in

ការ​ខកចិត្ត​ចំពោះ​កម្មវិធី​ថ្វាយ​បង្គំ

Disappointing Worship Services

នុស្សាវរីយ៍​មួយ​ចំនួន​ដែល​ខ្ញុំ​ពេញ​ចិត្ត​ពេល​ចូល​រួម​ថ្វាយ​បង្គំ គឺ​នៅ​ពេល​ដែល​អ្វីៗ​គ្រប់​យ៉ាង​មាន​ដំណើរ​ការ​យ៉ាង​រលូន។ បរិយាកាស​នៅ​ជុំវិញ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ រីឯ​សេចក្តី​អធិប្បាយ​របស់​គ្រូគង្វាល​ទៀតសោត​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​សង្ឃឹម​ឡើង​នៅ​ថ្ងៃ​អនាគត។

ប៉ុន្តែ រួម​ជាមួយ​នឹង​អនុស្សាវរីយ៍​ដ៏​ល្អៗ ក៏​មាន​អនុស្សាវរីយ៍​ចំនួន​ដប់​ដែល​មិន​ល្អ ហើយ​ខ្ញុំ​ត្រលប់​មក​ផ្ទះ​វិញ ជា​មួយ​នឹង​ការ​ខកចិត្ត។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ការ​ទាំង​នេះ​កើតឡើង​បណ្តាល​មក​ពី​បរិយាកាស​នៅ​ជុំវិញ​ពុំ​បាន​បំពេញ​ចិត្ត​ខ្ញុំ ហើយ​ក៏​ប្រហែល​ជា​អ្នក​នៅ​ទី​នោះ​មិន​សូវ​រួសរាយ​រាក់ទាក់​ខ្ញុំ ឬ​ក៏​ប្រហែល​មក​ពី​សេចក្តី​អធិប្បាយ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទទួល​យក​ជ័យជម្នះ​លើ​លោកីយ៍​នេះ​ផង​ដែរ។

មាន​មនុស្ស​ជា​ច្រើន​បាន​មក​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ត្រឹមតែ​សម្បកកាយ ប៉ុន្តែ បែរ​ជា​មាន​ផ្នត់​គំនិត​ថា ការ​មកថ្វាយ​បង្គំ​នៅ​ព្រះវិហារ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ខកចិត្ត។ យ៉ាងណាមិញ ជា​លទ្ធផល ពួកគេ​ត្រលប់​​ទៅ​ផ្ទះ​វិញ​ដោយ​ការ​ខក​ចិត្ត​ជា​ខ្លាំង។ ពួកគេ​ឆ្ងល់​ថា តើ​អាច​មាន​ការ​ថ្វាយ​បង្គំ​នៅ​កន្លែង​ណា​ផ្សេង​មួយ​ទៀត​ដែល​នឹង​អាច​ជួយ​បំពេញ​នឹង​ចិត្ត​ខ្លួន​បាន​ច្រើន​ជាង​នេះ​ដែរឬទេ។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​ក៏​មាន​ការ​ភ័យខ្លាច​ថា ខ្លួន​នឹង​បន្ត​ខកចិត្ត​ដដែលៗ។

ការ​ទទួល​ស្គាល់​ការ​រំពឹងទុក

សូម​លោក​អ្នក​ចាត់​ទុក​ការ​ខក​ចិត្ត​ដូចជា​រូបមន្ត​គណិត​វិទ្យា​មួយ៖ ចូរ​យក​សេចក្តី​រំពឹង​របស់​លោក​អ្នក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ មក​គណនា​នឹង​ធាតុ​ពិត​ដែល​បាន​កើត​ឡើង គឺ​ជា​អារម្មណ៍​ខកចិត្ត​របស់​លោកអ្នក។ គម្លាត​រវាង​សេចក្តី​រំពឹង និង​ធាតុ​ពិត​ដែល​បាន​កើតឡើង គឺ​ជា​អារម្មណ៍​ខក​ចិត្ត​របស់​លោក​អ្នក។

ប្រសិន​បើ​លោក​អ្នក​តែងតែ​​មាន​អារម្មណ៍​ថា ថ្ងៃ​អាទិត្យ​គឺ​ជា​ថ្ងៃ​ដែល​តែងតែ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​បាក់​ទឹក​ចិត្តនោះ សូម​លោក​អ្នក​គិត​ពី​ក្តី​រំពឹង​ដែល​លោក​អ្នក​មាន​ចំពោះ​ក្រុម​ជំនុំខ្លួន​ចុះ។ តើ​លោក​អ្នក​រំពឹង​ចង់​បាន​អ្វី​ពី​ទីកន្លែង​ដែល​នៅ​ជុំវិញ​លោក​អ្នក? តើ​ក្តី​រំពឹង​លោក​អ្នក​គឺ​ជា​ការ​​ដែល៖ ឲ្យ​ព្រះ​វិហារ​មាន​គ្រឿង​តុទូ មាន​ការ​តុបតែង​ស្អាតៗ មាន​ដំណើរ​ការ​ល្អ​ក្នុង​ពេល​ថ្វាយ​បង្គំ ក៏​ដូច​ជា​ការ​ដែល​មាន​ចម្រៀង​ដែល​ស៊ី​គ្នា​នឹង​តម្រូវ​ការ​វប្បធម៌ឬ? សូម​លោក​អ្នក​ប្រុងប្រយ័ត្ន និង​ចង​ចាំ​ថា ផ្នត់​គំនិត​នៃ​ការ​រស់​នៅ​ក្នុង​សង្គម​ដែល​សម្បូរ​ទៅ​ដោយ​សម្ភារៈនិយម នឹង​អាច​នាំ​មកនូវ​ការ​បំពុល​ទស្សនៈ​របស់​យើង​ទាក់ទង​នឹង​ក្រុម​ជំនុំ។ ​លើស​ពីនេះ​ទៅ​ទៀត យើង​បែរ​ជា​ចាត់​ទុក​ការ​ទៅ​ព្រះ​វិហារ​ប្រៀប​ដូច​ជា​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​ធម្មតាៗ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ផ្ទះ​ជាជាង​ការ​បរិភោគ​អាហារ​នៅ​ឯ​ភោជនីយដ្ឋាន​ទៅ​វិញ។

តើ​លោក​អ្នក​មាន​ក្តី​រំពឹង​អ្វី​ខ្លះ​អំពី​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក? តើ​ពួក​គេ​គួរ​តែ​មាន​ចរិតលក្ខណៈ​ដែល​ចេះ​រួសរាយ​រាក់ទាក់ ចេះ​យក​ចិត្ត​ទុកដាក់ និង​មាន​ភាព​ពេញវ័យ​ខាង​ឯ​ព្រលឹងវិញ្ញាណ​ឬ? ដូច​ដែល​អ្នក​កំប្លែង​ម្នាក់​ឈ្មោះ ជច ខ័រលិន (George Carlin) បាន​និយាយអំពី​អ្នក​បើក​ម៉ូតូ​ថា​ «អ្នក​ណា​ដែល​បើក​ម៉ូតូ​មើកៗ​ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​មិន​ចេះ​បើកបរ ហើយ​អ្នកណា​ដែល​បើកបរ​លឿន គឺ​សុទ្ធតែ​ជា​ពួកអាស្ទាវ។» ការ​វាយ​តម្លៃ​ដែល​ឲ្យ​អ្នក​ដទៃ​មាន​លក្ខណសម្បត្តិ​ដូច​ខ្លួន គឺ​ជា​ទស្សនៈ​មួយ​ដែល​ឯកា​ណាស់។

តើ​លោក​អ្នក​មាន​ក្តី​រំពឹង​អ្វី​ខ្លះ​សម្រាប់​អនាគត​នៅ​ក្នុង​ក្រុម​ជំនុំ? តើ​លោក​អ្នក​រំពឹង​ចង់​ឲ្យ​ក្រុម​ជំនុំ​ទទួល​ស្គាល់​ការ​រួម​ចំណែក និង​អំណោយ​ទាន​របស់​លោក​អ្នក​ដែរ​ឬទេ? តើ​លោក​អ្នក​មាន​ការ​រំពឹង​ចង់​ឲ្យ​ខ្លួន​កាន់​តែ​មាន​ឱកាស​ល្អៗ​នៅ​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់ និង​មាន​ការ​ដឹកនាំ​ជាង​មុន​ដែរឬទេ? ចូរ​លោក​អ្នក​ប្រយ័ត្ន សូម​កុំ​ប្រើប្រាស់​ក្រុម​ជំនុំ​ទុក​ជា​កន្លែង​បំពេញ​ភាព​អាត្មានិយម​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ចូរ​ទៅ​ព្រះ​វិហារ​ដើម្បី​ឲ្យ​ព្រះជាម្ចាស់​ប្រើ​លោក​អ្នក​តាម​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​វិញ។

ការ​កែ​ក្តី​រំពឹង​ឡើង​វិញ

ជា​រឿយៗ ខ្ញុំ​តែង​តែ​កែប្រែ​ក្តី​រំពឹង​របស់​ខ្ញុំ​ឡើង​វិញ ដោយ​យោង​តាម​ប្រសាសន៍​របស់​សាវ័ក ប៉ុល ក្នុង​កណ្ឌ​គម្ពីរ​ ភីលីព ជំពូក១។ ជា​ដំបូង សូម​ពិនិត្យ​មើល​ទីកន្លែង​ដែល​នៅ​ជុំវិញ​គាត់។ សាវ័ក ប៉ុល បាន​លើក​ទឹកចិត្ត​អ្នក​ជឿ​ថា «ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពិត​ជា​បាន​ជួយ​ឲ្យ​ដំណឹងល្អ​ចម្រើន​ឡើង​ទៅ​វិញ​ទេ» (ភីលីព ១:១២ គកស)។ នៅ​ត្រង់​ចំណុច​នេះ សាវ័ក ប៉ុល កំពុង​មាន​ប្រសាសន៍​អំពី​ស្ថានភាព​នៃ​ការ​ដែល​គាត់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។ សូម​ស្រមៃ​មើល​ថា លោក​អ្នក​ទទួលបាន​សំបុត្រ​មួយ​មក​ពី​មិត្តភក្តិ​​ដែល​ជាប់​ពន្ធនាគារ ព្រម​ទាំង​មាន​ទាហាន​យាម​ការ​យ៉ាង​តឹងរ៉ឹង​ទៀត​ផង ហើយ​ក្នុង​សំបុត្រ​នោះ​មាន​រៀបរាប់​ដូចនេះ​ថា «ខ្ញុំ​កំពុង​គិត​ពី​អ្នក​ទាំង​អស់​គ្នា ខណៈពេល​ដែល​ខ្ញុំ​កំពុង​តែ​ជួប​ទុក្ខ​លំបាក​នេះ ហើយ​ក៏​កំពុង​តែ​អធិស្ឋាន​ពី​ថ្ងៃ​អនាគត​របស់​អ្នក​រាល់​គ្នា​ដែរ។» សាវ័ក ប៉ុល បាន​ប្រើ​ទីកន្លែង​ដ៏​លំបាក​របស់​គាត់ ដើម្បី​ជួយ​ឲ្យ​ដំណឹង​ល្អ​បាន​រីកចម្រើន​ទៅ​មុខ​ថែម​ទៀត។

បើ​និយាយ​ពី​ទីកន្លែង​ដែល​សាវ័ក ប៉ុល កំពុង​តែ​នៅ​នោះ គាត់​គួរ​តែ​មាន​ការ​ខក​ចិត្ត ព្រោះ​គាត់​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ផ្ទុយ​ទៅវិញ គាត់​បែរ​ជា​ប្រើ​ស្ថានភាព​នោះ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ទៅ​វិញ។ តើ​សាវ័ក ប៉ុល មាន​សេចក្តី​រំពឹង​បែប​ណា?

ទីពីរ សូម​ពិនិត្យ​មើល​ទំនាក់ទំនង​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត។ សាវ័ក ប៉ុល បាន​សរសេរ​ថា «មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ​គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះប្រកែក…គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខលំបាក​ដល់​ចំណង​របស់​ខ្ញុំ» (ភីលីព ១:១៥, ១៧ គកស)។ មាន​អ្នក​ខ្លះ​ជំទាស់​នឹង​ព័ន្ធកិច្ច​របស់សាវ័ក ប៉ុល ហើយ​ថែម​ទាំង​មាន​ការ​អរសប្បាយ ដោយ​សារគាត់​ជាប់​ពន្ធនាគារ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ពួកគេ​ថែម​ទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រីស្ទ​ដោយ​មាន «ចិត្ត​ឈ្នានីស និងចង់​ឈ្លោះ​ប្រកែក»។ តើ​សាវ័ក ប៉ុល បាន​ឆ្លើយ​តប​យ៉ាង​ដូចម្តេច​វិញ? «គេ​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​ដែរ» (ភីលីព ១:១៨ គកស)។

និយាយ​ឲ្យ​ចំ​ទៅសាវ័ក ប៉ុល គួរ​តែ​មាន​ការ​ខក​ចិត្ត​ក្នុង​កាលៈទេសៈ​របស់​គាត់ ក៏ដូច​ជា​ចង់​រំលាយ​ព័ន្ធកិច្ច​របស់​គាត់​ចោល ប៉ុន្តែ​គាត់​បែរ​ជា​មាន​សេចក្តី​អំណរ​ទៅ​វិញ។ តើ​លោក​មាន​សេចក្តី​រំពឹង​យ៉ាង​ណា​វិញ?

ទី​បី សូម​ពិនិត្យ​អំពី​ការ​ខក​ចិត្ត និង​ប្រផ្នូល​អាក្រក់​របស់​គាត់​ទាក់ទង​នឹង​អនាគត។ សាវ័ក ប៉ុល បាន​សរសេរ​ថា «ដ្បិត​ខ្ញុំ​ដឹង​ថា តាមរយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នករាល់គ្នា និង​ដោយសារ​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេស៊ូវវ​គ្រីស្ទ​បាន​ជួយ​ផង ការ​នេះ​នឹង​ត្រឡប់​ជា​ការ​សង្គ្រោះ​ដល់​ខ្ញុំ​វិញ» (ភីលីព ១:១៩ គកស)។ សាវ័ក ប៉ុល​មិន​បាន​បញ្ឆោត​ខ្លួន​ទាក់ទង​នឹង​អនាគត​របស់​គាត់ឡើយ។ គាត់​ដឹង​ថា សេសារ អាច​ចេញ​រាជ​បញ្ជា​ពេល​ណា​ក៏​បាន ហើយ​នៅ​ពេល​នោះ​គាត់​ក៏​បាន​ឮ​សម្លេងសម្រិប​ជើង​អ្នកយាម​ដើរ​មក​ចាប់​គាត់យក​ទៅ​ប្រហារ​ជីវិត។ គាត់​ដឹង​យ៉ាង​ប្រាកដ​ថា នេះ​ពិត​ជា​រឿង​មួយ​ដែល​អាច​កើត​ឡើង ប៉ុន្តែ​គាត់​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា នេះ​គឺ​ជា​ការរំដោះ។ សម្រង់​ពាក្យ​សម្តី​ដ៏​ល្បីល្បាញ​មួយ​របស់​គាត់​បាន​លើឡើង​ថា «ដ្បិត​សម្រាប់​ខ្ញុំ​ដែល​រស់​គឺ​សម្រាប់​ព្រះ​គ្រីស្ទ ហើយ​ដែល​ស្លាប់​ទៅ​ក៏​ចំណេញ​ដែរ» (ភីលីព ១:២១ គកស)។ ខណៈពេល​ដែល​សាវ័ក ប៉ុល កំពុង​ប្រឈម​មុខ​នឹង​ការ​ដែល​គេ​យក​ទៅ​ប្រហារ​ជីវិត គាត់​គួរ​តែ​មាន​ការ​ខក​ចិត្ត ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ដូចនោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែ​ជា​មាន​សង្ឃឹម​វិញ។ តើ​សាវ័ក ប៉ុល មាន​សេចក្តី​រំពឹង​យ៉ាង​ដូចម្តេច​វិញ?

សេចក្តី​រំពឹង​ដ៏​អន្ទះ​សារ​មួយ

សាវ័ក ប៉ុល មាន​សេចក្តី​រំពឹង​តែ​មួយ​គត់៖ គាត់​បាន​សរសេរ​ថា «អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ​គ្រីស្ទ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក​ក្នុង​រូបកាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្ដី» (ភីលីព ១:២០ គកស)។ បើ​សេចក្តី​រំពឹង​ដ៏​អន្ទះសារ​របស់​យើង​គឺ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះជាម្ចាស់ នោះ​យើង​នឹង​ចេះ​មាន​ការ​អត់ធ្មត់ ព្រោះ​នៅ​ក្នុង​ជីវិត​នេះ យើង​នឹង​មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​គ្រីស្ទ។ យើង​ព្យាយាម​ត្រាប់តាម​សេចក្ដី​រំពឹង​ដ៏​អន្ទះសា​របស់​សាវ័ក ប៉ុល៖ ដើម្បី​ឲ្យ​ព្រះ​គ្រីស្ទ​ទទួល​បាន​ការ​សរសើរ​តម្កើង​ក្នុង​យើង មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។

ដោយ​សារ​សាវ័ក ប៉ុល មាន​ការ​អន្ទះ​សារ​ចង់​ឃើញ​ព្រះ​យេស៊ូវ​ទទួល​បាន​ការ​លើក​តម្កើង​ក្នុង​ទំនាក់ទំនង​របស់​គាត់ ដូច្នេះ​ហើយ​បាន​ជា​គាត់​រាប់​អស់​អ្នក​ដែល​ទាស់ប្រឆាំង​នឹង​ព័ន្ធកិច្ច​របស់​គាត់​ថា ជា​អ្នក​ប្រកាស​ដំណឹង​ពី​ព្រះគ្រីស្ទ ជា​ជាង​ការ​ដែល​រាប់ពួក​គេ​ថា ជា​ពួក​មនុស្ស​ឆ្កួត​លីលា។

ដោយ​សារ​គាត់​មាន​ការ​អន្ទះសា ចង់​ឃើញ​ព្រះ​យេស៊ូវ​ទទួល​បាន​ការ​លើក​តម្កើង​ទាក់ទង​នឹង​អនាគត​របស់​គាត់ ដូច្នេះ​ហើយ​បានជា​គាត់​រាប់​ការ​ដែល​សាសន៍​រ៉ូម យក​គាត់​ទៅ​ប្រហារ​ជីវិត​​ក្នុង​ពេល​ណា​មួយ​ថា ជា​ការ​ដែល​ព្រះ​ជាម្ចាស់​នឹង​ផ្តល់​ជីវិត​ដ៏​ពិត​ដល់​គាត់​វិញ។ ការ​ដែល​សាវ័ក ប៉ុល មាន​សេចក្តី​រំពឹង​ចង់​ថ្វាយ​ព្រះកិត្តិយស​ដល់​ព្រះ​គ្រីស្ទ ដូច្នេះ​ហើយ​បាន​ជា​គាត់​រាប់​ការ​ដែល​គេ​មក​ចាប់​គាត់​ទៅ​សម្លាប់ថា ជា​ការ​ដោះ​លែង​គាត់​ចូល​ទៅ​នគរស្ថានសួគ៌។

តើ​សាវ័ក ប៉ុល យក​ឈ្នះ​លើ​ការ​ខកចិត្ត​ទាំង​អស់​នេះ​ដោយ​របៀប​ណា? គាត់​ធ្វើ​ដោយ​មាន​សេចក្ដី​រំពឹង​តែ​មួយ​គឺ៖ «ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ​គ្រីស្ទ»។

ចូរ​ទៅ​ព្រះ​វិហារ​ដើម្បី​ជួប​ព្រះ​គ្រីស្ទ​មិនមែន​ទៅ​ដើម្បី​រិះគន់​នោះ​ទេ។

រាល់​ពេល​ដែល​យើង​ថ្វាយ​បង្គំ​ព្រះគ្រីស្ទនៅ​អាទិត្យ​ សូម​ព្រះ​អង្គ​ប្រទាន​ពរ​ឲ្យ​យើង​ដូចជា​សាវ័ក ប៉ុល។ សូម​ព្រះអង្គ​បាន​រៀបចំ​ជីវិត​យើង​សារ​ជា​ថ្មី ដោយ​អនុញ្ញាត​ឲ្យ​យើង​មាន​អំណរ និង​គោល​ដៅ​ដែល​ពឹង​លើ​ការ​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ទ្រង់។ ព្រះវរបិតា​កំពុង​តែ​ធ្វើ​គ្រប់​អ្វីៗ​ក្នុង​ចក្រវាឡ​នេះ ដើម្បី​បំពេញ​ព្រះ​កិត្តិយស​ដ៏​អស្ចារ្យ។ ចូរ​បោះបង់​ចោល​នូវ​សេចក្តី​រំពឹង​ដ៏​អត្មានិយម​របស់​យើង​ទាក់ទង​នឹង​ទីកន្លែង​នៃព្រះ​វិហារ មនុស្ស​នៅ​ក្នុង​ព្រះ​វិហារ និង​អនាគត​សម្រាប់​ខ្លួន​នៅ​ក្នុង​ក្រុម​ជំនុំ​ចោល​ហើយ​ចាប់​យក សេចក្តី​រំពឹង​ដែល​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​គ្រីស្ទ​ក្នុង​កម្មវិធី​ថ្វាយ​បង្គំ និង​ក្នុង​ជិវិត​ផ្ទាល់​ខ្លួន​ទាក់ទង​នឹង​ការ​ថ្វាយ​ព្រះ​ជាម្ចាស់។

ចូរ​ដាក់​ក្ដី​សង្ឃឹម​របស់​លោកអ្នក​លើ​គោលដៅ​ដ៏​មិន​ចេះ​បរាជ័យ​នេះ នោះ​លោកអ្នក​នឹង​មិន​ចេះ​ខកចិត្ត​ឡើយ!

និពន្ធ​ដោយ៖ លោកគ្រូ Matthew Westerholm
បកប្រែ​ដោយ និង​កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, លោក ទេព រ៉ូ និង​កញ្ញា ថន ស្ថាពរ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដោយ​មាន​អំណរ​គុណ

ស្ត្រី​ដែល​មាន​ចិត្ត