ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង…នោះព្រះបានប្រោស
អ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់
ទាំងអំពើរំលងរបស់យើង ទាំងលុបចោលសេចក្ដីដែលកត់ទុក
ទាស់នឹងយើងក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។
(កូឡុស ២:១៣-១៤ គកស)
ការដែលយើងគិតថា អំពើល្អរបស់យើងអាចលុបបំបាត់អំពើអាក្រក់របស់យើងនោះគឺជាការល្ងង់ខ្លៅបំផុត។ មានហេតុផលពីរយ៉ាងដែលបង្ហាញថា នោះជាគំនិតល្ងង់ខ្លៅ៖
ទីមួយ វាមិនមែនជាការពិត។ សូម្បីតែអំពើល្អរបស់យើងក៏មិនទាន់គ្រប់លក្ខណ៍នៅឡើយផង ពីព្រោះយើងមិនមែនលើកតម្កើងព្រះជាម្ចាស់ក្នុងរបៀបដែលយើងធ្វើនោះទេ។ តើយើងធ្វើអំពើល្អដោយពឹងអាងលើព្រះជាម្ចាស់ដោយអំណរ ហើយមានគោលបំណងចង់ធ្វើឲ្យអ្នកដទៃឃើញពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ទ្រង់ដែរឬទេ? នៅពេលដែលយើងបម្រើអ្នកដទៃ តើយើងបានបំពេញតាមបញ្ញត្តិដ៏សំខាន់ដែលចែងថា «ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ» ដែរឬទេ? (១ពេត្រុស ៤:១១ គកស)។
ដូច្នេះ តើយើងគួរឆ្លើយតបយ៉ាងដូចម្ដេចទៅនឹងព្រះបន្ទូលដែលចែងថា «…ការអ្វីដែលមិនមែនមកពីជំនឿសុទ្ធតែជាអំពើបាបទាំងអស់» (រ៉ូម ១៤:២៣ គខប)? ខ្ញុំគិតថា យើងគួរតែបិទមាត់។ «សេចក្ដីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែង…ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់…» (រ៉ូម ៣:១៩ គកស)។ ប្រាកដណាស់ យើងមិនគួរនិយាយអ្វីនោះទេ។ ការដែលយើងគិតថា អំពើល្អរបស់យើងអាចលុបបំបាត់អំពើអាក្រក់ នោះគឺជាការល្ងង់ខ្លៅបំផុតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ បើគ្មានជំនឿដែលលើកតម្កើងព្រះគ្រីស្ទទេ នោះទង្វើរបស់យើងគ្មានន័យអ្វីសោះ ប៉ុន្តែគឺជាការប្រឆាំងនឹងព្រះជាម្ចាស់ទៅវិញនោះទេ។
ទីពីរ ការដែលយើងគិតថា អំពើល្អនឹងជួយសង្គ្រោះយើងនោះជាគំនិតល្ងង់ខ្លៅណាស់ ព្រោះនោះមិនមែនជារបៀបដែលព្រះជាម្ចាស់សង្គ្រោះយើងទេ។ ប្រសិនបើ ព្រះជាម្ចាស់សង្គ្រោះយើងដោយដកយកឈ្នួលនៃអំពើអាក្រក់របស់យើងចេញ នោះមិនមែនដោយសារអំពើអាក្រក់របស់យើងមានបរិមាណតិចជាងអំពើល្អរបស់យើងនោះទេ។ តែដោយសារ ព្រះជាម្ចាស់បានយក «សេចក្ដីដែលកត់ទុកទាស់នឹងយើង» ដែលមាននៅស្ថានសួគ៌បោះភ្ជាប់នៅឈើឆ្កាងរបស់ព្រះគ្រីស្ទ (កូឡុស ២:១៤ គកស)។ ការថ្លឹងថ្លែងលើទង្វើរបស់មនុស្សមានបាបមិនមែនជារបៀបនៃការសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ។ កុំឲ្យសង្ឃឹមថា ការប្រព្រឹត្តរបស់យើងនាំឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ ដ្បិតមានតែការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទមួយប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន។
យើងមិនអាចទទួលសេចក្ដីសង្គ្រោះបានតាមរយៈការថ្លឹងថ្លែងលើការប្រព្រឹត្តរបស់យើងនោះទេ លុះត្រាតែព្រះជាម្ចាស់ដកសេចក្ដីដែលកត់ទុកទាស់នឹងយើងចេញ។ ហើយយើងក៏មិនអាចទទួលសេចក្ដីសង្គ្រោះបាននោះដែរ លុះត្រាតែព្រះជាម្ចាស់លុបចោលអស់ទាំងសេចក្ដីដែលកត់ទុកទាស់នឹងយើង (រួមទាំងអំពើល្អដែលមិនបានលើកតម្កើងទ្រង់) និងទណ្ឌកម្មដ៏យុត្តិធម៌ដែលយើងម្នាក់ៗសមនឹងទទួលចេញជាមុនសិន ព្រោះអំពើល្អ និងអំពើអាក្រក់មិនអាចស៊ីសងគ្នាបាននោះទេ។ ព្រះគ្រីស្ទបានសម្រេចការទាំងនេះរួចអស់ទៅហើយ តាមរយៈការរងទុក្ខ និងការសុគតរបស់ទ្រង់។
ការលុបនូវបញ្ញត្តិទាំងនេះចោលបានកើតមានឡើងនៅពេលដែលសេចក្ដីកត់ទុកនៃអំពើអាក្រក់របស់យើងបាន «បោះភ្ជាប់នៅនឹងឈើឆ្កាង» (កូឡុស ២:១៤ គកស)។ តើព្រះជាម្ចាស់បានបោះភ្ជាប់សេចក្តីកត់ទុកទាស់នឹងយើង (ដែលសេចក្តីនោះសមឲ្យយើងធ្លាក់នរក) នៅនឹងឈើឆ្កាងដោយរបៀបណា? ព្រះជាម្ចាស់មិនបានបោះភ្ជាប់សេចក្តីកត់ទុកនោះនៅនឹងឈើឆ្កាងទេ ប៉ុន្តែទ្រង់បានបោះភ្ជាប់សេចក្តីនោះនៅនឹងព្រះគ្រីស្ទទៅវិញទេ។ ទ្រង់បានទទួលយកសេចក្ដីកត់ទុកទាស់នឹងខ្ញុំ ទាំងអំពើល្អ និងអំពើអាក្រក់ដែលសេចក្តីនោះសមឲ្យខ្ញុំធ្លាក់នរក។ ព្រះយេស៊ូវបានទ្រាំទ្រការដាក់ទណ្ឌកម្មដ៏អស់កល្បជំនួសខ្ញុំ។ មូលដ្ឋានដែលយើងទទួលបានសេចក្តីសង្គ្រោះ គឺពឹងអាងលើអ្វីដែលទ្រង់បានធ្វើដោយផ្ទាល់ មិនមែនពឹងអាងលើអ្វីដែលយើងធ្វើនោះទេ។ ទ្រង់ជាសេចក្ដីសង្ឃឹមតែមួយគត់របស់ខ្ញុំ។ ហើយការដាក់ជំនឿក្នុងទ្រង់ គឺជាផ្លូវតែមួយគត់ដែលនាំខ្ញុំទៅដល់ព្រះជាម្ចាស់។
មតិយោបល់
Loading…