ព្រះគម្ពីរបានលើកឡើងយ៉ាងក្បោះក្បាយអំពីលុយ និងទ្រព្យសម្បត្តិ។ មានខគម្ពីរជាច្រើននិយាយអំពីទ្រព្យសម្បត្តិ និងភាពក្រីក្រ។ ចំពោះប្រធានបទមួយចំនួន វាមានភាពងាយស្រួលណាស់ក្នុងការធ្វើឲ្យយើងបែកចេញពីអត្ថន័យដ៏ពេញលេញនៃប្រធានបទនោះ ពីព្រោះព្រះគម្ពីរមានលើកឡើងពីខគម្ពីរដែលទាក់ទងនឹងប្រធានបទនោះតិចតួចពេក។ តើយើងគិតយ៉ាងដូចម្ដេចដែរចំពោះការដេកសំដិលថ្ងៃ ដើម្បីឲ្យស្បែកខ្មៅ? និយាយរួមទៅ យើងមិនសូវមានការណែនាំចំៗច្រើននោះទេ ដូច្នេះយើងក៏មិនអាចទទួលបានច្បាប់ដ៏ជាក់លាក់មួយបានដែរ។
ក៏ប៉ុន្តែ ទាក់ទងជាមួយលុយ និងទ្រព្យសម្បត្តិ យើងមានបញ្ហាមួយដែលផ្ទុយពីចំណុចខាងលើនេះ។ ព្រះគម្ពីរបានលើកឡើងជាច្រើនខអំពីលុយ ហេតុដូច្នេះហើយទើបធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការបង្កើតទេវវិទ្យាមិនស្មើគ្នាទាក់ទងនឹងលុយផងដែរ។
ម្យ៉ាងវិញទៀត វាជួយសម្រួលដល់យើងឲ្យងាយស្រួលក្នុងការដឹងថា តើទេវវិទ្យានៃភាពចម្រុងចម្រើនកើតមកពីណា? បើគ្រាន់តែយកសេចក្ដីសន្យាមួយចំនួននៃសេចក្ដីតាំងសញ្ញារបស់លោក ម៉ូសេ ចេញពីបរិបទនៃជាតិសាសន៍របស់ពួកគាត់ ហើយយកសេចក្ដីតាំងសញ្ញាក្នុងកណ្ឌគម្ពីរម៉ាឡាគី ជំពូក៣ អំពីការបើកចំហឃ្លាំងនៃស្ថានសួគ៌ ព្រមទាំងយកចំណុចទាំងពីរនេះមកលាយឡំគ្នានឹងព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីការទទួលបាននូវអ្វីៗដែលលោកអ្នកទូលសូមដោយជំនឿ នោះលោកអ្នកនឹងប្រាកដជាអាចបង្កើតឲ្យមានដំណឹងល្អដែលសន្យាពីការមានសុខភាពល្អ និងទ្រព្យសម្បត្តិជាមិនខាន។
មួយវិញទៀតសោត យើងក៏មានភាពងាយស្រួលក្នុងការបង្កើតទេវវិទ្យាយ៉ាងម៉ឺងម៉ាត់ដែលមិនមានភាពស្មើគ្នាផងដែរ។ បើគ្រាន់តែលើកឡើងអំពីការដែលព្រះយេស៊ូវគ្មានកន្លែងណានឹងកើយក្បាលទ្រង់ ហើយបើគ្រាន់តែបើកទៅកាន់រឿងនៃបុរសអ្នកមានម្នាក់ ព្រមទាំងលាយឡំនឹងរឿងនៃបុរសអ្នកមានម្នាក់ទៀតដែលជាមនុស្សលីលា នោះលោកអ្នកនឹងទទួលបានទេវវិទ្យាដែលបង្រៀនថា លុយអាក្រក់ រីឯអស់អ្នកដែលមានលុយក៏អាក្រក់ដែរជាមិនខាន។
ហើយលោកអ្នកក៏ទំនងជាអាចប្រកែកដោយលើកឡើងផងដែរថា ព្រះជាម្ចាស់ស្អប់មនុស្សមានលុយ បើគ្រាន់តែយោងលើរឿងអ្នកមាន និងលោក ឡាសារ។ សូមអានកណ្ឌគម្ពីរយ៉ាកុប។ សូមមើលការរៀបរាប់របស់លោក លូកា ទៅលើសេចក្ដីបង្រៀននៅលើភ្នំ។
សរុបសេចក្ដីទៅ តើយើងគួរគិតយ៉ាងដូចម្ដេចទៅអំពីលុយ និងទ្រព្យសម្បត្តិ? តើយើងគួររក្សាទុកនូវគោលការណ៍ណាខ្លះក្នុងព្រះគម្ពីរ ខណៈពេលដែលយើងឃើញទ្រព្យសម្បត្តិ និងភាពក្រីក្រ និងខណៈពេលដែលយើងកំពុងគ្រប់គ្រងលើទ្រព្យសម្បត្តិ ឬក៏ភាពក្រីក្ររបស់យើង? មានតែពីរបីចំណុចប៉ុណ្ណោះដែលព្រះគម្ពីរបានលើកឡើងយ៉ាងក្បោះក្បាយដែលការនោះគឺជាការដ៏ល្អ ពីព្រោះមានតែពីរបីចំណុចប៉ុណ្ណោះដែលមានភាពស៊ីគ្នាចំពោះមនុស្សគ្រប់ៗរូប នៅគ្រប់ទីកន្លែង ក្នុងការទទួលបាននូវទេវវិទ្យាដ៏ល្អមួយអំពីលុយ។
ចំណុចចាប់ផ្ដើម
កណ្ឌគម្ពីរសុភាសិតគឺជាចំណុចដ៏ល្អមួយក្នុងការចាប់ផ្ដើមបង្កើតនូវទេវវិទ្យាដែលទាក់ទងនឹងការមានទ្រព្យសម្បត្តិសម្ភារៈនិយមដោយយោងតាមព្រះគម្ពីរ។ ជាការចាប់ផ្ដើម មានខគម្ពីរជាច្រើនណាស់ដែលនិយាយលើប្រធានបទនេះ។ ហើយលើសពីនោះទៅទៀត កណ្ឌគម្ពីរនេះក៏មានលើកឡើងអំពីចំណុចខុសៗគ្នាមួយចំនួនទាក់ទងនឹងប្រធានបទនេះផងដែរ។ បើកណ្ឌគម្ពីរលោកុប្បត្ដិគឺជាចំណុចចាប់ផ្ដើមរបស់លោកអ្នក នោះលោកអ្នកនឹងទំនងជាសន្និដ្ឋានថា ព្រះជាម្ចាស់តែងតែធ្វើឲ្យរាស្ត្ររបស់ទ្រង់ចម្រុងចម្រើនជាមិនខាន។ បើកណ្ឌគម្ពីរអេម៉ុសគឺជាចំណុចចាប់ផ្ដើមរបស់លោកអ្នក នោះលោកអ្នកនឹងទំនងជាសន្និដ្ឋានថា អ្នកមានគ្រប់ៗរូបគឺសុទ្ធតែជាអស់អ្នកដែលជិះជាន់អ្នកដទៃជាមិនខាន។ ប៉ុន្តែ ចំពោះកណ្ឌគម្ពីរសុភាសិតវិញ គឺមើលលើទ្រព្យសម្បត្តិ និងភាពក្រីក្រចេញពីពីរ ឬបីទស្សនៈ។ ដោយសារកណ្ឌគម្ពីរនេះគឺជាកណ្ឌសុភាសិតទូទៅ ដូច្នេះយើងមានភាពងាយស្រួលក្នុងការលើកគោលការណ៍ក្នុងសុភាសិតនីមួយៗនោះយកមកអនុវត្តក្នុងសម័យកាលនេះ និងទីកន្លែងខុសៗគ្នាសម្រាប់រាស្ត្ររបស់ព្រះជាម្ចាស់។
កាលពីយប់អាទិត្យមុន យើងខ្ញុំបានអធិប្បាយទៅកាន់ក្រុមជំនុំរបស់យើងខ្ញុំអំពីគោលការណ៍ដប់យ៉ាងចេញពីកណ្ឌគម្ពីរសុភាសិតទាក់ទងនឹងលុយកាក់ និងការមានទ្រព្យសម្បត្តិសម្ភារៈនិយម។ យើងខ្ញុំនឹងមិនលើកឡើងសេចក្ដីអធិប្បាយទាំងមូលនៅក្នុងអត្ថបទមួយនេះទេ ប៉ុន្តែយើងខ្ញុំគិតថាលោកអ្នកនឹងទំនងជាទទួលបានអត្ថប្រយោជន៍ខ្លះៗ បើយើងខ្ញុំគ្រាន់តែលើកឡើងនូវចំណុចគោលៗមួយចំនួន។ ទំនងជាយើងខ្ញុំនឹងលើកឡើងរៀងលម្អិតជាងនេះទៀតនៅពេលក្រោយៗ។
យើងខ្ញុំនឹងលើកឡើងនូវចំណុចជាលំដាប់លំដោយនៃភាគរយដែលកណ្ឌគម្ពីរសុភាសិតបានលើកឡើងទាក់ទិននឹងគោលការណ៍ណាមួយ ព្រោះក្នុងរបៀបនោះ យើងនឹងបញ្ចប់ដោយខ្លឹមសារសំខាន់ៗ។
គោលការណ៍ដប់យ៉ាងចេញពីកណ្ឌគម្ពីរសុភាសិតទាក់ទងនឹងលុយកាក់ និងការមានទ្រព្យសម្បត្តិសម្ភារៈនិយម៖
១. អ្នកមានខ្លះមានហួសហេតុពេក ហើយអ្នកក្រខ្លះក្រល្ហេមល្ហាមដុនដាបពេក ដែលចំណុចផ្ទុយគ្នាស្រឡះនេះនឹងនាំឲ្យមានសេចក្ដីល្បួងប្លែកៗចំពោះអស់អ្នកដែលរស់នៅក្នុងស្ថានភាពរៀងៗខ្លួននោះ (សុភាសិត ៣០:៧-៩)។
២. កុំព្យាយាមហ៊ឺហាដូចគ្រួសារណាមួយឡើយ (សុភាសិត ១២:៩; ១៣:៧)។
៣. អ្នកមាន និងអ្នកក្រមានចំណុចដូចៗគ្នាច្រើនជាងពួកគាត់គិតដល់ទៅទៀត (សុភាសិត ២២:២; ២៩:១៣)។
៤. លោកអ្នកមិនអាចឲ្យលើសជាងការដែលព្រះអាចប្រទានឲ្យលោកអ្នកនោះទេ (សុភាសិត ៣:៩-១០; ១១:២៤; ២២:៩)។
៥. ភាពក្រីក្រតោកយ៉ាកគឺមិនមែនជារឿងល្អទេ (សុភាសិត ១០:១៥; ១៤:២០; ១៩:៤)។
៦. លុយមិនអាចផ្ដល់ជួននូវសុវត្ថិភាពដ៏ខ្ពស់បំផុតបានឡើយ (សុភាសិត ១១:៧; ១១:២៨; ១៣:៨)។
៧. ព្រះអម្ចាស់ស្អប់អស់អ្នកណាដែលប្រើប្រាស់មធ្យោបាយអយុត្តិធម៌ ដើម្បីក្លាយជាអ្នកមាន (សុភាសិត ២១:៦; ២២:១៦, ២២-២៣)។
៨. ព្រះអម្ចាស់ស្រឡាញ់អស់អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រ (សុភាសិត ១៤:២១, ៣១; ១៩:៧; ២៨:២១)។
៩. ចូរខំធ្វើការ ហើយការសម្រេចចិត្តដែលល្អៗរបស់លោកអ្នកតែងតែនាំឲ្យមានភាពចម្រុងចម្រើនឡើង (សុភាសិត ៦:៦-១១; ១០:៤; ១៣:១១; ១៤:២៤; ២១:១៧, ២០; ២២:៤, ១៣; ២៧:២៣-២៧; ២៨:២០)។
១០. មានលុយមិនមែនមានន័យថា មានអ្វីៗគ្រប់យ៉ាងនោះទេ។ វាមិននាំឲ្យមានភាពស្កប់ស្កល់ឡើយ (សុភាសិត ២៣:៤-៥)។ វាអន់ជាងប្រាជ្ញា (សុភាសិត ៨:១០-១១, ១៨-១៩; ២៤:៣-៤)។ វាអន់ជាងសេចក្ដីសុចរិត (១០:២; ១៣:២៥; ១៦:៨; ១៩:២២; ២០:១៧; ២៨:៦)។ វាអន់ជាងការកោតខ្លាចព្រះអម្ចាស់ (សុភាសិត ១៥:១៦)។ វាអន់ជាងការបន្ទាបខ្លួន (សុភាសិត ១៦:១៩)។ វាអន់ជាងការមានទំនាក់ទំនងល្អៗ (សុភាសិត ១៥:១៧; ១៧:១)។
ការឈោងចាប់សេចក្ដីសន្និដ្ឋានដ៏សាមញ្ញ និងការស្វែងរកព្រះគ្រីស្ទ
លោកអ្នកមិនអាចមានការយល់ដឹងតាមបែបព្រះគម្ពីរបានឡើយ លុះត្រាតែលោកអ្នកបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកសេចក្ដីពិតមួយចំនួនដែលមានការប្រតែងប្រតោងគ្នាជាមុនសិន។
- លោកអ្នកនឹងទំនងជារកបានលុយជាច្រើន ប្រសិនបើលោកអ្នកខំធ្វើការ ហើយមានប្រាជ្ញាយ៉ាងខ្លាំង ប៉ុន្តែបើលោកអ្នកគិតតែពីធ្វើការរកលុយ នោះមានន័យថា លោកអ្នកជាមនុស្សដ៏ល្ងីល្ងើបំផុតហើយ។
- លុយគឺជាព្រះពរពីព្រះជាម្ចាស់ ប៉ុន្តែលោកអ្នកនឹងកាន់តែទទួលបានព្រះពរបន្ថែមទៀត បើលោកអ្នកឲ្យលុយនោះទៅកាន់អ្នកដទៃ។
- ព្រះជាម្ចាស់បានប្រទានលុយដល់លោកអ្នក ពីព្រោះព្រះអង្គសប្បុរស ប៉ុន្តែព្រះអង្គមានចិត្តសប្បុរសជាមួយនឹងលោកអ្នក ដើម្បីឲ្យលោកអ្នកចេះមានចិត្តសប្បុរសជាមួយនឹងអ្នកដទៃដែរ។ ហើយបើលោកអ្នកមានចិត្តសប្បុរសជាមួយនឹងអ្នកដទៃ នោះទ្រង់ក៏នឹងកាន់តែមានចិត្តសប្បុរសជាមួយនឹងលោកអ្នកថែមទៀតដែរ។
- ការសន្សំលុយគឺជាការមានប្រាជ្ញា ប៉ុន្តែចូរកុំគិតថា លុយនឹងផ្ដល់សន្តិភាពដ៏ពិតដល់លោកអ្នកឡើយ។
- មនុស្សជាច្រើនប្រាថ្នាចង់មានទ្រព្យសម្បត្តិជាជាងភាពក្រីក្រ ប៉ុន្តែទ្រព្យសម្បត្តិមិនមែនជាអ្វីដែលល្អពេញលក្ខណៈដូចនឹងសេចក្ដីសុចរិត ការបន្ទាបខ្លួន ប្រាជ្ញា ការមានទំនាក់ទំនងល្អ និងការកោតខ្លាចព្រះអម្ចាស់ឡើយ។
កណ្ឌគម្ពីរ ១កូរិនថូស ១:៣០-៣១ បានប្រាប់យើងថា ព្រះគ្រីស្ទគឺជាប្រាជ្ញា សេចក្ដីសុចរិត ការញែកជាបរិសុទ្ធ និងជាសេចក្ដីសង្គ្រោះសម្រាប់យើងពីព្រះជាម្ចាស់ដូចដែលមានចែងទុកមកដើម្បីឲ្យ «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ»។ លុយមិនអាចផ្ដល់ជួនលោកអ្នកនូវអ្វីៗដែលលោកអ្នកត្រូវការខ្លាំងបំផុតបាននោះទេ។ វាមិនអាចធ្វើឲ្យលោកអ្នកបរិសុទ្ធបានឡើយ។ វាមិនអាចធ្វើឲ្យលោកអ្នកសុចរិតទេ។ វាក៏មិនអាចសង្គ្រោះលោកអ្នកចេញពីអំពើបាបបានដែរ។ ទ្រព្យសម្បត្តិគឺជាសញ្ញាមួយនៃព្រះពរ ប៉ុន្តែវាក៏ជាសេចក្ដីល្បួងដ៏ធំធេងមួយសម្រាប់លោកអ្នកដែរ ព្រោះវាល្បួងឲ្យលោកអ្នកអួតពីខ្លួនឯង។ វាសន្យាថានឹងធ្វើជាភាពស័ក្ដិសមដល់លោកអ្នក ហើយនឹងធ្វើឲ្យលោកអ្នកត្រូវការតែខ្លួនឯងប៉ុណ្ណោះ។ វាអញ្ជើញឲ្យលោកអ្នកអួតអំពីអ្វីមួយ ឬក៏បុគ្គលណាម្នាក់ផ្សេងទៀត ក្រៅពីព្រះអម្ចាស់ផ្ទាល់។
សរុបសេចក្ដីទៅ លុយគឺជាបញ្ហានៃជំនឿ។ គឺជាការទទួលជឿថា ការធ្វើអ្វីមួយតាមរបៀបព្រះជាម្ចាស់គឺជាផ្លូវដ៏ល្អបំផុតរបស់លោកអ្នក។ ចូរទទួលជឿថា បើលោកអ្នកហ៊ានឲ្យលុយរបស់លោកអ្នក នោះព្រះអង្គក៏នឹងឲ្យលុយនោះមកកាន់លោកអ្នកវិញដែរ។ ចូរទទួលជឿថា លុយក៏អាចជារបស់ល្អដែរ។ ប៉ុន្តែ ចូរកុំជឿឲ្យសោះថា មានវាគឺគ្រប់គ្រាន់ហើយ។ លុយគឺជាអំណោយទានពីព្រះជាម្ចាស់ ប៉ុន្តែអំណោយទានដែលលោកអ្នកពិតជាត្រូវការខ្លាំងជាងគេបំផុតនោះ គឺមានតែនៅក្នុងព្រះជាម្ចាស់មួយអង្គគត់។
មតិយោបល់
Loading…