១.ការរស់ឡើងវិញគឺជាចំណុចស្នូលនៃជំនឿគ្រីស្ទបរិស័ទ ដូច្នេះយើងមិនត្រូវព្រងើយកន្តើយចំពោះចំណុចនោះឡើយ
នៅសព្វថ្ងៃនេះ យើងសង្កេតឃើញថា មនុស្សដែលប្រកាសដំណឹងល្អ គេផ្ដោតខ្លាំងតែទៅលើឈើឆ្កាងប៉ុណ្ណោះ។ គេមិនសូវអើពើចំពោះការរស់ឡើងវិញទេ ឬក៏គេគ្រាន់តែនិយាយបន្តិចបន្តួចអំពីចំណុចនេះប៉ុណ្ណោះ។ ផ្ទុយទៅវិញ យើងឃើញថា ការប្រកាសដំណឹងល្អនៅក្នុងកណ្ឌគម្ពីរកិច្ចការ តែងតែផ្ដោតទៅលើការរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយមិនសូវនិយាយអំពីការសុគតរបស់ទ្រង់ទេ។ ពួកសាវ័កផ្ដោតខ្លាំងទៅលើការរស់ឡើងវិញ
ជាជាងទៅលើឈើឆ្គាង។
នេះជារឿងមួយគួរឲ្យសោកស្ដាយណាស់ ព្រោះក្រុមជំនុំហាក់បីដូចជារីករាយ ហើយអរសប្បាយតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅពេលបុណ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ តាមពិតទៅ រាល់ថ្ងៃអាទិត្យគួរតែជាថ្ងៃដែលព្រះអង្គរស់ឡើងវិញ។ មូលហេតុដែលក្រុមជំនុំជំនាន់មុនចាប់ផ្ដើមជួបជុំគ្នានៅថ្ងៃទីមួយនៃសប្ដាហ៍ គឺដោយព្រោះតែពួកគាត់ចង់អបអរសាទរចំពោះការដែលព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីស្លាប់។ ចូរនឹកស្រមៃទៅមើលថា តើការក្រុមជំនុំប្រជុំរាល់ថ្ងៃអាទិត្យនឹងមានលក្ខណៈបែបណា ប្រសិនបើការជួបជុំគ្នានោះគឺ ដើម្បីអបអរសាទរចំពោះការរស់ឡើងវិញរបស់ព្រះយេស៊ូវ។
២.ការជឿថា ព្រះយេស៊ូវបានរស់ឡើងវិញខាងឯសាច់ឈាម គឺជាមូលដ្ឋាននៃគោលជំនឿគ្រីស្ទបរិស័ទ
មិនថានិកាយណាមួយនៅក្នុងជំនឿគ្រីស្ទបរិស័ទទេ គឺសុទ្ធតែជឿលើសេចក្ដីពិតដ៏សាមញ្ញមួយដែលថា៖ ផ្នូរនៅទទេ។ គ្រប់និកាយទាំងអស់សុទ្ធតែជឿលើសេចក្ដីពិតនេះ។ មានតែនិកាយសេរីនិយមមួយចំនួនប៉ុណ្ណោះ ដែលមិនជឿថា ព្រះយេស៊ូវបានរស់ឡើងវិញខាងឯសាច់ឈាម ហើយដោយសារគេមិនជឿ ដូច្នេះគេមិនមានសិទ្ធិរាប់ខ្លួនថាជាគ្រីស្ទបរិស័ទទេ។
នៅក្នុងសៀវភៅរបស់ខ្ញុំដែលមានចំណងជើងថា Raised With Christ ខ្ញុំបានផ្ដល់អត្ថន័យអំពីភាពជាគ្រីស្ទបរិស័ទថា៖ គ្រីស្ទបរិស័ទ គឺជាបុគ្គលដែលជឿថាព្រះយេស៊ូវពិតជាបានរស់ឡើងវិញខាងឯសាច់ឈាមមែន ហើយក៏ជាបុគ្គលដែលរស់នៅដោយពឹងលើការរស់ឡើងវិញដែរ។
ខ្ញុំបង្កើតអត្ថន័យខាងលើនេះដោយពឹងលើសេចក្ដីសន្យាដ៏ច្បាស់លាស់របស់សាវ័ក ប៉ុល «ព្រោះបើមាត់របស់អ្នកប្រកាសថាព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តថាព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញមែន នោះអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ» (រ៉ូម ១០:៩ គគខ)។
៣.ការរស់ឡើងវិញ បង្ហាញឲ្យចក្រវាលទាំងមូលឃើញថា ព្រះយេស៊ូវគឺជាព្រះ និងបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះទ្រង់
ព្រះយេស៊ូវ «ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ បានរស់ពីការសោយទិវង្គតឡើងវិញ…» (រ៉ូម ១:៤ គគខ)។
តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះយើងនឹងមើលឃើញពីធាតុពិតរបស់ទ្រង់ «…ព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាប…» (កិច្ចការ ៥:៣០-៣១ គគខ)។
៤.ប្រសិនបើព្រះយេស៊ូវមិនបានរស់ឡើងវិញទេ នោះក៏គ្មានក្រុមជំនុំដែរ
ក្រោយពីគេបានមកចាប់ព្រះយេស៊ូវ ហើយសម្លាប់ទ្រង់ទៅ ពួកសិស្សមានការវង្វេង គ្មានជំនួយ ហើយក៏ភ័យខ្លាចផងដែរ។ សាវ័ក ពេត្រុស បានបដិសេធថាមិនស្គាល់ព្រះយេស៊ូវ ហើយសាវ័កផ្សេងៗទៀតក៏បានរត់ចេញពីទ្រង់ផងដែរ។ ទង្វើរបស់ពួកគេបែបនេះ ធ្វើឲ្យយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពួកគាត់ដដែលនោះ ជាអ្នកដែលប្រកាសអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយក៏បាននាំមនុស្សជាច្រើននៅលើផែនដីនេះឲ្យជឿលើព្រះយេស៊ូវដែរ។
ប្រសិនបើពួកសាវ័កគ្មានទំនុកចិត្តដែលមិនចេះរាថយចំពោះការរស់ឡើងវិញរបស់ព្រះយេស៊ូវទេ នោះប្រហែលជាពួកគេមិនហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់រហូតដល់ឲ្យអ្នកដទៃសម្លាប់ពួកគេដូច្នេះទេ។ មានមនុស្សជាច្រើនហ៊ានស្លាប់ ដើម្បីជំនឿខុសឆ្គង ដែលខ្លួនជឿថាជាសេចក្ដីពិត។ ប៉ុន្តែ ដែលឲ្យពួកសាវ័កទាំងអស់ព្រមស្លាប់ដោយសារជំនឿរបស់ខ្លួន ខណៈដែលខ្លួនដឹងថាមិនមែនជាសេចក្ដីពិតនោះ គឺមិនអាចទៅរួចទេ។
ក្រុមជំនុំមិនបានបង្កើតសាច់រឿងអំពីការរស់ឡើងវិញនោះទេ ប៉ុន្តែការរស់ឡើងវិញបានបង្កើតឲ្យមានក្រុមជំនុំ។
៥.មូលហេតុមួយដែលការប្រកាសដំណឹងល្អមិនសូវមានប្រសិទ្ធភាព គឺប្រហែលជាមកពីយើងព្រងើយកន្តើយចំពោះការរស់ឡើងវិញរបស់ព្រះយេស៊ូវ
លោកគ្រូ ឆាល ស្ពើជិន (Charles Spurgeon) បានសម្គាល់ឃើញថា មូលហេតុដែលការអធិប្បាយមិនមានប្រសិទ្ធភាពនៅជំនាន់គាត់ ព្រោះពួកគាត់មិនផ្ដោតខ្លាំងទៅលើការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ដូច្នេះលោកគ្រូ ស្ពើរជិន ក៏ប្ដេជ្ញាចិត្តដោយអធិប្បាយផ្ដោតទៅលើការរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយការនោះបាននាំឲ្យមនុស្សជាច្រើនទទួលជឿលើព្រះយេស៊ូវ។ ប្រសិនបើយើងជ្រើសរើសមិនអធិប្បាយអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះយើងក៏មិនគួរភ្ញាក់ផ្អើលដែរ ដែលមិនឃើញមានអ្នកជឿនោះ។
នៅពេលដែលសាវ័ក ប៉ុល និយាយអំពីដំណឹងល្អ គឺគាត់តែងតែរៀបរាប់អំពីជ័យជម្នះដ៏អស្ចារ្យនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ដំណឹងល្អនេះហើយដែល «ជាព្រះចេស្ដានៃព្រះសម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ» (រ៉ូម ១:១៦)។
៦.ការរស់ឡើងវិញបានទិញការរាប់ជាសុចរិតរបស់យើង
នៅពេលដែលលោកអ្នកសួរគ្រីស្ទបរិស័ទអំពីការរាប់ជាសុចរិត ពួកគាត់តែងតែលើកឡើងអំពីការសុគតរបស់ព្រះយេស៊ូវ ដែលបានបង់ថ្លៃជំនួសអំពើបាបរបស់យើង។ ប៉ុន្តែ ប្រសិនបើការរាប់ជាបរិសុទ្ធ គ្រាន់តែជាការដកចេញនូវពិរុទ្ធភាព នោះមានន័យថា យើងមានភាពស្អាតស្អំ ហើយយើងត្រូវចំណាយពេលពេញមួយជីវិតដោយបារម្ភថា តើយើងនឹងធ្វើខុសម្ដងទៀតដែរឬទេ។ សាវ័ក ប៉ុល បានប្រាប់យើងឲ្យបដិសេធគំនិតបែបនោះ «ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត» (រ៉ូម ៤:២៥)។
ខព្រះគម្ពីរនេះចង់មានន័យថា នៅពេលដែលព្រះយេស៊ូវបានរស់ឡើងវិញ ព្រះជាម្ចាស់បានរាប់ទ្រង់ជាសុចរិត ហើយនោះមិនគ្រាន់តែមានន័យថា ទ្រង់គ្មានបាបប៉ុណ្ណោះទេ តែក៏មានន័យថាទ្រង់ជាអត្ថន័យនៃសេចក្ដីបរិសុទ្ធដែរ។ ភាពល្អឥតខ្ចោះរបស់ព្រះយេស៊ូវ ខ្លាំងជាងអំពើបាបរបស់យើង។ ឥឡូវនេះ ព្រះជាម្ចាស់បានរាប់គ្រីស្ទបរិស័ទជាមនុស្សសុចរិត មិនមែនគ្រាន់តែថា «ខ្ញុំមិនដែលប្រព្រឹត្តិបាបប៉ុណ្ណោះនោះឡើយ» ប៉ុន្តែថា «ខ្ញុំបានរស់នៅដោយមានភាពបរិសុទ្ធ»។
ប្រសិនបើយើងមិនដឹងអំពីសេចក្ដីពិតដ៏អស្ចារ្យនេះទេ នោះមានន័យថា យើងមិនទាន់ស្គាល់អំណរនៃសេចក្ដីសង្គ្រោះនៅឡើយទេ។ ព្រះយេស៊ូវគឺជាសេចក្ដីស្ដាប់បង្គាប់របស់យើង ដោយទ្រង់បានធ្វើជាអ្នកជំនួសយើងតាមរយៈជីវិតរបស់យើង។ ទ្រង់បានរងទុក្ខជំនួសយើងតាមរយៈការសុគតរបស់ទ្រង់ ហើយទ្រង់ក៏ជាការកើតជាថ្មីជំនួសយើងតាមរយៈការរស់ឡើងវិញរបស់ទ្រង់ដែរ។
៧.ការរស់ឡើងវិញផ្ដល់អំណរដល់យើង ព្រោះយើងដឹងថា ព្រះគ្រីស្ទគង់នៅជាមួយយើង
ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងគង់នៅជាមួយយើងរហូតដល់អស់កល្បជានិច្ច។ ការនេះបណ្ដាលឲ្យមានការផ្លាស់ប្រែក្នុងគ្រប់ចំណុចទាំងអស់។ វីរបុរសដែលស្លាប់ ហើយកប់ក្នុងផ្នូរ មិនអាចជួយយើងបានឡើយ។ ប៉ុន្តែ ព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ ហើយគង់នៅស្ថានសួគ៌ នាំឲ្យយើងមានទំនុកចិត្តយ៉ាងខ្លាំង!
ដោយព្រោះផ្នូរគ្មានសព ហើយដោយព្រោះព្រះយេស៊ូវគង់នៅលើបល្ល័ង្ក នោះយើងមានទំនុកចិត្តយ៉ាងប្រាកដថា យើងនឹងមានជ័យជម្នះ មិនថាមានអ្វីកើតឡើងនៅលើលោកនេះក៏ដោយ។ ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ»
(ម៉ាថាយ ១៦:១៨)។
៨.ការរស់ឡើងវិញផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមក្រោយការស្លាប់
យើងរស់នៅក្នុងសង្គមដែលមានការបាក់បែក ហើយមិនយូរមិនឆាប់ គ្រីស្ទបរិស័ទទាំងអស់នឹងប្រឈមមុខជាមួយការខូចចិត្ត ដោយសារអ្នកដែលខ្លួនស្រឡាញ់បានស្លាប់។ នៅពេលដែលសាវ័ក ប៉ុល ប្រាប់យើងមិនឲ្យ «កើតទុក្ខព្រួយដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម» (១ថែសាឡូនិច្ច ៤:១៣) គាត់មិនមែនមានន័យថា យើងនឹងមិនប្រឈមមុខនឹងការខូចចិត្តនោះឡើយ។
ប៉ុន្តែ ដោយព្រោះព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីស្លាប់ នោះយើងក៏មានទំនុកចិត្តថា នៅថ្ងៃមួយយើងនឹងរស់ឡើងវិញដែរ ហើយយើងនឹងជួបព្រះយេស៊ូវ ព្រមទាំងមនុស្សដែលយើងស្រឡាញ់ជាថ្មីម្ដងទៀត។ ការដែលយើងយល់ដឹងអំពីចំណុចនេះ នោះនឹងធ្វើឲ្យយើងកែប្រែគំនិតទាំងស្រុងនៅពេលដែលយើងប្រឈមមុខជាមួយ
សេចក្ដីស្លាប់។
៩.ការរស់ឡើងវិញនាំឲ្យគ្រីស្ទបរិស័ទទាំងអស់រួបរួមជាមួយប្រភពនៃការផ្ដល់ជីវិត ដែលនាំឲ្យព្រះយេស៊ូវរស់ឡើងវិញ
តាមរយៈការរស់ឡើងវិញនេះហើយដែល «លោកអ័ដាមក្រោយបង្អស់[បានត្រឡប់]ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ» (១កូរិនថូស ១៥:៤៥)។ ហើយសាវ័ក ប៉ុល បានប្រាប់យើងថា «ព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា» (រ៉ូម ៨:១១)។
យើងអាចទទួលបានអំណាចដ៏អស្ចារ្យនេះ ដែលនឹងបំផ្លាស់បំប្រែ ហើយបង្រៀន ព្រមទាំងផ្ដល់កម្លាំងដល់យើង។ «ហើយថា ព្រះចេស្ដាដ៏ខ្លាំងលើសលន់របស់ទ្រង់ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកម្លាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ ជាព្រះចេស្ដាដែលទ្រង់បានសម្ដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្ដាំទ្រង់ នៅស្ថានដ៏ខ្ពស់» (អេភេសូរ ១:១៩-២០)។
១០.ដោយសារការរស់ឡើងវិញ យើងដឹងថាព្រះយេស៊ូវនឹងយាងមកថ្កោលទោស ហើយសោយរាជនៅលើលោកនេះដោយផ្ទាល់
ការដែលគ្រីស្ទបរិស័ទដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ពិតជាធ្វើឲ្យពួកគេមានសេចក្ដីអំណរយ៉ាងខ្លាំង ប៉ុន្តែការនោះក៏ជារឿងគួរឲ្យកោតខ្លាចសម្រាប់អស់អ្នកដែលមិនទាន់ជឿលើព្រះយេស៊ូវគ្រីស្ទផងដែរ។ ដោយសារការរស់ឡើងវិញ នោះយើងដឹងយ៉ាងប្រាកដថា ព្រះយេស៊ូវដែលបានយាងត្រឡប់ទៅស្ថានសួគ៌វិញនោះ ទ្រង់នឹងយាងត្រឡប់មកវិញ។
«ពីដើម ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជម្រះលោកីយ៍ដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានតម្រូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ» (កិច្ចការ ១៧:៣០-៣១)។
អរគុណព្រះអង្គដែលទ្រង់បានឲ្យខ្ញុំប្រទហនឹងអត្ថបទនេះ។ ប្រទេសកម្ពុជាត្រូវការព្រះគ្រីស្ទ។
អរគុណច្រើនសម្រាប់មេរៀននេះជួយអោយខ្ញុំយល់កាន់តែបានច្រើនជាងមុនអំពីអត្ថប្រយោជន៍នៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ បើព្រះគ្រីស្ទមិនរស់ឡើងវិញទេ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់យើងនឹងទៅជាឥតប្រយោជន៍ យើងនឹងក្លាយទៅជាអ្នកកុហកអ្នកដទៃ។