in ,

បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ

 

១យ៉ូហាន ៤:១៧-១៩
តើ​យើង​មាន​សេចក្តី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ដោយ​របៀប​ណា?

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ពី​សេចក្តី​ស្រឡាញ់ ដែល​ពេញ​ខ្នាត​គឺ​ជា​សេចក្តី​ស្រឡាញ់​ដែល​ដេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ។ នេះ​គឺ​ជា​គោល​បំណង​របស់​សាវ័ក យ៉ូហាន ដែល​គាត់​ជា​អ្នក​សរសេរ​កណ្ឌ​គម្ពីរ ១យ៉ូហាន គឺ​ដើម្បី​ប្រាប់​ទៅ​ដល់​អ្នក​ជឿ​គ្រប់ៗ​រូប ឲ្យ​ពួក​គាត់​បាន​ដឹង​ថា ពួក​គាត់​មាន​ជីវិត​អស់​កល្ប​ជានិច្ច​រួច​ហើយ។ ចំណុច​នេះ​គឺ​ជា​ការ​បញ្ជាក់​អះអាង និង​លើក​ទឹក​ចិត្ត​ពួក​គាត់​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​នឹង​ភាព​ភ័យ​ខ្លាច​ឡើយ ប៉ុន្តែ​គោល​បំណង​របស់​លោក​ក្នុង​ការ​សរសេរ​ទៅ​កាន់​ពួក​គាត់​នោះ គឺ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ប្រឈម​នូវ​ថ្ងៃ​ជំនុំ​ជម្រះ។ យើង​ក៏​បាន​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​មុនៗ​រួច​មក​ហើយ​ពី​ភស្តុតាង​ដែល​បញ្ជាក់​ថា យើង​ពិត​ជា​បាន​សេចក្តី​សង្គ្រោះ ហើយ​នៅ​ជាប់​ក្នុង​ព្រះ​គ្រីស្ទ។ ប្រសិន​បើ​លោក​អ្នក​ពិនិត្យ និង​សង្កេត​មើល​ទៅ នោះ​លោក​អ្នក​នឹង​ប្រហែល​ជា​មាន​ចម្ងល់​ថា «តើ​អ្វី​ទៅ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត?» ហើយ​លោក​អ្នក​ក៏​បាន​ដឹង​ខ្លះៗ​រួច​ហើយ​ថា សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​គឺ​នឹង​បណ្ដេញ​ការ​ភ័យ​ខ្លាច​ចេញ ឬ​ក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​គឺ​ផ្តល់​ឲ្យ​យើង​មាន​ភាព​ពេញ​ខ្នាត​ក្នុង​ការ​ប្រឈម​នៅ​ថ្ងៃ​នៃ​សេចក្តី​ជំនុំ​ជម្រះ។

តើ​អ្វី​ទៅ​ជា​សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត?

នៅ​ត្រង់​ចំណុច​នេះ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​មិន​មែន​មាន​ន័យ​ថា​ជា​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ធ្វើ​ខុស ឬ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ប៉ុន្តែ ចង់​មាន​ន័យ​ថា គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​លេញ និង​ជា​សេចក្តី​ស្រឡាញ់​ដែល​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ស្រឡាញ់។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១៧ បាន​ផ្ដល់​ចម្លើយ​ប្រាប់​យើង​ថា «គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ​ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ នៅ​ក្នុង​លោកីយ៍​នេះ​ដែរ»។ ហេតុ​ដូច្នេះ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​ជា​តួ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ក៏​នៅ​ក្នុង​យើង ហើយ​យើង​ដែល​មាន​សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​នោះ​ក៏​នៅ​ជាប់​នឹង​ទ្រង់​វិញ​ផង​ដែរ។ ចំណែក​ឯ​កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១២ បាន​ចែង​ថា «គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ»

ប្រសិន​បើ​លោក​អ្នក​ពិនិត្យ និង​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​នៅ​ត្រង់​ចំណុច​នេះ នោះ​យើង​នឹង​ឃើញ​ថា គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​បាន​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង។ ហើយ​អ្នក​ដទៃ​ក៏​អាច​ស្គាល់​ទ្រង់​បាន​ដែរ តាម​រយៈ​ការ​ស្រឡាញ់​នោះ។ ជា​ទូទៅ អ្នក​ដទៃ​អាច​មើល​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន តាម​រយៈ​សេចក្ដី​ស្រឡាញ់​របស់​លោក​អ្នក ដែល​បាន​បង្ហាញ​ចំពោះ​ពួក​គាត់ និង​អស់​អ្នក​ដែល​នៅ​ជុំវិញ​នោះ។ ដូច្នេះ វា​ជា​ការ​សំខាន់​ណាស់ ដែល​លោក​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​ជាម្ចាស់។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​មិន​មាន​សេចក្តី​ស្រឡាញ់​ទៅ​កាន់​អ្នក​ដទៃ និង​មនុស្ស​ដែល​នៅ​ជុំវិញ​លោក​អ្នក​ទេ នោះ​ព្រះ​គម្ពីរ​បាន​រាប់​ថា ការ​ទាំង​អស់​នោះ​គឺ​ជា​ការ​កុហក​វិញ (កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:២០)។

គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​ព្រះ​ទេ ប៉ុន្តែ​ពួក​គាត់​អាច​មើល​ឃើញ​ទ្រង់​បាន​តាម​រយៈ​សេចក្ដី​ស្រឡាញ់​របស់​លោក​អ្នក​ចំពោះ​ពួក​គាត់​ដែល​នៅ​ជុំវិញ​លោក​អ្នក ដើម្បី​ឲ្យ​ពួក​គាត់​អាច​ឃើញ​ព្រះ​បាន​គឺ​យើង​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​លោក​អ្នក​បាន​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​ពី​មុនៗ​រួច​មក​ហើយ​ពី​ក្តី​ស្រឡាញ់​នោះ។ រីឯ​កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:១៨-១៩ បាន​ចែង​ថា «ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង»។ ខ​គម្ពីរ​នេះ​គឺ​ជា​ខ​ដែល​មាន​ការ​ទាក់ទង​គ្នា ហើយ​ក៏​ជា​ខ​គម្ពីរ​មួយ​ដែល​ជួយ​ពន្យល់​បន្ថែម​ទៀត​ពី​សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​ផង​ដែរ។ ដូច្នេះ ការ​ដែល​យើង​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មែន​តែ​ពាក្យ​សម្ដី​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ (កណ្ឌ​គម្ពីរ ១យ៉ូហាន ១៨:៣)។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​យើង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​សេចក្ដី​ស្រឡាញ់​នោះ​ហើយ​ដែល​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់​គ្រាន់​តែ​ជា​ពាក្យ​សម្ដី។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គឺ​ជា​សេចក្ដី​ស្រឡាញ់​ដោយ​មាន​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត។ នោះ​ហើយ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត ហើយ​ក៏​ជា​សេចក្ដី​ស្រឡាញ់​ដែល​យើង​បាន​បំពេញ​នូវ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ដែរ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​មាន​សេចក្ដី​ស្រឡាញ់​ដែល​លាក់​ទុក​ក្នុង​ចិត្ត​ដោយ​មិន​បញ្ចេញ​នោះ​ទេ តែ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​គ្រីស្ទ​បរិស័ទ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ ដែល​បាន​បញ្ចេញ​ជា​សកម្មភាព​ទៅ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន ព្រម​ទាំង​អ្នក​ដទៃ​ផង​ដែរ។ នេះ​ហើយ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត!

សរុប​សេចក្ដី​មក សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​ខ្នាត​គឺ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ដែល​មាន​នៅ​ក្នុង​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​បង្ហាញ​វា​ឲ្យ​ចេញ​ជា​រូបរាង គឺ​ដើម្បី​ឲ្យ​មនុស្ស​នៅ​ជុំវិញ​យើង​ឃើញ នេះ​ហើយ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត។ នៅ​ពេល​ដែល​លោក​អ្នក​មាន​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​គឺ​ជា​ទំនុក​ចិត្ត​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​អ្នក​នៅ​ក្នុង​ព្រះ​អង្គ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​មាន​ទំនុក​ចិត្ត​បែប​នោះ គឺ​មាន​ន័យ​ថា​លោក​អ្នក​នឹង​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ជំនុំ​ជម្រះ​របស់​ព្រះ​បាន​មក​ដល់។

ចំណែក​ឯ​កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១៩ ក៏​បាន​ចែង​ថា «ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»។ នេះ​ជា​ខ​គម្ពីរ​មួយ ដែល​លើក​ទឹក​ចិត្ត​លោក​អ្នក និង​ខ្ញុំ ហើយ​ក៏​ជា​ការ​ដាស់​តឿន ដែល​ពេល​ខ្លះ​លោក​អ្នក​មាន​អារម្មណ៍​ថា លោក​អ្នក​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចេញ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។ ជា​ពិសេស វា​ពិបាក​ជា​មួយ​មនុស្ស​មួយ​ចំនួន​ដែល​មិន​គួរ​ឲ្យ​លោក​អ្នក​ស្រឡាញ់។ ប៉ុន្តែ នេះ​គឺ​ជា​ក្រិត្យ​វិន័យ និង​ជា​សេចក្ដី​បង្គាប់​របស់​ព្រះ​ជាម្ចាស់​ឲ្យ​លោក​អ្នក​ស្រឡាញ់​អ្នក​ដទៃ ដែល​នៅ​ជុំ​វិញ​ខ្លួន។ នៅ​ពេល​ដែល​លោក​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ទៅ​កាន់​អ្នក​ដទៃ​ដែល​នៅ​ជុំ​វិញ​ខ្លួន​លោក​អ្នក នោះ​សេចក្ដី​ស្រឡាញ់​របស់​លោក​អ្នក​អាច​ពេញ​ខ្នាត​បាន។ ប៉ុន្តែ សូម​កុំ​ឲ្យ​លោក​អ្នក​មាន​សេចក្ដី​ស្រឡាញ់​ដែល​មាន​ការ​អាក់រអួល ហើយ​ដក​ថយ​នោះ​ឡើយ។ ចូរ​រៀន​ឲ្យ​ចេះ​លូត​លាស់ ហើយ​ដំណើរ​ការ​ទៅ​មុខ​ទៀត​ជានិច្ច​ក្នុង​ការ​ស្រឡាញ់​អ្នក​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ស្រឡាញ់។

ដូច្នេះ នៅ​ពេល​ដែល​លោក​អ្នក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​ខ្នាត​នោះ​ហើយ វា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​សេចក្ដី​ក្លាហាន ឬ​ក៏​អាច​និយាយ​ម៉្យាង​ទៀត​ថា សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​បាន​ដេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ។ សេចក្ដី​ភ័យ​ខ្លាច និង​ភាព​ក្លាហាន​នៅ​ត្រង់​ចំណុច​នេះ សាវ័ក យ៉ូហាន គឺ​មិន​មែន​ចង់​មាន​ន័យ​ថា យើង​លែង​ភ័យ​ខ្លាច​អ្វី​ដែល​នៅ​ជុំវិញ​យើង​នោះ​ទេ គឺ​យើង​មិន​ភ័យ​ខ្លាច​នៅ​ថ្ងៃ​នៃ​ជំនុំ​ជម្រះ​របស់​ព្រះ​បាន​មក​ដល់ តែ​ផ្ទុយ​ទៅ​វិញ​យើង​ក្លាហាន និង​ហ៊ាន​ក្នុង​ការ​ប្រឈម​មុខ​នៅ​ថ្ងៃ​នោះ។

ហេតុ​អ្វី​បាន​ជា​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន?

១យ៉ូហាន ៤:១៩ ក៏​បាន​ចែង​ទៀត​ថា «គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ​ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ នៅ​ក្នុង​លោកីយ៍​នេះ​ដែរ»។ មូល​ហេតុ​ដែល​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​ផ្តល់​សេចក្ដី​ក្លាហាន​ដល់​យើង នោះ​បង្ហាញ​ថា យើង​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ។ លោក​អ្នក​អាច​ស្រមៃ​មើល ប្រសិន​បើ​ព្រះ​គ្រីស្ទ​ចូល​ទៅ​ដល់​ថ្ងៃ​នៃ​សេចក្ដី​ជំនុំ​ជម្រះ សំណួរ​សួរ​ថា «តើ​ព្រះ​អង្គ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​វា​ដែរ​ឬ​ទេ?» ហើយ​លោក​អ្នក​ក៏​បាន​ដឹង​រួច​ហើយ​ថា​កណ្ឌ​គម្ពីរ ១យ៉ូហាន ក៏​បាន​ប្រាប់​យើង​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​គំរូ ដែល​យើង​ត្រូវ​តែ​ប្រព្រឹត្ត​តាម ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ដែរ។ ព្រះ​អង្គ​ទ្រង់​សុចរិត ដូច្នេះ យើង​ត្រូវ​សុចរិត​ដូច​ជា​ព្រះ​អង្គ​ដែរ (១យ៉ូហាន ២:២៨-២៩)។ ព្រះ​អង្គ​ទ្រង់​ស្អាត​បរិសុទ្ធ នោះ​យើង​ត្រូវ​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​ផង​ដែរ (១យ៉ូហាន ៣:២-៣)។ នេះ​ចង់​មាន​ន័យ​ថា ព្រះ​អង្គ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​យើង​ក៏​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ដែរ។ នៅ​ពេល​ដែល​លោក​អ្នក ហើយ​និង​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់ នោះ​បង្ហាញ​ថា យើង​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ​ផង​ដែរ។ នៅ​ពេល​ដែល​យើង​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ នោះ​ហើយ​បាន​ផ្តល់​ឲ្យ​យើង​មាន​នូវ​សេចក្ដី​ក្លាហាន​នៅ​ចំពោះ​ព្រះ​អង្គ។

នេះ​ហើយ​គឺ​ជា​មេរៀន និង​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដែល​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ដល់​លោក​អ្នក​ថា សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​នឹង​បណ្ដេញ​នូវ​សេចក្ដី​ភ័យ​ខ្លាច​ចេញ ហើយ​យើង​នឹង​មាន​ទំនុក​ចិត្ត​នៅ​ថ្ងៃ​នៃ​សេចក្ដី​ជំនុំ​ជម្រះ។ សូម​កុំ​ឲ្យ​មាន​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​មាន​មន្ទិល​សង្ស័យ​នោះ​ឡើយ ដោយ​លោក​អ្នក​មាន​ចម្ងល់​ពី​ខ្លួន​ឯង​ដោយ​ចោទ​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​មាន​សេចក្ដី​ស្រឡាញ់​ទៅ​ចំពោះ​អ្នក​ដទៃ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ពិបាក​ក្នុង​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ទៅ​ចំពោះ​អ្នក​ដទៃ?» នេះ​គឺ​ជា​ការ​មួយ​ដែល​អាច​ឲ្យ​លោក​អ្នក​ពិនិត្យ និង​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ដោយ​សួរ​ពី​ខ្លួន​ឯង​ថា «តើ​លោក​អ្នក​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? តើ​លោក​អ្នក​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត​ដែរ​ឬ​ទេ?»

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ច្បាស់​ថា នៅ​ពេល​ដែល​យើង​នៅ​ជាប់​ជា​មួយ​នឹង​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​នៅ​ជាប់​ជា​មួយ​នឹង​យើង ដោយ​ព្រះ​អង្គ​បាន​ផ្តល់​នូវ​សេចក្ដី​ស្រឡាញ់​នោះ​ដល់​យើង នោះ​យើង​ក៏​ត្រូវ​ផ្តល់​សេចក្ដី​ស្រឡាញ់​នោះ​ទៅ​កាន់​អ្នក​ដទៃ​ទៀត​ផង​ដែរ។ ការ​នេះ​គួរ​តែ​ជា​ការ​មួយ​ដែល​ជំរុញ លើក​ទឹក​ចិត្ត​ដល់​លោក​អ្នក​ដែល​មាន​ទំនុក​ចិត្ត។ ចូរ​បន្ត​ទៅ​មុខ​ទៀត។ កុំ​ឲ្យ​មាន​អ្វី​មក​អូស​ទាញ​លោក​អ្នក​ឲ្យ​វង្វេង ឬ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​ភ័យ​ខ្លាច តាម​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​និយាយ ដោយ​ការ​បន្លាច​លោក​អ្នក​តាម​វិធី​របស់​ពួក​គាត់។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ចំពោះ​ព្រះ​អង្គ។ ចំណែក​ឯ​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​អង្គ​នៅ​ឡើយ នោះ​ពួក​គាត់​គួរ​តែ​មាន​ការ​ភ័យ​ខ្លាច។ នៅ​ពេល​ដែល​ពួក​គាត់​នៅ​ថ្ងៃ​ជំនុំ​ជម្រះ នោះ​ពួក​គាត់​នឹង​ត្រូវ​នៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច។

ចំណុច​មួយ​ដែល​លោក​អ្នក​ត្រូវ​តែ​គិត​ពិចារណា​ថា៖ នាំ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ទៅ​កាន់​អ្នក​ដទៃ។ ចូរ​កុំ​នៅ ស្ងៀម​ឡើយ! លោក​អ្នក​ក៏​បាន​ដឹង​ហើយ​ថា នៅ​ពេល​ដែល​ថ្ងៃ​នៃ​ជំនុំ​ជម្រះ​មក​ដល់ នោះ​អ្នក​ដែល​មិន​ជឿ​ព្រះ​គឺ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច នោះ​ហើយ​គឺ​ការ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។ ជា​ពិសេស អស់​អ្នក​នៅ​ជុំវិញ​លោក​អ្នក​ដែល​មិន​ទាន់​ទទួល​ជឿ​ព្រះ​គ្រីស្ទ​នៅ​ឡើយ។ សូម​បន្ត​អធិស្ឋាន ហើយ​ប្រកាស​ប្រាប់​ពួក​គាត់​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​គ្រីស្ទ​ទៅ​ដល់​ពួក​គាត់​ដែល​នៅ​ជុំវិញ​លោក​អ្នក​ផង​ដែរ។

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សាសនាឥស្លាម

ភាព​ប្រាកដ​និយម​