in ,

ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​ក្នុង​ព្រះ​គម្ពីរ

«ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ធ្លាប់​ឮ​លោក​គ្រូ​លើក​ឡើង​ថា កណ្ឌ​គម្ពីរ រ៉ូម ៣:២៥ គឺ​ជា​ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហេតុ​អ្វី​បាន​ជា​លោក​គ្រូ​គិត​ដូច្នេះ?»

ជា​ដំបូង ខ្ញុំ​ចង់​បញ្ជាក់​ថា គ្រប់​ខ​គម្ពីរ​ទាំង​អស់​សុទ្ធ​តែ​សំខាន់។ ខ្ញុំ​លើក​ឡើង​ថា កណ្ឌ​គម្ពីរ រ៉ូម ៣:២៥ ជា​ខ​គម្ពីរ​ដែល​សំខាន់​ជាង​គេ​បំផុត ក្នុង​ករណី​ដែល​ថា ប្រសិន​បើ​មាន​គេ​យក​កាំភ្លើង​មក​ភ្ជង់​ក្បាល​ខ្ញុំ ហើយ​សួរ​ថា​តើ​ខ​មួយ​ណា​សំខាន់​ជាង​គេ នោះ​ខ្ញុំ​នឹង​យក​ខ​នេះ​ជា​មិន​ខាន។ កណ្ឌ​គម្ពីរ រ៉ូម ៣:២៥ មាន​ចែង​ថា «ដែល​ព្រះ​បាន​តាំង​ទ្រង់ [ព្រះ​យេស៊ូវ​គ្រីស្ទ] ទុក​ជា​ទី​សន្តោស​ប្រោស ដោយ​សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ​លោហិត​ទ្រង់ សម្រាប់​នឹង​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់»។

បញ្ហា​ដ៏​ធំ​ពីរ និង​ដំណោះ​ស្រាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពីរ

ខ្ញុំ​គិត​ថា ខ​គម្ពីរ​នេះ​គឺ​ជា​ខ​គម្ពីរ​ដ៏​សំខាន់​ជាង​គេ​បំផុត​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​លើក​ឡើង​ដូច្នេះ? មូល​ហេតុ​គឺ​ដោយ​សារ​ខ​គម្ពីរ​នេះ​បាន​លើក​ឡើង​នូវ​ដំណោះ​ស្រាយ​ដ៏​អស្ចារ្យ​ពីរ​យ៉ាង ទាក់​ទង​ទៅ​នឹង​បញ្ហា​ដ៏​អាក្រក់​បំផុត​ពីរ​យ៉ាង​នៃ​មនុស្ស​លោក​យើង​ក្នុង​ចក្រវាល​នេះ។ ប្រសិន​បើ​លោក​អ្នក​សួរ​មតិ​យោបល់​គេ​ថា «តើ​អ្វី​ទៅ​ជា​បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​យើង?» នោះ​នឹង​មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​នឹង​ឆ្លើយ​ថា «សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់»។ ប៉ុន្តែ នោះ​គឺ​ជា​បញ្ហា​ដ៏​ធំ​មែន។ សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​បញ្ហា​ដ៏​ធំ​បំផុត។ ហើយ​ខ​គម្ពីរ​នេះ​ប្រាប់​យើង​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​ដោះ​ស្រាយ​បញ្ហា​នោះ។

នៅ​ក្នុង​ខ​គម្ពីរ​នេះ យើង​ឃើញ​ថា​មាន «ព្រះ» [ជាម្ចាស់] និង «ទ្រង់» ដែល​នេះ​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ព្រះ​ជាម្ចាស់ «បាន​តាំង»—ដែល​នេះ​សំដៅ​ទៅ​លើ​កា​រយាង​មក​យក​កំណើត​ជា​មនុស្ស។ យើង​ឃើញ​ថា​មាន «ព្រះ​លោហិត»—ដែល​នេះ​សំដៅ​ទៅ​លើ​ការ​ប្រោស​លោះ។ យើង​ឃើញ​ថា​មាន «សន្តោស​ប្រោស»—ដែល​នេះ​សំដៅ​ទៅ​លើ​ចំណុច​ស្នូល​នៃ​អ្វី​ដែល​កើត​ឡើង​ក្នុង​ការ​ប្រោស​លោះ ខណៈ​ពេល​ដែល​ព្រះ​ជាម្ចាស់​ដក​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ ហើយ​ព្រះ​យេស៊ូវ​ទទួល​យក​សេចក្ដី​ក្រោធ​នោះ។ យើង​ឃើញ​ថា​មាន «ដោយ​សារ​សេចក្ដី​ជំនឿ» ដែល​នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​បំផុត​នៅ​លើ​ផែន​ដី​នេះ ពីព្រោះ​មិន​សំដៅ​លើ​ទង្វើ​ដែល​យើង​ប្រព្រឹត្ត​ទេ។ យើង​ឃើញ​ថា​មាន «សម្រាប់​នឹង​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ» ដែល​នេះ​មាន​ន័យ​ថា ការ​ទាមទារ​ដ៏​យុត្តិ​ធម៌​របស់​ទ្រង់ ទាក់ទង​ទៅ​នឹង​សេចក្ដី​ក្រោធ គឺ​ព្រះ​អង្គ​បាន​ដោះ​ស្រាយ​ហើយ។ ហើយ​យើង​ក៏​មាន «ដោយ​សារ…ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម» ដែល​នេះ​មាន​ន័យ​ថា ចំណុច​ចម្ងល់​ចុង​ក្រោយ​គឺ​ថា ព្រះ​អង្គ​នឹង​មិន​រាប់​អំពើ​បាប​របស់​យើង​ទាស់​នឹង​យើង​ទៀត​ទេ។ តាម​ដែល​ខ្ញុំ​ស្គាល់ ខ្ញុំ​មិន​ដឹង​ថា​មាន​ខ​គម្ពីរ​ណា​ផ្សេង​ទៀត ក្រៅ​ពី​ខ​គម្ពីរ​មួយ​នេះ ដែល​មាន​ចំណុច​ដ៏​អស្ចារ្យ​ជា​ច្រើនៗ​នៅ​ក្នុង​តែ​មួយ​ខ​ដែល​បង្ហាញ​អំពី​ដំណោះ​ស្រាយ​ដ៏​អាក្រក់​បំផុត​នៃ​បញ្ហា​ពីរ​យ៉ាង​របស់​យើង​ទេ។

បញ្ហា​ដ៏​ធំ​បំផុត​របស់​យើង

បញ្ហា​ដ៏​ធំ​បំផុត​របស់​យើង​នៅ​ក្នុង​ចក្រវាល​គឺ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​លើ​មនុស្ស​លោក​ទាំង​អស់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​យើង​ជាប់​ក្នុង​បណ្ដាសា​អស់​កល្ប​ជានិច្ច (សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៣:៣៦)។ ប្រសិន​បើ​យើង​មិន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ នោះ​យើង​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នោះ—ដែល​នេះ​គឺ​អស់​កល្ប​ជានិច្ច—ក្រោម​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់។ សូម​ពិចារណា​លើ កណ្ឌ​គម្ពីរ រ៉ូម ៣:៥ ដែល​រៀប​រាប់​អំពី​សេចក្ដី​ខ្ញាល់ និង​ភាព​ឃោរឃៅ ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​ព្រះ​អង្គ​មាន​សេចក្ដី​ក្រោធ៖ ព្រះ​ជាម្ចាស់​មាន​ភាព​យុត្តិ​ធម៌​ក្នុង​ការ​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​លើ​យើង។ ដូច្នេះ ទាំង​នោះ​គឺ​ជា​ចំណុច​ទាំង​ពីរ៖ សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់ ហើយ​ថា​សេចក្ដី​សុចរិត​របស់​ទ្រង់​តម្រូវ​ឲ្យ​មាន​សេចក្ដី​ក្រោធ។ នេះ​មិន​មែន​គ្រាន់​តែ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​កំពុង​តែ​ខ្ញាល់​នោះ​ទេ។ ទំនង​អ្នក​ខ្លះ​គិត​ថា ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ឃោរឃៅ។ ប៉ុន្តែ នោះ​គឺ​ជា​ការ​គិត​ខុស​ហើយ ព្រះ​អង្គ​មិន​ដូច្នោះ​ទេ។ ព្រះ​អង្គ​មាន​ពេញ​ទៅ​ដោយ​ភាព​យុត្តិ​ធម៌ និង​សេចក្ដី​សុចរិត​ក្នុង​សេចក្ដី​ក្រោធ​ដែល​ទ្រង់​មាន​ទាស់​នឹង​យើង។ ដូច្នេះ ចំណុច​ទាំង​ពីរ​នេះ​មាន​នៅ​ក្នុង​ខ​គម្ពីរ​នេះ ក្រោយ​ពាក្យ [សេចក្ដី] សន្តោស​ប្រោស។

ដំណោះ​ស្រាយ​ដ៏​អស្ចារ្យ

១. ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់ ដើម្បី​ទទួល​យក​សេចក្ដី​ក្រោធ​ដ៏​សុចរិត​របស់​ព្រះ​ជាម្ចាស់

ដំណោះ​ស្រាយ​ដំបូង​គឺ​ថា ព្រះ​គ្រីស្ទ​បាន​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់ ហើយ​តាម​រយៈ​ការ​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់ នោះ​ព្រះ​អង្គ​បាន​បំពេញ​សេចក្ដី​សន្តោស​ប្រោស​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់។ លោក​អ្នក​គ្រាន់​តែ​ត្រូវ​ការ​គិត​អំពី​ចំណុច​នេះ៖ ព្រះ​អង្គ​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ​​ដែល​ពេញ​ទៅ​ដោយ​ភាព​ឃោរឃៅ​នៃ​សព្វានុភាព​របស់​ព្រះ​ជាម្ចាស់ ភ្លាម​នោះ​ស្រាប់​តែ​ព្រះ​យេស៊ូវ​ឈ​រវាង​យើង និង​សេចក្ដី​ក្រោធ​នោះ ហើយ​ព្រះ​អង្គ​ក៏​បាន​ទទួល​យក​ជំនួស​យើង​ផ្ទាល់ គឺ​ថា​ព្រះ​អង្គ​បាន​សុគត​ជំនួស​យើង ហើយ​យើង​មិន​ស្ថិត​ក្រោម​សេចក្ដី​ក្រោធ​នោះ​ទៀត​ឡើយ។ យើង​ទទួល​បាន​ការ​រំដោះ​ទាំង​ស្រុង។ ដូច្នេះ ខ​គម្ពីរ​មួយ​នេះ​ដោះ​ស្រាយ​បញ្ហា​ដ៏​ធំ​បំផុត​ក្នុង​ចក្រវាល​នេះ។

២. ព្រះ​ជាម្ចាស់​នៅ​តែ​ជា​ព្រះ​ដែល​សុចរិត ខណៈ​ពេល​ដែល​ព្រះ​អង្គ​កំពុង​តែ​ចាក់​សេចក្ដី​ក្រោធ​ដ៏​យុត្តិ​ធម៌​របស់​ទ្រង់​លើ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ

ដំណោះ​ស្រាយ​បន្ទាប់​គឺ​ថា ព្រះ​ជាម្ចាស់​នៅ​តែ​ជា​ព្រះ​ដែល​សុចរិត​ក្នុង​ការ​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់ ដូច្នេះ​តើ​ព្រះ​អង្គ​នៅ​ធ្វើ​ដូច្នោះ​បាន​ដោយ​របៀប​ណា? ចម្លើយ​គឺ​ថា៖ ព្រះ​អង្គ​មិន​លាក់ ឬ​ក៏​មើល​រំលង​អំពើ​បាប​ទេ។ ព្រះ​អង្គ​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​ក្នុង​ព្រះ​រាជបុត្រា​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​សេចក្ដី​សុចរិត​របស់​ព្រះ​ជាម្ចាស់។ ព្រះ​អង្គ​មិន​គ្រាន់​តែ​ដក​ចេញ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទេ—តែ​ព្រះ​អង្គ​បាន​បង្ហាញ​ពី​ភាព​គ្មាន​ទោស​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​វិញ។ តាម​ដែល​ខ្ញុំ​ដឹង ខ្ញុំ​មិន​ស្គាល់​ខ​គម្ពីរ​ណា​ផ្សេង​ដែល​និយាយ​យ៉ាង​ច្បាស់​លាស់​ដូច​ខ​គម្ពីរ​មួយ​នេះ​នោះ​ទេ។ ហើយ​នោះ​គឺ​ជា​ឧបសគ្គ​ពីរ​ដ៏​ធំ​បំផុត​ដែល​ត្រូវ​មាន​ដំណោះ​ស្រាយ។

ហើយ​បន្ទាប់​មក ខ​គម្ពីរ​នេះ​ក៏​បាន​លើក​ឡើង​ក្នុង​របៀប​ដ៏​អស្ចារ្យ​ថា​យើង​ទទួល​បាន «ដោយ​សារ​សេចក្ដី​ជំនឿ»។ ដែល​នេះ​មាន​ន័យ​ថា ខ្ញុំ​មិន​ចាំ​បាច់​ប្រព្រឹត្ត​ទង្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ទទួល​បាន​នោះ​ទេ។ ខ្ញុំ​មិន​ចាំ​បាច់​ធ្វើ​អ្វី​ទាល់​តែ​សោះ។ ខ្ញុំ​មើល​ព្រះ​ជាម្ចាស់​ធ្វើ​ការ​សង្គ្រោះ​ដោយ​រូប​អង្គ​ទ្រង់​ផ្ទាល់ ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​គ្រាន់​តែ​បាន​ទទួល​យក។ ហើយ​ការ​ធ្វើ​បែប​នោះ​ក៏​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ដែល​រក្សា​សេចក្ដី​តាំង​សញ្ញា​របស់​ទ្រង់​ផង​ដែរ។

យើង​អាច​នៅ​បន្ត​បក​ស្រាយ​បន្ថែម​ទៀត​បាន​នៅ​លើ​ខ​គម្ពីរ​មួយ​នេះ ប៉ុន្តែ​ទាំង​នេះ​គឺ​ជា​ចំណុច​សំខាន់​គោលៗ​ដែល​ខ្ញុំ​បាន​លើក​ឡើង ដើម្បី​បញ្ជាក់​ថា នេះ​គឺ​ជា​ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​ចំពោះ​ខ្ញុំ។ បញ្ហា​ដ៏​ធំ​បំផុត​ពីរ​យ៉ាង​នៅ​ក្នុង​ចក្រវាល​នេះ​ទទួល​បាន​ការ​ដោះ​ស្រាយ​ដ៏​ធំ​ពីរ​យ៉ាង។ ហើយ​បន្ទាប់​មក ព្រះ​អង្គ​បាន​ប្រទាន​មក​កាន់​យើង​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​សេចក្ដី​ជំនឿ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ជួប ប៊ុនហាក់, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ព្រះ​គម្ពីរ​ពិបាក​យល់​ពេក​សម្រាប់​អស់​អ្នក​ដែល​មិន​សូវ​ចង់​អាន​មែន​ឬ?

ហេតុ​អ្វី​ព្រះ​យេស៊ូវ​សុគត? ដង្វាយ​ធួន​នឹង​បាប និង​សេចក្ដី​ក្រោធ​នៃ​ព្រះ?