in

ចូរ​ប្រាប់​កូនៗ​របស់​អ្នក​ថា ពួក​គេ​ជា​មនុស្ស​មាន​បាប!

Parents, Tell Your Kids They Are Sinners

កូន​ប្រុស​ខ្ញុំ​មាន​បញ្ហា​ម្ដង​ទៀត​ហើយ។

ដើម​ឡើយ នោះ​ជា​ថ្ងៃ​មួយ​ដ៏​ល្អ ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​បញ្ហា​កើត​ឡើង។ ពេល​នោះ ​គាត់​កំពុង​រត់​លេង​ជា​មួយ​បង​ស្រី​របស់​គាត់​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​បង​ស្រី​របស់​គាត់​មិន​សូវ​រត់​លឿន​ដូច​គាត់​ទេ ហើយ​ដោយ​សារ​បង​ស្រី​របស់​គាត់​នៅ​ពី​មុខ​គាត់ គាត់​ក៏​រត់​បុក​បង​ស្រី រួច​បង​ស្រី​ក៏​យំ។ ខ្ញុំ​បាន​ស្រែក​ដាក់​គាត់ ហើយ​ដេញ​គាត់​ឲ្យ​ទៅ​ក្នុង​បន្ទប់​របស់​គាត់។

ក្រោយ​ពី​ខ្ញុំ​ដឹង​ខ្លួន​ថា​បាន​ធ្វើ​ខុស​ចំពោះ​គាត់ ដោយ​ការ​ស្រែក​ដាក់​គាត់​ចេញ​ពី​កំហឹង​របស់​ខ្ញុំ​ហើយ​នោះ ខ្ញុំ​ក៏​ទៅ​រក​គាត់​នៅ​ក្នុង​បន្ទប់​របស់​គាត់។ ពេល​ខ្ញុំ​ចូល​ទៅ​ដល់ ខ្ញុំ​បាន​ឃើញ​គាត់​កំពុង​ដេក​ផ្កាប់​មុខ​យំ ហើយ​គាត់​បាន​និយាយ​ថា «ខ្ញុំ​ពិត​ជា​មនុស្ស​ល្ងីល្ងើ​ណាស់ ខ្ញុំ​មិន​ដែល​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​សោះ គឺ​ខ្ញុំ​តែង​តែ​ធ្វើ​ខុស។ បង​ស្រី​របស់​ខ្ញុំ​តែង​តែ​ធ្វើ​ល្អ​ចំពោះ​ខ្ញុំ តែ​ខ្ញុំ​តែង​តែ​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់។ ប៉ុន្តែ ខ្ញុំ​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​សោះ។»

ខ្ញុំ​គិត​ថា រឿង​បែប​នេះ​មិនមែន​គ្រាន់តែ​កើត​មាន​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​ទេ។ កូន​ប្រុស​របស់​ខ្ញុំ​បាន​មើល​ងាយ​ខ្លួន​ឯង​យ៉ាង​ខ្លាំង ប៉ុន្តែ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​មាន​កម្រិត​ខ្លាំង​ណាស់​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ។

ការ​ចោល​ឱកាស

នៅ​ពេល​នោះ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត។ ជម្រើស​ទី១ ខ្ញុំ​អាច​ប្រាប់​គាត់​ថា «កូន​គ្រាន់​តែ​ត្រូវ​ព្យាយាម​ឲ្យ​ខ្លាំង​ជាង​មុន នោះ​កូន​នឹង​ធ្វើ​បាន​យ៉ាង​ល្អ​ជា​មិន​ខាន» ឬ​ក៏​ជម្រើស​ទី២ គឺ​ខ្ញុំ​អាច​ប្រាប់​គាត់​ថា «កូន​ពិត​ជា​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ឡើយ»។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ជឿ​ថា យើង​មាន​បាប​តាំង​ពី​កំណើត​មក​ម៉្លេះ គឺ​បាប​ដែល​ជា​មរតក​ពី​ជី​ដូន​ជី​តា​របស់​យើង។ និស្ស័យ​បាប​របស់​យើង​បាន​បង្ខូច​ភាព​ដូច​ជា​រូប​អង្គ​នៃ​ព្រះ ប៉ុន្តែ​មិន​បាន​បំផ្លាញ​ទាំង​ស្រុង​ឡើយ។ យើង​តែង​តែ​ចង់​បាន​សិរីល្អ ជា​ជាង​ថ្វាយ​សិរីល្អ​ដល់​ព្រះ ហើយ​យើង​តែង​តែ​ចង់​ធ្វើ​ជា​អ្នក​គ្រប់​គ្រង ​ជា​ជាង​ធ្វើ​ជា​អ្នក​បម្រើ។ យើង​តែង​តែ​ចង់​បាន​ភាព​អរសប្បាយ ជា​ជាង​លះបង់​[ដើម្បី​ប្រយោជន៍​អ្នក​ដទៃ] ហើយ​យើង​ក៏​តែង​តែ​ស្ដាប់​ខ្លួន​ឯង ជា​ជាង​ស្ដាប់​តាម​ព្រះ​ដែរ។

កាលៈទេសៈ​ដែល​កូន​ខ្ញុំ និង​ខ្ញុំ​កំពុង​ជួប​ប្រទះ គឺ​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​អាច​បង្រៀន​កូន​ខ្ញុំ​ថា គាត់​ជា​មនុស្ស​មាន​បាប។ គាត់​បាន​ធ្វើ​បាប​ទាស់​នឹង​បង​ស្រី​របស់​គាត់ ព្រោះ​គាត់​បាន​រត់​បុក​បង​ស្រី​របស់​គាត់​ឲ្យ​ដួល។ គាត់​បាន​ធ្វើ​បាប​ទាស់​នឹង​ឪពុក​ម្ដាយ ព្រោះ​មិន​បាន​ស្ដាប់​តាម​ការ​ណែនាំ​ដែល​ឪពុកម្ដាយ​បាន​ប្រាប់​ថា កុំ​ឲ្យ​រត់​លេង​លឿនៗ​ពេក។ គាត់​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ​ជាម្ចាស់ ព្រោះ​គាត់​បាន​គិត​ពី​ខ្លួន​ឯង​ជា​មុន ជា​ជាង​គិត​អំពី​ព្រះ។

អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​រឿង​ខូច​ខាត​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ព្រោះ​ទោះ​បី​ជា​គាត់​បាន​រត់​បុក​ធ្វើ​ឲ្យ​បង​ស្រី​របស់​គាត់​ដួល​ក៏​ដោយ ក៏​បង​ស្រី​របស់​គាត់​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ប៉ុន្តែ នោះ​មិន​មែន​ជា​ចំណុច​សំខាន់​ដែល​ខ្ញុំ​ចង់​និយាយ​ទេ។ ចំណុច​សំខាន់​នោះ​គឺ និស្ស័យ​បាប​តែង​តែ​ទាម​ទារ​ឲ្យ​យើង​គិត​ពី «ខ្លួន​ឯង​ជា​មុន»។ ហើយ​នោះ​ឯង​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ។

នៅ​ពេល​ដែល​យើង​កំពុង​និយាយ​អំពី​អំពើ​បាប​របស់​គាត់ ខ្ញុំ​បាន​រំឭក​គាត់​អំពី​ដំណឹង​ល្អ​ដែល​ថា ព្រះ​ជាម្ចាស់​បាន​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​សុគត​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​ការ​អត់​ទោស។ ដោយ​សារ​យើង​បាន​ទទួល​ការ​អត់​ទោស ដូច្នេះ​យើង​គួរ​តែ​រស់​នៅ​ឲ្យ​ខុស​ពី​មុន ប៉ុន្តែ​មិន​មែន​រស់​នៅ​សម្រាប់​ឲ្យ​ទ្រង់​ទទួល​យក​យើង​នោះ​ទេ គឺ​រស់​នៅ​ដោយ​សារ​ទ្រង់​បាន​ទទួល​យក​យើង​វិញ។ យើង​បដិសេធ​ខ្លួន​ឯង ហើយ​ទទួល​យក​ព្រះ​ជាម្ចាស់ ព្រោះ​ទ្រង់​ស្រឡាញ់​យើង និង​កំពុង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​រូប​អង្គ​នៃ​ទ្រង់ ហើយ​នៅ​ពេល​ដែល​យើង​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​គ្រីស្ទ នោះ​យើង និង​ផែនដី​នេះ​គឺ​គ្រាន់​តែ​បង្ហាញ​ពី​ការ​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​តែ​ប៉ុណ្ណោះ។

ប្រសិនបើ​ខ្ញុំ​មិន​ព្រម​ប្រាប់​កូនៗ​ខ្ញុំ​ថា ពួក​គាត់​ជា​មនុស្ស​មាន​បាប នោះ​មាន​ន័យ​ថា ខ្ញុំ​បាន​បោះបង់​ចោល​ឱកាស​ក្នុង​ការ​បង្ហាញ​ពី​ព្រះ​គុណ​នៃ​ដំណឹងល្អ​ហើយ។

និស្ស័យ​ទាស់​នឹង​ព្រះ​គុណ

ក្នុង​នាម​ជា​គ្រូ​គង្វាល​សម្រាប់​ក្រុម​មនុស្ស​វ័យ​ក្មេង ក្ដី​បារម្ភ​មួយ​របស់​ខ្ញុំ​គឺ​អំពី​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ ​ដែល​ចូល​ព្រះ​វិហារ​តាំង​ពី​ខ្លួន​នៅ​តូច ព្រោះ​ពួក​គេ​ជា​ច្រើន​មាន​និស្ស័យ​ទាស់​នឹង​ដំណឹងល្អ ដោយ​សារ​ហេតុ​ផល​ពីរ​យ៉ាង៖ ១) ភាព​យុត្តិធម៌​របស់​ខ្លួន ២) ការ​ដែល​ពួក​គេ​ស្គាល់​ព្រះ​គម្ពីរ។ នៅ​ពេល​ដែល​យើង​គិត​ថា យើង​មិន​ចាំបាច់​លន់តួ​បាប និង​ប្រែ​ចិត្ត​ដោយ​ផ្ទាល់ ដោយ​សារ​គិត​ថា​ខ្លួន​មិន​មែន​ជា​មនុស្ស​មាន​បាប នោះ​មាន​ន័យ​ថា​យើង​បាន​បោះបង់​សេចក្ដី​ល្អ​នៃ​ដំណឹងល្អ​ចោល និង​បាន​គិត​ថា​ដំណឹងល្អ​គឺ​សម្រាប់​តែ​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្នុង​នាម​ជា​ឪពុកម្ដាយ យើង​មិន​អាច​សាងសង់​នៅ​លើ​មូលដ្ឋាន​ដែល​គ្មាន​គ្រឹះ​បាន​ឡើយ។ នៅ​ពេល​ដែល​យើង​លន់តួ​បាប​របស់​ខ្លួន​ចំពោះ​កូនៗ នោះ​មាន​ន័យ​ថា យើង​កំពុង​ទទួល​ស្គាល់​ថា កូនៗ​របស់​យើង​ដឹង​នូវ​អ្វី​ដែល​ពួក​គេ​ដឹង នោះ​គឺ៖ ឪពុកម្ដាយ​យើង​ជា​អ្នក​មាន​បាប ហើយ​ពួក​គាត់​ត្រូវ​ការ​ព្រះ​យេស៊ូវ​យ៉ាង​ខ្លាំង។ ប្រសិនបើ​ឪពុកម្ដាយ​មិន​ព្រម​ធ្វើ​ជា​គំរូ​ក្នុង​ការ​លន់តួ​បាប​ទេ នោះ​មាន​ន័យ​ថា​យើង​កំពុង​តែ​ធ្វើ​ជា​គំរូ​ដល់​ពួក​គេ​ថា ខ្លួន​យើង​ជា​មនុស្ស​យុត្តិធម៌​ហើយ ក៏​បង្ហាញ​ថា​យើង​ពឹង​លើ​ការ​ល្អ​របស់​ខ្លួន​ដោយ​មិន​ឲ្យ​កិត្តិយស​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ជា​ព្រះ​ដែល​បាន​ញែក​យើង​ជា​បរិសុទ្ធ​ដែរ។

នៅ​ពេល​ដែល​យើង​មិន​បង្រៀន​កូនៗ​របស់​យើង​អំពី​អំពើ​បាប នោះ​មាន​ន័យ​ថា​យើង​កំពុង​តែ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ពិបាក​ក្នុង​ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ហើយ។ ប្រសិនបើ​ពួក​គេ​មិន​ដឹង​ពី​ពិរុទ្ធភាព​របស់​ខ្លួន​ទេ នោះ​ពួក​គេ​នឹង​មិន​លន់តួ​បាប​របស់​ខ្លួន ឬ​ក៏​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ជឿ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​បង្រៀន​ពួក​គេ​អំពី​និស្ស័យ​បាប​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​មាន​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​អធិស្ឋាន​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ប្រទាន​កម្លាំង​ដល់​ពួក​គេ​ក្នុង​ការ​តយុទ្ធ​នឹង​សេចក្ដី​ល្បួង។

ចូរ​បង្រៀន​អំពី​ដំណឹងល្អ​ដល់​ពួក​គេ

ប្រសិនបើ​យើង​ចង់​ឲ្យ​កូនៗ​របស់​យើង​ស្គាល់​ព្រះ​គ្រីស្ទ និង​ស្រឡាញ់​ទ្រង់ ដាច់​ខាត​គឺ​យើង​ត្រូវ​តែ​ប្រាប់​ពួក​គេ​អំពី​សេចក្ដីពិត​ដែល​ទាក់​ទង​នឹង​ពួក​គេ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​ពួក​គេ​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ជា​រូប​អង្គ​នៃ​ទ្រង់ ប៉ុន្តែ​អំពើ​បាប​បាន​ឃុំឃាំង​ពួក​គេ។ ចូរ​ចាំ​ថា៖ ដំណឹងល្អ​នៅ​ក្នុង​ព្រះគម្ពីរ​ពិតជា​ដំណឹង​ដ៏​ល្អ​មែន។ ចូរ​ប្រកាស​អំពី​អំណាច​របស់​ព្រះ​ជាម្ចាស់​ចំពោះ​សេចក្ដី​សង្គ្រោះ។ ចូរ​បង្ហាញ​ពួក​គេ​ឲ្យ​ឃើញ​ពី​សេចក្ដី​សង្ឃឹម ដែល​ចេញ​មក​ពី​ការ​ប្រែ​ចិត្ត និង​ជំនឿ ទាំង​ក្នុង​ក្ដី​សង្គ្រោះ និង​ការ​ញែក​ជា​បរិស័ទ​ផង។

នៅ​ពេល​ដែល​ខ្ញុំ​និយាយ​អំពី​រឿង​នេះ​ជា​មួយ​ឪពុកម្ដាយ​ដទៃ​ទៀត ពួក​គាត់​តែង​តែ​បង្ហាញ​ទឹក​មុខ​របស់​គាត់​ដល់​ខ្ញុំ​ថា ខ្ញុំ​ហាក់​បី​ដូច​ជា​មនុស្ស​ហួស​ហេតុ​ពេក​ហើយ បើ​ទោះ​ជា​ពួក​គាត់​មាន​ភាព​ពេញ​វ័យ​ខាង​ឯ​សេចក្ដី​ជំនឿ​ក៏​ដោយ។ ប៉ុន្តែ ខ្ញុំ​អធិស្ឋាន​ទូល​សូម​ដល់​ព្រះ​កុំ​ឲ្យ​ពួក​គាត់​គិត​បែប​នេះ ដ្បិត​នោះ​គួរ​តែ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​សម្រាប់​ឪពុកម្ដាយ​ដែល​យក​ដំណឹង​ល្អ​ជា​គោល​ក្នុង​ការ​ចិញ្ចឹម​កូន។

តើ​នេះ​មាន​ន័យ​ថា យើង​ត្រូវ​ចាប់​ផ្ដើម​ចង្អុល​រាល់​អំពើ​បាប​ដែល​កូនៗ​យើង​បាន​ធ្វើ ហើយ​ស្រែក​ដាក់​ពួក​គេ​ថា ពួក​គេ​ជា​មនុស្ស​មាន​បាប? មិន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ស្វែង​រក​ដោយ​ពឹង​លើ​សេចក្ដី​អធិស្ឋាន ដើម្បី​ឲ្យ​មាន​កម្លាំង​ចិត្ត និង​ប្រាជ្ញា​ក្នុង​ការ​បង្រៀន​ពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដល់​ជីវិត​របស់​ពួក​គេ នៅ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​ឱកាស​ដល់​យើង។ ការ​ធ្វើ​បែប​នេះ គឺ​តម្រូវ​ឲ្យ​យើង​ប្រាប់​ពួក​គេ​ថា ពួក​គេ​ជា​មនុស្ស​មាន​បាប ហើយ​យើង​ក៏​ត្រូវ​តែ​ប្រាប់​ពួក​គេ​ថា ព្រះ​ស្រឡាញ់​មនុស្ស​មាន​បាប និង​ប្រាប់​ពួក​គេ​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​សង្គ្រោះ​មនុស្ស​មាន​បាប​ដែរ។

ប្រសិនបើ​គ្មាន​ដំណឹង​អាក្រក់​ទេ នោះ​យើង​ក៏​មិន​ចាំបាច់​ត្រូវ​ការ​ដំណឹងល្អ​ដែរ។ ដូច្នេះ យើង​ត្រូវ​តែ​ប្រាប់​កូនៗ​របស់​យើង​អំពី​ដំណឹង​ទាំង​ពីរ​នេះ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Mike McGarry
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដំណឹងល្អ

ការ​បំពេញ​ក្រឹត្យវិន័យ