មានមនុស្សជាច្រើននាក់ឆ្ងល់ថា តើព្រះយេស៊ូវពិតជាស្រឡាញ់ពួកគាត់មែនឬអត់។ ព្រះគម្ពីរបានលើកឡើងយ៉ាងច្បាស់ហើយថា មិនថាយើងបានប្រព្រឹត្តអ្វីក៏ដោយ ក៏ព្រះយេស៊ូវនៅតែស្រឡាញ់យើងដដែល។ តាមពិតទៅ ព្រះអង្គថែមទាំងសន្យាថានឹងអត់ទោសនូវរាល់កំហុសខុសឆ្គងដែលយើងបានប្រព្រឹត្ត ហើយនឹងប្រទានជីវិតដ៏អស់កល្បជានិច្ច ដោយគ្រាន់តែយើងទទួលជឿលើទ្រង់៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។
កណ្ឌគម្ពីរ រ៉ូម ៥:៨ បានលើកឡើងថា «តែឯព្រះ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា»។ តាំងពីមុនពេលយើងបានកើតមកម្ល៉េះ ព្រះជាម្ចាស់បានចាត់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះអង្គឲ្យមកសុគតជំនួសយើង ដើម្បីឲ្យយើងមានឱកាសទទួលបានជីវិតដ៏អស់កល្បជានិច្ច។ ដោយសារតែព្រះគុណដ៏ល្អអស្ចារ្យរបស់ទ្រង់ចំពោះយើង នោះហើយបានជាអំណោយទានដ៏ល្អមួយនេះបានមកដល់យើង៖ «ដ្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៨-៩)។ យើងមិនចាំបាច់ទិញក្ដីស្រឡាញ់របស់ទ្រង់ទេ ដោយយើងគ្រាន់តែទទួលយកតែប៉ុណ្ណោះ។
ទំនងលោកអ្នកមានការពិបាកក្នុងការទទួលស្គាល់ថា ព្រះយេស៊ូវស្រឡាញ់លោកអ្នក ព្រោះលោកអ្នកបានឃើញមនុស្សជាច្រើននាក់នៅជុំវិញខ្លួនបានធ្វើឲ្យលោកអ្នកខកចិត្ត។ ទោះជាយ៉ាងណាក្ដី ក៏ព្រះយេស៊ូវមិនមែនដូចជាមនុស្សនានានោះទេ ព្រះអង្គគឺជាព្រះ ១០០% ហើយក៏ជាមនុស្ស ១០០% ផងដែរ (យ៉ូហាន ១:១៤)។ ព្រះអង្គមានចំណែកក្នុងការបង្កើតយើង ព្រះអង្គបានទ្រទ្រង់យើងដោយប្រទានរាល់ខ្យល់ដង្ហើមដែលយើងមាន ហើយព្រះអង្គណែនាំឲ្យយើងមានជីវិតថ្មីឥឡូវនេះ ក៏ដូចជាជីវិតដ៏នៅអស់កល្បជានិច្ចនៅឯស្ថានសួគ៌ជាមួយនឹងទ្រង់ផងដែរ។
អ្វីដែលលោកអ្នកធ្លាប់ប្រព្រឹត្តនៅអតីតកាលក៏ជាបញ្ហាមួយដែលបណ្ដាលឲ្យលោកអ្នកមានការពិបាកក្នុងការទទួលស្គាល់នូវសេចក្ដីពិតដែលថា ព្រះយេស៊ូវស្រឡាញ់លោកអ្នកផងដែរ។ ព្រះយេស៊ូវជ្រាបរួចទៅហើយអំពីរឿងអតីតកាលរបស់លោកអ្នក ហើយព្រះអង្គនៅតែចង់ប្រទានជីវិតដ៏នៅអស់កល្បជានិច្ច និងការអត់ទោសដល់លោកអ្នកដដែល។ យើងអាចឃើញពីឧទាហរណ៍នៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គបាននៅពេលដែលទ្រង់កំពុងជាប់ឆ្កាងប្រមាណជាពីរបីម៉ោងចុងក្រោយនៃព្រះជន្មរបស់ទ្រង់។ មានបុរសម្នាក់ក្នុងចំណោមអ្នកដែលជាប់ឆ្កាងនៅក្បែរព្រះអង្គ គឺត្រូវបានគេឆ្កាងឲ្យស្លាប់ដោយសារគាត់បានប្រព្រឹត្តបទឧក្រិដ្ឋ។ គាត់ក៏បានបែរទៅព្រះយេស៊ូវ ហើយនិយាយថា «ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង»។ ព្រះយេស៊ូវក៏បានមានបន្ទូលឆ្លើយទៅគាត់វិញថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ» (លូកា ២៣:៤២-៤៣)។ មិនថាបុគ្គលនេះបានប្រព្រឹត្តអំពើឧក្រិដ្ឋ ដែលជាអំពើបាបក៏ដោយ ក៏ព្រះយេស៊ូវនៅតែទទួលយកគាត់ ដោយសារតែគាត់មានជំនឿយ៉ាងសាមញ្ញ ហើយពិតប្រាកដមែន ហើយព្រះអង្គថែមទាំងសន្យាថា គាត់នឹងទទួលបានជីវិតអស់កល្បជានិច្ចនៅឯស្ថានសួគ៌ផងដែរ ទោះបើព្រះយេស៊ូវបានជ្រាបហើយថាបុរសម្នាក់នេះមិនមានពេលវេលាទៀតក្នុងការរស់នៅឲ្យខុសពីមុនក៏ដោយ។
នៅពេលដែលយើងងឿងឆ្ងល់ថា «តើព្រះយេស៊ូវស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណា?» យើងគ្រាន់តែមើលទៅឯឈើឆ្កាង នោះគ្រប់គ្រាន់ហើយ។ ព្រះអង្គបានលាតព្រះហស្តរបស់ទ្រង់ ហើយមានបន្ទូលថា «យើងស្រឡាញ់ឯងប៉ុណ្ណេះ» ពោលគឺទ្រង់ស្រឡាញ់រហូតដល់ទ្រង់លះព្រះជន្មទ្រង់ ដើម្បីឲ្យយើងអាចមានជីវិតថ្មីបាន។
ឥឡូវនេះ លោកអ្នកអាចអធិស្ឋានទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់លោកអ្នកបាន ហើយទទួលយកក្ដីស្រឡាញ់របស់ទ្រង់ និងជីវិតអស់កល្បជានិច្ច។ មិនមែនជាការអធិស្ឋានបែបពិសេសនោះទេ ប៉ុន្តែលោកអ្នកអាចឆ្លើយតបដោយអធិស្ឋានបែបទម្រង់ដូចខាងក្រោមនេះ៖
«ឱ! ព្រះអម្ចាស់អើយ! ទូលបង្គំដឹងហើយថា ទួលបង្គំជាមនុស្សមានបាប ហើយមិនអាចទៅដល់ស្ថានសួគ៌បានដោយទង្វើល្អខ្លួនឯងនោះទេ។ ឥឡូវនេះ ទូលបង្គំដាក់ជំនឿលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គបានមានព្រះជន្មរស់ឡើងវិញពីការសុគត ដើម្បីប្រទាននូវជីវិតដ៏អស់កល្បជានិច្ចដល់ទូលបង្គំ។ សូមព្រះអង្គអត់ទោសនូវរាល់អំពើបាបរបស់ទូលបង្គំ ហើយជួយទូលបង្គំឲ្យរស់នៅសម្រាប់ទ្រង់វិញ។ អរព្រះគុណព្រះអង្គដែលទ្រង់ទទួលយកទូលបង្គំ ហើយប្រទានឲ្យទូលបង្គំមានជីវិតអស់កល្បជានិច្ច។ អាម៉ែន!»
ប្រសិនបើលោកអ្នកមានសំណួរ ឬក៏ចម្ងល់បន្ថែមទៀត សូមសរសេរជាមតិយោបល់នៅក្នុងឯកសារនេះ។
មតិយោបល់
Loading…