់ ប៉ុន្តែមិនសូវមានចំណាប់អារម្មណ៍។
សូមកុំគិតថា មានតែអ្នកសួរទេដែលពេលខ្លះមិនសូវមានចំណាប់អារម្មណ៍។ ការនេះមិនកើតឡើងសម្រាប់តែអ្នកជឿថ្មីៗនោះទេ សូម្បីតែខ្ញុំដែលជាអ្នកជឿយូរឆ្នាំមកហើយក៏ពេលខ្លះបាត់បង់ចំណាប់អារម្មណ៍ខ្លះៗដែរ។ ខ្ញុំនឹងលើកឡើងចំណុចសំខាន់ៗបីយ៉ាង ដើម្បីបង្កើតជាផលផ្លែក្នុងការដែលយើងជួបជាមួយនឹងព្រះជាម្ចាស់ និងសេចក្ដីពិតដែលទ្រង់សព្វព្រះហឫទ័យឲ្យយើងទទួលបានតាមរយៈព្រះគម្ពីរ។
ខ្ញុំអាចពន្យល់ចំណុច៣យ៉ាងនេះដែលខ្ញុំសង្ឃឹមថានឹងក្លាយជាជំនួយដល់អ្នកសួរក្នុងរបៀបបីយ៉ាង។ ពេលខ្លះខ្ញុំហៅវាថា ការជំរុញចិត្ត ជំនាញ និងការបើកសម្ដែង។ ឬក៏ពេលខ្លះទៀតខ្ញុំហៅថា ការចង់ក្លាយជា ការមានសមត្ថភាពធ្វើ និងការយល់ឃើញ។ ឬក៏ពេលខ្លះទៀតខ្ញុំហៅវាថា សេចក្ដីប្រាថ្នាចង់បាន ទង្វើប្រព្រឹត្ត និងរង្វាន់នៃការអានព្រះគម្ពីរ។ ខ្ញុំនឹងបកស្រាយបន្ថែមខ្លះៗដោយសង្ឃឹមថា ព្រះជាម្ចាស់នឹងបង្កើតឲ្យមានការនោះនៅក្នុងជីវិតរបស់យើង។
ការជំរុញចិត្ត
ជាដំបូង ខ្ញុំចង់ពន្យល់លើចំណុចនៃការជំរុញចិត្ត។ ប្រសិនបើយើងបាត់បង់ការជំរុញចិត្ត នោះយើងនឹងលែងអានព្រះគម្ពីរជាមិនខាន។ ហើយប្រសិនបើយើងបានអានព្រះគម្ពីរ នោះយើងនឹងមិនទទួលបានគ្រប់អ្វីៗដែលព្រះជាម្ចាស់មានសម្រាប់យើងតាមរយៈព្រះបន្ទូលទេ។ ម្សិលមិញ ខ្ញុំបានអាននៅក្នុងកណ្ឌគម្ពីរ យ៉ូហានជំពូក១៧ ដែលបានសរសេរចុះអំពីសេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូវសម្រាប់ពួកសិស្ស។ ខ្ញុំឃើញចង្កោមចំណុចដ៏មានតម្លៃមួយចំនួន ដែលទាក់ទងផ្ទាល់ទៅនឹងការឮព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានជំរុញចិត្តឲ្យខ្ញុំកាន់តែចង់អានព្រះគម្ពីរថែមទៀត។
ព្រះយេស៊ូវបានមានបន្ទូលថា «តែទូលបង្គំថ្លែងសេចក្ដីទាំងនេះ នៅក្នុងលោកីយ៍ ដើម្បីឲ្យគេបានសេចក្ដីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ» (យ៉ូហាន ១៧:១៣)។ យើងនឹងមិនទទួលបានអំណរដ៏បរិបូរណ៍ ប្រសិនបើយើងមិនបន្តស្ដាប់នូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូល—ដែលនេះសំដៅទៅលើការស្ដាប់ ឬក៏អានព្រះគម្ពីរ។ ហើយខ្ញុំគិតថា គោលការណ៍មួយនេះគឺសម្រាប់ព្រះគម្ពីរទាំងមូល មិនមែនគ្រាន់តែសំដៅទៅលើព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងកណ្ឌដំណឹងល្អប៉ុណ្ណោះនោះទេ។
ជាបន្ទាប់ ព្រះយេស៊ូវក៏បានអធិស្ឋានដូចតទៅ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់» (យ៉ូហាន ១៧:១៧)។ ចំណុចទីពីរដែលយើងនឹងមិនទទួលបាន ប្រសិនបើយើងមិនបន្តទទួលទានលើសេចក្ដីពិតនៃព្រះបន្ទូលគឺ ការញែកជាបរិសុទ្ធ។ ព្រះជាម្ចាស់បានរចនាយើងឡើងក្នុងការធ្វើឲ្យយើងកាន់តែបរិសុទ្ធតាមរយៈសេចក្ដីពិត។ ហើយបន្ទាប់មក ព្រះអង្គក៏បន្តលើកឡើងថា «ព្រះអម្ចាស់អើយ! សេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។
ការជំរុញចិត្តទី៣មាននៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៧:២០ ដែលព្រះអង្គបានលើកឡើងថា «ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ»។ ដូច្នេះ តើយើងអាចទទួលជឿបានដោយរបៀបណា? តើយើងអាចនៅបន្តទទួលជឿទៅមុខទៀតបានដោយរបៀបណា? យើងទទួលជឿតាមរយៈព្រះបន្ទូល តាមរយៈការនិពន្ធរបស់ពួកសាវ័ក។ តែយើងអាចរកឃើញការសរសេរនោះនៅឯណា? គឺនៅក្នុងព្រះគម្ពីរ។
ដូច្នេះ ទាំងនេះគឺជាការជំរុញចិត្តដ៏ល្អៗបីយ៉ាងក្នុងការអានព្រះគម្ពីរ។ ប្រសិនបើលោកអ្នកចង់មានជំនឿ ប្រសិនបើលោកអ្នកចង់មានភាពបរិសុទ្ធ ប្រសិនបើលោកអ្នកចង់មានអំណរ ព្រះយេស៊ូវបានមានបន្ទូលថា យើងអាចទទួលបានចំណុចទាំងអស់នោះតាមរយៈការជួបជាមួយព្រះជាម្ចាស់ក្នុងព្រះបន្ទូលរបស់ទ្រង់។ នេះគឺជារបៀបដែលយើងអាចទទួលបានការជំរុញចិត្ត។
យើងចង់បានចំណុចទាំងអស់នោះ ហើយជាលទ្ធផលគឺយើងចង់បានព្រះបន្ទូល។ ដូច្នេះ នេះគឺជាចំណុចដំបូងនៃចំណុចសំខាន់ៗបីយ៉ាងរបស់ខ្ញុំ ដែលខ្ញុំដឹងថាអ្នកសួរបានសួរអំពីចំណុចនេះផង។ ប៉ុន្តែ ខ្ញុំគិតថា នេះពិតជាសំខាន់ណាស់ ត្រង់ថាយើងត្រូវតែដឹងអំពីរបៀបដែលជំរុញចិត្តយើង ពីព្រោះប្រសិនបើយើងមិនសូវមានចំណាប់អារម្មណ៍នៅពេលដែលយើងអានព្រះគម្ពីរ នោះមិនយូរមិនឆាប់យើងនឹងបាត់បង់ការជំរុញចិត្តជាមិនខាន។
ជំនាញ
ខ្ញុំនឹងពន្យល់បន្ថែមតែបន្តិចបន្តួចទេលើចំណុចបន្តបន្ទាប់ពីរទៀត។ ទីមួយ គឺការជំរុញចិត្ត។ ចំណុចទីពីរគឺជាជំនាញ ឬក៏សមត្ថភាពនៃការអាន។ នេះគឺជាយោបល់តែមួយគត់របស់ខ្ញុំ។ នៅក្នុងសៀវភៅរបស់ខ្ញុំដែលមានចំណងជើងជាភាសាអង់គ្លេសថា “Reading the Bible Supernaturally” (ប្រែថា «ការអានព្រះគម្ពីរបែបអធិធម្មជាតិ»)។ សៀវភៅនោះមានលើកឡើងនូវចំណុចអនុវត្តជាច្រើនទៀត ដើម្បីឲ្យលោកអ្នកកាន់តែមានជំនាញក្នុងការទទួលបានអត្ថន័យចេញពីព្រះគម្ពីរ។
នេះគឺជាចំណុចដែលខ្ញុំចង់លើកឡើងនៅត្រង់នេះ។ មានរឿងអាថ៌កំបាំងកើតឡើងនៅពេលដែលយើងយកប៊ិច ឬក៏ខ្មៅដៃ—មិនមែនក្តារចុច ប៉ុន្តែគឺប៊ិច ឬក៏ខ្មៅដៃ—ហើយថាយើងសរសេរផ្ទាល់នៅលើព្រះគម្ពីរ ឬក៏ថា ប្រសិនបើខនៃព្រះគម្ពីរដែលយើងកំពុងតែអានវែងពេក នោះយើងអាចចម្លងលើសៀវភៅកំណត់ហេតុរបស់យើងមួយផ្សេងទៀត គឺយើងសរសេរសំណួរដែលយើងមាន ឬក៏ការសង្កេតមើលដែលយើងឃើញ អំពីអ្វីដែលយើងកំពុងតែអាននៅក្នុងព្រះគម្ពីរ។
លោកអ្នកទំនងជាកំពុងគិតថា «លោកគ្រូ! បើខ្ញុំធ្វើដូច្នោះ នោះមានន័យថា ខ្ញុំកំពុងតែសរសេរនូវអ្វីដែលខ្ញុំមិនចេះហើយ។ ខ្ញុំកំពុងតែសូមឲ្យលោកគ្រូជួយខ្ញុំឲ្យបានយល់»។ ការឆ្លើយតបរបស់ខ្ញុំគឺថា «ទេ ទេ ទេ នោះមិនមែនជាការពិតទេ។ ទេ! ការសរសេរចុះបែបនោះនឹងមិនគ្រាន់តែកត់ចំណាំនូវអ្វីដែលលោកអ្នកចេះនោះទេ»។ ការចម្លងខគម្ពីរចុះនឹងបណ្ដាលឲ្យលោកអ្នកមានគំនិត ដែលលោកអ្នកមិនធ្លាប់មានពីមុន។ ការសរសេរចុះនូវសំណួរដែលលោកអ្នកមាននឹងបណ្ដាលឲ្យខួរក្បាលរបស់លោកអ្នកមានគំនិតដែលមិនធ្លាប់មានពីមុន។ ដូច្នេះ នេះគឺជាយោបល់មួយរបស់ខ្ញុំសម្រាប់អ្នកសួរ ដើម្បីជួយឲ្យគាត់បង្កើតជំនាញឲ្យបានដំណើរការ។ ហើយខាងក្រោមនេះគឺជាចំណុចចុងក្រោយ។
ការបើកសម្ដែង
ចំណុចទី៣នៃចំណុចដែលសំខាន់គឺការបើកសម្ដែង។ នេះគឺជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គបានបណ្ដាលឲ្យព្រះជាម្ចាស់ផ្ទាល់—លក្ខណសម្បត្តិរបស់ទ្រង់ ព្រះហឫទ័យរបស់ទ្រង់ និងរបៀបរបស់ទ្រង់—បញ្ចាំងពន្លឺតាមរយៈព្រះបន្ទូល។ ការអធិស្ឋានគឺជាចំណុចគន្លឹះនៃការទទួលបានការបើកសម្ដែងនេះ។ ខ្ញុំនិយាយដូច្នេះដោយសារនៅក្នុងកណ្ឌគម្ពីរ អេភេសូរ ១:១៨ សាវ័ក ប៉ុល បានអធិស្ឋានដូចនោះ។ គាត់បានអធិស្ឋានទូលសូមឲ្យព្រះជាម្ចាស់បើកភ្នែកនៃដួងចិត្តរបស់គាត់ ឲ្យអាចមើលឃើញបាន។ ដូច្នេះ សូមអធិស្ឋានទូលសូមឲ្យព្រះជាម្ចាស់បើកសម្ដែងមកកាន់លោកអ្នកតាមរយៈព្រះបន្ទូលចុះ។
មិនថាសម្រាប់អ្នកដែលកំពុងតែសួរសំណួរនេះ ឬក៏អ្នកណាម្នាក់ទៀតក៏ដោយនៅជុំវិញពិភពលោក សេចក្ដីអធិស្ឋានរបស់ខ្ញុំគឺដូចតទៅ៖ «សូមព្រះជាម្ចាស់ប្រទានឲ្យយើងមានការជំរុញចិត្តខ្លាំង កាន់តែមានជំនាញ និងការបំភ្លឺ ដោយមានការបំផ្លាស់បំប្រែតាមរយៈការបើកសម្ដែងក្នុងការអានព្រះគម្ពីររបស់យើង»។
មតិយោបល់
Loading…