ខ្ញុំចង់ពូកែធ្វើការល្អ។ តាមពិត ខ្ញុំចង់ធ្វើជាអ្នកជំនាញធ្វើការល្អ។ យ៉ាងហោចណាស់ ខ្ញុំចង់ធ្វើដូចនោះនៅពេលខ្ញុំកំពុងធ្វើបានយ៉ាងល្អ។ ប៉ុន្តែ នៅពេលដែលខ្ញុំពិចារណាអំពីខ្លួនខ្ញុំ ខ្ញុំក៏ឃើញមានចំណាប់អារម្មណ៍ពិតប្រាកដមួយខាងសេចក្ដីអាក្រក់ផងដែរ។ សេចក្ដីប៉ងប្រាថ្នាទាំងនេះច្បាំងគ្នានៅក្នុងខ្ញុំ គឺការប៉ងប្រាថ្នាចង់បំពេញចិត្តខ្ញុំដោយការល្អ និងការប៉ងប្រាថ្នាចង់បំពេញចិត្តខ្ញុំដោយការអាក្រក់។
នៅចុងបញ្ចប់នៃសំបុត្រដ៏អស្ចារ្យមួយរបស់សាវ័ក ប៉ុល ទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូម គាត់បានផ្ដល់ការទូន្មាន និងការរម្លឹកដាស់តឿនចុងក្រោយមួយចំនួនអំពីគ្រូក្លែងក្លាយ និងសមត្ថភាពរបស់ពួកគាត់ក្នុងការបញ្ឆោតអ្នកជឿដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។ ហើយបន្ទាប់មក គាត់ក៏បានដាស់តឿនដល់គ្រីស្ទបរិស័ទឲ្យ «មានប្រាជ្ញាខាងឯសេចក្តីល្អ ហើយល្ងង់ខាងឯសេចក្តីអាក្រក់វិញ» (រ៉ូម ១៦:១៩)។ លោក ចេ.ប៊ី ភីលីព (J.B. Phillips) សរសេរឡើងវិញបានយ៉ាងល្អថា «ខ្ញុំចង់ឃើញអ្នករាល់គ្នាជាអ្នកជំនាញខាងការធ្វើល្អ ហើយមិនមែនសូម្បីតែជាអ្នកផ្ដើមធ្វើការអាក្រក់ផង»។
ខ្ញុំគិតថាសាវ័ក ប៉ុល បានដឹងថា គ្រីស្ទបរិស័ទទាំងនោះនឹងអាចមានសេចក្ដីល្បួង ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភខ្លាំងអំពីអំពើអាក្រក់ ដែលបណ្ដាលឲ្យពួកគាត់ចំណាយពេលច្រើនរបស់ក្នុងការសិក្សាអំពីវា។ ពួកគាត់នឹងទំនងគិតថា របៀបដែលល្អបំផុតក្នុងការការពារជំនឿ គឺត្រូវគិតមមៃពីគោលលទ្ធិអាក្រក់ក្លែងក្លាយ។ ប៉ុន្តែ មិនអាចជៀសវាងបានទេ ពីព្រោះការសិក្សាអំពីអំពើអាក្រក់អាចនឹងនាំឲ្យពួកគាត់គិតគំនិតការអាក្រក់ហើយសូម្បីតែអាចនឹងធ្វើការអាក្រក់ទៀតផង។ សេចក្ដីអាក្រក់មានអំណាចបែបនោះ មានអំណាចខ្លាំងក្លាបើយើងជ្រមុជនៅក្នុងវាមួយរយៈពេល។ ដូច្នេះហើយបានជាសាវ័ក ប៉ុល បានដាស់តឿនដល់ពួកគាត់ ក្នុងការប្រឈមនឹងរលកនៃសេចក្ដីបង្រៀនក្លែងក្លាយ និងគ្រោះថ្នាក់ផ្សេងៗ គឺត្រូវផ្ដោតដោយយកចិត្តទុកដាក់បំផុតលើអ្វីៗដែលល្អ បរិសុទ្ធ និងគួរឲ្យស្រឡាញ់។ ពួកគាត់គួរសិក្សាអំពីសេចក្ដីពិត ហើយបន្ទាប់មកឲ្យអ្វីដែលខុសឆ្គងឲ្យបានឈរនៅកន្លែងម្ខាងទៀត។
យើងអាចយកការទូន្មានរបស់សាវ័ក ប៉ុល ដោយគ្មានភាពស្ទាក់ស្ទើរ៖ គឺទុកជាការអង្វរមួយ ដើម្បីជៀសវាងពីការគិតមមៃច្រើនពេកពីការបង្រៀនខុសឆ្គង។ លោកគ្រូ ចន ម៉កខសស៊ើរ (John MacArthur) អនុវត្តអត្ថបទនេះក្នុងរបៀបដូចនេះ «កុំសិក្សាអំពីគោលលទ្ធិខុសឆ្គង កុំសិក្សាអំពីអំពើបាប ហើយកុំសិក្សាការខុសឆ្គង តែចូរនៅជាប់ជាមួយសេចក្ដីពិត និងការស្ដាប់បង្គាប់ដោយកោតខ្លាចព្រះវិញ»។ ខ្ញុំគិតថា វាជាការល្អប្រសើរណាស់ ដែលមានការយល់ដឹងខ្លះៗទូទៅអំពីការបង្រៀនខុសឆ្គង និងគ្រូក្លែងក្លាយ។ វាជាការល្អដែលយើងដឹងពីមូលហេតុថា យើងមិនមែនពួកមរមន (Mormons) ឬពួករ៉ូម៉ាំងកាតូលិក (Roman Catholic) ឬក៏មូលហេតុដែលយើងជឿថា អាពាហ៍ពិពាហ៍ភេទដូចគ្នាគឺជាការខុសឆ្គង។ ប៉ុន្តែ វាអាចជាគ្រោះថ្នាក់ក្នុងការដែលយើងជ្រមុជខ្លួនយើងទៅក្នុងសេចក្ដីបង្រៀនក្លែងក្លាយ និងគ្រូក្លែងក្លាយ។ វាអាចជាការគ្រោះថ្នាក់ក្នុងការយើងស្មានថា យើងត្រូវតែយល់ឲ្យបានស៊ីជម្រៅអំពីការខុសឆ្គង ដើម្បីឲ្យបាននៅខ្ជាប់ខ្ជួននឹងអ្វីដែលជាសេចក្ដីពិត។
ខ្ញុំគិតថា យើងក៏អាចពង្រីកសេចក្ដីទូន្មានរបស់សាវ័ក ប៉ុល បន្ថែមទៀតថា យើងត្រូវគិតគូរអំពីរបៀបដែលយើងរស់នៅ។ តើលោកអ្នកជាអ្នកជំនាញខាងឯការធ្វើល្អដែរឬទេ? ឬក៏ថា លោកអ្នកជាអ្នកជំនាញខាងការអាក្រក់វិញ? តើគេស្គាល់លោកអ្នកដោយព្រោះចំណាប់អារម្មណ៍របស់លោកអ្នកក្នុងការធ្វើអ្វីដែលល្អឬទេ? ឬក៏គេស្គាល់លោកអ្នកដោយព្រោះចំណាប់អារម្មណ៍របស់លោកអ្នកក្នុងការធ្វើការអាក្រក់? ចូរគិតអំពីអ្វីដែលលោកអ្នកអានលើអ៊ីនធឺណិត។ ចូរគិតអំពីសៀវភៅ និងកម្មវិធីទូរទស្សន៍ដែលអ្នកចូលចិត្ត។ ចូរគិតអំពីការផុសចំនួន១០០ដងចុងក្រោយរបស់អ្នកនៅលើហ្វេសប៊ុក (Facebook)។ តើអ្នកស្រឡាញ់ការល្អ ឬក៏អ្នកជក់ចិត្តនឹងការអាក្រក់?
លោកគ្រូ ចន ស្តត់ (John Stott) បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីឲ្យវ័យឆ្លាតនៅខាងការល្អ គឺយើងត្រូវទទួលស្គាល់វា ស្រឡាញ់វា ហើយធ្វើតាមវា»។ តើលោកអ្នកទទួលស្គាល់អ្វីដែលល្អដែរឬទេ ហើយដឹងថា វាធ្វើឲ្យលោកអ្នករំជួលចិត្ត ហើយជំរុញទឹកចិត្តលោកអ្នកឲ្យប្រដេញតាមវាដែរឬទេ? តើលោកអ្នកចូលចិត្តប្រាប់អ្នកដទៃទៀតអំពីសេចក្ដីល្អដែលលោកអ្នកបានឃើញ សេចក្ដីល្អដែលលោកអ្នកបានរៀន សេចក្ដីល្អដែលលោកអ្នកបានធ្វើដែរឬទេ? លោកគ្រូ ស្ដត់ និយាយបន្តទៀតថា «ទាក់ទងនឹងការអាក្រក់ គេចង់ឲ្យពួកគាត់មានភាពសាមញ្ញ ឥតបោកប្រាស់បាន ព្រមទាំងញែកខ្លួនទាំងស្រុងឲ្យនៅឆ្ងាយពីបទពិសោធន៍នៃការប្រព្រឹត្តអាក្រក់ទៀតផង»។
ចូររីករាយជាមួយអ្វីដែលល្អ មិនមែនរីករាយនឹងការអាក្រក់ទេ។ សូមមើលអ្វីដែលល្អ មិនមែនមើលការអាក្រក់ទេ។ ចូរគិតអំពីអ្វីដែលល្អ មិនមែនគិតអ្វីដែលអាក្រក់ដែរ។ ចូរសុបិនអំពីអ្វីដែលល្អ មិនមែនសុបិនអ្វីដែលអាក្រក់នោះទេ។ សូមអានអ្វីដែលល្អ មិនអានអ្វីដែលអាក្រក់ឡើយ។ ចូរប្រើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីអបអរសាទរចំពោះអ្វីដែលល្អ ជំនួសឲ្យអ្វីដែលជាការអាក្រក់វិញ។ អ្វីដែលសំខាន់បំផុតនោះគឺ ចូរធ្វើអ្វីដែលល្អ មិនធ្វើការអាក្រក់ទេ។ ហើយចូរពិចារណាអំពីការអង្វររបស់លោកគ្រូ ចន ផាបភ័រ (John Piper) ដែលគាត់បានលើកឡើងថា «ឱយុវជនអើយ តើអ្នករាល់គ្នានឹងមិនមានទុក្ខប៉ុន្មានទៅ បើសិនជាអ្នករាល់គ្នាមិនចាប់ផ្ដើមធ្វើអំពើអាក្រក់នោះ។ មានអំពើអាក្រក់គ្រប់គ្រាន់ហើយនៅក្នុងចិត្តរបស់អ្នកសម្រាប់ឲ្យព្រះគ្រីស្ទដោះស្រាយ។ អ្នកមិនចាំបាច់ដាក់បន្ទុកដល់ទ្រង់បន្ថែមទៀតនោះទេ»។
មតិយោបល់
Loading…