in

តើ​ការ​អាន​ព្រះ​គម្ពីរ​ត្រូវ​បញ្ចប់​ដោយ​មាន​ការ​អនុវត្ត​គ្រប់​ពេល​?

យើង​បាន​ទទួល​សារ​ជា​ច្រើន​ដែល​សួរ​សំណួរ​ស្រដៀង​គ្នាៗ ដែល​យើង​អាច​សង្ខេប​បាន​ដូច​នេះ៖ គ្រប់​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ តើ​យើង​ត្រូវ​តែ​បញ្ចប់​ដោយ​មាន​គោល​ការណ៍​នៃ​ជីវិត ឬ​ក៏​ចំណុច​ជាក់​លាក់​ណា​មួយ ដើម្បី​អនុវត្ត​មែន​ឬ?

ពិត​ណាស់ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​លើ​សំណួរ​នេះ​ខ្លាំង​ណាស់។ ចម្លើយ​គឺ៖ ទេ! ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​លើ​សំណួរ​នេះ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា ៩៩% នៃ​ជីវិត​យើង​គឺ​យើង​រស់​នៅ​ដោយ​មិន​មាន​ការ​សញ្ជឹង​គិត​ភ្លាមៗ ទាក់​ទង​ទៅ​នឹង​គោល​ការណ៍​នៃ​ជីវិត។ តែ​ផ្ទុយ​ពី​នោះ គឺ​យើង​មាន​សកម្មភាព​វិញ។ ប្រសិន​បើ​លោក​អ្នក​គិត​អំពី​ថ្ងៃ​ណា​មួយ​របស់​លោក​អ្នក នោះ​លោក​អ្នក​នឹង​ឃើញ​ថា មាន​ការ​សម្រេច​ចិត្ត​ធំៗ​រាប់​រយ​ដង​ដែល​លោក​អ្នក​ធ្វើ​ក្នុង​មួយ​ថ្ងៃ​នោះ។ តាម​រយៈ​ពាក្យ «ធំៗ» ខ្ញុំ​មាន​ន័យ​ថា យើង​ធ្វើ​ដោយ​មាន «សម្បជញ្ញៈ»។

ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​គ្រាន់​តែ​កំពុង​សន្ទនា​ជា​មួយ​នឹង​លោក​អ្នក​ប៉ុណ្ណោះ។ គឺ​ខ្ញុំ​គ្រាន់​តែ​ជ្រើស​រើស​ពាក្យ​ពេចន៍​និយាយ ឬ​ក៏​សរសេរ​តែ​ម្ដង។ មុន​ខ្ញុំ​ជ្រើស​រើស​ពាក្យ​ពេចន៍​ណា​មួយ ខ្ញុំ​មិន​បាន​ឈប់ ហើយ​សួរ​ខ្លួន​ឯង​ថា «តើ​មាន​គោល​ការណ៍​អ្វី​កំពុង​គ្រប់​គ្រង​លើ​ពាក្យ​មួយ​នេះ? តើ​មាន​គោល​ការណ៍​ណា​មួយ​ដែល​នឹង​គ្រប់​គ្រង​លើ​ប្រយោគ​មួយ​នេះ?» តែ​ពាក្យ​ពេចន៍​ទាំង​នោះ​គឺ​ហោះ​ចេញ​ពី​មាត់​របស់​ខ្ញុំ​តែ​ម្ដង។

តាម​ពិត​ទៅ នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ខ្លាច​មែន។ ពិត ឬ​ក៏​អត់? តើ​ពាក្យ​ពេចន៍​ទាំង​នោះ​កើត​ចេញ​មក​ពី​ណា? ភាគ​ច្រើន​នៃ​ជីវិត​យើង គឺ​យើង​រស់​នៅ​ដោយ​ឯក​ឯង។ ភាគ​ច្រើន​នៃ​ជីវិត​យើង គឺ​យើង​មិន​បាន​រស់​នៅ បន្ទាប់​ពី​បាន​សញ្ជឹង​គិត​អស់​រយៈ​ពេល​១០​វិនាទី ដោយ​មាន​មូល​ដ្ឋាន​លើ​គោល​ការណ៍​ណា​មួយ​ដែល​ស្រប​តាម​ព្រះ​គម្ពីរ​នោះ​ទេ។ ដូច្នេះ តើ​ការ​ធ្វើ​បែប​នេះ​កើត​ចេញ​ពី​ណា? វា​កើត​ចេញ​ពី​ការ​ដែល​ថា តើ​យើង​ជា​បុគ្គល​ដែល​មាន​លក្ខណៈ​បែប​ណា​រួច​ស្រេច​ទៅ​ហើយ។

ដែល​នេះ​លើក​ឡើង​នូវ​សំណួរ​ថា៖ តើ​លោក​អ្នក​អាច​ក្លាយ​ជា​បុគ្គល​ដែល​មាន​លក្ខណៈ ដែល​អាច​ជា​ដើម​ឈើ​ល្អ ដែល​បង្កើត​ផល​ផ្លែ​ភ្លាមៗ ជា​ជាង​ជា​ដើម​ឈើ​អាក្រក់​ដែល​បង្កើត​ផល​ផ្លែ​អាក្រក់​ភ្លាមៗ​បាន ដោយ​របៀប​ណា? ចម្លើយ​គឺ​ថា៖ លោក​អ្នក​ត្រូវ​តែ​ត្រាំ​ខ្លួន​ក្នុង​ព្រះ​បន្ទូល ហើយ​អនុញ្ញាត​ឲ្យ​ការ​ដែល​លោក​អ្នក​ឃើញ​ព្រះ​យេស៊ូវ និង​ការ​ដែល​លោក​អ្នក​ភ្លក់​រស​ជាតិ​អំពី​ព្រះ​យេស៊ូវ និង​របៀប​របស់​ទ្រង់​នៅ​ក្នុង​ព្រះ​គម្ពីរ​ជះ​ឥទ្ធិពល និង​រចនា​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក​ឡើង។ សូម​ប្រឡាក់​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក​ក្នុង​ទឹក​ជ្រលក់​នៃ​ព្រះ​គុណ រហូត​ទាល់​តែ​ព្រលឹង​នោះ​ទន់ ផុយ ងាយ​គ្រប់​គ្រង​លើ​បាន និង​ងាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ថា​ក្នុង​របៀប​ណា​មួយ នោះ​លោក​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច។

អាន​ព្រះ​គម្ពីរ ដើម្បី​មាន​ការ​ភ្ញាក់​ផ្អើល

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​ហៅ​ឲ្យ​យើង​ឆ្លើយ​លើ​គ្រប់​ពាក្យ​ពេចន៍​ខ្ជះខ្ជាយ ដែល​យើង​និយាយ​ឡើង។ ពាក្យ​ពេចន៍​ខ្ជះខ្ជាយ គឺ​ជា​ពាក្យ​ពេចន៍​ដែល​យើង​បាន​និយាយ​ឡើង​ដោយ​មិន​បាន​យក​ពេល​គិត​លើ​គោល​ការណ៍​ស្រប​តាម​ព្រះ​គម្ពីរ​ដែល​យើង​បាន​ទទួល​ចេញ​ពី​ព្រះ​គម្ពីរ​ពេល​យើង​អាន។ ដូច្នេះ ខ្ញុំ​គិត​ថា ទោះ​អ្នក​ដែល​មាន​ទំនោរ​ក្នុង​ការ​ព្យាយាម​ទទួល​បាន​គោល​ការណ៍​បី​យ៉ាង ឬ​ក៏​ចំណុច​បី​យ៉ាង ឬ​ក៏​អ្វី​ផ្សេង​ទៀត ហើយ​បន្ទាប់​មក​ពួក​គាត់​ព្យាយាម​ត្រាប់​តាម​គោល​ការណ៍​នោះ​ដោយ​ចេតនា ខណៈ​ពេល​ដែល​គាត់​រស់​នៅ គឺ​ពួក​គាត់​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​រួច​បាន ដែល​ព្រះ​អង្គ​មិន​បាន​រចនា​យើង​ឡើង​ក្នុង​ការ​ប្រព្រឹត្ត​នៅ​ឡើយ។

ខ្ញុំ​នឹង​លើក​ឡើង​ដូច​នេះ។ ជីវិត​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់​គឺ​ជា​ជីវិត​ដែល​រស់នៅ​ដោយ​កើត​ចេញ​ពី​បេះដូង ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​ព្រះ​គុណ—«ព្រះ​គុណ​អស្ចារ្យ ជា​ស័ព្ទ​ពីរោះ ដែល​ប្រោះ​មនុស្ស​យ៉ាង​ដូច​ខ្ញុំ»។ ដូច្នេះ យើង​អាន​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​ទទួល​បាន​ការ​ភ្ញាក់​ផ្អើល។ យើង​អាន​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​ទទួល​បាន​ការ​អស្ចារ្យ​អំពី​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​ទទួល​បាន​ការ​អស្ចារ្យ​អំពី​ព្រះ​គ្រីស្ទ អំពី​ឈើ​ឆ្កាង អំពី​ព្រះ​គុណ និង​ទទួល​បាន​ការ​អស្ចារ្យ​ចំពោះ​ដំណឹង​ល្អ។ ហើយ​នៅ​ពេល​ដែល​យើង​ចាប់​អារម្មណ៍​ខ្លាំង ទទួល​បាន​ការ​អស្ចារ្យ និង​ការ​បន្ទាប​ខ្លួន នោះ​យើង​នឹង​ដើរ​ចេញ​ពី​ការ​សិក្សា​របស់​យើង ឬ​ក៏​ងើប​ចេញ​ពី​កៅ​អី ឬ​ក៏​ពី​កន្លែង​ណា​មួយ​ដែល​យើង​កំពុង​តែ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ដោយ​មាន​ចិត្ត និង​គោល​បំណង​អំពី​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន​នៅ​ឯ​តុ​ញ៉ាំ​បាយ ឬ​ក៏​នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ធ្វើ​ការ។

ខ្ញុំ​លើក​ឡើង​ចំណុច​ទាំង​នោះ ដើម្បី​លើក​ឡើង​ថា ខ្ញុំ​មិន​ជំទាស់​ទៅ​នឹង​ការ​ដែល​ខំ​ព្យាយាម​ទទួល​បាន​គោល​ការណ៍​អនុវត្ត​នោះ​ទេ។ បើ​ខ្ញុំ​ជំទាស់ នោះ​ខ្ញុំ​ក៏​នឹង​មិន​សរសេរ​សៀវភៅ ដើម្បី​ផ្ដល់​ជូន​ការ​ព្យាយាម​អនុវត្ត ដែល​ជា​ជំនួយ​ក្នុង​ការ​គិត​នោះ​ទេ។ ប៉ុន្តែ នេះ​គឺ​ជា​គន្លឹះ៖ ការ​សញ្ជឹង​គិត​លើ​សេចក្ដី​ពិត​រចនា​ព្រលឹង​វិញ្ញាណ​ឡើង។ កណ្ឌ​គម្ពីរ ២កូរិនថូស ៣:១៨ បាន​លើក​ឡើង​ថា យើង​ក្លាយ​ជា​អ្វី​ដែល​យើង​មើល។ ដូច្នេះ គោល​បំណង​ចម្បង​របស់​ខ្ញុំ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​គឺ ដើម្បី​ក្លាយ​ជា​បុគ្គល​ដែល​មាន​លក្ខណៈ​ដូច​នោះ។ សូម​កុំ​ព្យាយាម​បង្កើត​គោល​ការណ៍​ច្រើន​ពេក។

ការ​ព្យាយាម​បង្កើត​ការ​គិត​ដោយ​ខ្លួន​ឯង ដែល​រចនា​ឡើង​ដោយ​ព្រះ​វិញ្ញាណ

«លោក​គ្រូ តើ​លោក​គ្រូ​គិត​ថា សម​ទេ​ដែល​យើង​គួរ​លើក​ឡើង​មក​និយាយ​អំពី​ការ​ចេះ​គិត​ដោយ​ខ្លួន​ឯង? តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ក្នុង​ការ​លើក​ឡើង​ថា យើង​រស់នៅ​ជីវិត​បែប​ជា​គ្រីស្ទ​បរិស័ទ ដែល​ទទួល​បាន​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ គឺ​ការ​ចេះ​គិត​ដោយ​ខ្លួន​ឯង​ដែល​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​យើង​គិត?»

ពិត​ណាស់ វា​ស័ក្តិសម។ នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ព្យាយាម​លើក​ឡើង គឺ​ត្រង់​ថា ភាគ​ច្រើន​នៃ​ជីវិត​រស់​នៅ​របស់​យើង គឺ​ជា​ការ​រស់​នៅ​ដោយ​រំពឹង​លើ​ធនធាន​ដែល​យើង​មិន​មែន​កំពុង​តែ​សញ្ជឹង​គិត​ឥឡូវ​នេះ ក្នុង​ខួរ​ក្បាល​យើង​នោះ​ទេ។ ពាក្យ​សម្ដី​របស់​យើង​កំពុង​តែ​កើត​ចេញ​ពី​ខាង​ក្នុង—«តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោក» (ម៉ាថាយ ១៥:១៨)។ ហើយ​ភាគ​រយ​ច្រើន​នៃ​បេះដូង​នេះ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​ដោយ​យើង​មិន​ដឹង​ខ្លួន ឬ​ក៏​ថា​វា​កើត​ឡើង​ដោយ​ឯងៗ ហើយ​ទាំង​នោះ​ក៏​បាន​រចនា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តាម​រយៈ​អ្វី​ដែល​យើង​កំពុង​តែ​ទទួល​យក។ វា​ទទួល​បាន​ការ​រចនា​ឡើង​តាម​អ្វី​ដែល​យើង​ធ្វើ​ជា​មួយ​នឹង​ភ្នែក​របស់​យើង​នៅ​លើ​កញ្ចក់​កុំព្យូទ័រ ហើយ​ជា​ពិសេស​នោះ​គឺ​ថា វា​ទទួល​បាន​ការ​រចនា​ឡើង​តាម​អ្វី​ដែល​យើង​ធ្វើ​ជា​មួយ​នឹង​ព្រះ​គម្ពីរ​របស់​យើង និង​ជា​មួយ​នឹង​ការ​ចំណាយ​ពេល​អធិស្ឋាន។

នៅ​ពេល​ដែល​ខ្ញុំ​បាន​អធិស្ឋាន គឺ​ខ្ញុំ​កំពុង​តែ​ទូល​អង្វរ​ព្រះ​អង្គ «សូម​ព្រះ​អង្គ​ធ្វើ​ការ​ឲ្យ​កាន់​តែ​បាន​ជ្រៅ​ជាង​អ្វី​ដែល​ទូល​បង្គំ​អាច​ធ្វើ​បាន តាម​រយៈ​ការ​អាន​ឥឡូវ​នេះ។ សូម​យក​កាំបិត​វះ​ចុង​ស្រួច​របស់​ព្រះ​អង្គ ហើយ​កុំ​គ្រាន់​តែ​កាត់​អំពើ​បាប​ដែល​ទូល​បង្គំ​ដឹង​ចោល​នោះ​ឡើយ៖ សូម​ព្រះ​អង្គ​វះ​កាត់​ទូល​បង្គំ ដូច​ជា​គ្រូ​ពេទ្យ​ជំនាញ​ខាង​ឯ​វះ​កាត់​ចុះ»។ គ្រូ​ពេទ្យ​វះ​កាត់​តែង​តែ​ដាក់​ថ្នាំ​សណ្ដំ​ឲ្យ​យើង​ដេក ហើយ​ពួក​គាត់​វះ​កាត់​ដោយ​ចូល​ទៅ​ក្នុង​កន្លែង​នៃ​រាង​កាយ​របស់​យើង ដែល​យើង​មិន​ដឹង​អ្វី​អំពី​កន្លែង​នោះ ហើយ​ធ្វើ​ការ​វះ​កាត់​លើ​យើង។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​ត្រូវ​តែ​ធ្វើ​ជា​មួយ​នឹង​យើង​ផង​ដែរ។ ដូច្នេះ ពិត​ណាស់ ខ្ញុំ​គិត​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​គ្រប់​ពេល ក្នុង​ការ​រចនា​សតិសម្បជញ្ញៈ​របស់​យើង​ឡើង។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ជួប ប៊ុនហាក់, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សៀវភៅ​កម្រិត​ដំបូង​ពី​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ

តើ​គ្រីស្ទ​បរិស័ទ​គួរ​តែ​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​និយាយ​ដើមគេ?