«ជម្រាបសួរលោកគ្រូ! ខ្ញុំជាម្ដាយម្នាក់ដែលរវល់ ដោយសារខ្ញុំមានកូនបីនាក់នៅផ្ទះ។ តើខ្ញុំអាចរកពេលអានព្រះគម្ពីរបានដោយរបៀបណា?
នេះគឺជារបៀបដែលខ្ញុំចង់ឆ្លើយតប៖ ប្រសិនបើអ្នកជាប្រពន្ធក្នុងស្ថានភាពដូចនេះ មិនមែនម្ដាយដែលមេម៉ាយ—ដែលនោះជាចំណុចលំបាកមួយទៀតដែលខ្ញុំនឹងចែកចាយ—ប៉ុន្តែ បើអ្នកជាប្រពន្ធដែលមានប្ដីរស់នៅជាមួយក្នុងផ្ទះ សូមស្ដាប់ ឬក៏អានអត្ថបទនេះជាមួយនឹងប្ដី។ ពីព្រោះខ្ញុំក៏នឹងចង់ស្នើឲ្យគាត់មានទំនួលខុសត្រូវលើសំណួរនេះផងដែរ។ ប្ដីក៏មានទំនួលខុសត្រូវដែរ។ ពិតណាស់ ប្ដីមាន។ ហើយខ្ញុំក៏នឹងចែកចាយខ្លះៗអំពីទំនួលខុសត្រូវនេះចំពោះប្ដីដែរ។ គោលគំនិតរបស់ព្រះជាម្ចាស់សម្រាប់ជីវិតអាពាហ៍ពិពាហ៍ និងការមើលកូនគឺសម្រាប់ឪពុកម្ដាយទាំងពីរនាក់។ នោះគឺជាអ្វីដែលព្រះអង្គបានរចនាឡើង។ ហើយមូលហេតុចម្បងមួយនៃគោលគំនិតនោះគឺ ដើម្បីឲ្យម្ដាយ ឬក៏ឪពុកអាចជំនួសវេនគ្នាមើលកូន ដើម្បីឲ្យអ្នកទាំងពីរអាចមានពេលចំណាយជាមួយនឹងព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូវក្នុងព្រះបន្ទូលជាប្រចាំថ្ងៃ។
ទំនួលខុសត្រូវរបស់ប្ដី
ខ្ញុំចង់និយាយសំដៅទៅកាន់ប្ដី៖ ប្រពន្ធលោកចង់ដឹងថា តើគាត់អាចរកពេលអានព្រះគម្ពីរតែឯងបានដោយរបៀបណា ខណៈពេលដែលកូនៗត្រូវការចំណាប់អារម្មណ៍ពីគាត់គ្រប់ពេល? នេះគឺជាអ្វីដែលខ្ញុំគិតថា ប្ដីអាចធ្វើបាន ដើម្បីជួយដល់ប្រពន្ធ។
១. នាំកូនដាក់ក្រោមអំណាចរបស់ខ្លួន
ដាក់ច្បាប់ និងរបៀបរបបនៅក្នុងផ្ទះ ដើម្បីកុំឲ្យកូនរត់រញ៉េរញ៉ៃ ប៉ុន្តែឲ្យពួកគាត់មានការចុះចូល ការស្ដាប់បង្គាប់ និងចេះគ្រប់គ្រងលើខ្លួនឯង។ សូមសហការជាមួយនឹងប្រពន្ធក្នុងការឲ្យកូនៗចេះមានការគ្រប់គ្រងលើខ្លួនឯង។ ប្ដីត្រូវមានចំណែកក្នុងការសហការនេះ ចាប់តាំងពីពេលដែលកូនទើបតែកើតមក។ ប្ដីអាចចាប់ផ្ដើមបង្រៀនពួកគាត់កុំឲ្យធ្វើនេះ ឬធ្វើនោះ ឬក៏ថាយើងមិនអនុញ្ញាតឲ្យការដូចនេះមាននៅក្នុងផ្ទះយើងទេ។ ម៉ោងកូនគេង និងម៉ោងញ៉ាំបាយគឺជាពេលដែលប្ដីអាចពង្រឹងសណ្ដាប់ធ្នាប់បាន។
សព្វថ្ងៃនេះ ខ្ញុំយល់ឃើញថា មានឪពុកម្ដាយជាច្រើនបណ្ដោយតាមចិត្តកូនៗរបស់ខ្លួន។ នេះគឺជាកំហុសដ៏ធំមួយ ក្នុងច្រើនកម្រិត។ ដូច្នេះ ឪពុកត្រូវជួយទ្រទ្រង់ទំនួលខុសត្រូវ។ សូមសហការជាមួយនឹងប្រពន្ធក្នុងការបង្កើតសភាពធម្មតា ហើយរំពឹងឲ្យមានការស្ដាប់បង្គាប់—ចូររំពឹងឲ្យពួកគាត់ចុះចូលក្រោមអំណាចរបស់ខ្លួន និងអំណាចរបស់ម្ដាយ។ នេះគឺជាចំណុចទីមួយ៖ ឪពុកម្ដាយត្រូវតែគ្រប់គ្រងលើគ្រប់ផ្នែកនៃបរិយាកាសនៅក្នុងផ្ទះ ដោយមានសណ្ដាប់ធ្នាប់។
២. សូមចំណាយពេលលេងជាមួយកូនជារៀងរាល់ថ្ងៃ
សូមបង្កើតពេល ដើម្បីចំណាយពេលលេងជាមួយកូនជារៀងរាល់ថ្ងៃ។ របៀបលេងនឹងមានការផ្លាស់ប្រែ អាស្រ័យទៅលើអាយុរបស់កូន ប៉ុន្តែសូមផ្ដោតចំណាប់អារម្មណ៍ទាំងអស់របស់លោកអ្នកទៅកាន់កូនៗជារៀងរាល់ថ្ងៃ ដែលការធ្វើបែបនោះនឹងឲ្យប្រពន្ធមានពេលទំនេរ។
សម្រាប់គ្រួសារខ្ញុំផ្ទាល់ ខ្ញុំបានចំណាយពេលលេងជាមួយកូនៗក្រោយម៉ោងបាយ ហើយយើងបានធ្វើបែបនោះជាច្រើនឆ្នាំ។ យើងញ៉ាំបាយល្ងាចនៅម៉ោង ៥:៣០ ហើយចប់នៅម៉ោង ៦:០០។ ចាប់ពីម៉ោង ៦:០០-៧:០០ ខ្ញុំចំណាយពេលលេងជាមួយនឹងកូនៗរបស់ខ្ញុំទាំងអស់ ដោយខ្ញុំជាអ្នកមើលគាត់—ព្រោះប្រពន្ធខ្ញុំបានមើលកូនពេញមួយថ្ងៃហើយ។ ខ្ញុំអាចមើលកូនបានមួយម៉ោង ហើយប្រពន្ធខ្ញុំអាចធ្វើអ្វីដែលគាត់ចង់ធ្វើក៏បានដែរ នៅពេលនោះ។ ហើយប្រសិនបើនោះជាពេលដែលគាត់ត្រូវអានព្រះគម្ពីរ ឥឡូវគាត់មានពេលហើយ។
៣. សូមញែកពេលឲ្យបានញឹកញាប់ ដើម្បីឲ្យឪពុក ឬក៏ម្ដាយមានពេលចេញដើរលេង
សូមញែកពេលដើរលេងក្នុងជីវិតលោកអ្នក និងប្រពន្ធ ដើម្បីឲ្យគាត់អាចមានពេលសម្រាកកន្លះថ្ងៃ ឬក៏មួយថ្ងៃពេញម្ដងម្កាលដែរ។ ប្ដីត្រូវមានទំនួលខុសត្រូវក្នុងចំណែកនៃការចំណាយពេលឆ្លាស់គ្នាជាមួយប្រពន្ធ។ ឧទាហរណ៍៖ ប្ដីអាចមើលកូននៅព្រឹកថ្ងៃសៅរ៍ ឬក៏រកអ្នកឲ្យជួយមើល ដែលទាំងពីរនាក់ត្រូវឆ្លាស់គ្នាដូចនេះជានិច្ចជាកាល ដោយយកពេលចំណាយជាមួយនឹងព្រះជាម្ចាស់ឲ្យបានច្រើន។
៤. សង្វាតដេញតាមព្រះជាម្ចាស់ក្នុងព្រះបន្ទូលរបស់ទ្រង់
សូមដឹកនាំប្រពន្ធដោយចំណាយពេលក្នុងព្រះបន្ទូល ដើម្បីកុំឲ្យសេចក្ដីប្រាថ្នារបស់គាត់មានការរេរា ដោយសារគំរូរបស់ប្ដីការសង្វាតដេញតាមទ្រព្យសម្បត្តិ និងភាពផ្អែមល្ហែមនៃព្រះបន្ទូលជាមួយនឹងគាត់។
៥. សូមញែកពេលនិយាយគ្នាអំពីរឿងរ៉ាវដែលមានប្រយោជន៍
ពេលសន្ទនា សូមនិយាយជាមួយនឹងប្រពន្ធ អំពីរឿងសំខាន់ៗ ដែលមានរួមទាំងអ្វីដែលមានចែងនៅក្នុងព្រះបន្ទូល ដើម្បីកុំឲ្យគាត់បាត់បង់ទស្សនៈនៅពេលដែលគាត់ចំណាយពេលជាមួយនឹងកូនៗ។
៦. សូមអធិស្ឋានឲ្យប្រពន្ធ
ហើយជាចុងក្រោយ សូមអធិស្ឋានឲ្យប្រពន្ធ—អធិស្ឋានឲ្យគាត់មានកត្តាជំរុញចិត្ត មានការដាក់វិន័យ និងការសប្បាយចិត្តក្នុងការចំណាយពេលក្នុងព្រះបន្ទូល។
ពេលវេលាជាមួយព្រះជាម្ចាស់
ឥឡូវ ខ្ញុំចង់បញ្ចប់ពេលយើង ដោយលើកឡើងសំដៅទៅកាន់អ្នកម្ដាយម្ដង។ អ្នកទំនងជាមិនមានប្ដីដែលមានចិត្តដូចនោះ។ បើដូចនោះមែន សូមព្យាយាមធ្វើដោយខ្លួនឯងចុះ ហើយព្រះជាម្ចាស់ក៏នឹងជួយអ្នកដែរ។ ពិតណាស់ ព្រះអង្គនឹងជួយ។ មិនមានសេចក្ដីល្បួង ឬក៏សេចក្ដីល្បងលណាដែលនឹងកើតឡើងចំពោះអ្នក ដែលព្រះជាម្ចាស់នឹងមិនប្រទានព្រះគុណដល់អ្នកក្នុងការទ្រទ្រង់ទេ (សូមអាននៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១០:១៣)។ ដូច្នេះ អ្នកអាចមើលគំរូរបស់លោកស្រី សូសាណា វែសលី (Susannah Wesley) ដែលជាម្ដាយរបស់លោក ឆាលស៍ (Charles) និងលោក ចន វែសលី (John Wesley)។ គាត់មានកូន១៩នាក់។ ប្រាំបួននាក់បានស្លាប់កាលនៅជាទារក ដែលនេះមានន័យថា គាត់នៅសល់កូន១០នាក់។ គាត់បានសន្យាទៅកាន់ព្រះអម្ចាស់ថា គាត់នឹងចំណាយពេលអធិស្ឋាន និងអានព្រះបន្ទូលជារៀងរាល់ថ្ងៃ ហើយមានពេលមួយ យុទ្ធសាស្ត្ររបស់គាត់គឺដូចនេះ៖ គាត់បានបង្រៀនកូនបងៗថា ពួកគាត់មានទំនួលខុសត្រូវជាមួយនឹងកូនប្អូនៗ។ ហើយនៅពេលដែលកូនៗឃើញម្ដាយយកអៀមចំអិនម្ហូបមកគ្របលើក្បាលនៅតុញ៉ាំបាយ នោះមានន័យថា កូនៗមិនត្រូវមកឆាឆៅគាត់ឡើយ។ កូនបងៗត្រូវកុំឲ្យប្អូនៗមានការរញ៉េរញ៉ៃ ព្រោះនោះគឺជាពេលដែលគាត់កំពុងចំណាយពេលជាមួយនឹងព្រះជាម្ចាស់។
ដូច្នេះ សូមបង្រៀនកូនៗរបស់លោកអ្នកឲ្យមានទំនួលខុសត្រូវដូចនេះដែរចុះ។ ចូររំពឹងឲ្យពួកគាត់ចេះស្ដាប់បង្គាប់។ ម្ដាយអាចត្រាប់តាមលោកស្រី សូសាណា វែសលី ឬក៏រកកន្លែងស្ងាត់ណាមួយបាន។ ហើយប្ដីត្រូវមានការទ្រាំទ្រ និងការសហការយ៉ាងខ្លាំងជាមួយនឹងប្រពន្ធដែរ។
ប្រសិនបើយើងចង់ធ្វើជាឪពុកម្ដាយល្អ ពេលដែលគ្រួសារមានបញ្ហា ជាដំបូងយើងត្រូវតែទទួលស្គាល់ថា អំពើបាបរបស់យើងគឺជាបញ្ហាដ៏អាក្រក់បំផុត។ ហើយជាបន្ទាប់យើងត្រូវតែទទួលស្គាល់ថា ព្រះលោហិតរបស់ព្រះយេស៊ូវគ្របបាំងលើវាទាំងអស់។
មតិយោបល់
Loading…