«ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ» (សុភាសិត ២៧:១៧)។
ការរិះគន់គឺជាអ្វីដែលយើងភាគច្រើនចូលចិត្តគេចចេញពីវា។ ជាធម្មជាតិ យើងចង់ជៀសវាងការសន្ទនាតឹងតែងដែលសកម្មភាព ការជំរុញ ឬព័ន្ធកិច្ចរបស់យើងត្រូវបានដាក់នៅក្រោមការសង្កេតរបស់មនុស្សម្នាក់ទៀត។
ជាមួយគ្នានេះដែរ ពួកយើងជាច្រើនមិនចូលចិត្តចែកចាយការររិះគន់ដល់អ្នកដទៃទេ ពីព្រោះយើងមិនចង់ជួបការវិនិច្ឆ័យឬប្រថុយប្រថានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់នរណាម្នាក់។
ខណៈពេលដែលវាអាចមានអារម្មណ៍ថាខុសពីធម្មតា ខ្ញុំចង់ណែនាំថាការផ្ដល់ និងការទទួលការរិះគន់តាមរបៀបព្រះជាម្ចាស់គឺជាធាតុចាំបាច់នៅក្នុងជីវិតនៃទំនាក់ទំនងដែលមានសុខភាពល្អ និងក្រុមជំនុំដែលមានសុខភាពល្អ។ បើយើងមានបំណងជួយឲ្យអ្នកដទៃរីកចម្រើនឡើងក្នុងមាគ៌ាព្រះជាម្ចាស់ ប៉ុន្តែមិនអាចផ្ដល់ការរិះគន់តាមរបៀបព្រះជាម្ចាស់ នោះយើងនឹងមិនបានជួយពួកគេច្រើនទេ។ ព្រះជាម្ចាស់ប្រើរាស្ត្ររបស់ទ្រង់ដើម្បីនិយាយសេចក្ដីពិតចំពោះគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ ហើយនេះរួមបញ្ចូលទាំងសេចក្ដីពិតនៃការរិះគន់ដែរ។ ប្រសិនបើអ្នកមិនធ្វើដូចនេះនៅក្នុងទំនាក់ទំនងនៃការបង្កើតសិស្សរបស់អ្នក នោះអ្នកដូចជាអ្នកគង្វាលដែលគ្មានដំបងដែរ។
តើអ្វីជាការរិះគន់តាមរបៀបរបស់ព្រះជាម្ចាស់?
ពាក្យ «រិះគន់» ឬ «ការរិះគន់» មិនបង្ហាញច្រើននៅក្នុងព្រះគម្ពីរជាភាសាអង់គ្លេសរបស់យើងទេ ប៉ុន្តែគោលគំនិតគឺពិតជាមាន។ ពាក្យដូចជា ការស្ដីបន្ទោស ការបន្ទោស ការកែតម្រូវ ការដាស់តឿន និងការណែនាំមានគោលគំនិតដូចគ្នា។
នេះជាការវាយតម្លៃរបស់ខ្ញុំចំពោះនិយមន័យនៃការរិះគន់តាមរបៀបព្រះ៖ ដើម្បីផ្ដល់ការវាយតម្លៃត្រឹមត្រូវអំពីមនុស្សម្នាក់ទៀត និងការបម្រើរបស់ពួកគេចំពោះព្រះអម្ចាស់ដោយមានចេតនាជួយបុគ្គលនោះឲ្យរីកចម្រើនក្នុងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។
សម្រាប់ជាប្រយោជន៍នៃអត្ថបទនេះ ខ្ញុំកំពុងផ្ដោតលើការផ្ដល់ និងការទទួលការរិះគន់តាមរបៀបព្រះជាម្ចាស់នៅក្នុងបរិបទនៃទំនាក់ទំនងគ្រីស្ទបរិស័ទ។ នេះប្រហែលជារវាងប្ដីប្រពន្ធ មិត្តភក្តិ សមាជិកក្រុមជំនុំ ឬបុគ្គលិកក្រុមជំនុំ។ ខ្ញុំក៏ចង់បញ្ជាក់ថា យើងកំពុងនិយាយអំពីការរិះគន់ត្រឹមត្រូវតាមរបៀបព្រះ។ នេះវាសំខាន់ណាស់ ពីព្រោះមិនមែនការរិះគន់ទាំងអស់សុទ្ធតែតាមរបៀបព្រះទេ។ ការរិះគន់ខ្លះគឺតាមរបៀបសាតាំង។
មនុស្សមួយចំនួនផ្ដល់ការរិះគន់ដែលបំផុសគំនិតឡើងដោយសាច់ឈាមដែលមានបាប (១កូរិន. ៣:៣) ដែលខ្វះប្រាជ្ញាខាងឯវិញ្ញាណ (យ៉ាកុប ៣:១៤-១៦) ហើយមិនជួយអ្វី ក្រៅពីធ្វើបាបអ្នកដទៃ (កាឡាទី ៥:១៥)។ ជាញឹកញាប់នៅពេលដែលការរិះគន់ដោយទុច្ចរិតនេះគឺមានគោលបំណងធ្វើឲ្យអ្នកដទៃធ្លាក់ចុះហើយលើកតម្កើងខ្លួន ដើម្បីមើលទៅពេញដោយ «វិញ្ញាណ» (លូកា ១៨:១១-១៤; សុភាសិត ៣០:៣២)។ ការវាយប្រហារដោយអចេតនានេះគឺជាការដែលគ្មានការស្ថាបនាព្រះគុណ ហើយបណ្ដាលឲ្យមនុស្សមានការឈឺចាប់ជាជាងជួយ។
ដើម្បីជួយយើងជៀសវាងការរិះគន់បែបនោះ ខ្ញុំចង់ចែករំលែកយោបល់មួយចំនួនអំពីរបៀបដែលយើងគួរផ្ដល់ និងទទួលការរិះគន់តាមរបៀបព្រះ។
របៀបធ្វើការរិះគន់តាមរបៀបរបស់ព្រះ
១. គោលដៅគឺជាការចម្រើនឡើង
គោលដៅចម្បងក្នុងទំនាក់ទំនងរបស់គ្រីស្ទបរិស័ទគួរតែជួយគ្នាទៅវិញទៅមកឲ្យរីកចម្រើនឡើងក្នុងព្រះគ្រីស្ទ (អេភេសូរ ៤:១៤-១៥)។ នេះមានន័យថា ការរិះគន់ត្រូវតែមានគោលបំណងកសាងឡើង មិនត្រូវហែកហួរឡើយ (២កូរិនថូស ១៣:១០)។ ដូច្នេះ នៅពេលអ្នកនិយាយសូមពិចារណាដោយអធិស្ឋានអំពីរបៀបដែលពាក្យសម្ដីរបស់អ្នកអាចផ្ដល់នូវការរិះគន់ដែលពេញដោយព្រះគុណ ដែលនឹងជួយអ្នកឯទៀតឲ្យមានភាពចាស់ទុំក្នុងព្រះគ្រីស្ទ (អេភេសូរ ៤:២៩)។ បង្ហាញពួកគេពីរបៀបដែលការកែតម្រូវរបស់អ្នក ប្រសិនបើអាច នោះអាចជួយពួកគេឲ្យឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីសិរីល្អរបស់ព្រះជាម្ចាស់ (ម៉ាថាយ ៥:១៦)។
២. រិះគន់ដោយចេះបន្ទាបខ្លួន
អំនួតរីករាយក្នុងការរិះគន់អ្នកដទៃ។ ដូច្នេះ បើអ្នករំភើបចិត្តក្នុងការបញ្ចេញមតិរិះគន់វាអាចជាសញ្ញាមួយដែលបង្ហាញថាអំនួតកំពុងតែដឹកនាំចិត្តអ្នក។ វិធីល្អបំផុតដើម្បីរីកចម្រើនក្នុងការបន្ទាបខ្លួន គឺត្រូវចំណាយពេលអរគុណព្រះជាម្ចាស់ចំពោះអ្វីៗជាច្រើនដែលទ្រង់បានកែតម្រូវដោយសប្បុរសមកកាន់អ្នក។ ហាត់សមពីរបៀបដែលដំណឹងល្អគឺជាដំណឹងដ៏ល្អសម្រាប់អ្នក ហើយត្រូវបានរំឭកជាថ្មីអំពីរបៀបដែលព្រះមានព្រះហឫទ័យសប្បុរសចំពោះអ្នក (អេភេសូរ ២:១-៥)។ ការនេះនឹងជួយអ្នកឲ្យយកធ្នឹមចេញពីភ្នែករបស់អ្នក មុននឹងជួយអ្នកដទៃយកកំទេចចេញពីភ្នែកពួកគេ (ម៉ាថាយ ៧:១-៥)។
៣. ផ្ដល់ការលើកទឹកចិត្តនៅក្នុងការរិះគន់របស់អ្នក
ការរិះគន់គួរតែត្រូវបានប្រើដោយកម្រិតនៃការលើកទឹកចិត្តដែលមានសុខភាពល្អ។ នេះមិនមែនជាល្បិចផ្នែកចិត្តសាស្ត្រ ដើម្បីជៀសវាងការឈឺចាប់ផ្លូវអារម្មណ៍ទេ ផ្ទុយទៅវិញ វាជាវិធីមួយដើម្បីបញ្ជាក់ថាព្រះកំពុងធ្វើការនៅក្នុងពួកគេ ទោះបីជាពួកគេត្រូវការបន្តរីកចម្រើនក៏ដោយ។
ជាឧទាហរណ៍ នៅពេលដែលបុគ្គលិករបស់យើងផ្ដល់មតិកែលម្អដល់ខ្ញុំអំពីភាពជាអ្នកដឹកនាំ ឬការអធិប្បាយរបស់ខ្ញុំ ខ្ញុំចង់ឲ្យពួកគេជួយខ្ញុំមើលឃើញទាំងអ្វីដែលត្រូវការផ្លាស់ប្ដូរ និងអ្វីដែលខ្ញុំគួរបន្តធ្វើ។ ការចង្អុលបង្ហាញអំពីភស្តុតាងនៃព្រះគុណរួមជាមួយនឹងផ្នែកផ្សេងៗ ដើម្បីកែលម្អនឹងធ្វើឲ្យចំណុចសំខាន់ៗ នៃការសន្ទនារបស់អ្នកមានប្រយោជន៍កាន់តែច្រើន។ អ្នកអាចអានបន្ថែមអំពីការលើកទឹកចិត្តនៅទីនេះ។
៤. រិះគន់ដោយមានការគិតពិចារណា
មុនពេលអ្នកនិយាយ សូមពិចារណាអំពីអ្វីដែលលោកអ្នកគួរនិយាយជាមុនសិន (សុភាសិត ២៩:២០)។ ការនេះនឹងជួយឲ្យលោកអ្នកអាចផ្ដោតលើបញ្ហាសំខាន់ៗ និងចៀសវាងចេញពីការផ្ដោតខុសលើចំណុចមិនសូវសំខាន់។ សូមអធិស្ឋានដោយសួរខ្លួនឯងថា «តើអ្វីជាបញ្ហាចម្បងដែលខ្ញុំត្រូវដោះស្រាយ? តើខ្ញុំសង្ឃឹមថាពួកគេដើរចេញពីការសន្ទនារបស់យើងដោយចងចាំអ្វីខ្លះ? តើអ្វីដែលត្រូវតែនិយាយ ហើយអ្វីដែលអាចមើលរំលង? យកការងារនេះនៅដាក់ខាងមុខនឹងបម្រើទាំងអ្នក និងមនុស្សដែលអ្នកកំពុងប្រឈមមុខជាមួយ។
៥. មានភាពច្បាស់លាស់
នៅពេលអ្នកផ្ដល់ការរិះគន់ សូមមានភាពច្បាស់លាស់តាមដែលអាចធ្វើទៅបាន។ តើអ្នកកំពុងនិយាយអំពីបញ្ហាអំពើបាប ឬបញ្ហាបុគ្គលិកលក្ខណៈ? តើនេះជារឿងធំ ឬជាអ្វីដែលអាចបណ្ដាឲ្យក្លាយទៅជារឿងធំ? មធ្យោបាយមួយដែលនាំមកនូវភាពច្បាស់លាស់បន្ថែមទៀត គឺការប្រើឧទាហរណ៍។
ជាឧទាហរណ៍ កុំគ្រាន់តែនិយាយថា «អ្នកឈ្លើយ»។ ប៉ុន្តែ អ្នកអាចនឹងព្យាយាមនិយាយបែបនេះថា «ខ្ញុំដឹងថាអ្នកមានគំនិតល្អ ប៉ុន្តែខ្ញុំបានកត់សម្គាល់ឃើញថា អ្នកមានទំនោរនឹងនិយាយកាត់មនុស្សនៅពេលពួកគេកំពុងនិយាយ។ ខ្ញុំមិនប្រាកដថាអ្នកបានកត់សម្គាល់ថាខ្លួនអ្នកធ្វើបែបនេះឬអត់ទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកផ្សេងមានអារម្មណ៍ថា អ្នកមិនត្រូវការស្ដាប់អ្វីដែលពួកគេត្រូវនិយាយ»។ ភាពច្បាស់លាស់ក្នុងការរិះគន់របស់អ្នកនឹងជួយធ្វើឲ្យប្រាកដថា អ្នកឈានដល់ចំណុចសំខាន់នៃបញ្ហា។
៦. មានចិត្តសុភាព
សូមហ៊ុំព័ទ្ធពាក្យនៃការកែតម្រូវរបស់អ្នកដោយចិត្តសុភាពរាបសា។ សេចក្ដីស្រឡាញ់តែងព្យាយាមបង្ហាញប្រាប់នូវសេចក្ដីពិតតាមរបៀបដែលងាយទទួលយកបាន។ វាជាសញ្ញានៃភាពចាស់ទុំខាងឯវិញ្ញាណ ក្នុងការជួយមនុស្សឲ្យរីកមានសុខភាពល្អខាងឯវិញ្ញាណ (កាឡាទី ៦:១)។ ភាពស្លូតបូតមិនត្រូវចាត់ទុកថា ជាភាពទន់ខ្សោយនោះទេ ប៉ុន្តែជាឥរិយាបថនៃដួងចិត្តដែលព្រះអាចប្រើ ដើម្បីដឹកនាំអ្នកដទៃឲ្យប្រែចិត្ត (២ធីម៉ូ. ២:២៤-២៦)។ វិធីមួយ ដើម្បីរីកចម្រើនក្នុងភាពស្លូតបូត គឺការគិតថាតើអ្នកចង់ឲ្យនរណាម្នាក់និយាយមកកាន់អ្នកដោយរបៀបណា ប្រសិនបើគេនិយាយពីស្ថានភាពដូចគ្នានេះមកកាន់អ្នក (ម៉ាថាយ ៧:១២)។ តើអ្នកអាចបង្ហាញការផ្ដល់កិត្តិយសដល់ពួកគេដោយរបៀបណា ស្របពេលដែលអាចនៅតែជួយពួកគេឲ្យរីកចម្រើន (រ៉ូម ១២:១០)? ដោយពិចារណាពីរបៀបដែលពួកគេនឹងឮអ្វីដែលអ្នកនិយាយអ្នកអាចរៀបចំពាក្យរបស់អ្នកឲ្យទន់ភ្លន់។
៧. អត់ធ្មត់
«ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់»(១កូរិនថូស ១៣:៤)។ សូមចាំថា ទម្លាប់ ឬអំពើបាបមួយចំនួនត្រូវការពេលវេលាដើម្បីកែប្រែ ជាពិសេសនៅពេលដែលបញ្ហារបស់ពួកគេមានឫសគល់ជ្រៅ។ សូមគិតពីទស្សនៈវែងឆ្ងាយក្នុងទំនាក់ទំនងរបស់អ្នក ហើយសុំឲ្យព្រះជួយអ្នកចងចាំពីរបៀបដែលទ្រង់បានអត់ធ្មត់ជាមួយអ្នក (និក្ខមនំ ៣៤:៦) ។ ការនេះនឹងធ្វើឲ្យអ្នកបន្ទាបខ្លួននៅចំពោះព្រះ ហើយអត់ធ្មត់ជាមួយអ្នកដែលអ្នកកំពុងជួយកែតម្រូវ។
៨. អធិស្ឋាន
លោកស្រី រស់ ហ្គ្រាម (Ruth Graham) ធ្លាប់និយាយអំពីប្ដីរបស់គាត់ថា «វាជាការងាររបស់ខ្ញុំក្នុងការស្រលាញ់ លោក ប៊ីលី (Billy) វាជាកិច្ចការរបស់ព្រះក្នុងការផ្លាស់ប្ដូរគាត់»។ ទោះបីគាត់មានប្រាជ្ញាយ៉ាងច្រើននៅក្នុងការលើកឡើងនូវប្រយោគដូចនោះ។ ខណៈដែលយើងអាចនាំសេចក្ដីពិតមកក្នុងចិត្តបាន ហើយមានតែព្រះប៉ុណ្ណោះដែលអាចធ្វើឲ្យពូជនោះដុះឡើង (១កូរិនថូស ៣:៦)។ អត្ថន័យសម្រាប់យើងគឺថា ប្រសិនបើយើងមិនអធិស្ឋានសម្រាប់មនុស្សទេ ប្រាកដណាស់យើងមិនគួរព្យាយាមផ្លាស់ប្រែពួកគេទេ។ ព្រះតែមួយគត់ដែលអាចផ្លាស់ប្ដូរមនុស្សម្នាក់បាន ដូច្នេះសូមអង្វរទ្រង់ជំនួសឲ្យមនុស្សផ្សេងទៀត។
របៀបទទួលការរិះគន់តាមរបៀបរបស់ព្រះ
១. មានការស្រេកឃ្លានចង់រីកចម្រើន
តើលោកអ្នកចង់រីកចម្រើនឡើងក្នុងភាពចាស់ទុំខាងឯវិញ្ញាណឬទេ? តើអ្នកចង់មានលក្ខណៈដូចជាព្រះយេស៊ូវ កាន់តែខ្លាំងជាងនេះឬទេ? បើដូច្នេះមែន អ្នកត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីសម្លាប់អំនួតដែលចង់ការពារមុខមាត់របស់លោកអ្នក។ នៅពេលដែលអ្នកដទៃរិះគន់យើង ប្រតិកម្មធម្មជាតិរបស់យើងគឺចង់ការពារខ្លួនយើង ហើយរកលេសចំពោះការរិះគន់ដែលគេលើកឡើង។
បងប្អូនអើយ សូមសម្លាប់ការថ្វាយបង្គំរូបសំណាក់ចោលទៅ។ កណ្ឌគម្ពីរ សុភាសិត ១២:១ ចែងថា៖ «អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់ដំរិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ»។ មូលហេតុអ្នកដែលស្អប់ការបន្ទោសគឺល្ងង់ល្ងើ ព្រោះគ្មានអ្វីល្អជាងការកែតម្រូវសម្រាប់សិរីល្អនៃព្រះនោះឡើយ។ ដូច្នេះ ចូរអង្វរព្រះជាម្ចាស់ធ្វើឲ្យអ្នកចង់រីកចម្រើនឡើងក្នុងភាពបរិសុទ្ធ និងការអាចក្លាយជាប្រយោជន៍លើសជាងអ្វីៗទាំងអស់។ ចូរសូមឲ្យទ្រង់ជួយអ្នកកុំឲ្យភ័យខ្លាចក្នុងការធ្វើឲ្យរឹងមាំដោយការបន្ទាបខ្លួនក្នុងការទទួលជំនួយពីអ្នកដែលកំពុងនិយាយមកកាន់ជីវិតលោកអ្នក។
២. ឧបមាថាលោកអ្នកត្រូវការការកែតម្រូវ
កណ្ឌគម្ពីរ សុភាសិត ១២:១៥ រំឭកយើងថា «មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្ដាប់សេចក្ដីដំបូន្មានវិញ»។ តើអ្នកស្មានថា អ្នកត្រូវការមនុស្សក្នុងជីវិតរបស់អ្នកដើម្បីរិះគន់ និងកែតម្រូវអ្នក? តើអ្នកសន្មតថា អ្នកផ្សេងទៀតអាចមើលឃើញអ្វីៗនៅក្នុងខ្លួនអ្នក ដែលអ្នកប្រហែលមើលមិនឃើញ? វាជារឿងល្ងង់ខ្លៅក្នុងការសន្មតថា យើងមិនអាចទទួលយោបល់ពីអ្នកដទៃ បើទោះបីជានៅពេលដែលយើងមានភាពល្អប្រសើរយ៉ាងណាក្ដី។
៣. កុំងាយនឹងអន់ចិត្ត
លោក ស្ពើចិន ធ្លាប់បានផ្ដល់ដំបូន្មានយ៉ាងឈ្លាសវៃថា «បើអ្នកណាគិតអាក្រក់ពីអ្នក កុំខឹងនឹងគេធ្វើអ្វី ព្រោះអ្នកអាក្រក់ជាងគេគិតទៅទៀត»។ ភាពអំនួតនៅក្នុងចិត្តរបស់យើងតែងតែឆាបឆេះឡើង នៅពេលនរណាម្នាក់និយាយពាក្យប៉ះចំចំណុចរសើបរបស់យើង។ ចូរសូមអង្វរព្រះឲ្យជួយលោកអ្នកឲ្យចងចាំថា ទោះបីជាអ្នកណានិយាយអ្វីមកកាន់លោកអ្នកក៏ដោយ វាគឺតិចជាងអ្វីដែលព្រះមានបន្ទូលមកកាន់អ្នកនៅក្នុងដំណឹងល្អទៅទៀត។
៤. សួរសំណួរដើម្បីបញ្ជាក់
នៅពេលនរណាម្នាក់ផ្ដល់ការរិះគន់ដល់អ្នក ចូរអរគុណពួកគេសម្រាប់ការជួយអ្នកឲ្យរីកចម្រើន ហើយបន្ទាប់មកសួរសំណួរដើម្បីបញ្ជាក់។ សូមសួររកឧទាហរណ៍ ដើម្បីជួយឲ្យអ្នកយល់កាន់តែច្បាស់។ សុំការណែនាំអំពីរបៀបដែលអ្នកអាចផ្លាស់ប្រែ។ តាមរយៈការធ្វើបែបនេះ វាប្រែក្លាយការរិះគន់ទៅជាការសន្ទនា ដែលតែងតែជាកន្លែងដ៏ល្អបំផុតសម្រាប់ការរីកចម្រើនកើតមានឡើង។
៥. សន្មតថាយ៉ាងហោចណាស់មានការពិតខ្លះពីអ្វីដែលអ្នកផ្សេងនិយាយមកកាន់អ្នក
មនុស្សយើងមិនឥតខ្ចោះទេ ដូច្នេះនឹងមានពេលខ្លះដែលពាក្យរិះគន់របស់ពួកគេមិនត្រឹមត្រូវ ហើយគ្មានមូលដ្ឋានឡើយ។ អ្នកមិនគួរធ្វើការឆ្លើយតបដូចការបាញ់រះភ្លាមៗចំពោះអ្វីដែលពួកគេកំពុងនិយាយនោះទេ ប៉ុន្តែផ្ទុយទៅវិញត្រូវមើលថា តើការពិតមួយណាអាចនឹងត្រូវទទួលយកពីពាក្យរបស់ពួកគេ។ វាកម្រណាស់ដែលអ្នកមិនអាចរកឃើញមាសតិចតួចនៅក្នុងគំនរសំរាមដ៏ធំបំផុត។
៦. ផ្ដោតលើទស្សនៈវិស័យក្រុមជំនុំ
ពេលអ្នកត្រូវបានអ្នកដទៃកែតម្រូវ អ្នកមិនមែនជាមនុស្សតែម្នាក់ដែលទទួលបានប្រយោជន៍នោះទេ។ ដោយសារអ្នកជាផ្នែកមួយនៃរូបកាយនៃព្រះគ្រីស្ទ នោះការរីកចម្រើនរបស់អ្នកជារឿងល្អសម្រាប់មនុស្សគ្រប់គ្នា (១កូរិនថូស ១២)។ ខ្ញុំអាចនឹងរាយបញ្ជីពីការកែតម្រូវចំនួន ១០-១៥ ដែលខ្ញុំបានទទួលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលបានផ្លាស់ប្ដូរយ៉ាងខ្លាំងនូវដំណើរជីវិត និងព័ន្ធកិច្ចរបស់ខ្ញុំ។
រឿងមួយដែលខ្ញុំចាំជាងគេបំផុតនោះ គឺនៅឆ្នាំដំបូងនៃការអធិប្បាយរបស់ខ្ញុំ នៅពេលដែលមិត្តម្នាក់បានប្រាប់ថា ខ្ញុំបានអធិប្បាយយ៉ាងខ្ជាប់ខ្ជួនអំពីឈើឆ្កាង ប៉ុន្តែកម្រនិយាយអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវណាស់។ គាត់បានលើកទឹកចិត្តខ្ញុំឲ្យនាំព្រះយេស៊ូវចេញពីផ្នូរនៅក្នុងការអធិប្បាយរបស់ខ្ញុំ។ ខ្ញុំរីករាយដែលគាត់បានធ្វើការនោះ ហើយខ្ញុំអរគុណអ្នកដទៃទៀតដែលបានស្រឡាញ់ខ្ញុំគ្រប់គ្រាន់ ដើម្បីចែករំលែកការរិះគន់របស់ព្រះជាមួយខ្ញុំ។
៧. ធ្វើវាសម្រាប់សិរីល្អរបស់ព្រះ
កណ្ឌគម្ពីរ ១កូរិនថូស ១០:៣១ ចែងថា «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចំរើនសិរីល្អដល់ព្រះចុះ»។ នេះមានន័យថា គោលបំណងរបស់យើងក្នុងការផ្ដល់ ការទទួល និងការអនុវត្តន៍ការរិះគន់ត្រូវតែជួយឲ្យមើលឃើញព្រះជាម្ចាស់យ៉ាងច្បាស់នៅក្នុងជីវិតរបស់យើង និងជីវិតអ្នកដទៃ។ ប្រសិនបើកិត្តិនាមរបស់ព្រះជាម្ចាស់គឺជាគោលបំណងធំបំផុតរបស់យើង នោះវានឹងការពារដួងចិត្តយើងនៅពេលមានការសន្ទនាដែលពិបាក និងតានតឹងខ្លាំង។
បង្កើតវប្បធម៌នៃការសំលៀងគ្នានៅក្នុងក្រុមជំនុំ
អ្វីដែលយើងមិនចង់ធ្វើ គឺបង្កើតវប្បធម៌នៃការរិះគន់ដែលម្នាក់ៗសម្លឹងមើលគ្នាទៅវិញទៅមក ដើម្បីចាប់កំហុសនោះឡើយ។ ប៉ុន្តែ អ្វីដែលយើងចង់ឃើញ គឺក្រុមជំនុំកាន់តែមានភាពស៊ីជម្រៅគ្នាក្នុងសេចក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដែលពួកគេសុខចិត្តចូលរួមក្នុងការសន្ទនាដែលជ្រៅៗ ឈឺចាប់ ប្រកបដោយព្រះគុណ មានប្រយោជន៍ និងសំលៀងចរិតលក្ខណៈដល់គ្នាទៅវិញទៅមក ដែលនឹងនាំមកនូវការថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។
១. ប្រកាសដំណឹងល្អ
កាលណាយើងប្រកាស ហើយអនុវត្តដំណឹងល្អជាទៀងទាត់ចំពោះខ្លួនយើង និងអ្នកដទៃ នោះយើងនឹងកាន់តែមានសមត្ថភាពដើម្បីផ្ដល់ និងទទួលនូវការរិះគន់ដែលផ្ដោតលើព្រះគុណ។ ដើម្បីស្វែងយល់បន្ថែមអំពីឈើឆ្កាង និងការរិះគន់ ខ្ញុំសូមណែនាំអត្ថបទដ៏ល្អមួយដោយលោកបណ្ឌិត អាលហ្វ្រេដ ជេ ភៀរើ (Alfred J. Poirier)។
២. ធ្វើជាគំរូ
គ្រូគង្វាល និងអស់អ្នកដែលមានភាពចាស់ទុំខាងឯវិញ្ញាណត្រូវតែធ្វើជាគំរូសម្រាប់អ្នកដែលនៅជុំវិញពួកគេ (១កូរិនថូស ១១:១)។ តើអ្នកបើកចំហចំពោះការរិះគន់ ដើម្បីធ្វើជាគំរូដល់ហ្វូងចៀមរបស់អ្នកដោយរបៀបណា? តើអ្នកកំពុងផ្ដល់ និងទទួលការរិះគន់ដែលគាប់ព្រះទ័យព្រះជាម្ចាស់ នៅពេលកំពុងចំណាយពេលជាមួយនឹងប្រពន្ធដោយរបៀបណា? តើវាជាផ្នែកមួយនៃរាត្រីណាត់ជួបរបស់អ្នក កិច្ចប្រជុំគ្រួសារ ការប្រជុំបុគ្គលិក ឬទំនាក់ទំនងបង្កើតសិស្សដោយរបៀបណា?
៣. អញ្ជើញវា
សូមធ្វើឲ្យការផ្ដល់ និងទទួលការរិះគន់តាមរបៀបរបស់ព្រះជាម្ចាស់ ជាផ្នែកមួយនៃទំនាក់ទំនងបង្កើតសិស្សរបស់លោកអ្នក។ នេះមិនមែនមានន័យថាអ្នកចេះតែរិះគន់គ្នានោះទេ ប៉ុន្តែមានន័យថាអ្នកចង់ផ្ដល់សិទ្ធិឲ្យគ្នាទៅវិញទៅមកក្នុងការនិយាយដោយសេរី។ ជារឿយៗ ខ្ញុំប្រាប់គេថា «អ្នកមានសិទ្ធិគ្រប់ពេល ដើម្បីចង្អុលបង្ហាញរឿងណាមួយនៅក្នុងជីវិតរបស់ខ្ញុំដែលអ្នកគិតថាខ្ញុំត្រូវការឮ»។ ខ្ញុំមិននិយាយបែបនោះចំពោះមនុស្សគ្រប់គ្នាទេ ប៉ុន្តែមនុស្សដែលខ្ញុំកំពុងបង្កើតសិស្សដឹងថា ពួកគេមានឱកាសដើម្បីដើរជុំវិញក្នុងចិត្តខ្ញុំ ហើយសួរសំណួរណាមួយ។ ការនេះបានបង្ហាញឲ្យឃើញថា ការអនុវត្តន៍ប្រកបដោយផលផ្លែដ៏អស្ចារ្យ និងមានសេរីភាពសម្រាប់ខ្ញុំ។
៤. រៀបចំវា
ស្វែងរកវិធីដើម្បីធ្វើឲ្យការផ្ដល់ និងទទួលមតិកែលម្អជាផ្នែកស្តង់ដារនៃជីវិតរបស់លោកអ្នក។ នៅពេលកំពុងចំណាយពេលជាមួយគ្នា ប្រពន្ធរបស់ខ្ញុំ និងខ្ញុំពេលខ្លះនឹងសួរសំណួរថា «តើអ្វីខ្លះដែលអ្នកចង់ឲ្យខ្ញុំឈប់ធ្វើ? តើអ្នកចង់ឲ្យខ្ញុំចាប់ផ្ដើមធ្វើអ្វី? ហើយតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីបន្តទៀត?» ដូចគ្នានេះ ការប្រជុំបុគ្គលិករបស់យើងរួមមានការអធិស្ឋាន ការធ្វើផែនការ និងការពិនិត្យមើលឡើងវិញអំពីកម្មវិធីកាលពីថ្ងៃអាទិត្យមុន។ ពេលវេលានៃការទទួលបានមតិកែលម្អលើការអធិប្បាយរបស់ខ្ញុំ បានបង្ហាញឲ្យឃើញនូវអ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងការរីកចម្រើនរបស់ខ្ញុំក្នុងនាមជាអ្នកបម្រើព្រះបន្ទូល។
៥. ការពារខ្លួនអ្នកពីការបង្កើតឲ្យមានវិញ្ញាណនៃការរិះគន់
ប្រសិនបើអ្នកជាផ្នែកមួយនៃក្រុមជំនុំដែលផ្ដល់ និងទទួលការរិះគន់តាមរបៀបរបស់ព្រះ ជួនកាលអ្នកអាចនឹងត្រូវបានល្បួងឲ្យមានវិញ្ញាណនៃការរិះគន់គេវិញ។ រាល់បទចម្រៀង រាល់ការអធិស្ឋាន រាល់ការអធិប្បាយ រាល់ការសន្ទនាអាចស្ថិតនៅក្រោមការពិនិត្យមើល។ យើងត្រូវតែការពារដួងចិត្តរបស់យើងប្រឆាំងនឹងលក្ខណៈដ៏អាក្រក់នេះ។ វាមិនមែនមកពីព្រះទេក្នុងការក្លាយទៅជាមនុស្សដែលគិតតែពីរិះគន់អ្នកដទៃ តែការជួយអ្នកដទៃឲ្យយល់ពីការរិះគន់ នោះមកពីព្រះ។ ការយល់ដឹងពីភាពខុសគ្នានេះ គឺចាំបាច់សម្រាប់ជីវិតរបស់មនុស្សគ្រប់រូប។
៦. ទន្ទឹមនឹងគ្នានោះ បង្កើតឲ្យមានវប្បធម៌នៃការលើកទឹកចិត្ត
វប្បធម៌នៃការលើកទឹកចិត្តគឺជាគន្លឹះនៃវប្បធម៌នៃការរិះគន់ប្រកបដោយសុខភាពល្អ។ ខ្ញុំមិនប្រាកដថាសមាមាត្រដែលមានសុខភាពល្អមានលក្ខណៈបែបណានោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ប្រពន្ធ និងកូន មិត្តភក្ដិ ហើយដៃគូក្នុងព័ន្ធកិច្ចបានឮការលើកទឹកចិត្តពីខ្ញុំ ៥-១០ ដងច្រើនជាងពួកគេឮការរិះគន់។ ប្រសិនបើការលើកទឹកចិត្តនោះចេញពីចិត្ត មានភាពខ្ជាប់ខ្ជួន និងស្មោះត្រង់ នោះការរិះគន់នឹងដើរតួជាក្រណាត់ភ្លឺរលោងលើចិត្តគ្នាទៅវិញទៅមក។ ប្រសិនបើវាមិនដូច្នោះទេនោះ វានឹងប្រែទៅជាអណ្ដាតភ្លើង ដែលបង្កឲ្យមានការឈ្លោះគ្នា។
៧. អធិស្ឋានលើវា
ចូរអធិស្ឋានទូលសូមឲ្យព្រះជាម្ចាស់បង្កើតវប្បធម៌មួយនៅក្នុងក្រុមជំនុំរបស់លោកអ្នកដែលមានបំណងចង់ជួយគ្នាឲ្យរីកចម្រើនទៅវិញទៅមក។ ទូលសូមទ្រង់ប្រទានឲ្យអ្នក និងអ្នកដទៃទៀតមានប្រាជ្ញាក្នុងការជំរុញគ្នាទៅវិញទៅមកក្នុងកាគោរពកោតខ្លាចទ្រង់ (ហេព្រើរ ១០:២៤-២៥)។ ទូលសូមទ្រង់ឲ្យបណ្ដុះឲ្យមានការបន្ទាបខ្លួនក្នុងក្រុមជំនុំរបស់អ្នក ដែលរីករាយក្នុងការទទួលបានកែតម្រូវតាមសេចក្ដីពិត (កិច្ចការ ១៧:១១)។ ហើយសំខាន់ជាងនេះទៅទៀត សូមអធិស្ឋានថា តាមរយៈការនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ នោះពួកជំនុំនឹងស្ថាបនាឡើងជារូបកាយដែលលើកតម្កើងសិរីរុងរឿងដល់ព្រះយេស៊ូវ (អេភេសូរ ៤:១៥)។
មតិយោបល់
Loading…