នៅក្នុងសៀវភៅអត្ថាអធិប្បាយអំពីកណ្ឌគម្ពីរ អេសាយ ៥៣:៧ លោក ខេល និងលោក ដេលិតឆ៍ (Keil & Delitzsch) បានសរសេរថា «ខគម្ពីរយោងទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលពណ៌នាអំពីកូនចៀមនៃព្រះជាម្ចាស់ផ្ដើមចេញពីកណ្ឌគម្ពីរ អេសាយ ៥៣:៧ ទាំងអស់»។
កណ្ឌគម្ពីរ អេសាយ ៥៣:៧ គឺជាខគម្ពីរដ៏សំខាន់បំផុតមួយក្នុងចំណោមខគម្ពីរផ្សេងៗក្នុងព្រះគម្ពីរ ដោយសារខគម្ពីរនេះបានជួយពន្យល់បទគម្ពីរនានា និងប្រធានបទជាច្រើនកន្លែងនៅក្នុងព្រះគម្ពីរ។ ក្នុងការចងចាំអំពីថ្ងៃសុក្រដ៏វិសុទ្ធ ចូរពិចារណាអំពីទិដ្ឋភាពបួនយ៉ាងនៃការសុគតរបស់ព្រះយេស៊ូវ នៅក្នុងខគម្ពីរនេះ។
ទី១ ព្រះយេស៊ូវបានសុគតដោយអយុត្តិធម៌—ពោលគឺ ទ្រង់ត្រូវគេសង្កត់សង្កិន។ ពាក្យដែលហោរា អេសាយ បានប្រើនៅត្រង់កន្លែងនេះក៏ឃើញមានប្រើបីបួនដងទៀតដែរនៅក្នុងកណ្ឌគម្ពីរនិក្ខមនំ ជំពូក៣ ដើម្បីពណ៌នាអំពីការសង្កត់សង្កិនរបស់ជនជាតិអ៊ីស្រាអែលក្នុងប្រទេសអេស៊ីព្ទ។ ពាក្យនេះបានបញ្ជាក់អំពីលក្ខណៈនៃការសុគតរបស់ព្រះយេស៊ូវដោយអយុត្តិធម៌ ក្រោមស្នាដៃសម្ដេចសង្ឃ កៃផា សម្ដេចសង្ឃ អាណ អភិបាលក្រុងពីឡាត់ និងស្ដេចហេរ៉ូឌ។ យើងអានក្នុងកណ្ឌគម្ពីរដំណឹងល្អអំពីបុគ្គលទាំងនេះដែលបានអនុញ្ញាតឲ្យមានការចោទប្រកាន់ និងធ្វើទីបន្ទាល់ក្លែងក្លាយ ដើម្បីចោទប្រកាន់ព្រះអង្គសង្គ្រោះ ហើយពួកគេទាំងអស់គ្នាបានធ្វើការកាត់ក្ដីក្លែងក្លាយ និងកាត់ក្តីដោយខុសច្បាប់ ដើម្បីបោះត្រាបញ្ជូនព្រះមេស្ស៊ីឲ្យទទួលជោគវាសនាដ៏អាក្រក់នៅឯឈើឆ្កាង។
ព្រះយេស៊ូវមិនសមនឹងសុគតទេ ព្រោះទ្រង់មិនបានធ្វើអំពើបាបទាល់តែសោះឡើយ។ សំណួរអំពីមូលហេតុដែលព្រះយេស៊ូវសុគតមិនទទួលបានការពន្យល់នៅក្នុងកណ្ឌគម្ពីរ អេសាយ ៥៣:៧ នោះទេ តែទទួលបានការពន្យល់នៅក្នុងកណ្ឌគម្ពីរ អេសាយ ៥៣:៨ វិញ។ ខគម្ពីរនោះបានប្រាប់យើងថា ទ្រង់បានសុគតជំនួសអំពើបាបរបស់យើង។ ការកាត់ក្តី និងការដាក់ទោសរបស់ព្រះយេស៊ូវគឺជាអំពើអយុត្តិធម៌ដ៏ធំបំផុតមួយ ដែលប្រព្រឹត្តដោយមនុស្សក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយរម្លឹកយើងអំពីអំពើបាបរបស់យើង និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ យើងសមនឹងទទួលការដាក់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង នៅក្នុងព្រះហស្ដនៃព្រះដ៏បរិសុទ្ធ និងយុត្តិធម៌ តែផ្ទុយទៅវិញព្រះយេស៊ូវបានទទួលការនេះជំនួសយើង ដោយអនុញ្ញាតឲ្យមេដឹកនាំសាសនាយូដា និងពួករ៉ូម៉ាំងធ្វើគុតទ្រង់ដោយអយុត្តិធម៌ ពីព្រោះគ្មានផ្លូវណាផ្សេងទៀត ដើម្បីបញ្ចៀសសេចក្តីក្រោធរបស់ព្រះវរបិតាដែលប្រឆាំងទៅនឹងអំពើបាបរបស់យើងបាននោះទេ។
ទី២ ព្រះយេស៊ូវបានសុគតដោយស្ម័គ្រព្រះទ័យ—ពោលគឺ ទ្រង់ត្រូវគេធ្វើទុក្ខ។ ការចុះចូលរបស់ព្រះយេស៊ូវចំពោះការរងទុក្ខរបស់ទ្រង់បង្កប់ន័យថា ពិតជាមានផែនការ និងគោលបំណងចំពោះការសុគតរបស់ទ្រង់ ហើយទ្រង់ក៏បានចុះចូលចំពោះគោលបំណងនេះដោយស្ម័គ្រព្រះទ័យ។ ការនេះបាននិយាយអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេស៊ូវចំពោះរាស្ដ្ររបស់ទ្រង់ ដោយទ្រង់ស្ម័គ្រព្រះទ័យឲ្យគេសង្កត់សង្កិន ហើយឆ្កាង សម្លាប់ទ្រង់ជំនួសយើង។ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៦:៥៣ យើងឃើញថា ព្រះយេស៊ូវអាចត្រាស់បង្គាប់ទេវតាដប់ពីរកងឲ្យមកសង្គ្រោះទ្រង់ពីភាពអាម៉ាស់ និងសេចក្តីស្លាប់នេះបាន តែទ្រង់មិនបានធ្វើដូច្នោះទេ។ ទ្រង់បានស្ម័គ្រព្រះទ័យសុគត ដែលជាការសុគតដោយអយុត្តិធម៌ សម្រាប់មនុស្សអយុត្តិធម៌។
មិនមានមនុស្សច្រើនទេ—ប្រហែលជាអត់តែម្តងក្នុងចំណោមយើង—ដែលហ៊ាននឹងប្រគល់ជីវិតរបស់ខ្លួនជំនួសអ្នកដទៃ។ សាវ័ក ប៉ុល បានបង្ហាញអំពីការពិតនេះនៅក្នុងកណ្ឌគម្ពីរ រ៉ូម ៥:៧ ដោយសរសេរថា «កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង»។ នៅក្នុងភាពជាព្រះរបស់ទ្រង់ ព្រះយេស៊ូវជ្រាបថា ទ្រង់គឺជាយញ្ញបូជាដ៏ល្អឥតខ្ចោះ សម្រាប់មនុស្សដែលបានធ្លាក់ក្នុងអំពើបាប។ ហើយនៅក្នុងភាពជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវក៏ជ្រាបអំពីការឈឺចាប់ និងការរងទុក្ខដែលទ្រង់មិនស័ក្តិសមនឹងទទួលដែរ ដែលទ្រង់ត្រូវស៊ូទ្រាំនោះ។ ទោះបីជាអញ្ចឹងក៏ដោយ ក៏ទ្រង់បានទៅឯឈើឆ្កាងដោយស្ម័គ្រព្រះទ័យដែរ។
ទី៣ ព្រះយេស៊ូវបានសុគតទុកជាយញ្ញបូជា—ពោលគឺ ដូចជាកូនចៀមដែលគេដឹកទៅសម្លាប់។ ព្រះយេស៊ូវត្រូវបានថ្វាយទុកជាយញ្ញបូជា។ សាវ័ក យ៉ូហាន លើកយកសម្ដីរបស់លោក យ៉ូហាន-បាទីស្ទ ដែលគាត់បានហៅព្រះយេស៊ូវថាជា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ ព្រះយេស៊ូវក៏បានសុគតនៅថ្ងៃបុណ្យរំលងផងដែរ—ជាថ្ងៃដ៏ពិសិដ្ឋរបស់ជនជាតិយូដា ជាពេលដែលពួកគេនឹកចាំអំពីរបៀបដែលព្រះជាម្ចាស់បានសង្គ្រោះពួកគេពីកណ្ដាប់ដៃជនជាតិអេស៊ីព្ទ។ ជនជាតិយូដាទទួលបានការអប់រំយ៉ាងល្អអំពីសារៈសំខាន់ និងអំពីភាពចាំបាច់នៃយញ្ញបូជានៅសម័យកាលរបស់ពួកគេ។ ចាប់តាំងពីដំណើររឿងនៃការថ្វាយយញ្ញបូជារបស់លោក កាអ៊ីន និងលោក អេបិល រហូតដល់ច្បាប់ដែលបានសរសេរក្នុងក្រឹត្យវិន័យរបស់លោក ម៉ូសេ៖ ព្រះជាម្ចាស់ទាមទារឲ្យមានយញ្ញបូជាសម្រាប់អំពើបាប ទុកជាការរម្លឹកថា អ្នកថ្វាយយញ្ញបូជាទាំងនោះគឺមិនបរិសុទ្ធទេ ហើយថាអំពើបាបគឺជាបណ្តាសារដែលទាមទារឲ្យមានសេចក្តីស្លាប់ ហើយថានៅថ្ងៃណាមួយ ព្រះមេស្ស៊ីដែលព្រះបានសន្យា គឺនឹងយាងមក ដើម្បីសម្អាតពួកគេម្តងជាស្រេចចេញពីការទុច្ចរិតទាំងអស់។
សាវ័ក ប៉ុល បានប្រាប់យើងនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៥:៧៖ ព្រះគ្រីស្ទដែលជាកូនចៀមនៃបុណ្យរំលងរបស់យើងត្រូវបានគេឆ្កាងសម្លាប់ដ៏ឃោរឃៅ ដោយចាក់បង្ហូរព្រះលោហិតពីលើឈើឆ្កាង។ ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលជាកូនចៀមនៃបុណ្យរំលងរបស់យើង បានហូរស្រោចយើង ដោយរំដោះយើងចេញពីចំណងរបស់អារក្ស សាច់ឈាម និងលោកីយ៍។ ដោយសារយញ្ញបូជារបស់ព្រះយេស៊ូវ នោះមិនចាំបាច់មានការថ្វាយយញ្ញបូជាណាផ្សេងទៀត ដូចដែលបានតម្រូវតាមច្បាប់ម៉ូសេ មុនការសុគតរបស់ទ្រង់ទេ។ វាំងននត្រូវបានរហែកជាពីរ ហើយយើងអាចចូលទៅឯព្រះវរបិតាបានយ៉ាងពេញទី តាមរយៈព្រះលោហិតនៃព្រះរាជបុត្រារបស់ទ្រង់។
ទី៤ ព្រះយេស៊ូវបានសុគតដោយស្តាប់បង្គាប់—ដូចជាចៀមដែលមិនបានហើបព្រះឱស្ឋសោះ។ ភាពស្ងៀមស្ងាត់នេះ (មិនបានហើបព្រះឱស្ឋ) គឺជាទម្ងន់ដ៏សំខាន់មួយនៃអត្ថបទ ដោយគូសបញ្ជាក់អំពីការស្តាប់បង្គាប់របស់អ្នកបម្រើដែលរងទុក្ខ។ ព្រះយេស៊ូវមិនគ្រាន់តែបានស្ម័គ្រព្រះទ័យសុគតប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងស្តាប់បង្គាប់ព្រះវរបិតាយ៉ាងពេញទី ដោយសុគតនៅលើឈើឆ្កាងទៀតផង។ កណ្ឌគម្ពីរ ១ពេត្រុស ២:២៣-២៤ បានបញ្ជាក់ថា ការស្តាប់បង្គាប់របស់ព្រះយេស៊ូវគឺជាការបង្ហាញយើងអំពីគន្លឹះនៃការស្តាប់បង្គាប់ដោយស្មោះត្រង់៖ គឺថ្វាយរូបកាយនៃជីវិតរបស់យើងទៅកាន់ព្រះជាម្ចាស់ ។ ការស្តាប់បង្គាប់របស់ទ្រង់គឺ ដើម្បីផ្តល់លទ្ធភាពដល់ពួកយើងឲ្យធ្វើបានដែរ។ ដោយព្រះយេស៊ូវបានសុគតដោយស្តាប់បង្គាប់ ដូច្នេះយើងក៏អាចរស់នៅដោយស្តាប់បង្គាប់បានផងដែរ។
សូម្បីតែយើងដែលជាអ្នកជឿក៏យើងមានការពិបាកក្នុងការស្តាប់បង្គាប់ព្រះអម្ចាស់នៃយើងដែរ។ ទោះបីជា យើងកំពុងត្រូវបានធ្វើឲ្យកាន់តែដូចជាព្រះយេស៊ូវក៏ដោយ ក៏យើងនឹងមិនមានសេរីភាពចេញពីការប្រយុទ្ធជាមួយនឹងសាច់ឈាមដ៏ពុករលួយរបស់យើងនៅលើផែនដីនោះដែរ។ ប៉ុន្តែ ដូចអ្វីដែលអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានរម្លឹកយើងថា «ដ្បិតសម្ដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកម្សោយរបស់យើងរាល់គ្នានោះទេ» (ហេព្រើរ ៤:១៥)។ ព្រះជន្មដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវ និងការស្តាប់បង្គាប់ដ៏ពេញទីរបស់ទ្រង់នៅលើឈើឆ្កាងបានអនុញ្ញាតឲ្យអស់អ្នកដែលទុកចិត្តលើទ្រង់សម្រាប់ការអត់ទោសអំពើបាបរបស់ពួកគេអាច «មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះ» (ហេព្រើរ ៤:១៦)។
យើងអាចរកឃើញសេចក្តីសង្គ្រោះតែនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដែលជាកូនចៀមនៃព្រះ ដែលត្រូវថ្វាយជាយញ្ញបូជានៅលើឈើឆ្កាង សម្រាប់អំពើបាបទាំងអស់របស់អស់អ្នកដែលជឿលើកិច្ចការនៃដង្វាយធួននឹងបាបរបស់ទ្រង់តែប៉ុណ្ណោះ។ ខណៈពេលដែលយើងប្រារព្ធពិធីថ្ងៃសុក្រដ៏វិសុទ្ធនេះ ចូរអរព្រះគុណចំពោះការស្ម័គ្រព្រះទ័យសុគតរបស់ព្រះយេស៊ូវ និងគំរូដ៏គ្រប់លក្ខណ៍នៃការស្តាប់បង្គាប់របស់ទ្រង់ ដើម្បីឲ្យយើងអាចរស់នៅជារៀងរហូតជាមួយនឹងទ្រង់ក្នុងសិរីល្អបាន។
ក្នុងការចងចាំអំពីថ្ងៃសុក្រដ៏វិសុទ្ធ ចូរពិចារណាអំពីទិដ្ឋភាពបួនយ៉ាងនៃការសុគតរបស់ព្រះយេស៊ូវ នៅក្នុងខគម្ពីរនេះ…
មតិយោបល់
Loading…