in

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ ៖ ព្រះ​គម្ពីរ​សញ្ញា​ថ្មី

ព្រះ​យេស៊ូវ​បាន​ប្រសូត​ក្រោម​ការ​ត្រួតត្រា​របស់​ចក្រភព​រ៉ូម។ ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម បម្រើ សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ទាក់​ទង​ទៅ​នឹង​ថ្ងៃ​ប្រាកដ​នៃ​ពេល​ដែល​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អ្នក​ខ្លះ​បាន​គិត​ថា​នៅ​ឆ្នាំ​៣០​នៃគ.ស. ហើយ​អ្នក​ខ្លះ​ទៀត​បាន​គិត​ថា​នៅ​ឆ្នាំ​៣៣​នៃគ.ស.។ ប៉ុន្តែ យើង​ដឹង​យ៉ាង​ប្រាកដ​ថា ការ​នោះ​បាន​កើត​ឡើង​នៅ​អំឡុង​ពេល​នោះ​ឯង។ ហើយ​បន្ទាប់​មក ក្រុម​ជំនុំ​ក៏​បាន​រីក​ចម្រើន ជា​ដំបូង​នៅ​ក្នុង​រង្វង់​នៃ​សាសន៍​យូដា ហើយ​បន្ទាប់​មក​ក្នុង​រង្វង់​នៃ​សាសន៍​ដទៃ រហូត​ដល់​ពេល​យើង​មាន​ព័ន្ធកិច្ច​របស់​សាវ័ក ប៉ុល និង​អ្នក​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​ក្រុម​ជំនុំ​រីក​ចម្រើន​ពាស​ពេញ​ចក្រភព​រ៉ូម។ ហើយ​ភាគ​ច្រើន​នៃ​កណ្ឌ​គម្ពីរ​កិច្ចការ​ក៏​បាន​កត់​ចុះ​អំពី​ការ​សាយ​ភាយ​នូវ​ដំណឹង​ល្អ​តាម​រយៈ​ព័ន្ធកិច្ច​របស់​សាវ័ក ពេត្រុស និង​សាវ័ក ប៉ុល ក៏​ដូច​ជា​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត រហូត​ដល់​ថ្នាក់​ថា​ដំណឹង​ល្អ​បាន​សង់​គ្រឹះ​ល្មម​នៅ​ក្នុង​ចក្រភព​រ៉ូម​ផ្ទាល់។ ទោះ​បើ​ថា​មិន​មាន​ការ​គម្រាម​កំហែង​ផ្នែក​នយោបាយ​ពី​ចក្រភព​រ៉ូម​នៅ​ពេល​នោះ​ក៏​ដោយ ក៏​ការ​សាយ​ភាយ​នៃ​ដំណឹង​ល្អ​បាន​បង្ហាញ​នូវ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នូវ​ចុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​ថា រាល់​គ្រប់​អំណាច​ទាំង​អស់​គឺ​ត្រូវ​បាន​ប្រទាន​ដល់​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែន​ដី​នៅ​ពេល​ដែល​ព្រះ​អង្គ​សុគត ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ក៏​បាន​យាង​ទៅ​ឯ​ស្ថាន​សួគ៌​វិញ​ដែរ (ម៉ាថាយ ២៨:១៨)។

កណ្ឌ​គម្ពីរ​ទាំង​ប៉ុន្មាន​ទៀត​ដែល​មាន​នៅ​សល់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​លើក​ឡើង​អំពី​ទំនាក់​ទំនង​រវាង​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​តំបន់ ឬ​ក៏​ក្រុម​ជំនុំ​ណា​មួយ​តាម​តំបន់​គ្រីស្ទ​បរិស័ទ ឬ​ក៏​នៅ​កន្លែង​ណា​មួយ ដើម្បី​បង្រៀន​អំពី​ទេវ​វិទ្យា ឬ​ក៏​របៀប​ធ្វើ​ជា​គ្រូ​គង្វាល រហូត​ដល់​ពេល​យើង​ទៅ​ដល់​កណ្ឌ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺ​កណ្ឌ​នៃ​គ្រា​ចុង​ក្រោយ។ ទាក់​ទង​នឹង​កណ្ឌ​គម្ពីរ​មួយ​នេះ គ្រីស្ទ​បរិស័ទ​មាន​ការ​កាត់​ស្រាយ​ខុសៗ​គ្នា​ជា​ច្រើន។

ខ្ញុំ​គិត​ថា វា​មាន​តម្លៃ​ណាស់​ក្នុង​ការ​ដែល​យើង​ចំណាយ​ពេល​ព្យាយាម​យល់​អំពី​របៀប​ដែល​គ្រីស្ទ​បរិស័ទ​ធ្លាប់​បាន​យល់​អំពី​អនាគត​កាល ក្នុង​អំឡុង​ពេល​ខុសៗ​គ្នា​នៃ​ប្រវត្តិសាស្ត្រ​ក្រុម​ជំនុំ។ ពួក​គាត់​តែង​តែ​ប្រកាន់​ភ្ជាប់​លើ​ចំណុច​ណា​មួយ ហើយ​ជំទាស់​គ្នា​លើ​ចំណុច​ណា​មួយ​ផ្សេង​ទៀត។ ក្នុង​ពាក់​កណ្ដាល​នៃ​សតវត្សរ៍​ទី២០ មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នាក់​នៅ​ឯ​ប្រទេស​អាមេរិក​បាន​ហៅ​ខ្លួន​ថា​ជា​អ្នក​ប្រកាន់​ភ្ជាប់​លើ​គោល​ជំនឿ​បុរេ​សហស្សវត្សរ៍​និយម​មុន​គ្រា​រង​ទុក្ខ (premillennial pre-tribulationists )។ ប៉ុន្តែ យើង​ក៏​ត្រូវ​តែ​ចង​ចាំ​ដែរ នៅ​ក្នុង​អំឡុង​ពេល​នៃ​ពួក​ក្រុម​ជំនុំ​ព្យួរីតិន (Puritans) មាន​មនុស្ស​ជា​ច្រើន​បាន​ប្រកាន់​ភ្ជាប់​តាម​គោល​ជំនឿ​ដែល​ថា​បច្ឆា​សហស្សវត្សរ៍​និយម (postmillennialists) ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ប្រកាន់​ភ្ជាប់​តាម​បុរេ​សហស្សវត្សរ៍​និយម។ នៅ​ពេល​នោះ​មិន​ទាន់​មាន​អ្នក​ប្រកាន់​ភ្ជាប់​តាម​អ​សហស្សវត្សរ៍​និយម (amillennialists) ទេ។ ប៉ុន្តែ គោល​ជំនឿ​មួយ​នេះ​កំពុង​តែ​មាន​អ្នក​ប្រកាន់​ភ្ជាប់​តាម​សន្សឹមៗ​ហើយ។

ប្រសិន​បើ​លោក​អ្នក​មិន​ស្គាល់​ពាក្យ​ទាំង​នោះ សូម​កុំ​បារម្ភ​ឡើយ។ ពីព្រោះ​ចំណុច​របស់​ខ្ញុំ​នៅ​ក្នុង​ការ​សង្ខេប​នេះ​គឺ​ថា ដោយ​គ្មាន​ករណី​លើក​លែង ក្រុម​ទាំង​អស់​នេះ​យល់​ថា​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​នៃ​ក្រុម​ជំនុំ​គឺ​មិន​អាស្រ័យ​ទៅ​លើ​សហស្សវត្សរ៍​និយម​ណា​មួយ​ឡើយ។ សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ក្រុម​ជំនុំ​គឺ​ស្ថាន​សួគ៌ និង​ផែន​ដី​ថ្មី ការ​មាន​ជីវិត​ដោយ​រស់​ឡើង​វិញ​ក្នុង​របៀប​ដែល​ព្រះ​អង្គ​នឹង​រចនា​យើង​ឡើង​ជា​ថ្មី ការ​បង្កើត​ចក្រវាល​ឡើង​វិញ​ដែល​មាន​រួម​នូវ​ជីវិត​ដែល​បាន​រស់​ឡើង​វិញ ដែល​លែង​មាន​ការ​ស្លាប់ លែង​មាន​ទុក្ខ​ព្រួយ លែង​មាន​ការ​យំ​សោក ការ​ឈឺ​ចាប់ ឬ​ក៏​ការ​រង​ទុក្ខ​ជា​ដើម។ ការ​រចនា​ចាស់​ក៏​បាន​កន្លង​ផុត​ទៅ (វិវរណៈ ២១)។

យើង​អាច​ហៅ​ការ​នេះ​ថា​ជា​ទី​ក្រុង​យេរូសាឡឹម​ថ្មី។ យើង​អាច​ហៅ​ការ​នេះ​ថា​ជា​ការ​សម្រេច​ជា​ស្រេច​នៃ​ការ​រួប​រួម​គ្នា​រវាង​កូន​ក្រមុំ និង​ព្រះ​យេស៊ូវ។ យើង​អាច​ហៅ​ការ​នេះ​ថា​ជា​ស្ថាន​សួគ៌​ថ្មី និង​ផែនដី​ថ្មី ប៉ុន្តែ​អស្ចារ្យ បរិសុទ្ធ និង​បាន​រស់​ឡើង​វិញ​ដោយ​នាំ​មក​នូវ​រូប​កាយ​នៃ​សិរី​រុង​រឿង​លើស​សិរីរុងរឿង ដែល​អាច​មើល​ព្រះ​ភក្ត្រ​របស់​ព្រះ​ជាម្ចាស់​មុខ​ទល់​នឹង​មុខ ក្នុង​របៀប​ដែល​សូម្បី​តែ​ពួក​ទេវតា​នៅ​ឯ​ស្ថាន​សួគ៌​ក៏​មិន​អាច​មើល​បាន​ដែរ។ ពួក​ទេវតា​គ្រប​បាំង​មុខ​ខ្លួន​ដោយ​ស្លាប ហើយ​ស្រែក​ថា «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ» (វិវរណៈ ៤:៨)។ ប៉ុន្តែ យោង​តាម​កណ្ឌ​គម្ពីរ (វិវរណៈ ជំពូក២២) រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​បាន​ប្រោស​លោះ​អាច​សម្លឹង​មើល​ព្រះ​អង្គ​បាន ហើយ​កណ្ឌ​នេះ​ក៏​បាន​រៀប​រាប់​យ៉ាង​ក្បោះក្បាយ បែប​ជា​រូប​ភាព អំពី​ទិដ្ឋភាព​នៃ​ជីវិត។ យើង​ឃើញ​ទំនាយ​អំពី​ការ​ធ្វើ​ការ អំពី​ការ​ច្រៀង​សរសើរ និង​អំពី​ការ​រស់​នៅ​ដោយ​សុចរិត​ដោយ​មាន​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ចំណុច​កណ្ដាល ហើយ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​អង្គ​ដែល​កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក និង​ចូល​ទៅ​កាន់​កូន​ចៀម​អស់​កល្ប​ជានិច្ច។

ប្រសិន​បើ​យើង​ចង់​យល់​ផ្នែក​ណា​មួយ​នៃ​ព្រះ​គម្ពីរ នោះ​យើង​ត្រូវ​តែ​យល់​អំពី​របៀប​ស៊ី​គ្នា​នៃ​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រោស​លោះ។

និពន្ធ​ដោយ៖ លោក​គ្រូ D.A. Carson
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្មាន​នរណា​ម្នាក់​ទទួល​បាន​ព្រះ​វិហារ​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ

កុំ​ថ្កោល​ទោស ដើម្បី​ឲ្យ​លោក​អ្នក​អាច​ថ្កោល​ទោស​បាន​ត្រឹម​ត្រូវ (ភាគ១)