in

អត្ថ​ប្រយោជន៍​ប្រាំ​មួយ​យ៉ាង​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​សម្រាប់​ការ​បង្កើត​សិស្ស

«ការ​ផ្សាយ​ដំណឹង​ល្អ​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ»។ លោក ធា ដែល​ជា​អ្នក​បើក​បរ​តាក់​ស៊ី​របស់​ខ្ញុំ
បាន​ប្រាប់​មក​កាន់​ខ្ញុំ​នូវ​ឃ្លា​មួយ​នេះ នៅពេល​ដែល​គាត់​កំពុង​ឌុប​ខ្ញុំ​ក្នុង​តាក់ស៊ី Grab ឆ្ពោះ​ទៅ​កាន់​កន្លែង​ប្រជុំ ដែល​ខ្ញុំ​នឹង​ចូល​រួម​នោះ។ ការ​សន្ទនា​របស់​យើង​បាន​ប្រែ​ទៅ​ជា​ការ​សន្ទនា​អំពី​សេចក្តី​ជំនឿ​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ដែល​គាត់​បាន​ដឹង​ថា ខ្ញុំ​មិន​បាន​មក​ទី​ក្រុង​ភ្នំពេញ​សម្រាប់ ដើម្បី​ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ ដូច​ជា​អ្នក​ដំណើរ​ភាគ​ច្រើន​របស់​គាត់​នោះ​ទេ។
«តើ​អ្នក​ចង់​មាន​ន័យ​យ៉ាង​ណា?» ខ្ញុំ​បាន​សួរ​ទៅ​កាន់​គាត់​ដោយ​ក្តី​រំពឹង​ជឿ​ជាក់​ថា គាត់​នឹង​ពន្យល់​ប្រាប់​ខ្ញុំ​ពីរ​របៀប​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​នាំ​គាត់​ឲ្យ​ទទួល​ជឿ​លើ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ នោះ​មិន​មែន​ជា​អ្វី​ដែល​គាត់​ចង់​សំដៅ​នៅ​ក្នុង​ឃ្លា​ដែល​គាត់​បាន​និយាយ​នោះ​ទេ។ គាត់​ចង់​មាន​ន័យ​ថា ការ​ផ្សាយ​ដំណឹង​ល្អ​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់។
គាត់​បាន​ពន្យល់​ថា៖ «ការ​រៀន​ចែក​ចាយ​អំពី​សេចក្តី​ជំនឿ​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ បញ្ហា​សំខាន់ៗ​ជា​ច្រើន។ វា​បាន​នាំ​ឲ្យ​ខ្ញុំ​គិត​ក្នុង​របៀប​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​គិត​ពី​មុន​មក។ ហើយ​ក្មេង​ប្រុស​ដែល​នៅ​ក្បែរ​អ្នក នៅ​ពេល​ដែល​អ្នក​បាន​នាំ​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ នោះ​អ្នក​នឹង​មិន​ដែល​ភ្លេច​វា​នោះ​ឡើយ។ វា​ហាក់​ដូច​ជា​អ្នក​មិន​អាច​បញ្ឈប់​វា​បាន​ទេ! គ្មាន​អ្វី​ផ្សេង ដែល​ដូច​ទៅ​នឹង​កិច្ច​ការ​នោះ​ទេ!»
ទី​បន្ទាល់​របស់ លោក ធា អំពី​ឥទ្ធិ​ពល​នៃ​ការ​មាន​កម្លាំង​ខាង​ឯ​វិញ្ញាណ​ក្នុង​ការ​ចែក​ចាយ​សេចក្តី​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​ត្រូវ​បានឮ​ជា​មួយ​នឹង​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដើរ​ដោយ​ផ្ទាល់​ជា​មួយ​ព្រះ​យេស៊ូវ តាម​រយៈ​ការ​ធ្វើ​ព័ន្ធ​កិច្ច​ជា​មួយ​សិស្ស និង​ការ​ដឹក​នាំ​ក្រុម​ជំនុំ​ក្នុង​រយៈ​ពេល ២២ឆ្នាំ​មក​នេះ។
ប៉ុន្តែ តើ​យើង​បាន​គិត​ញឹក​ញាប់​ប៉ុណ្ណា​អំពី​ការ​បង្កើត​សិស្ស និង​ការ​ផ្សាយ​ដំណឹង​ល្អ​ថា ជា​ទិដ្ឋភាព​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា និង​មិន​មាន​ទំនាក់​ទំនង​គ្នា​ក្នុង​ជីវិត​របស់​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ? កាន់​តែ​គ្រោះ​ថ្នាក់​ជាង​នេះ​ទៅ​ទៀត យើង​តែង​តែ​ចាត់​ទុក​ការ​បង្កើត​សិស្ស​របស់​យើង​ជា​រឿង​ចាំបាច់ ហើយ​ការ​ផ្សាយ​ដំណឹង​ល្អ​គ្រាន់​តែ​ជា​ជម្រើស ដែល​យើង​អាច​ជ្រើស​រើស​ធ្វើ​នៅ​ពេល​ណា​ក៏​បាន។ មួយ​វិញ​សោត យើង​គិត​ថា​ការ​ផ្សាយ​ដំណឹង​ល្អ គឺ​សម្រាប់​អ្នក​ដែល​មាន​ចិត្ត​ខ្នះខ្នែង​បំផុត និង​អ្នក​ដែល​មាន «អំណោយ​ទាន​ខាង​វិញ្ញាណ» នៅ​ក្នុង​ក្រុម​ជំនុំ​ប៉ុណ្ណោះ។
សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រប់​រូប គួរតែ​ផ្សាយ​ដំណឹង​ល្អ 
ប៉ុន្តែ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ធ្វើ​ការ​បង្ហាញ​នូវ​រូប​ភាព​មួយ​ដែល​សិស្ស​របស់​ព្រះ​គ្រីស្ទ​ជា​ធម្មតា និង​ដោយ​ធម្មតា​ពួក​គេ​គ្រប់​រូប គឺ​តែង​តែ​ចូល​រួម​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ដូច​ជា​នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ ការ​អធិស្ឋាន និង​ការ​ថ្វាយ​បង្គំ​រួម​គ្នា។ ចាប់​ពី​គ្រីស្ទ​បរិស័ទ​ជំនាន់​ថ្មី រហូត​ដល់​ពួក​អ្នក​បរិសុទ្ធ​សម័យ​មុន គឺ​ពួក​គាត់​បាន​ចាត់​ទុក​ការ​ចែក​ចាយ​ដំណឹង​ល្អ ជា​រឿង​ចាំ​បាច់ និង​មាន​សារៈសំខាន់​សម្រាប់​ជីវិត​ដែល​រីក​លូត​លាស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ។
យើង​ភាគ​ច្រើន​បានឮ​ដោយ​ត្រចៀក​ផ្ទាល់​របស់​យើង ហើយ​យើង​ថែម​ទាំង​បាន​ធ្វើ​ការ​អធិប្បាយ​ផ្ដោត​ទៅលើ​ប្រធាន​បទ​នៃ​មហា​បេសកកម្ម «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស» (ម៉ាថាយ ២៨:១៨-២០)។ ហើយ​យើង​បាន​បង្រៀន​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​ថា ពួក​គេ​គួរតែ​ជា​បុគ្គល​ដែល​ជា​អ្នក​ធ្វើ​ការ​បង្កើត​សិស្ស។ ប៉ុន្តែ យើង​ក៏​ត្រូវតែ​ដឹង​ច្បាស់​ដែរ​ថា «ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស» គឺ​ពាក់​ព័ន្ធ​ជា​ចាំ​បាច់​នឹង​ការ​ជួយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ក្លាយ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​ឲ្យ​បាន​ក្លាយ​ជា​សិស្ស ពោល​គឺ​ត្រូវ​ធ្វើ​ការ​ផ្សាយ​ដំណឹង​ល្អ​ទៅ​ដល់​អ្នក​ទាំង​នោះ។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ពី​គំរូ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ​មក​កាន់​យើង ដែល​ជា​អ្នក​ដើរ​តាម​ទ្រង់ (ម៉ាកុស ១:១៤-១៥; ម៉ាថាយ ៩:៣៥) ហើយ​ទ្រង់​បាន​បង្ហាត់​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ដូច​គ្នា​នឹង​ទ្រង់​ដែរ (ម៉ាកុស ៦:៧-១៣; លូកា ១០:១-១២)។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ព្រះ​យេស៊ូវ បាន​មាន​បន្ទូល​ថា ពួក​គេ​នឹង​ធ្វើ​ជា «ទី​បន្ទាល់​ពី​ខ្ញុំ…រហូត​ដល់​ចុង​ផែនដី​បំផុត​ផង» (កិច្ចការ ១:៨)។
ផ្នែក​មួយ​នៃ​ការ​បង្រៀន​របស់​ពួក​សាវ័ក​ដែល​ថា ក្រុម​ជំនុំ​ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ បាន​លះបង់​ខ្លួន​របស់​ពួក​គេ ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ២:៤២ គឺ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ​ផ្សាយ​ដំណឹង​ល្អ​ជា​ប្រចាំ និង​ទៀង​ទាត់​ជា​មួយ​នឹង​ក្រុម​គ្រួសារ មិត្តភក្ដិ និង​មនុស្ស​ប្លែក​មុខ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ទទួល​សេចក្តី​សង្គ្រោះ​ជា​រៀង​រាល់​ថ្ងៃ (កិច្ចការ ២:៤៧) ចាប់​តាំង​ពី​សប្ដាហ៍​ដំបូង និង​ខែ​បន្ទាប់ៗ ក្រោយ​ពី​បុណ្យ​ថ្ងៃទី៥០។ ការ​ផ្សាយ​ដំណឹង​ល្អ ជា​ផ្នែក​មួយ​នៃ​ជីវិត​ថ្មី​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ។
អត្ថ​ប្រយោជន៍​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ 
ខាង​ក្រោម​នេះ គឺ​ជា​វិធី​ប្រាំ​មួយ​យ៉ាង​ដែល​ធ្វើ​ឲ្យ​ការ​ផ្សាយ​ដំណឹង​ល្អ​ជា​ផ្នែក​ចាំ​បាច់​នៃ​ការ​បង្កើត​សិស្ស និង​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ជា​សិស្ស​ដែល​មាន​ភាព​ចាស់​ទុំ។
១. ការ​ផ្សាយ​ដំណឹង​ល្អ​ជួយ​រក្សា​ដំណឹង​ល្អ​ជា​ចំណុច​ស្នូល​នៅ​ក្នុង​ជីវិត និង​ក្រុម​ជំនុំ​របស់​យើង។ 
ដំណឹង​ល្អ​បង្កើត​ជា​ក្រុម​ជំនុំ (កូឡូស ១:៥-៦) ជា​ដំណឹង​ដ៏​សំខាន់ (១កូរិនថូស ១៥:១-៣) ហើយ​ផ្តល់​កម្លាំង​ដល់​ការ​រីក​លូត​លាស់​របស់​យើង​ក្នុង​ព្រះ​គ្រីស្ទ (ភីលីព ១:៦)។ ដូច្នេះ យើង​គួរ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង ក្នុង​អំណាច​ដែល​យើង​ទទួល​បាន​ពី​ព្រះ​គ្រីស្ទ ដើម្បី​រក្សា​ដំណឹង​ល្អ​ឲ្យ​នៅ​ជា​ចំណុច​ស្នូល​ក្នុង​ជីវិត​របស់​យើង។ យើង​ដឹង​ថា លោកីយ៍​ដែល​យើង​កំពុង​រស់នៅ សាច់ឈាម​របស់​យើង និង​អារក្ស​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​បំបាត់​ដំណឹង​ល្អ​មិន​ឲ្យ​មើល​ឃើញ​នៅ​ក្នុង​ជីវិត​របស់​យើង។
លោក ឌី អេ ខាសុន (D. A. Carson) បាន​មាន​ប្រសាសន៍​ថា វិធី​មួយ​ដែល​យើង​អាច​រក្សា​ទុក​ដំណឹង​ល្អ​នៅ​ក្នុង​ជីវិត​របស់​យើង​បាន គឺ​ជា​ការ​ខិតខំ ដើម្បី​ធ្វើ​ការ​រំលែក​ដំណឹង​ល្អ​នោះ​ទៅ​ដល់​អ្នក​ដទៃ​ទៀត។ ការ​ផ្សាយ​ដំណឹង​ល្អ​ជួយ​យើង​ឲ្យ​រក្សា​នូវ​សារ​នៃ​ដំណឹង​ល្អ ដូច​ជា​ក្បាល​ម៉ាស៊ីន​នៃ​ជីវិត​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ព្រះ​គ្រីស្ទ។
២. ការ​ផ្សាយ​ដំណឹង​ល្អ​ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​សេចក្តី​ពិត ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​នៃ​បទ​គម្ពីរ។  
ការ​និយាយ​អំពី​ដំណឹង​ល្អ​ជា​មួយ​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​បាន​បង្ខំ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ ដែល​គាំទ្រ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ។ បញ្ហា​ដូច​ជា លក្ខណសម្បត្តិ​របស់​ព្រះ ភាព​បរិសុទ្ធ សេចក្តី​ក្រោធ ការ​បង្កើត​មនុស្ស​នៅ​ក្នុង​រូប​អង្គ​ទ្រង់ អំពើ​បាប ព្រះ​គុណ ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទ និង​ការ​ជំនុំ​ជម្រះ​ដែល​ទាំង​អស់​នេះ​ហើយ សុទ្ធ​តែ​ត្រូវ​មាន​ការ​ផ្ដោត​អារម្មណ៍​យ៉ាង​មុតមាំ។ យើង​ត្រូវតែ​មាន​ការ​គិត​តាម​រយៈ​ការ​ពន្យល់​ពី​គោល​គំនិត​ទាំង​នេះ ទៅ​កាន់​មនុស្ស​ផ្សេងៗ​គ្នា និង​ក្នុង​កាលៈទេសៈ​ផ្សេងៗ​គ្នា។ ហើយ​យើង​រៀន​បាន​កាន់​តែ​ច្បាស់​ពី សេចក្តី​ពិត​ទាំង​នេះ​បាន​ភ្ជាប់​ជា​មួយ​គ្នា​នូវ​បទ​គម្ពីរ​ទាំង​អស់ គឺ​ចាប់​ពី​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ដល់​កណ្ឌ​គម្ពីរ វិវរណៈ។
ខ​គម្ពីរ​មួយ ក្នុង​ចំណោម​ខ​គម្ពីរ​ផ្សេង​ទៀត​ដែល​បង្ហាញ​យ៉ាង​ច្បាស់​បំផុត​អំពី​អត្ថ​ប្រយោជន៍​លើ​ការ​បង្កើត​សិស្ស​ក្នុង​​ការ​ផ្សាយ​ដំណឹង​ល្អ គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលេម៉ូន ១:៦ «ខ្ញុំ​សូម​ឲ្យ​សេចក្តី​ប្រកប​នៃ​សេចក្តី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង​ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សម្រាប់​ព្រះ​គ្រីស្ទ​យេស៊ូវ»។
ការ​ស្គាល់​អ្វីមួយ ហើយ​ពន្យល់​វា​ដល់​អ្នក​ដែល​មិន​យល់ ឬ​អ្នក​មិន​ជឿ វា​គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា។ សេចក្តី​ពិត​ដ៏​មាន​តម្លៃ​ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​សម្រាប់​ជីវិត​របស់​យើង នៅ​ពេល​យើង​បាន​ពន្យល់​សេចក្តី​ពិត​ទាំង​នោះ​ដល់​អ្នក​ដទៃ​ទៀត។
៣. ការ​ផ្សាយ​ដំណឹង​ល្អ​ដែល​មាន​ការ​ជំរុញ​ចិត្ត​ត្រឹម​ត្រូវ​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​អ្នក​ជិត​ខាង​យើង។ 
គ្រប់​មនុស្ស​ទាំង​អស់​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ឲ្យ​អស់​អំពី​ចិត្ត និង​ស្រឡាញ់​អ្នក​ដទៃ (ម៉ាកុស ១២:២៨-៣១)។ ការ​ចែករំលែក​សេចក្តី​ជំនឿ​របស់​យើង​ដោយ​ព្រោះ​យើង​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​ដល់​អស់​អ្នក ដែល​បាន​ដុត​ភ្លើង​នៃ​សេចក្តី​ស្រឡាញ់​នេះ ឲ្យ​កាន់​តែ​កើន​ឡើង​ខ្លាំង​បន្ថែម​ទៀត។ ខ្ញុំ​មិន​ដែល​បាន​ឃើញ​ការ​ផ្សាយ​ដំណឹង​ល្អ​ដែល​មាន​ការ​ជំរុញ​ចិត្ត​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ផ្ទុយ​ទៅ​វិញ​នោះ​ទេ។
ប្រសិន​បើ លោក​អ្នក​មិន​ទាន់​បាន​នាំ​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​ជឿ​លើ​ព្រះ​គ្រីស្ទ​ទេ ខ្ញុំ​គ្រាន់​តែ​អាច​ធ្វើ​ការ​រៀប​រាប់​ប្រាប់​ដល់​លោក​អ្នក​នូវ​សេចក្តី​អំណរ ជា​អំណាច​នៃ​ការ​ផ្លាស់​ប្រែ​តាមរយៈ​ដំណឹង​ល្អ ដែល​ខ្ញុំ​មាន​បទ​ពិសោធន៍​ថ្មីៗ​នេះ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ ការ​មើល​ឃើញ​ពី​ដួង​ចិត្ត​ខ្ទេច​ខ្ទាំ ដោយ​សារ​អំពើ​បាប​របស់​ពួក​គេ បាន​នាំ​ឲ្យ​ដួង​ចិត្ត​របស់​ខ្ញុំ​កាន់​តែ​ខ្ទេច​ខ្ទាំ​ខ្លាំង​ឡើង ដោយ​សារ​អំពើ​បាប​របស់​ខ្ញុំ​ផ្ទាល់។ ការ​មើល​ឃើញ​ពួក​គេ​មាន​ភាព​រីករាយ​ក្នុង​សេរី​ភាព​នៃ​ការ​លើក​លែង​ទោស ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ទទួល​យក​ភាព​រីក​រាយ​នោះ​មក​ដាក់​ក្នុង​ជីវិត​របស់​ខ្ញុំ​កាន់​តែ​ច្រើន។ ការ​ទទួល​បាន​ឯក​សិទ្ធិ​នៃ​ការ​នាំ​អ្នក​ណា​ម្នាក់​ទៅ​រក​ព្រះ​គ្រីស្ទ បាន​រំឭក​យើង​អំពី​ព្រះ​ដ៏​មាន​អំណាច​ចេស្ដា ព្រះ​ដ៏​បរិសុទ្ធ និង​ព្រះ​ដែល​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា គឺ​ទ្រង់​មាន​អ្វី​ច្រើន​ជាង​ការ​ដែល​យើង​ធ្លាប់​គិត​ចំពោះ​ទ្រង់។
ដូច​គ្នា​ផង​ដែរ នៅ​ពេល​ដែល​យើង​ចែក​រំលែក​សារ​នៃ​ដំណឹង​ល្អ​នៃ​សេចក្តី​សង្ឃឹម​ជា​មួយ​អ្នក​ដទៃ ព្រះ​គ្រីស្ទ មាន​បន្ទូល​សន្យា​ថា ពេល​ខ្លះ​ពួក​គេ​នឹង​បដិសេធ​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​ប្រហែល​ពួក​គេ​នឹង​បដិសេធ​យើង​ផង​ដែរ (យ៉ូហាន ១៥:១៨-២០)។ ពេល​ដែល​រឿង​នេះ​បាន​កើត​ឡើង ដួង​ចិត្ត​របស់​ខ្ញុំ​កាន់​តែ​ខ្ទេច​ខ្ទាំ​ជាង​មុន ដោយ​សារ​ការ​ជាប់​ឃុំ​ឃាំង និង​ភាព​ខ្មៅ​ងងឹត​ដែល​អំពើ​បាប​បាន​នាំមក​ដល់​មនុស្ស​លោក។ ខ្ញុំ​បាន​ពិចារណា​លើ​ការ​ជំនុំជម្រះ​នៅ​ពេល​ខាង​មុខ ដោយ​មាន​ភាព​បន្ទាន់។ ហើយ​ខ្ញុំ​មាន​ចម្ងល់​ម្តង​ទៀត​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​សង្គ្រោះ​ខ្ញុំ ជា​មនុស្ស​មាន​បាប​ដូច​អ្នក​ដែល​បដិសេធ​ខ្ញុំ និង​អ្នក​បដិសេធ​ដំណឹង​ល្អ​របស់​ទ្រង់​ដែរ។
៤. ការ​ផ្សាយ​ដំណឹង​ល្អ​ធ្វើ​ឲ្យ​មាន​សំណួរ និង​ការ​ជំទាស់​ដែល​នឹក​ស្មាន​មិន​ដល់​ពី​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ដែល​អាច​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​យើង​កាន់​តែ​រឹងមាំ។ 
ខ្ញុំ​បាន​រស់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​អស់​រយៈ​ពេល​ជិត ១០ឆ្នាំ ហើយ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​ប្រជា​ជន​មូស្លីម និង​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ឲ្យ​នៅ​ជាប់​លាប់​នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បែរ​ទៅ​រក​ទ្រង់ ដោយ​ស្វែងរក​ចម្លើយ​ដ៏​ឈ្លាស​វៃ​ពី​ទ្រង់ ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​សំណួរ​របស់​ពួក​គេ។
នៅ​កន្លែង​លក់​អាហារ​មួយ​ក្បែរ​ការិយាល័យ​ធ្វើ​ការ​របស់​យើង ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​នៅ​ពេល​រសៀល​របស់​ខ្ញុំ ដើម្បី​បង្កើត​មិត្តភក្ដិ​អ្នក​កាន់​សាសនា​ឥស្លាម។ ជា​រឿយៗ ការ​សន្ទនា​របស់​យើង​បាន​ប្រែ​ទៅ​លើ​ប្រធាន​បទ​នៃ​សេចក្តី​ជំនឿ ហើយ​ខ្ញុំ​ក៏​មាន​ឱកាស ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​នាំ​ឲ្យ​គ្រីស្ទ​បរិស័ទ មាន​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះ​គ្រីស្ទ។ ខ្ញុំ​មិន​អាច​ធ្វើ​ការ​ឆ្លើយ​រាល់​សំណួរ​របស់​ពួក​គេ​ភ្លាមៗ​បាន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បែរ​ទៅ​ព្រះ និង​ព្រះបន្ទូល​ទ្រង់ ដើម្បី​ស្វែង​រក​ចម្លើយ​សេចក្តី​ជំនឿ​របស់​ខ្ញុំ ត្រូវ​បាន​ពង្រឹង​ឲ្យ​បាន​រឹងមាំ ដោយ​សារ​ការ​ធ្វើ​កិច្ច​ការ​ទាំង​នោះ។ ការ​ចែក​រំលែក​សេចក្តី​ជំនឿ​របស់​ខ្ញុំ នាំ​ឲ្យ​ខ្ញុំ​ស្ថិត​នៅ​ទី​តាំង​មួយ​ដ៏​ត្រឹម​ត្រូវ ដើម្បី​ស្តាប់​ការ​ទាស់​ប្រឆាំង​ទៅ​នឹង​ដំណឹង​ល្អ​ពី​សំណាក់​អ្នក​ដែល​មិន​ជឿ និង​ធ្វើ​ឲ្យ​ខ្ញុំ​ខិត​ខំ​រក​ចម្លើយ​ចំពោះ​សំណួរ ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​សួរ​ខ្លួន​ឯង​នោះ។
៥. ការ​ផ្សាយ​ដំណឹង​ល្អ​ការ​ពារ​យើង​ពី​ការ​ស្មាន​ខុស​ថា អ្នក​នៅ​ជុំ​វិញ​យើង​ត្រូវ​បាន​សង្គ្រោះ។ 
អស់​អ្នក​ណា​ដែល​មិន​បាន​កើត​ជា​ថ្មី តាមរយៈ​ការ​ជឿ​លើ​ព្រះ​យេស៊ូវ នោះ​មិន​បាន​ទទួល​ការ​បង្កើត​សិស្ស​ស្រប​តាម​ព្រះ​គម្ពីរ​ឡើយ។ ពួក​គេ​មិន​បាន និង​មិន​អាច​រីក​ចម្រើន​ក្នុង​ការ​ដែល​អាច​គោរព​ព្រះ​អម្ចាស់​បាន​ឡើយ (រ៉ូម ៨:៥-៨)។
គ្រោះ​ថ្នាក់​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​ជំនុំ​សព្វថ្ងៃ​នេះ គឺ​ការ​សន្មត​ថា ការ​សង្គ្រោះ​របស់​មនុស្ស គ្រាន់​តែ​ប្រកាស​ ដោយ​ប្រើ​ឈ្មោះ​ថា​ខ្លួន​ជា «គ្រីស្ទ​បរិស័ទ» ឬ​បាន​ចូល​រួម​សកម្ម​ភាព​របស់​ក្រុម​ជំនុំ។ ការ​មិន​ប្រុង​ប្រយ័ត្ន​ចំពោះ​អស់​អ្នក​ណា ដែល​យើង​បាន​ចាត់​ទុក​ថា «បាន​កើត​ជា​ថ្មី» ជា​រឿយៗ​មាន​ឫស​គល់​របស់​វា នៅ​ក្នុង​ទស្សនៈ ដែល​ការ​ប្រែ​ចិត្តជឿ​ពិត​ប្រាកដ​មិន​ស្រប​តាម​ព្រះ​គម្ពីរ (សូម​មើល សៀវភៅ​កំណត់​ត្រា​អំពី សញ្ញា​ទាំង៩ នៃ​ការ​ប្រែ​ចិត្ត​ជឿ​ពិត​ប្រាកដ)។ ពេល​ខ្លះ ការ​ភ័យ​ខ្លាច​របស់​មនុស្ស​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​អះ​អាង​ថា ជា​អ្នក​មាន​ជំនឿ​ដែល​ពួក​គាត់​មាន​អារម្មណ៍​ថា ពួក​គេ​ប្រហែល​ជា​មិន​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​នោះ​ទេ។
ប៉ុន្តែ ការ​ដាក់​ឲ្យ​ដំណឹង​ល្អ​ជា​ផ្នែក​មួយ​នៃ​ការ​សន្ទនា​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​ជា​រឿយៗ​នឹង​នាំ​ឲ្យ​គ្រីស្ទ​បរិស័ទ​តែ​ឈ្មោះ​បាន​កើត​ជា​ថ្មី​ពិត​ប្រាកដ​ដោយ​ព្រះ​វិញ្ញាណ។
៦. ការ​ផ្សាយ​ដំណឹង​ល្អ​បាន​បង្កើន​លទ្ធ​ភាព​នៃ​ការ​បៀតបៀន​ចំពោះ​ដំណឹង​ល្អ ដែល​នាំ​ឲ្យ​យើង​រីកចម្រើន។ 
មាន​ហេតុ​ផល​មួយ ដែល​ខ្ញុំ​មិន​បាន​ចាប់​ផ្ដើម​ជា​មួយ «អត្ថ​ប្រយោជន៍» នេះ។ ទោះជា​យ៉ាងណា សូម​ពិចារណា​នៅ​កណ្ឌ​គម្ពីរ រ៉ូម ៥:៣-៥៖

មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំទ្រ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​សាំ​ថ្នឹក សេចក្តី​សាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពីព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ។

ខណៈ​ពេល​ដែល​យើង​មិន​គួរ​ស្វែង​រក​ការ​រង​ទុក្ខ ដើម្បី​ឲ្យ​គ្រាន់​តែ​ទទួល​បាន​ការ​រង​ទុក្ខ នោះ​យើង​គួរ​ត្រៀម​ខ្លួន ដើម្បី​ទទួល​យក​ការ​រង​ទុក្ខ ដើម្បី​ដំណឹង​ល្អ​វិញ (២ធីម៉ូថេ ១:៨; រ៉ូម ៨:១៧)។ តាម​ពិត ការ​រង​ទុក្ខ ដោយ​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ដូច​ជា​ការ​រង​ទុក្ខ​សម្រាប់​ពួក​ជំនុំ​ដើម​ដែរ (កិច្ចការ ៥:៤១)។ ហើយ​ការ​ចែក​ចាយ​ដំណឹង​ល្អ​របស់​យើង​បាន​ជួយ​ធានា​ថា យើង​នឹង​រង​ទុក្ខ​ដោយ​សារ​ដំណឹង​ល្អ ជា​ជាង​ការ​រង​ទុក្ខ ដោយ​សារ​ការ​សម្រេច​ចិត្ត​ដែល​មិន​សម​រម្យ ឬ​ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​គ្មាន​ហេតុ​ផល។ ការ​រង​ទុក្ខ​សម្រាប់​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​កាន់​តែ​រឹងមាំ នៅ​ពេល​ដែល​យើង​សម្លឹង​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ ដែល​ទ្រង់​បាន​រង​ទុក្ខ​ជំនួស​អំពើ​បាប​របស់​យើង។
ការប្រុងប្រយ័ត្ន និង​ការ​លើក​ទឹក​ចិត្ត
ពាក្យ​មួយ​នៃ​ការ​ប្រុង​ប្រយ័ត្ន៖ នៅ​ពេល​លោក​អ្នក​ត្រូវ​បាន​ជំរុញ​ទៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ដែល​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​សិស្ស​របស់​លោក​អ្នក សូម​លោក​អ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​កម្មវិធី​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ។ ខ្ញុំ​បាន​រៀប​រាប់​អំពី​ការ​ផ្សាយ​ដំណឹង​ល្អ​ថា ត្រូវ​តែ​ជា «ធម្ម​ជាតិ និង​ធម្មតា»។ នៅ​ពេល​ដែល​យើង​អាច​ធ្វើ​ការ​ផ្សាយ​ដំណឹង​ល្អ​បាន ដោយ​សារ​តែ​យើង​បាន​ចូល​រួម​ក្នុង​កម្មវិធី​មួយ នោះ​យើង​មិន​អនុវត្ត​តាម​របៀប​ដែល​ព្រះ​គម្ពីរ​បាន​រៀប​រាប់​អំពី​ការ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ជីវិត​អ្នក​ជឿ​នោះ​ទេ។ សូម​ចាត់​ទុក​ការ​ផ្សាយ​ដំណឹង​ល្អ​ជា​កម្មវិធី​មួយ ដែល​អាច​ផ្តាច់​ចេញ​ពី​ការ​បង្កើត​សិស្ស និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។
នៅ​ទី​បំផុត យើង​ត្រូវ​តែ​ដក​កង់​ទប់​សម្រាប់​ក្មេងៗ​រៀន​ជិះ​កង់​ចេញ​ពី​កង់។ ដូច​គ្នា​ផង​ដែរ កម្មវិធី​ដែល​ល្អ គឺ​ដរាប​ណា​យើង​មើល​ឃើញ​ថា វា​ជា​ទម្រង់ និង​ជា​រចនា​សម្ពន្ធ​ដែល​នៅ​ទី​បំផុត យើង​នឹង​ផ្លាស់​ប្ដូរ​ទៅ​រក​ការ​រួម​បញ្ចូល​ដែល​មាន​លក្ខណៈ​ធម្មជាតិ និង​ធម្មតា​កាន់​តែ​ច្រើន​ឡើង​ទៅ​ក្នុង​ជីវិត​របស់​យើង។
ជា​ចុង​ក្រោយ ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​បំផុត​តែមួយ​គត់​សម្រាប់​ក្រុម​ជំនុំ និង​មិត្តភក្តិ​គ្រីស្ទ​បរិស័ទ​របស់​លោក​អ្នក​ក្នុង​ការ​ចែក​រំលែក​សេចក្តី​ជំនឿ​របស់​ពួក​គាត់​យ៉ាង​សកម្ម​បាន​នោះ គឺ​សម្រាប់​គ្រូ​គង្វាល​រៀម​ច្បង និង​ពួក​ចាស់​ទុំ ត្រូវ​តែ​មើល​ឲ្យ​ឃើញ និង​បាន​ឮ​អំពី​ការ​ចែក​រំលែក​សេចក្តី​ជំនឿ​របស់​សមាជិក​ក្រុម​ជំនុំ​របស់​ខ្លួន។ ក្រុម​ជំនុំ​គ្រប់​រូប​នឹង​រៀន​បាន​ល្អ​បំផុត​អំពី​អ្វី ដែល​លោក​អ្នក​មាន​ចិត្ត​រំភើប​ខ្លាំង​ចំពោះ​វា។ ប្រសិន​បើ​លោក​អ្នក​ជា​គ្រូ​គង្វាល នោះ​លោក​អ្នក​ត្រូវ​មាន​ចិត្ត​រំភើប​ក្នុង​ការ​ចែក​ចាយ​សេចក្តី​ជំនឿ​របស់​លោក​អ្នក​ដល់​អ្នក​ដទៃ ហើយ​ក្រុម​ជំនុំ​នឹង​រៀន​ពី​ចិត្ត​រំភើប​របស់​លោក​អ្នក​នេះ ដើម្បី​ចែក​ចាយ​សេចក្តី​ជំនឿ​របស់​ពួក​គាត់ ដល់​អ្នក​ដទៃ​បន្ថែម​ទៀត។ ខណៈ​ដែល​ពួក​គាត់​បាន​ធ្វើ​ការ​ប្រកាស​ពី​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ នោះ​ពួក​គាត់​នឹង​រីក​លូត​លាស់​ឡើង នៅ​ក្នុង​ភាព​ជា​សិស្ស។
ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​នៅ​ក្នុង​មហា​បេសកកម្ម​ថា «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស…ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង» (ម៉ាថាយ ២៨:១៩-២០)។ នៅ​ពេល​យើង​បង្កើត​សិស្ស យើង​ត្រូវ​ប្រាកដ​ថា យើង​បាន​ធ្វើ​ជា​គំរូ ហើយ​បង្រៀន​ពួក​គេ​នូវ​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​បាន​បង្គាប់​ដល់​យើង រួម​បញ្ចូល​ទាំង​សេចក្តី​អំណរ និង​ព្រះ​ពរ​នៃ​ជីវិត​ក្នុង​ការ​ផ្សាយ​ដំណឹង​របស់​យើង។
និពន្ធ​ដោយ៖ Brian Parks
បក​ប្រែ​ដោយ៖ លោក ង៉ែត វិទូ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូល​រៀន​វិញ—ការ​អធិស្ឋាន​សម្រាប់​កូន​បេសកជន

គ្រូ​គង្វាល​របស់​ខ្ញុំ​មិន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​សោះ តើ​ការ​នោះ​មិន​អី​ទេ?