in

“កុំ​ធ្វើ​វា​អី!!” ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​​ក្រុម​ជំនុំ

«កុំ​ធ្វើ​វា​អី» នោះ​ជា​រឿង​ដំបូង​ដែល​ខ្ញុំ​ប្រាប់​គ្រូ​គង្វាល នៅ​ពេល​ពួក​គាត់​ឃើញ​ថា​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា «កុំ​ធ្វើ​វា​អី យ៉ាង​ហោច​ណាស់​កុំ​ទាន់​ធ្វើ​វា​អី»។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ផ្តល់​ដំបូន្មាន​បែប​នេះ?

សូម​ឲ្យ​យើង​បាន​គិត​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ឃើញ​នោះ។ នៅ​ពេល​ដែល​គ្រូ គង្វាល បាន​ឮ​អំពី​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ​ជា​លើក​ដំបូង ពួក​គាត់​តែង​តែ​គិត​ថា​គំនិត​នេះ គឺ​គួរ​ឲ្យ​អស់​សំណើច​ណាស់។ ការ​ដាក់​វិន័យ​ស្តាប់​ទៅ​ដូច​ជា​កិច្ចការ​ដែល​មិន​មាន​សេចក្តី​ស្រឡាញ់ ប្រឆាំង​នឹង​ការ​ផ្សាយ​ដំណឹង​ល្អ ចម្លែក ត្រូវ​គ្រប់​គ្រង ត្រូវ​ប្រកាន់​ច្បាប់ និង​ត្រូវ​មាន​ការ​វិនិច្ឆ័យ​ទោស​ទៀត​ផង។ វា​មើល​ទៅ​ហាក់​បី​ដូច​ជា​កិច្ចការ​មួយ​ដែល​មិន​អាច​ធ្វើ​ទៅ​បាន។ ពួក​គាត់​ថែម​ទាំង​ឆ្ងល់​ថា តើ​វា​ខុស​ច្បាប់​ដែរ ឬ​ទេ។

ពួក​គាត់​បាន​បើក​ព្រះ​គម្ពីរ​របស់​ខ្លួន

បន្ទាប់​មក​ពួក​គាត់​បែរ​មក​មើល​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​វិញ នៅ​ពេល​ដែល​គ្មាន​អ្នក​ណា​សម្លឹង​ទៅ​កាន់​ពួក​គាត់។ ពួក​គាត់​បាន​អាន​នូវ​ខ​គម្ពីរ​មួយ​ចំនួន​ដូច​ជា ២ថែស្សាឡូនីច ៣:៦ ឬ កាឡាទី ៦:១ ឬ​ក៏​អត្ថបទ​ស្តី​ពី​ការ​ដាក់​វិន័យ—១កូរិនថូស៥។ ពួក​គាត់​បាន​ពិចារណា​អំពី​ប្រវត្តិ​នៃ​ការ​ដក​សមាជិក​ភាព​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ពួក​គាត់​ចាំ​ថា ព្រះ​តែង​តែ​មាន​គោល​បំណង​សម្រាប់​រាស្ដ្រ​របស់​ទ្រង់ ដើម្បី​រស់​នៅ​បង្ហាញ​ពី​រូប​ភាព​នៃ​ភាព​បរិសុទ្ធ​របស់​អង្គ​ទ្រង់​ផ្ទាល់ (ចោទិយកថា ១៧:៧; លេវីវិន័យ ១៩:២; អេសាយ ៥២:១១; ១ពេត្រុស ១:១៦)។

បន្ទាប់​មក ពួក​គាត់​បាន​បែរ​ទៅ​រក​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ​ផ្ទាល់ ហើយ​ពួក​គាត់​បាន​រក​ឃើញ​ថា នៅ​ក្នុង​ជំពូក​ដូច​គ្នា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​ដែល​ព្រះ​យេស៊ូវ បាន​បង្រៀន​ថា កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ (សូម​មើល ម៉ាថាយ ៧:១) ទ្រង់​ក៏​មាន​បន្ទូល​ព្រមាន​ដល់​ពួក​សិស្ស​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​គ្រូ​ក្លែងក្លាយ និង​ប្រឆាំង​ទាស់​នឹង​ពួក​អ្នក​ដែល​អះអាង​ថា នឹង​ធ្វើ​តាម​ទ្រង់ តែ​មិន​ស្តាប់​តាម​ព្រះ​បន្ទូល​ទ្រង់​ផង​ដែរ (ម៉ាថាយ ៧:១៥-២០; ២១-២៣)។ នៅ​ចុង​បញ្ចប់ កណ្ឌ​គម្ពីរ​ម៉ាថាយ​១៨​គឺ​ជា​កន្លែង​ដែល​ព្រះ​យេស៊ូវ បាន​មាន​បន្ទូល​ណែ​នាំ​អ្នក​ដើរ​តាម​ទ្រង់​ថា ចំពោះ​មនុស្ស​មាន​បាប​ដែល​មិន​ប្រែ​ចិត្ត​នៅ​ក្នុង​ស្ថាន​ភាព​ជាក់​លាក់​ណា​មួយ នោះ​ទ្រង់​ឲ្យ​រាប់​អ្នក​នោះ​ជា​អ្នក​ក្រៅ​សាសន៍​វិញ (ម៉ាថាយ ១៨:១៧) ។ ប្រហែល​ជា​ក្រុម​ជំនុំ​គួរ​តែ​អនុវត្ត​ការ​ដាក់​វិន័យ?

អ្វី​ដែល​រុញ​ទម្លាក់​គ្រូ​គង្វាល​មួយ​ចំនួន​ដែល​ល្អៗ សាមញ្ញ បាន​សម្រប​សម្រួល​យ៉ាង​ល្អ ហើយ​ក៏​ជា​គ្រូ​គង្វាល​ដែល​ធ្លាប់​មាន​ប្រជាប្រិយ​ភាព​ពី​មុន​មក​គឺ ការ​ឃើញ​ថា​មាន​ក្រុម​ជំនុំ​ខ្លះ​ពិត​ជា​បាន​អនុវត្ត​ការ​ដាក់​វិន័យ​ទាំង​នេះ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន​មែន។ វា​មិន​មែន​ជា​ការ​ចម្លែក​នោះ​ទេ ប៉ុន្តែ​ក្រុម​ជំនុំ​ដែល​មាន​ភាព​រីករាយ ភាព​រីក​ចម្រើន ក្រុម​ជំនុំ​មាន​ទំហំ​ធំ និង​ក្រុម​ជំនុំ​ដែល​តម្រង់​ទិស​ដោយ​ព្រះ​គុណ​របស់​ព្រះ​ធ្វើ​ការ​អនុវត្ត​បែប​នេះ។

ឥឡូវ​នេះ គ្រូ​គង្វាល​ទាំង​នេះ​កំពុង​តែ​មាន​បញ្ហា។ ពួក​គាត់​ដឹង​ថា ពួក​គាត់​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ​ឲ្យ​បាន​ច្រើន។ ពួក​គាត់​មាន​អារម្មណ៍​ថា ពួក​គាត់​ត្រូវ​បាន​បង្ខំ​ដោយ​រូប​ភាព​នៃ​ភាព​បរិសុទ្ធ​ក្នុង​ព្រះ​គម្ពីរ សេចក្តី​ស្រឡាញ់ ការ​រួបរួម​របស់​ក្រុម​ជំនុំ និង​ពី​ក្រុម​ជំនុំ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ព្រះ​តែ​មួយ​ដែល​ទ្រង់​បរិសុទ្ធ និង​ពេញ​ដោយ​សេចក្តី​ស្រឡាញ់។ ពួក​គាត់​យល់​ថា ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​បាន​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​ពួក​គាត់​ឈឺ​ចាប់ និង​បង្ហាញ​ទី​បន្ទាល់​មិន​ល្អ​ទៅ​កាន់​លោកីយ៍។

ជា​ញឹក​ញាប់ វា​គឺ​នៅ​ត្រង់​ចំណុច​មួយ​ដែល​ថា ដំណោះ​ស្រាយ​ដែល​ស្រពិចស្រពិល​វា​ហាក់​ដូច​ជា​ត្រូវ​បាន​កំណត់​រួច​ហើយ​អញ្ចឹង​ដែរ។ «នៅ​ចំណុច​នេះ ខ្ញុំ​នឹង​ដឹក​នាំ​ក្រុម​ជំនុំ​នេះ​ឲ្យ​ស្រប​តាម​ព្រះ​គម្ពីរ ប្រសិន​បើ វា​ជា​រឿង​ចុង​ក្រោយ​ដែល​ខ្ញុំ​ធ្វើ!» ហើយ​វា​ជា​រឿង​ពិត ដែល​កើត​ឡើង​ញឹក​ញាប់​ណាស់​ក្នុង​ជីវិត​របស់​យើង។

ដូច​ជា​ដុំ​ពពក​មួយ​ផុស​ចេញ​ពី​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រឡះ​ល្អ

ប្រហែល​ជា​នៅ​ក្នុង​ការ​អធិប្បាយ​ព្រះ​បន្ទូល គឺ​វា​ជា​ភាព​សុខ​សាន្ត​មួយ​ចូល​ទៅ​ក្នុង​ជីវិត ដែល​មាន​អត្ថន័យ​ល្អ​សម្រាប់​ក្រុម​ជំនុំ​ដែល​គ្មាន​កំហុស និង​ជឿ​លើ​ព្រះ​គម្ពីរ ហើយ​ផ្លេក​បន្ទោរ​នៃ​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​បាន​ប៉ះ​ទង្គិច។ វា​ប្រហែល​ជា​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ការ​សន្ទនា​រវាង​គ្រូ​គង្វាល និង​គ្រូ​ជំនួយ។ វា​អាច​ស្ថិត​ក្នុង​ការ​ចាត់​ចែង​យ៉ាង​ប្រញាប់​ប្រញាល់​នៅ​ក្នុង​ការ​ប្រជុំ​ជា​មួយ​សមាជិក​ក្រុម​ជំនុំ។ ប៉ុន្តែ នៅ​កន្លែង​ណា​មួយ​ដែល​មាន​ការ​ប៉ះ​ទង្គិច ជា​ធម្មតា​តែង​តែ​នាំ​មក​ជា​មួយ​នូវ​ភាព​ស្មោះ​ត្រង់​ដ៏​អស្ចារ្យ និង​ការ​ដក​ស្រង់​បទ​គម្ពីរ​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ជំនុំ។

ក្រោយ​មក សកម្មភាព​ដ៏​ស្មោះ​ត្រង់​ត្រូវ​បាន​ធ្វើ​ឡើង។

បន្ទាប់​មក ការ​ឆ្លើយ​តប​ត្រូវ​បាន​ចូល​មក​ដល់៖ នោះ​ហើយ​គឺ​ជា ការ​យល់​ខុស និង​អារម្មណ៍​ឈឺ​ចាប់។ ការ​ចោទ​ប្រកាន់​ប្រឆាំង​ត្រូវ​បាន​ធ្វើ​ឡើង។ អំពើ​បាប​ត្រូវ​បាន​វាយ​ប្រហារ និង​ត្រូវ​បាន​ការពារ។ ឈ្មោះ​អ្នក​ប្រព្រឹត្ត​អំពី​បាប ត្រូវ​បាន​ហៅ។ ការ​ជូរចត់ ត្រូវ​កើត​មាន​ឡើង! បទ​ចម្រៀង​នៃ​ក្រុម​ជំនុំ​ក្នុង​តំបន់ បាន​ប្រែ​ក្លាយ​ទៅ​ជា​បទ​ចម្រៀង​ចម្រូងចម្រាស​នៃ​ការ​ជជែក​ដេញដោល និង​ការ​ចោទ​ប្រកាន់​គ្នា​ក្នុង​ក្រុម​ជំនុំ។ សមាជិក​ក្រុម​ជំនុំ​ស្រែក​ឡើង​ថា «តើ​វា​ត្រូវ​បញ្ឈប់​នៅ​ត្រង់​កន្លែង​ឯ​ណា?» ហើយ «តើ​អ្នក​គិត​ថា អ្នក​ល្អ​ឥត​ខ្ចោះ​មែន​ដែរ​ឬ​ទេ?»។

ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ៖ កុំ​ធ្វើ​វា​អី យ៉ាង​ហោច​ណាស់​កុំ​ទាន់​ធ្វើ​វា​អី

តើ​គ្រូ​គង្វាល​ត្រូវ​ធ្វើ​អ្វី? ដំបូន្មាន​របស់​ខ្ញុំ​គឺ «សូម​កុំ​យក​ខ្លួន​ឯង​ចូល​ទៅ​ក្នុង​ស្ថានភាព​នេះ​ជា​មុន។ សូម​ឈប់​អនុវត្ត​វា​មួយ​រយៈ នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​ថា ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កែ​តម្រូវ គឺ​ជា​អ្វី​ដែល​មាន​ការ​គាំ​ទ្រ​ចេញ​ពី​ព្រះ​គម្ពីរ»។ (ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​គឺ​ត្រូវ​មាន​ទាំង​ការ​កែ​តម្រូវ និង​ការ​អប់រំ ហើយ​បន្ទាប់​ពី​នោះ​មក គឺ​សំដៅ​ទៅ​លើ​កិច្ចការ​នៃ​ការ​បង្រៀន ឬ​ការ​បង្កើត​គ្រីស្ទបរិស័ទ​នៅ​ក្នុង​ក្រុម​ជំនុំ)។

ឥឡូវ មក​ដល់​ត្រង់​ចំណុច​នេះ លោក​អ្នក​ប្រហែល​ជា​កំពុង​គិត​ថា “លោក ម៉ាកុស តើ​លោក​កំពុង​ប្រាប់​យើង​មិន​ឲ្យ​ស្តាប់​តាម​ព្រះ​គម្ពីរ​មែនឬ?!»។

តាម​ពិត​ទៅ ខ្ញុំ​មិន​មែន​មាន​ន័យ​បែប​នោះ​ទេ។ ខ្ញុំ​កំពុង​ព្យាយាម​ជួយ​លោក​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​យេស៊ូវ បាន​មាន​បន្ទូល​ណែនាំ​ដល់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ (សូម​មើល លូកា ១៤:២៥-៣៣) ៖ សូម​គិត​គូរ​ពី​តម្លៃ មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​វា។ សូម​ប្រាកដ​ថា ក្រុម​ជំនុំ​របស់​លោក​អ្នក​យល់​បាន​ល្អ និង​ទទួល​យក​ការ​បង្រៀន​តាម​ព្រះ​គម្ពីរ​នេះ។ គោលដៅ​របស់​លោក​អ្នក មិន​មែន​ជា​ការ​ប្រព្រឹត្ត​តាម​ភ្លាមៗ​ដោយ​ការ​បណ្ដេញ​ចេញ​នោះ​ទេ ប៉ុន្តែ​ជា​ក្រុម​ជំនុំ​ដែល​ត្រូវ​បាន​កែ​ទម្រង់​ដោយ​ព្រះ​បន្ទូល​របស់​ព្រះ។ លោក​អ្នក​ចង់​ឲ្យ​ពួក​គេ ដើរ​ក្នុង​ផ្លូវ​មួយ​ដែល​ត្រឹម​ត្រូវ។ ហើយ​ការ​នោះ​ទាមទារ​ឲ្យ​លោក​អ្នក ឃ្វាល​ពួក​គាត់​ដោយ​មាន​ភាព​អត់​ធ្មត់។

តើ​លោក​អ្នក​គួរ​ឃ្វាល​ក្រុម​ជំនុំ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ដាក់​វិន័យ​បាន?

ចំណុច​ទី​មួយ សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បន្ទាប​ខ្លួន។ សូម​ជួយ​ក្រុម​ជំនុំ​របស់​យើង​ឲ្យ​មើល​ឃើញ​ថា ពួក​គាត់​ប្រហែល​ជា​បាន​យល់​ខុស​អំពី​ស្ថាន​ភាព​ជីវិត​ខាង​ឯ​វិញ្ញាណ​របស់​ពួក​គាត់​ផ្ទាល់។ សូម​ពិចារណា​អំពី ឧទាហរណ៍​របស់​មនុស្ស​ម្នាក់​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៥ ព្រម​ទាំង​ការ​ដាស់​តឿន​របស់ សាវ័ក ប៉ុល ដល់​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​កូរិនថូស​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២កូនរិនថូស ១៣:៥។ សាវ័ក ប៉ុល បាន​បង្គាប់​ឲ្យ​យើង​ពិចារណា​មើល​ខ្លួន​យើង​ផ្ទាល់ ដើម្បី​ឲ្យ​ដឹង​ថា តើ​យើង​ស្ថិត​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ។ តើ​សមាជិក​ក្រុម​ជំនុំ​របស់​លោក​អ្នក​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ពិចារណា​មើល​ពី​សេចក្តី​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ដែរ​ឬ​ទេ?

ចំណុច​ទី​ពីរ ត្រូវ​ប្រាកដ​ថា ក្រុម​ជំនុំ​របស់​លោក​អ្នក​មាន​ការ​យល់​ដឹង​ពី​ព្រះ​គម្ពីរ អំពី​សមាជិក​ភាព​ក្នុង​ក្រុម​ជំនុំ។ សមាជិក​ក្រុម​ជំនុំ​មិន​យល់​ពី​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​ទេ ដោយ​ព្រោះ​ពួក​គាត់​មិន​យល់​ពី​ភាព​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ជំនុំ។ សមាជិក​ភាព គឺ​ជា​ទំនាក់​ទំនង​ក្នុង​ក្រុម​ជំនុំ។ ទំនាក់​ទំនង​នេះ​មិន​ត្រូវ​បាន​បង្កើត ជួយ​គាំទ្រ ឬ​ត្រូវ​បញ្ចប់​ទៅវិញ​ដោយ​សកម្មភាព​របស់​ក្រុម​ជំនុំ​ណា​ម្នាក់​នោះ​ទេ។ សមាជិក​ម្នាក់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ក្រុម​ជំនុំ​បាន​ទេ។ ដូច​គ្នា​ផង​ដែរ សមាជិក​ក្រុម​ជំនុំ​ម្នាក់ មិន​អាច​បន្ត​សមាជិក​ភាព ឬ​ចាក​ចេញ​ពី​ភាព​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ណា​មួយ ដោយ​មិន​មាន​ការ​យល់​ព្រម​ច្បាស់​លាស់ ឬ​ជាក់​លាក់​ពី​ក្រុម​ជំនុំ​នោះ​បានទេ (លើក​លែង​តែ​ដោយ​សារ​មូល​ហេតុ​នៃ​ការ​ស្លាប់)។ នោះ​គឺ​ជា​ការ​ដែល​និយាយ​ត្រង់​ចំៗ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ជា​គោល​គឺ​ថា វា​ជា​កិច្ចការ​របស់​ក្រុម​ជំនុំ​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​សមាជិក​របស់​ខ្លួន​ជា​នរណា។ ហើយ​សមាជិក​ក្រុម​ជំនុំ មិន​អាច​ចាក​ចេញ​ពី​ក្រុម​ជំនុំ ដោយ​ស្រួលៗ​ឡើយ នៅ​ពេល​ពួក​គេ​ស្ថិត​ក្នុង​អំពើបាប​ដែល​មិន​ទាន់​ប្រែ​ចិត្ត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ និមិត្ត​នៃ​ការ​ក្លាយ​ជា​សមាជិក​បែប​នេះ​ត្រូវ​តែ​បង្ហាញ​ភាព​វិជ្ជមាន​ជា​មុន​សិន។ យើង​ត្រូវ​យល់​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​សមាជិក​ភាព​នៃ​ក្រុម​ជំនុំ។ សូម​ប្រាកដ​ថា លោក​អ្នក​បាន​ស្គាល់​ខ្លួន​ឯង​ជា​មួយ​នឹង​ចំណុច​សំខាន់ៗ និង​បទ​គម្ពីរ​សំខាន់ៗ​ជា​ច្រើន ដែល​លោក​អ្នក​អាច​រំលឹក​ដល់​សមាជិក​ក្រុម​ជំនុំ នៅ​ពេល​ពួក​គេ​មាន​សំណួរ​នោះ។ សូម​ស្វែង​រក​មើល​ឱកាស​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក ដើម្បី​បង្រៀន​អំពី​ភាព​ខុស​គ្នា​រវាង​ក្រុម​ជំនុំ និង​លោកីយ៍ ហើយ​អំពី​របៀប​នៃ​ការ​បង្រៀន​អំពី​ភាព​ខុស​គ្នា​នោះ​ថា តើ​វា​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​លក្ខណៈ និង​បេសកកម្ម​របស់​ក្រុម​ជំនុំ។ ជួយ​ក្រុម​ជំនុំ​របស់​លោក​អ្នក​ឲ្យ​បាន​ប្រមូល​ផ្តុំ​រូប​ភាព​នៃ​ផែនការ​របស់​ព្រះ​បែប​នេះ សម្រាប់​ក្រុម​ជំនុំ​របស់​គាត់ ដែល​ជា​ចំណុច​គ្រោង​សំខាន់ៗ​នៃ​ការ​ដាក់​វិន័យ ប៉ុន្តែ​វា​ត្រូវ​បាន​ចាប់​ផ្ដើម​ឲ្យ​មើល​ឃើញ​ច្បាស់​លាស់ ដោយ​ការ​អវត្តមាន​របស់​ពួក​គាត់​ពី​ការ​អនុវត្ត​ចំណុច​គ្រោង​សំខាន់ៗ​ទាំង​នោះ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក។ លោក​អ្នក​ត្រូវ​ចាំ​ថា សមាជិក​ក្រុម​ជំនុំ​ត្រូវ​តែ​យល់​ច្បាស់​អំពី​សមាជិក​ភាព និង​ការ​ដាក់​វិន័យ ពីព្រោះ​ពួក​គាត់​ជា​អ្នក​ដែល​ត្រូវ​អនុវត្ត​វា​នៅ​ក្នុង​ក្រុម​ជំនុំ។

ចំណុច​ទី​បី សូម​អធិស្ឋាន​សុំ​ឲ្យ​ព្រះ​ជួយ​លោក​អ្នក​ធ្វើ​ជា​គំរូ​ក្នុង​ព័ន្ធកិច្ច​បម្រើ​ដល់​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក ដោយ​ការ​បង្រៀន​ជា​សាធារណៈ​របស់​លោក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ និង​ការ​បង្រៀន​ដល់​សមាជិក​ម្នាក់ៗ​ជា​លក្ខណៈ​ឯកជន និង​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ជា​មួយ​ក្រុម​គ្រួសារ។ លោក​អ្នក ធ្វើ​ការ​បម្រើ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បង្កើត «វប្បធម៌​នៃ​ភាព​ជា​សិស្ស» និង​ទំនួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក​ដែល​គ្រីស្ទ​បរិស័ទ​យល់​ថា មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ គឺ​ជួយ​អ្នក​ដទៃ​ឲ្យ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ​ដែរ (ទាំង​តាម​រយៈ​ការ​ផ្សាយ​ដំណឹង​ល្អ និង​ការ​បង្រៀន​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត)។ សូម​ជួយ​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​ឲ្យ​យល់​អំពី​ទំនួល​ខុស​ត្រូវ​ពិសេស​ដែល​ពួក​គាត់​មាន​ចំពោះ​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់​ចុះ។ ចូរ​​បង្រៀន​ពួក​គាត់​ថា ជីវិត​ជា​គ្រីស្ទ​បរិស័ទ គឺ​ជា​ជីវិត​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិន​មែន​ជា ជីវិត​ឯកជន​នោះ​ទេ។

ចំណុច​ទី​បួន រៀប​ចំ​ច្បាប់ និង​សេចក្តី​សញ្ញា​ជា​លាយលក្ខណ៍​អក្សរ​នៃ​ក្រុម​ជំនុំ​របស់​លោក​អ្នក។ វា​ជា​រឿង​ដែល​ល្អ​ក្នុង​ការ​ស្វែង​រក​ដំបូន្មាន​មួយ​ចំនួន​ខាង​ឯ​ផ្នែក​ច្បាប់​ទូទៅ។ លោក​អ្នក ត្រូវ​ចាប់​ផ្តើម​បង្រៀន​ថ្នាក់​មុន​ពេល​ក្លាយ​ជា​សមាជិក​ភាព ដែល​ទាក់ទង​នឹង​បញ្ហា​របស់​សមាជិក​ភាព និង​ការ​ដាក់​វិន័យ ដែល​ត្រូវ​តែ​ធ្វើ​ការ​បង្រៀន​ឲ្យ​បាន​ច្បាស់​លាស់។

ចំណុច​ទី​ប្រាំ និង​ជា​ចំណុច​ចុង​ក្រោយ នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​អ្នក មិន​ត្រូវ​នឿយ​ហត់​នឹង​ការ​បង្រៀន​អំពី​អ្វី​ដែល​ជា​អត្ថន័យ​នៃ​ភាព​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ។ លោក​អ្នក​ត្រូវ​ធ្វើ​ការ​កំណត់​ដំណឹង​ល្អ និង​ការ​ប្រែ​ចិត្ត​ឲ្យ​បាន​ទៀង​ទាត់។ ត្រូវ​បង្រៀន​យ៉ាង​ច្បាស់​ថា ក្រុម​ជំនុំ​មួយ​មាន​គោល​បំណង​បង្កើត​ឡើង ដើម្បី​ឲ្យ​មនុស្ស​មាន​បាប​មាន​ការ​ប្រែ​ចិត្ត ហើយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​តែ​មួយ​អង្គ​ប៉ុណ្ណោះ ហើយ​ទ្រង់ បាន​ធ្វើ​ការ​ធានា​អះអាង​អំពី​ការ​ទុកចិត្ត​នោះ។ អធិស្ឋាន​សូម​ឲ្យ​លោក​អ្នក​នឹង​ផ្ដោត​លើ​ដំណឹង​ល្អ។ សូម​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ដោយ​ជំនួយ​ដែល​មក​ពី​ព្រះ នោះ​លោក​អ្នក​នឹង​ដឹក​នាំ​ក្រុម​ជំនុំ​របស់​លោក​អ្នក ឲ្យ​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ ប៉ុន្តែ​លោក​អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ឲ្យ​បាន​ជាប់​លាប់។ ជា​ជាង​ការ​ទុក​ឲ្យ​ក្រុម​ជំនុំ​របស់​លោក​អ្នក​ក្លាយ​ទៅ​ជា​ក្រុម​ជំនុំ​មួយ​ដែល​ជាទី​កន្លែង​ចម្លែក​ក្នុង​ការ​សួរ​សមាជិក​ក្រុម​ជំនុំ​អំពី​សុខ​ភាព​ក្នុង​ជីវិត​ខាង​ឯ​វិញ្ញាណ​របស់​ពួក​គេ លោក​អ្នក​គួរ​អធិស្ឋាន​ឲ្យ​ក្រុម​ជំនុំ​លោក​អ្នក​ចាប់​ផ្ដើម​ក្លាយ​ជា​ក្រុម​ជំនុំ​មួយ​ដែល​ចម្លែក ប្រសិន​បើ​គ្មាន​សមាជិក​ណា​ម្នាក់​បាន​សួរ​នាំ​អំពី​ជីវិត​ផ្ទាល់​របស់​លោក​អ្នក។

លោក​អ្នក​នឹង​ដឹង​ថា លោក​អ្នក​បាន​ត្រៀម​ខ្លួន​រួច​រាល់​នៅ​ពេល​ដែល…

លោក​អ្នក​អាច​ដឹង​បាន​ថា ក្រុម​ជំនុំ​របស់​លោក​អ្នក​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​អនុវត្ត​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​នៅ​ពេល​ដែល៖

  • អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​របស់​លោក​អ្នក​បាន​យល់ បាន​យល់​ស្រប​ជា​មួយ ហើយ​បាន​យល់​ឃើញ​ពី​សារៈ​សំខាន់​របស់​ការ​ដាក់​វិន័យ (ភាព​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ភាព​ចាស់​ទុំ ដែល​បាន​ចែក​រំលែក​ក្នុង​ចំណោម​ពួក​ចាស់ទុំ​មួយ​ចំនួន គឺ​ពួក​គាត់​មាន​យល់​ស្រប​ជា​មួយ​នឹង​បទ​គម្ពីរ ហើយ​ការ​យល់​ស្រប​បែប​នេះ គឺ​វា​មាន​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ការ​ដឹក​នាំ​ក្រុម​ជំនុំ​តាម​រយៈ​ការ​ពិភាក្សា​ដែល​អាច​ប្រែ​ប្រួល​បាន)។
  • ក្រុម​ជំនុំ​របស់​លោក​អ្នក​ត្រូវ​បាន​រួប​រួម​ក្នុង​ការ​យល់​ដឹង​ថា ការ​ដាក់​វិន័យ​បែប​នេះ​គឺ​ធ្វើ​តាម​ព្រះ​គម្ពីរ។
  • ភាគ​ច្រើន សមាជិក​ភាព​របស់​លោក​អ្នក​គឺ​ជា​អ្នក​ដែល​បាន​ស្តាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​លោក​អ្នក​យ៉ាង​ទៀង​ទាត់។
  • រឿង​ដ៏​ច្បាស់​លាស់​មួយ​នឹង​កើត​ឡើង គឺ​​សមាជិក​ក្រុម​ជំនុំ​របស់​លោក​អ្នក​នឹង​យល់​ឃើញ​រួម​គ្នា​ថា ការ​ដក​សមាជិក​ភាព​គឺ​ជា​សកម្មភាព​មួយ​ដ៏​ត្រឹម​ត្រូវ (ឧទាហរណ៍៖ ការ​ដក​សមាជិក​ភាព​​ចេញ​ពី​ក្រុម​ជំនុំ​ដោយ​សារ​អំពើ​ផិត​ក្បត់ គឺ​ជា​អ្វី​មួយ​ដែល​ពួក​គាត់​ងាយ​នឹង​ព្រម​ព្រៀង​គ្នា​ក្នុង​ចំណោម​សមាជិក​របស់​លោក​អ្នក ជា​ជាង​ការ​ដក​សមាជិក​ភាព​ដោយ​សារ​ការ​មិន​ចូល​រួម​ក្រុម​ជំនុំ)។

ដូច្នេះ បង​ប្អូន​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ដែល​ជា​គ្រូ​គង្វាល​ទាំង​អស់​គ្នា​អើយ! ទោះ​បី​ជា​លោក​អ្នក​ធ្លាប់​គិត​ថា គំនិត​នៃ​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​គឺ​គួរ​ឲ្យ​អស់​សំណើច​ក៏​ដោយ ក៏​ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​សូម​ព្រះ​ជួយ​លោក​អ្នក ដើម្បី​ដឹក​នាំ​ក្រុម​ជំនុំ​របស់​លោក​អ្នក​ឲ្យ​ឃើញ​ថា វា​គឺ​ជា​កិច្ចការ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​រំភើប គួរ​ឲ្យ​ទាក់​ទាញ ខុស​ប្លែក​ពី​គេ គួរ​ឲ្យ​គោរព និង​ជា​កិច្ចការ​ដែល​សប្បុរស​ដោយ​ការ​ស្តាប់​បង្គាប់ និង​មាន​សេចក្ដី​មេត្តា​ករុណា ហើយ​កិច្ចការ​នេះ ជួយ​កសាង​ក្រុម​ជំនុំ​មួយ​ដែល​នាំ​មក​នូវ​សិរី​ល្អ​ដល់​ព្រះ​អម្ចាស់។

ប៉ុន្តែ សូម​ចាំ​ថា នៅ​ពេល​ដែល​លោក​អ្នក បាន​ជឿ​ជាក់​ជា​លើក​ដំបូង​នៃ​រឿងរ៉ាវ​សម្រាប់​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​នៅ​ក្នុង​ព្រះ​គម្ពីរ ជំហាន​ដំបូង​របស់​លោក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ធ្វើ​ឡើង គឺ​ប្រហែល​ជា​លោក​អ្នក ត្រូវ​ចាប់​ផ្ដើម​ដោយ​មិន​មាន​ការ​អនុវត្ត​ការ​ដាក់​វិន័យ ដូច្នេះ​នៅ​ថ្ងៃ​ណា​មួយ លោក​អ្នក​អាច​អនុវត្ត​វា​បាន​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក។

និពន្ធ​ដោយ៖ Mark Dever
បក​ប្រែ​ដោយ៖ លោក ង៉ែត វិទូ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ស៊ូ ទិត្យ, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

លោក​អ្នក​អាច​អាន​ព្រះ​គម្ពីរ​បាន៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី១

តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពិសេស​ម៉្លេះ?