អំពើបាប៖ ខ្ញុំមិនអាចរស់នៅជាមួយវាបានទេ ប៉ុន្តែម្ដងហើយម្ដងទៀតខ្ញុំនៅតែឃើញថា ខ្ញុំមិនអាចរស់នៅដោយគ្មានវាបានដែរ។ ខ្ញុំដឹងថា ខ្ញុំបានមានសេរីភាពចេញពីអំពើបាបហើយ ពោលគឺមានសេរីភាពពីអំណាចនៃអំពើបាប ប៉ុន្តែខ្ញុំនៅតែបន្តធ្វើបាប។ ព្រះបន្ទូលបានប្រាប់ខ្ញុំថា មិនឲ្យអំពើបាបសោយរាជ្យលើខ្ញុំ ហើយក៏ប្រាប់ថា បើខ្ញុំពិតជាកូនរបស់ព្រះយ៉ាងពិតប្រាកដមែន នោះខ្ញុំនឹងមិនបន្តប្រព្រឹត្តបាបទៀតទេ (រ៉ូម៦:១២, ១យ៉ូហាន ៣:៩)។ ប៉ុន្តែ ខ្ញុំនៅតែបន្តធ្វើបាប។ ទោះបីនៅពេលដែលខ្ញុំខិតខំផ្ដោតលើអំពើបាបជាក់លាក់ណាមួយក៏ខ្ញុំឃើញថា ខ្ញុំមិនអាចបញ្ឈប់វាបាន នៅមិនអាចសម្លាប់វាទាំងស្រុងចោលបាន។ គំនិតរបស់ខ្ញុំមិនអាចធ្វើបាន ចិត្តរបស់ខ្ញុំក៏មិនអាចធ្វើបាន ឆន្ទៈរបស់ខ្ញុំមិនអាចធ្វើបាន ហើយដៃរបស់ខ្ញុំក៏មិនអាចធ្វើបានដែរ។ អំពើបាបនោះទំនងមិនអាចសោយរាជ្យជាស្ដេចបានមែន ប៉ុន្តែវានៅតែបន្តកើតឡើងជាការល្បងល និងសេចក្ដីល្បួងស្ថិតស្ថេរមួយដដែល។
នៅក្នុងសៀវភៅ ជីវិតគ្រីស្ទបរិស័ទ៖ សេចក្ដីណែនាំគោលលទ្ធិ លោកគ្រូ សិនឃ្លែរ ហ្វឺហ្គូសិន (The Christian Life: A Doctrinal Introduction Sinclair Ferguson) បានសរសេរអំពីទំនាក់ទំនងដ៏ពិបាកយល់នៃអំពើបាបនេះដល់គ្រីស្ទបរិស័ទ ហើយផ្ដល់នូវពាក្យនៃការដឹងប្រាកដច្បាស់ថា «យើងមិនមែនជាយើងទៀតទេ យើងមិនមានទំនាក់ទំនងជាមួយនឹងអំពើបាបដូចពីមុនទៀតទេ»។ នេះសំខាន់ណាស់សម្រាប់ខ្ញុំ ដើម្បីឲ្យយល់ និងចងចាំក្នុងចិត្ត នៅពេលខ្ញុំតស៊ូនឹងអំពើបាប មិនថាអំពើបាបណាក៏ដោយ។ ខ្ញុំមិនមែនជាអ្វីដូចពីមុនទេ។ ខ្ញុំមិនមែនជាបុគ្គលដូចពីមុនទៀតដែរ។ ពីមុនខ្ញុំជាបាវបម្រើនៃអំពើបាប វាគ្រប់គ្រងលើខ្ញុំ ដោយប្រទាញខ្ញុំមិនអាចឲ្យខ្ញុំឈប់បាន។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំជាបាវបម្រើរបស់ចៅហ្វាយមួយផ្សេងទៀត។ ខ្ញុំជារបស់ផងព្រះ ហើយចុះចូលចំពោះទ្រង់។ ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងអំពើបាបមានការផ្លាស់ប្ដូរទាំងស្រុង។
ប៉ុន្តែ ខ្ញុំនៅតែខឹង។ ខ្ញុំនៅតែបញ្ចេញអាការៈខឹងសម្បារ។ ខ្ញុំនៅតែក្ដៅក្រហាយក្នុងកំហឹង។ ខ្ញុំនៅតែការប៉ងប្រាថ្នាដែលកើតចេញពីសេចក្ដីកំហឹង ហើយរងទុក្ខការឈឺចាប់នឹងលទ្ធផលនៃកំហឹងរបស់ខ្ញុំ។ ហើយនោះគ្រាន់តែជាអំពើបាបមួយប៉ុណ្ណោះ។ ខ្ញុំនៅតែមានចិត្តស្រើបស្រាល ចិត្តច្រណែន រមិលគុណ ហើយនៅធ្វើបាបក្នុងរបៀបជាច្រើនទៀត។ ខ្ញុំបានស្លាប់ខាងឯអំពើបាប ប៉ុន្តែអំពើបាបមិនបានស្លាប់នៅខាងក្នុងខ្ញុំនៅឡើយទេ។ ប៉ុន្តែ មានភាពផ្សេងខុសពីគ្នា ហើយភាពផ្លាស់ប្ដូរនោះគឺ៖ អំពើបាបមិនមានអំណាចជាស្ដេចគ្រប់គ្រងលើខ្ញុំទៀតទេ។ ហើយជាក់ស្ដែង ខ្ញុំក៏មិនមានទំនាក់ទំនងជាមួយវា ហាក់បីដូចជាថាវាមានអំណាចគ្រប់គ្រងលើខ្ញុំទៀតឡើយ។ ខ្ញុំត្រូវតែប្រាកដឲ្យច្បាស់ថា បទពិសោធន៍នៃអំពើបាបរបស់ខ្ញុំត្រូវតែស្របតាមការទេវវិទ្យារបស់ខ្ញុំ ទាក់ទងនឹងអំពើបាប។
កំហឹងមិនមែនជាម្ចាស់ខ្ញុំទៀតទេ។ ព្រះគ្រីស្ទជាម្ចាស់របស់ខ្ញុំ។ ភាពស្រើបស្រាលមិនជំរុញចិត្តខ្ញុំទេ។ ព្រះគ្រីស្ទជំរុញចិត្តខ្ញុំ។ ការច្រណែនមិនមានជ័យជម្នះចុងក្រោយទេ។ ព្រះគ្រីស្ទទទួលបានជ័យជម្នះចុងក្រោយ។ ឈើឆ្កាងឈរនៅទីនោះ ទុកជាតំណាងនៃការដឹងប្រាកដច្បាស់ថា ខ្ញុំទទួលបានការសង្គ្រោះចេញពីអំណាចនៃអំពើបាបនោះ ហើយនៅទីបំផុតនៅថ្ងៃណាមួយ នោះខ្ញុំនឹងបានប្រោសឲ្យរួចចេញពីវត្តមានរបស់វាទាំងស្រុង។ អំពើបាបនៅក្នុងខ្ញុំ ប៉ុន្តែខ្ញុំនៅក្នុងព្រះគ្រីស្ទ។ ហើយអ្វីដែលមាននៅក្នុងខ្ញុំគឺត្រូវបានដាក់លើទ្រង់នៅលើឈើឆ្កាង។ នៅពេលនោះ ទ្រង់បានយកជ័យជម្នះលើវា។ ទ្រង់បានបំបាក់អំណាចរបស់វា។ ហើយឥឡូវនេះ ខ្ញុំគ្រាន់តែត្រូវរង់ចាំ ដោយតយុទ្ធ គឺរង់ចាំឲ្យទ្រង់មានព្រះបន្ទូលហើយបញ្ចប់វា ម្ដងជាសម្រេចសម្រាប់ទាំងអស់។
អំពើបាប៖ ខ្ញុំមិនអាចរស់នៅជាមួយវាបានទេ ប៉ុន្តែម្ដងហើយម្ដងទៀតខ្ញុំនៅតែឃើញថា ខ្ញុំមិនអាចរស់នៅដោយគ្មានវាបានដែរ។
មតិយោបល់
Loading…