កំណត់សម្គាល់ពីអ្នកកែសម្រួល៖ ថ្មីៗនេះអ្នកចាស់ទុំថ្មីម្នាក់បានសួរអ្នកចាស់ទុំដែលមានបទពិសោធន៍ច្រើនជាងគាត់ក្នុងក្រុមជំនុំរបស់គាត់អំពីរបៀបណាដែលគាត់អាចស្វែងរកពេលវេលា ដើម្បីបង្រៀនដល់អ្នកជឿក្មេងជាងក្នុងសេចក្ដីជំនឿ និងដើម្បីផ្សាយដំណឹងល្អ។ យ៉ាងណាមិញ អ្នកចាស់ទុំថ្មីម្នាក់នេះមានការងារដ៏មមាញឹកនៅរដ្ឋធានីវ៉ាស៊ីនតោន នៅផ្ទះដ៏មមាញឹកជាមួយកូនៗ មានការធ្វើដំណើរដ៏វែងឆ្ងាយ និងភារកិច្ចផ្សេងទៀតដែលមកជាមួយការងារជាអ្នកចាស់ទុំដែលមិនមែនជាបុគ្គលិកនៅក្នុងក្រុមជំនុំ។ ប្រាកដណាស់ នៅសល់ពេលតិចតួចសម្រាប់ការបង្រៀន និងការផ្សាយដំណឹងល្អ ទេ? នេះជាចម្លើយរបស់អ្នកចាស់ទុំដែលគាត់បានលើកឡើងថា ភាពច្រើនគាត់ក៏បានរៀនពីការសួរសំណួរ និងមើលអ្នកចាស់ទុំផ្សេងទៀតដែរ។
* * * * *
ជារៀងរាល់ថ្ងៃ ខ្ញុំព្យាយាមជួបអ្នកណាម្នាក់ដោយមានបំណងចិត្តដូចខាងក្រោម៖ (១)ដើម្បីបង្កើតសិស្សជាមួយពួកគេ (ភាគច្រើននៃការប្រជុំ) (២)ដើម្បីធ្វើជាសិស្ស ឬ (៣)ដើម្បីផ្សាយដំណឹងល្អ។ ការនេះកើតឡើងមុនពេលធ្វើការ ឬអំឡុងពេលអាហារថ្ងៃត្រង់។ គោលដៅរបស់ខ្ញុំគឺណាត់ជួបមនុស្សម្នាក់ក្នុងមួយថ្ងៃ។ ប្រសិនបើខ្ញុំមានពេលទំនេរ ខ្ញុំព្យាយាមបំពេញវាជាមួយនរណាម្នាក់ដែលខ្ញុំមិនសូវបានជួបជាមួយ ឬជាមួយអ្នកថ្មី។ ប្រសិនបើខ្ញុំជួបជាមួយអ្នកថ្មី ខ្ញុំអាចឬប្រហែលជាមិនអាចជួបជាមួយពួកគេជាប្រចាំទៅមុខទៀតទេ វានឹងអាចជា—ហើយវាទំនងជា—ការជួបហ្នឹងកើតឡើងតែម្ដងគត់។ ប្រសិនបើជាជំនួបដែលធ្វើឡើងតែមួយដងជាមួយសមាជិកក្រុមជំនុំ ខ្ញុំនឹងព្យាយាមធ្វើឲ្យប្រាកដថា សមាជិកនោះត្រូវបានរួមបញ្ចូល ហើយប្រសិនបើមិនមានទេ នោះខ្ញុំធ្វើការផ្តល់យោបល់ខ្លះៗអំពីរបៀបដែលគាត់អាចធ្វើបាន។
ខ្ញុំរៀបចំការជួបទាំងអស់របស់ខ្ញុំដោយធូររលុង ហើយជារឿយៗខ្ញុំលុបចោល ឬកំណត់កាលវិភាគឡើងវិញ ដោយសារកាតព្វកិច្ចគ្រួសារ និង/ឬ ពេលការងារដែលមានអាទិភាពខ្ពស់បានកើតឡើង។
ខ្ញុំពិតជាមានព្រះពរដែលមានការងារដែលអាចបត់បែនបាន និងមានប្រធានដែលគាំទ្រសម្រាប់ការខិតខំទាំងនេះ។ ប្រធានរបស់ខ្ញុំដឹងថា ខ្ញុំតែងតែជួបជាមួយមនុស្សឯទៀតៗមុនពេលធ្វើការ និងពេលអាហារថ្ងៃត្រង់ ហើយគាត់ក៏មិនប្រកាន់អ្វីដែលទាក់ទងនឹងចំណុចនេះ ឲ្យតែខ្ញុំអាចបំពេញការងាររបស់ខ្ញុំចប់ ហើយឲ្យតែខ្ញុំអាចសម្រេចបាន និងចេះទទួលខុសត្រូវ។ អ្នកត្រូវប្រាកដថា ប្រធានរបស់អ្នកជាអ្នកគាំទ្រដែរ។
ខ្ញុំប្រើប្រតិទិនGoogle តាមរយៈទូរស័ព្ទរបស់ខ្ញុំសម្រាប់រៀបចំកាលវិភាគ ហើយខ្ញុំតែងតែព្យាយាមកំណត់ពេលជួបជុំបន្ទាប់របស់ខ្ញុំជាមួយបុរសម្នាក់ទៀតដែលខ្ញុំបានជួបចុងក្រោយគេបង្អស់នៃការសន្ទនារបស់ខ្ញុំ។
នៅត្រង់ចំណុចនេះ ខ្ញុំជួបមនុស្សម្នាក់ៗប្រហែលមួយខែម្តង ហើយម្តងម្កាលច្រើនជាងហ្នឹង។ ហើយមានពេលខ្លះ វាជាការផ្សព្វផ្សាយ និងការផ្ដួចផ្ដើមរបស់ពួកគេវិញផងដែរ។
ខ្ញុំជួបនៅកន្លែងដែលខ្ញុំមិនចាំបាច់ទិញអ្វីមួយ ឬទិញតែរបស់តិចតួច។ ភាគច្រើនមិនមែនជាអាហារដ្ឋាន ឬភោជនីយដ្ឋានបែបប៊ូហ្វេ។ លោកអ្នកអាចចំណាយប្រាក់ច្រើនលើអាហារដែលអ្នកមិនត្រូវការ។ ខ្ញុំយកកាហ្វេ និងយកអាហារថ្ងៃត្រង់របស់ខ្ញុំផ្ទាល់ខ្លួនមក។ ខ្ញុំចង់ទិញអាហារថ្ងៃត្រង់ឲ្យអ្នកដទៃ ប៉ុន្តែខ្ញុំនឹងទុកឲ្យអ្នកដែលមានលទ្ធភាពទិញវាខ្លួនឯង។
ខ្ញុំមានគោលបំណងខុសៗគ្នាក្នុងការបង្កើតសិស្សរបស់ខ្ញុំ ហើយខ្ញុំកំពុងបង្កើតសិស្សដល់អស់អ្នកដែលស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃភាពពេញវ័យ។ បញ្ហាជាក់លាក់មួយចំនួនដែលខ្ញុំពិភាក្សាជាមួយបុរសៗគឺរឿងអាសអាភាស និងការសម្រេចកាមដោយខ្លួនឯង ភាពជាបុរស បញ្ហាប្រឈមក្នុងគ្រួសារដ៏ពិបាកៗ និងការរៀនអាន និងយល់ព្រះគម្ពីរឲ្យកាន់តែប្រសើរជាងមុន។ អ្នកខ្លះជាគ្រីស្ទបរិស័ទថ្មីខ្លាំងណាស់ ខណៈឯអ្នកខ្លះទៀតមានភាពចាស់ទុំគួរសម។ ពេលខ្លះយើងអានសៀវភៅ ហើយពេលខ្លះទៀត យើងជួយទៅតាមបញ្ជីសំណួរដែលពួកគេបានយកមកសួរ។ ពេលខ្លះ យើងរំលឹកពីការបង្រៀនដែលពួកគេបានឮកាលពីថ្ងៃអាទិត្យ ឬមើលទៅបទគម្ពីរសម្រាប់វគ្គខាងមុខ។ ខ្ញុំកំពុងចាប់ផ្ដើមផ្តល់អាទិភាពដល់ការជួបជាមួយបុរសដែលមានភាពចាស់ទុំជាងមុន ដូច្នេះវាអាចមានផលប៉ះពាល់ដោយក្តីសង្ឃឹមដោយថា បុរសដែលមានភាពចាស់ទុំកាន់តែច្រើននឹងចាប់ផ្ដើមបង្រៀនដល់ប្រុសៗនៅក្រុមរបស់គាត់ផ្ទាល់ទៀតដែរ។
ខ្ញុំព្យាយាមកាត់បន្ថយការងាររៀបចំដែលខ្ញុំត្រូវធ្វើ។ ដូច្នេះ ខ្ញុំអាចអានសៀវភៅជាមួយមនុស្សដែលខ្ញុំធ្លាប់បានអានរួចហើយ ឬខ្ញុំប្រើអត្ថបទគម្ពីរដែលខ្ញុំបានសិក្សាស៊ីជម្រៅ។ នេះគឺជាបញ្ជីនៃសៀវភៅមួយចំនួនដែលខ្ញុំតែងតែប្រើ៖ ការស្គាល់ព្រះ នៅពេលដែលមនុស្សធំហើយព្រះតូច អាណត្តិរបស់បុរស ការអំពាវនាវឲ្យមានកំណែទម្រង់ខាងឯវិញ្ញាណ រូបភាពធំរបស់ព្រះ។ បើមានជាសៀវភៅថ្មីដែលខ្ញុំចង់អាន នោះខ្ញុំនឹងព្យាយាមអានជាមួយអ្នកផ្សេងទៀតដែរ។
ខ្ញុំព្យាយាមតាមដានថា តើខ្ញុំជួបជាមួយអ្នកណា ហើយញឹកញាប់ប៉ុណ្ណា និងគោលបំណងនៃការជួបរបស់របស់ខ្ញុំ និងអ្នកនោះដោយប្រើប្រាស់កម្មវិធី ហ្គូហ្គល(Google document)។ ខ្ញុំក៏តាមដានអ្នកដែលខ្ញុំធ្លាប់ជួបជាមួយ ឬសមាជិកផ្សេងទៀតដែលខ្ញុំជាប់ពាក់ព័ន្ធដោយផ្អែកលើមូលដ្ឋានតិចជាងនេះ ហើយជាធម្មតាក្នុងគោលបំណងជាក់លាក់ណាមួយ។ ខ្ញុំធ្វើបែបនេះសម្រាប់ហេតុផល២យ៉ាង៖ ១)វាដើរតួជាបញ្ជីអធិស្ឋានដ៏ល្អដែលខ្ញុំប្រើនៅពេលស្ងប់ស្ងាត់នាពេលព្រឹករបស់ខ្ញុំ និង ២)វាជួយខ្ញុំក្នុងការតាមដាននូវអ្វីដែលខ្ញុំកំពុងធ្វើ ដើម្បីកុំឲ្យបាត់បង់ទំនាក់ទំនងជាមួយអ្នកដែលខ្ញុំជួបជាមួយ និងដើម្បីឲ្យខ្ញុំអាចដឹងថា តើខ្ញុំកំពុងប្រើពេលវេលារបស់ខ្ញុំដោយមានយុទ្ធសាស្ត្រឬអត់។ ឧទាហរណ៍ ប្រសិនបើខ្ញុំក្រឡេកមើលបញ្ជីរបស់ខ្ញុំ ហើយខ្ញុំឃើញបុរសជាច្រើនដែលដូចខ្ញុំ នោះខ្ញុំប្រហែលជាព្យាយាមកែតម្រូវដោយចេតនានូវអ្នកដែលខ្ញុំបានជួបតែប៉ុណ្ណោះ។
ពេលខ្លះខ្ញុំស្និទ្ធស្នាលជាមួយមនុស្សប្រុស ហើយពេលខ្លះខ្ញុំអត់។ បុរសមួយចំនួនដែលខ្ញុំទាក់ទងជាមួយពិតជាល្អណាស់ ហើយក៏មានបុរសផ្សេងទៀតដែលមានដំណើរការយឺតជាងផងដែរ។ ពេលខ្លះយើងបន្តការជួបគ្នា ព្រោះវានៅតែមានប្រយោជន៍ ទោះបីជាការប្រាស្រ័យទាក់ទងគ្នាតិចតួចក៏ដោយ ហើយពេលខ្លះទៀត យើងសម្រេចចិត្តឈប់ ព្រោះវាមិនសូវល្អ។
បុរសខ្លះកំពុងរីកចម្រើន ហើយបុរសខ្លះទៀតនៅជាប់ទ្រឹង។ បើមាននរណានៅជាប់ទ្រឹងយូរពេក ខ្ញុំទំនងជាឈប់ជួបគាត់ ហើយប្រហែលជាណែនាំអ្នកផ្សេងវិញ។ វាមិនមែនជាការប្រើប្រាស់ពេលវេលាដ៏ល្អក្នុងការដាក់ទុនលើនរណាម្នាក់ដែលមិនចាប់អារម្មណ៍លើការរីកលូតលាស់ ឬទទួលយកការប្រឹក្សាពីព្រះបន្ទូលនោះទេ។
ខ្ញុំព្យាយាមរក្សាទំនាក់ទំនងរបស់ខ្ញុំទាំងអស់ឲ្យធូររលុង។ ពេលខ្លះខ្ញុំជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះដ៏ប្រោសលោះដែលទ្រង់មានបំណងប្រើ ហើយពេលខ្លះទៀតគឺខ្ញុំមិនមែនទេ។ ខ្ញុំមិនមែនជាព្រះមេស្ស៊ីទេ ព្រះយេស៊ូវគឺជាព្រះ ហើយខ្ញុំចង់ឲ្យព្រះយេស៊ូវជារឿងសំខាន់សម្រាប់មនុស្សដែលខ្ញុំបង្កើតសិស្សជាមួយ មិនមែនខ្ញុំ ឬអ្នកដទៃនោះទេ។ ជាញឹកញយ នេះមានន័យថា ខ្ញុំត្រូវតែដោះលែងពួកគេ។ នេះអាចជាការពិបាក ប៉ុន្តែខ្ញុំត្រូវតែបន្តរំលឹកខ្លួនឯងថា វាគឺអំពីការលូតលាស់ខាងឯវិញ្ញាណរបស់ពួកគេ ហើយមិនមែនអំពីខ្ញុំដែលត្រូវទទួលខុសត្រូវសម្រាប់ការលូតលាស់ខាងឯវិញ្ញាណរបស់ពួកគេនោះទេ។
វាមិនមែនត្រូវតែជាការជួបដោយផ្ទាល់នោះឡើយ។ ខ្ញុំទូរស័ព្ទទៅបុរសៗជាច្រើនដែលមិនធ្វើការនៅក្នុងទីក្រុងជាមួយគ្នា ហើយជារឿយៗ ការហៅទូរស័ព្ទមានភាពងាយស្រួលជាងក្នុងការកំណត់កាលវិភាគ ហើយនៅតែមានប្រយោជន៍សមរម្យ។
ម្តងម្កាល ខ្ញុំផ្ញើអ៊ីមែលទៅបុរសដែលខ្ញុំបានជួបជាមួយ ដោយសម្រង់សម្ដីលើកទឹកចិត្ត ឬការជញ្ជឹងគិតលើបទគម្ពីរ ឬអត្ថបទល្អដែលខ្ញុំបានរកឃើញ។ នេះជាអ្វីដែលពិសេសខ្លាំងណាស់។ ពេលខ្លះអ៊ីមែលទាំងនោះមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់តែមនុស្សម្នាក់ ហើយពេលខ្លះទៀតខ្ញុំផ្ញើទៅក្រុមមនុស្សច្រើន ។
ខ្ញុំរក្សាឯកសារនៅ Google ជាបន្តបន្ទាប់ជាមួយនឹងការដកស្រង់បទគម្ពីរលើប្រធានបទផ្សេងៗ។ ធនធានទាំងនេះអាចចូលប្រើបាននៅលើទូរស័ព្ទរបស់ខ្ញុំបាន ហើយខ្ញុំចូលទៅមើលវាជាទៀងទាត់ ដើម្បីប្រាកដថា ខ្ញុំកំពុងនាំយកព្រះគម្ពីរមកដោះស្រាយបញ្ហារបស់មនុស្សម្នាក់ មិនមែនគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះទេ។ ខ្ញុំមានឯកសារជាមួយបទគម្ពីរអំពីប្រធានបទដូចខាងក្រោម៖ តណ្ហា ភាពចាស់ទុំ ភាពជឿជាក់នៃបទគម្ពីរ ការស្រឡាញ់ភេទដូចគ្នា ជាតិសាសន៍ និងភាពស្រស់ស្អាត (សម្រាប់ប្រពន្ធ និងកូនស្រីរបស់ខ្ញុំ)។
* * * * *
កំណត់សម្គាល់របស់អ្នកនិពន្ធ៖ សម្រាប់ធនធានជ្រៅបន្ថែមទៀតលើការបង្រៀននេះ ខ្ញុំសូមណែនាំ 9Marks Journal ស្តីពីការបង្កើតសិស្សនៅពីឆ្នាំ ២០១២។ ជាពិសេស ខ្ញុំសូមសរសើរអត្ថបទខ្លីៗ “A Discipler’s Daily Itinerary” អំពីទម្លាប់ប្រចាំថ្ងៃអាចមានលក្ខណៈដូចម្តេច។
មតិយោបល់
Loading…