លោក យ៉ូស្វេ បាននាំពួករាស្ត្រចូលទឹកដីសន្យា ប៉ុន្តែពួកចៅហ្វាយបានបង្ហាញថា ក្នុងឆ្នាំបន្តបន្ទាប់ មានអំពើបាបដដែលៗបានកើតឡើងម្ដងហើយម្ដងទៀត ដែលនាំឲ្យពួករាស្ត្រធ្លាក់ចុះ។ ហើយនៅពេលដែលពួករាស្ត្រឈានដល់ចំណុចអស់សង្ឃឹមល្មមដោយពួកអ្នកតាមតំបន់បានជិះជាន់លើពួកគាត់ នោះព្រះជាម្ចាស់ក៏លើកចៅហ្វាយម្នាក់ [ឲ្យមកជួយ] ហើយពួករាស្ត្រក៏ទទួលបានការរំដោះម្ដងទៀត។ ប៉ុន្តែ ពីរបីជំនាន់បន្ទាប់មកទៀត នោះពួកគាត់ក៏បានធ្លាក់ចូលក្នុងការថ្វាយបង្គំរូបព្រះក្លែងក្លាយ និងអំពើអសីលធម៌ដូចជំនាន់មុនៗវិញជាថ្មីម្ដងទៀត ដោយមានការអស់សង្ឃឹមយ៉ាងខ្លាំង៖ «នៅគ្រានោះឯង គ្មានស្ដេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា» (ពួកចៅហ្វាយ ២១:២៥)។ ដូច្នេះ យើងក៏ទំនងជាចាប់ផ្ដើមគិតថា «អ្វីដែលពួកគាត់ត្រូវការនោះគឺការមានស្ដេចមួយអង្គដែលយុត្តិធម៌ ស្មោះត្រង់ និងពិត»។ ហេតុដូច្នេះហើយបានជាក្នុងអំឡុងពេលនៃពួកចៅហ្វាយ នោះយើងក៏មានរឿងផ្សេងៗទៀតដូចជារឿងរបស់នាងរស់ និងរឿងខ្លីៗផ្សេងទៀតជាដើម។
សាំយូអែល, ពង្សាវតារក្សត្រ និងរបាក្សត្រ
ហើយអ្វីដែលយើងមាននៅក្នុងកណ្ឌគម្ពីរ (១សាំយូអែល, ២សាំយូអែល, ១ពង្សាវតារក្សត្រ និង២ពង្សាវតារក្សត្រ) ដែលបន្ទាប់មកបានលើកឡើងជាថ្មីម្ដងទៀតនៅក្នុងកណ្ឌគម្ពីរ (១ពង្សាវតារក្សត្រ និង២ពង្សាវតារក្សត្រ) គឺជាចលនាឈានចេញពីអំឡុងពេលនៃពួកចៅហ្វាយ—ចៅហ្វាយចុងក្រោយដែលល្អគឺលោក សាំយូអែល—ហើយបានឈានចូលយល់ការគ្រងរាជ្យដោយស្ដេចវិញ។
ស្ដេច សូល ដែលបានបរាជ័យ
ហើយស្ដេចដំបូង ដែលយើងហៅថា ការចាប់ផ្ដើមសម័យកាលនៃការគ្រងរាជ្យដោយមានការរួបរួមគ្នា—គឺកុលសម្ព័ន្ធទាំងអស់—គឺស្ដេច សូល។ ទ្រង់បានចាប់ផ្ដើមយ៉ាងល្អ ប៉ុន្តែពួករាស្ត្រចង់បានទ្រង់ដោយមានមូលហេតុមិនត្រឹមត្រូវ។ ពួករាស្ត្រចង់មានស្ដេចដែលមានលក្ខណៈបែបដូចជាពួកថ្វាយបង្គំព្រះក្លែងក្លាយនៅជុំវិញខ្លួន ហើយស្ដេច សូល ផ្ទាល់ (មិនថាទ្រង់ខ្ពស់ មានភាពក្លាហាន និងមានភាពទន់ភ្លន់ពីដើមក៏ដោយ) ក៏នៅចុងបញ្ចប់បានក្លាយជាអង្គដែលមិនមានសន្តិភាព មិនចេះទប់កំហឹង និងខឹងអស់អ្នកដែលគំរាមកំហែងឋានៈរបស់ទ្រង់។ មិនយូរមិនឆាប់ ទ្រង់ក៏ចាប់ផ្ដើមមានភាពឃោរឃៅ ដោយគ្មានសេចក្ដីមេត្តាករុណា ហើយការមិនមានសន្តិភាពរបស់ទ្រង់ក៏បានបណ្ដាលឲ្យទ្រង់បះបោរទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ទ្រង់ក៏ចង់យកតួនាទីជាសង្ឃ និងជាស្ដេចក្នុងពេលតែមួយផងដែរ។ ហើយទ្រង់ក៏បានសម្លាប់គេ ហើយបុត្រារបស់ទ្រង់ក៏បានធ្វើដូច្នោះដែរ។ ហើយជាលទ្ធផលក៏មិនមានរាជវង្សស្ដេច សូល បន្តទៅមុខទៀត។
រាជវង្សស្ដេច ដាវីឌ
ព្រះគម្ពីរបានប្រាប់យើងថា ព្រះជាម្ចាស់ក៏បានតាំងមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ដែលនេះជាការចាប់ផ្ដើមរាជវង្សរបស់ស្ដេច ដាវីឌ ដែលកណ្ឌគម្ពីរ(២ពង្សាវតារក្សត្រ)បានរៀបរាប់។ តាមពិតទៅ យើងត្រូវអាន កណ្ឌគម្ពីរ(២ពង្សាវតារក្សត្រ ៦-៧) ជាមួយគ្នា ពីព្រោះនៅពេលដែលស្ដេច ដាវីឌ បានក្លាយជាស្ដេច ដំបូងឡើយទ្រង់បានក្លាយជាស្ដេចលើពូជអំបូរតែពីរប៉ុណ្ណោះនៅទិសខាងត្បូង ហើយពូជអំបូរនៅទិសខាងជើងដប់ទៀតបន្តគ្រងរាជ្យដោយខ្លួនឯង។ រាជធានីរបស់ស្ដេច ដាវីឌ គឺក្រុងហេប្រុន។ ប៉ុន្តែ ៧ឆ្នាំក្រោយមក ទ្រង់ក៏បានវាយយកក្រុងយេរូសាឡឹម ហើយក៏បានក្លាយជាស្ដេចលើពូជអំបូរទាំង១២ ហើយជាបន្ទាប់ក៏បានសោយរាជ្យ៣៣ឆ្នាំទៀតនៅក្រុងយេរូសាឡឹម។
លោកអ្នកនឹងឃើញថា នៅក្នុងកណ្ឌគម្ពីរ (២ពង្សារវតារក្សត្រ ៦-៧) មានប្រធានបទខុសៗគ្នាមួយចំនួនដែលបានលាយឡំជាមួយគ្នាឲ្យក្លាយទៅជាប្រធានបទតែមួយ។ ឥឡូវនេះ យើងឃើញថា ទីក្រុងយេរូសាឡឹមបានក្លាយជារាជធានី ហើយនេះក៏រៀបរៀងផ្នែកទាំងមូលដែលជាចុងក្រោយនឹងក្លាយជាទីក្រុងយេរូសាឡឹមថ្មី។ នេះគឺជាទីក្រុងរបស់ស្ដេចដ៏អស្ចារ្យ គឺរាជវង្សស្ដេច ដាវីឌ។ ហើយឥឡូវនេះ ទីក្រុងនោះនឹងក្លាយជាព្រះវិហារ។ ពួកគាត់បានរើរោងឧបោសថចូលទៅក្នុងទីក្រុងយេរូសាឡឹម ហើយវាក៏នៅទីនោះជារៀងរហូត។ មុននោះ ជាជាងនៅឯទីក្រុងស៊ីឡូរ ឬក៏កន្លែងណាផ្សេងទៀត នោះពួកគាត់ក៏បានរើរោងឧបោសថពីរបីដងទៀតដែរនៅក្នុងចំណោមពួកពូជអំបូរ ប៉ុន្តែឥឡូវនេះមាននៅក្នុងទីក្រុងយេរូសាឡឹម ដែលនឹងក្លាយជាព្រះវិហារ ហើយរាជវង្សស្ដេច ដាវីឌ ទាំងពីរគឺកំពុងតែនៅក្នុងកន្លែងតែមួយ។ ការនេះក៏រៀបរៀងផ្នែកទាំងអស់ដែលមានសល់ក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយក៏មានការបំពេញក្នុងទម្រង់ខុសៗគ្នាតាមរយៈ និងក្នុងព្រះយេស៊ូវផងដែរ។
ដូច្នេះ កណ្ឌគម្ពីរ (២សាំយូអែល ជំពូក៦) បានរៀបរាប់អំពីការរើទីលំនៅរបស់រោងឧបោសថទៅក្រុងយេរូសាឡឹម។ ជំពូក៧ បានរៀបរាប់អំពីរាជវង្សរបស់ស្ដេច ដាវីឌ នៃទីក្រុងយេរូសាឡឹមថា ជាអ្វីដែលអាចរើចុះឡើងបាន។ ហើយក៏មានការសន្យា គឺការចាប់ផ្ដើមប្រមូលសម្ភារៈ និងលុយកាក់ដែលត្រូវការ ដើម្បីសាងសង់ព្រះវិហារនៅក្នុងទីក្រុងយេរូសាឡឹម មិនយូរមិនឆាប់ស្ដេច សាឡូម៉ូន ក៏បន្តការងារនោះនៅក្នុងជំនាន់បន្ទាប់ទៀត។ កណ្ឌគម្ពីរទំនុកតម្កើងបានសរសេរអំពីសម្ភារៈមួយចំនួនទាំងនោះ។ល។ កណ្ឌគម្ពីរ (ទំនុកតម្កើង ជំពូក២) គឺជាការសញ្ជឹងគិតអំពីការតាំងរាជវង្សនៃស្ដេច ដាវីឌ ដោយសម្លឹងមើលទៅមុខ ដែលមានការរង់ចាំស្ដេច ដូចស្ដេចដាវីឌ មួយអង្គទៀត ដែលស្មោះត្រង់ និងពេញដោយអំណាចព្រះចេស្ដា។ យើងអាចមើលព័ត៌មានបន្ថែមទៀតអំពីការនេះបាន ជាពិសេសទាក់ទងនឹងដំណើរការនៃរាជវង្សស្ដេច ដាវីឌ នៅពេលក្រោយ។ ប៉ុន្តែ ឥឡូវនេះយើងត្រូវតែផ្ដោតលើដំណើររឿងនៃសាច់រឿងផ្ទាល់តែម្ដងសិន។
ស្ដេច សាឡូម៉ូន និងស្ដេចនានា
ស្ដេចបន្ទាប់ពីស្ដេច ដាវីឌ គឺស្ដេច សាឡូម៉ូន ហើយបន្ទាប់ពីស្ដេច សាឡូម៉ូន សុគត គឺស្ដេច រេហូបោម ដែលជាបុត្រារបស់ទ្រង់ ក៏ចង់ធ្វើជាស្ដេចដ៏ខ្លាំងមួយអង្គ ប៉ុន្តែជោគជ័យតែនៅក្នុងការបំបែកនគរទៅជាពូជអំបូរខាងជើង (អ៊ីស្រាអែល) និងពូជអំបូរខាងត្បូងដែលមានទីតាំងនៅទីក្រុងយេរូសាឡឹម។ ដូច្នេះ អង្គដែលគ្រងរាជ្យនៅទីក្រុងយេរូសាឡឹមគឺ ស្ដេច រេហូបោម ប៉ុន្តែគ្រងរាជ្យលើតែពីរពូជអំបូរប៉ុណ្ណោះ។ ហើយពូជអំបូរខាងជើងបានបង្កើតការសោយរាជ្យរបស់ស្ដេចគេផ្ទាល់ ស្ដេចដំបូងគឺ យេរ៉ូបោម ដែលជាកូនរបស់លោក នេបាត ដែលជាប់ងារថា «យេរ៉ូបោម ជាកូននេបាត ដែលបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះដែរ» (១ពង្សាវតារក្សត្រ ២២:៥២)។ ហើយដើម្បីឃាត់ឃាំងប្រជាជនកុំឲ្យឡើងទៅថ្វាយបង្គំឲ្យបានជាប់លាប់នៅឯទីក្រុងយេរូសាឡឹម (ហើយក៏ដោយសារទំនងមកពីមានការបែកបាក់គ្នាផ្នែកនយោបាយ) នោះទ្រង់ក៏បានសាងសង់ព្រះវិហារពីរ មួយនៅព្រំប្រទល់ខាងជើងរហូតដល់ពូជអំបូរដាន់ ហើយមួយទៀតនៅតំបន់ដែលមិនយូរមិនឆាប់គេក៏ចាប់ផ្ដើមហៅថាស្រុកសាម៉ារី ដែលនៅទិសខាងជើងពីទីក្រុងយេរូសាឡឹម ប៉ុន្តែសម្រាប់តែពួកពូជអំបូរទាំងដប់តែប៉ុណ្ណោះ។ ជាលទ្ធផល ក៏បង្កើតឲ្យមានការថ្វាយបង្គំរូបព្រះក្លែងក្លាយ និងព្រះជាច្រើននានាទៀត ខណៈពេលដែលប្រជាជនមិនសូវមានទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ា សូម្បីតែខណៈពេលដែលពួកគាត់កំពុងតែបង្កើតព្រះនានាគ្រប់កន្លែងនៅជុំវិញខ្លួនក៏ដោយ។
ហើយនៅទិសខាងជើង រឿងរ៉ាវដែលកណ្ឌគម្ពីរ (១ពង្សាវតារក្សត្រ, ២ពង្សាវតារក្សត្រ, ១របាក្សត្រ និង២របាក្សត្រ) បានរៀបរាប់ គឺពិតជារឿងដែលគួរឲ្យអាណិតអាសូរណាស់។ រាជវង្សនីមួយៗមានតែមួយទៅបីតំណ ហើយបន្ទាប់មកក៏មានអ្នកផ្សេងមកបន្តតំណែង ហើយក៏មានការធ្វើឃាតកម្មដ៏សាហាវជាច្រើនដែរ ហើយពួកគេក៏សម្លាប់កូនៗទាំងអស់ ពីព្រោះមានការភ័យខ្លាចថានឹងមានអ្នកណាម្នាក់ពីរាជវង្សចាស់ដែលនឹងឡើងសោយរាជ្យវិញ។ល។ ហើយមិនយូរមិនឆាប់ ក្រោមសម្ពាធនៃការថ្វាយបង្គំព្រះក្លែងក្លាយដ៏អាក្រក់ នោះព្រះជាម្ចាស់ក៏ចាត់ទ័ពអាសស៊ើរ ហើយពួកគេក៏ចាប់យកអ្នកដឹកនាំ ហើយបាននាំទៅចុងបំផុតនៃផែនដីនៅឯទីក្រុងអាសស៊ើរ នៅទីខាងជើងដ៏ឆ្ងាយ ក្នុងឆ្នាំ៧២១មុនគ.ស.។
ទោះបើមានការវាយលុកលើទីក្រុងយេរូសាឡឹមពីខាងក្រៅក៏ដោយក៏នៅមានការថែរក្សាខ្លះដែរ។ ហើយមិនយូរមិនឆាប់ នៅពេលនោះអំពើបាបរបស់អ្នកក្រុងយេរូសាឡឹមក៏កាន់តែកើនច្រើនទៅៗ ហើយមកដល់ពេលនោះអ្នកកាន់អំណាចធំក្នុងតំបន់នោះគឺមិនមែនពួកអាសស៊ើរទៀតទេ ប៉ុន្តែពួកបាប៊ីឡូនវិញ។ ដូច្នេះ ពួកបាប៊ីឡូនក៏បានមកឡោមព័ទ្ធទីក្រុងយេរូសាឡឹមនៅឆ្នាំ៥៨៦មុនគ.ស. ហើយក៏បានបំផ្លាញព្រះវិហារចោល។ ក្រោមការដឹកនាំរបស់ស្ដេច នេប៊ូក្នេសា ពួកគេក៏យកអ្នកដឹកនាំរបស់អ្នកក្រុងយេរូសាឡឹមបញ្ជូនទៅទីក្រុងបាប៊ីឡូននៅឆ្នាំ៥៨៦មុនគ.ស.។
ប្រសិនបើយើងចង់យល់ផ្នែកណាមួយនៃព្រះគម្ពីរ នោះយើងត្រូវតែយល់អំពីរបៀបស៊ីគ្នានៃប្រវត្តិសាស្ត្រនៃការប្រោសលោះ។
មតិយោបល់
Loading…