ប៉ុន្មានឆ្នាំកន្លងទៅនេះគឺមានសេចក្ដីបង្រៀនមួយដែលមានពេញទៅដោយប្រជាប្រិយភាពដែលតែងតែនិយាយទាក់ទងទៅនឹងការដែលព្រះចន្ទក្លាយជាពណ៌ក្រហមដូចឈាមក្នុងឆ្នាំ២០១៤ និង២០១៥ ដោយពួកគេលើកឡើងថា ជាសញ្ញានៃការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះយេស៊ូវ ហើយនិងជាការបំពេញសេចក្ដីទំនាយមួយចំនួនដែលមានចែងទុកនៅក្នុងព្រះគម្ពីរ។ ពេលខ្លះគេហៅចន្ទគ្រាស (lunar eclipse) ថា «ព្រះចន្ទក្លាយទៅជាឈាម» (“blood moon”) ឬក៏ «ព្រះចន្ទក្លាយទៅជាពណ៌ក្រហមដូចឈាម» (“blood-red moon”) ដោយសារនៅគ្រាបាតុភូតព្រះចន្ទមានពណ៌ជាក្រហម ឬក៏ពណ៌ទឹកក្រូច។ នៅឆ្នាំ២០១៤ និង២០១៥មានចន្ទគ្រាសបួនដងបានកើតឡើង។ គ្រូទំនាយមួយចំនួនបានទាយថា ចន្ទគ្រាសដ៏ក្រហមឆ្អិនឆ្អៅទាំងបួននោះនឹងបំពេញទំនាយនៃគ្រាចុងក្រោយក្នុងកណ្ឌគម្ពីរ យ៉ូអែល និងវិវរណៈ។
ចំណុចដែលធ្វើឲ្យគ្រូទំនាយទាំងនោះមានចំណាប់អារម្មណ៍គឺមិនគ្រាន់តែទាក់ទងទៅនឹងចំនួននៃចន្ទគ្រាសនៅអំឡុងពីរឆ្នាំនោះប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងពេលវេលានៃចន្ទគ្រាសទាំងនោះដែរ។ ទាំងក្នុងឆ្នាំ២០១៤ និង២០១៥ ចន្ទគ្រាសបានកើតឡើងយ៉ាងពេញទីនៃថ្ងៃដំបូងនៃបុណ្យថ្ងៃ៥០ និងថ្ងៃដំបូងនៃថ្ងៃបុណ្យបារាំផងដែរ។ បូករួមនឹងចន្ទគ្រាសពីរដងនៅឆ្នាំ២០១៥ កាលនោះក៏មានសូរ្យគ្រាស (solar eclipse) កើតឡើងពីរដងដែរ។ ចន្ទគ្រាសដែលមានហេតុការណ៍ដូចនោះបានកើតឡើងជាប់ៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំក៏បានកើតឡើងប្រាំពីរដងរួចមកហើយតាំងពីសម័យកាលព្រះគ្រីស្ទមកហើយដែរ។ ចន្ទគ្រាសមួយចំនួននោះបានកើតឡើងអំឡុងឆ្នាំសំខាន់ៗមួយចំនួនសម្រាប់សាសន៍យូដា ឧទាហរណ៍៖ នៅឆ្នាំ១៩៤៨ (ពេលដែលជាតិសាសន៍នានាទទួលស្គាល់អ៊ីស្រាអែលថាជាប្រទេស) និងឆ្នាំ១៩៦៧ (នៅពេលដែលសង្គ្រាមប្រាំមួយថ្ងៃបានកើតឡើង)។
ខគម្ពីរយោងដែលនិយាយអំពីព្រះចន្ទដែលមានលក្ខណៈដូចជា «ឈាម» មាននៅក្នុងព្រះគម្ពីរពីរដង។ កណ្ឌគម្ពីរ យ៉ូអែល ២:៣០-៣១ មានចែងថា «អញនឹងសម្ដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម នឹងភ្លើង ហើយនឹងកំសួលផ្សែង ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់»។ និងនៅក្នុងកណ្ឌគម្ពីរ វិវរណៈ ៦:១២ សាវ័ក យ៉ូហាន បានពណ៌នាអំពីត្រានៃការថ្កោលទោសនៃគ្រារងទុក្ខ៖ «លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម»។ ខគម្ពីរនានាបានរៀបរាប់អំពីព្រះចន្ទថា «ខែនឹងលែងភ្លឺ» (ម៉ាថាយ ២៤:២៩; យ៉ូអែល ២:១០)។
ចន្ទគ្រាសដ៏ក្រហមឆ្អិនឆ្អៅដែលបានកើតឡើង—និងពេលវេលាដែលចន្ទគ្រាសទាំងនោះបានកើតឡើង—គឺជាបាតុភូតដ៏មិនប្រក្រតីមែន ប៉ុន្តែមិនមែនថាមិនធ្លាប់មានពីមុនៗសោះនោះឡើយ។ ដូច្នេះហើយបានជាចំណុចពិតៗនៃចន្ទគ្រាស ទោះបើវាគួរឲ្យចាប់អារម្មណ៍ខ្លាំងយ៉ាងណាក៏ដោយ ក៏មិនមែនជាភស្តុតាងដែលបញ្ជក់ប្រាប់ថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនៅក្នុងឆ្នាំ២០១៥ដែរ។ លើសពីនោះទៅទៀត ទោះបើការពណ៌នារបស់សាវ័ក យ៉ូហាន និងហោរា យ៉ូអែលអំពីថ្ងៃធំដែលគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់អាចទំនងនិយាយសំដៅអំពីសូរ្យគ្រាស និងចន្ទគ្រាសក៏ដោយ ក៏យើងនៅមានមូលហេតុផ្សេងៗជាច្រើនទៀតអាចយកមកបកស្រាយអំពីបាតុភូតនេះដែរ ដូចជាកាប្រែប្រួលអាកាសធាតុឬក៏ផ្លាស់ប្រែខ្យល់អាកាសផងដែរ (ដែលមានលើកឡើងក្នុងកណ្ឌគម្ពីរ វិវរណៈ ៦:១២)។
ទ្រឹស្ដីនៃការដែលព្រះចន្ទក្លាយទៅជាពណ៌ក្រហមដូចឈាមគឺគ្រាន់តែជាទ្រឹស្ដីតែប៉ុណ្ណោះ មិនថាគ្រូៗមួយចំនួនព្យាយាមអះអាងខ្លាំងប៉ុណ្ណាក៏ដោយ។ ប៉ុន្តែ ទោះបើគ្រាន់តែជាទ្រឹស្ដីក៏វាបានធ្វើនូវអ្វីដែលព្រះគម្ពីរបានព្រមានទាស់ប្រឆាំងផងដែរ៖ ការកំណត់ថ្ងៃឲ្យព្រះអម្ចាស់យាងមកវិញ។ «ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ» (ម៉ាកុស ១៣:៣២)។ ហេតុអ្វីបានជាព្រះយេស៊ូវមិនបានយាងមកវិញកាលព្រះចន្ទក្លាយជាពណ៌ក្រហមដូចឈាមនៅឆ្នាំ២០១៥? ចម្លើយ៖ ពីព្រោះមិនទាន់ដល់ពេលវេលាឲ្យទ្រង់យាងមកវិញនៅឡើយទេ!
វាគ្រាន់ជាបាតុភូតមួយប៉ុណ្ណោះព្រះយាងមកលើកទីពីរមិនមានអ្នកណាដឹងទេ