[១១]រួចស្រីនោះសួរថា តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក នោះទ្រង់មានបន្ទូលថា សូមខាបយកសាំយូអែលមកឲ្យខ្ញុំចុះ [១២]កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលស្តេចសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល [១៣]តែទ្រង់មានបន្ទូលថា កុំឲ្យភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី រួចស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក [១៤]ទ្រង់មានបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្ដេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព ។ [១៥]ឯសាំយូអែល លោកទូលសួរថា ហេតុអ្វីបានជាធ្វើឲ្យទូលបង្គំរំខាន ដោយហៅឲ្យទូលបង្គំឡើងមកដូច្នេះ សូលមានបន្ទូលឆ្លើយថា ខ្ញុំមានសេចក្ដីវេទនាជាខ្លាំង ពីព្រោះពួកសាសន៍ភីលីស្ទីនគេមកច្បាំងនឹងខ្ញុំ ហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្ដី ហេតុនោះបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញការ ដែលខ្ញុំគួរធ្វើជាយ៉ាងណា [១៦]នោះសាំយូអែលឆ្លើយថា បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ [១៧]ព្រះយេហូវ៉ាបានសម្រេចដល់ទ្រង់ តាមសេចក្ដីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ [១៨]ពីព្រោះទ្រង់មិនបានស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេក តាមសេចក្ដីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ [១៩]មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្ដាប់នៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែល ទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ ។ [២០]ខណៈនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្ដីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកម្លាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ (១សាំយូអែល ២៨:១១-២០)។
ស្ដេច សូល ដែលគ្មានទីប្រឹក្សា
កណ្ឌគម្ពីរ ១សាំយូអែល ២៨:៣ ផ្តល់នូវព័ត៌មានពីរផ្នែក ដែលត្រូវឲ្យយល់អំពីរឿងដែលមានជាបន្តបន្ទាប់។ ព័ត៌មានផ្នែកទីមួយបានលើកឡើងម្តងទៀតអំពីមរណភាព និងការបញ្ចុះសពរបស់ហោរា សាំយូអែល ដែលមានចែងរួចមកហើយនៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ២៥:១។ ស្ដេច សូល មិនអាចពិគ្រោះជាមួយហោរា សាំយូអែល ដើម្បីសុំយោបល់បានទៀតឡើយ។ ព័ត៌មានផ្នែកទីពីរបាននិយាយទុកជាមុនអំពីកណ្ឌគម្ពីរ ១សាំយូអែល ២៨:៩។ នៅដំណាក់កាលដំបូងៗ ស្ដេច សូល បានប្រព្រឹត្តស្របតាមច្បាប់របស់លោក ម៉ូសេ (លេវីវិន័យ ១៩:៣១; ២០:២៧; ចោទិយកថា ១៨:៩-១៤) ហើយបានសម្អាតស្រុកដោយសម្លាប់អ្នកដែលប្រព្រឹត្តមន្តអាគម និងអាបធ្មប់។ នេះគឺជារឿងទូទៅ នៅក្នុងស្រុកនៅជុំវិញអ៊ីស្រាអែល ប៉ុន្តែនេះគឺជារឿងដែលគួរឲ្យស្អប់ខ្ពើមនៅក្នុងស្រុកអ៊ីស្រាអែល។ គ្រូខាបព្រលឹង (ភាសាហេព្រើរប្រើពាក្យថា ‘ob) បានអះអាងថា គេអាចប្រើមន្តអាគម ដើម្បីហៅវិញ្ញាណ និងពិគ្រោះជាមួយវិញ្ញាណនៃមនុស្សស្លាប់នោះបាន (ត្រូវបានប្រើជាពាក្យតែមួយដូចគ្នាថា ʻob) គ្រូខាបនោះប្រហែលជាប្រើវិធីនិយាយនៅដើមកដោយមិនកំរើកបបូរមាត់ ដោយចេញសម្លេងអ៊ិអ៊ុ ហើយងុមៗ ដើម្បីបញ្ចុះបញ្ចូលមនុស្សដែលឆាប់ជឿឲ្យយល់ថា ពួកគេបានទាក់ទងជាមួយអ្នកដែលបានស្លាប់ទៅហើយ (អេសាយ ៨:១៩; ២៩:៤)។ គ្រូចូលរូប («អ្នកចេះដឹងម្នាក់») ទាយដោយការសួរខ្មោច បានអះអាងថា គេមានចំណេះដឹងដែលគេទទួលបានពីវិញ្ញាណនៃមនុស្សស្លាប់។ ដូចដែលអ្នកនិពន្ធបានបង្ហាញនៅពេលក្រោយ ការខិតខំរបស់ស្ដេច សូល ក្នុងការដោះស្រាយបាតុភូតនេះ ក៏ដូចជានៅក្នុងការបង្ហាញផ្សេងៗទៀតនៃការប្ដេជ្ញាចិត្តរបស់ទ្រង់ចំពោះស្តង់ដាររបស់ព្រះអម្ចាស់ គឺខ្វះមិនដល់ទាល់តែសោះ (១សាំយូអែល ២៨:៧)។
ពួកភីលីស្ទីនបានបោះបង់ចោលយុទ្ធសាស្ត្រដែលមានពីមុនរបស់ពួកគេក្នុងការវាយឆ្មក់ចូលទៅក្នុងជ្រលងភ្នំនៃស្រុកយូដា ហើយបានជាបែរទៅភាគខាងជើង ដើម្បីដណ្ដើមកាន់កាប់ជ្រលងភ្នំយេសរាលវិញ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ លាតសន្ធឹងពីកើតទៅលិច និងក៏ជាដីកសិកម្មដ៏សម្បូរបែបដែរ។ នៅក្នុងតំបន់ខ្ពង់ និងរាបនោះ ពួកគេអាចដាក់ពង្រាយរទេះចម្បាំងរបស់ខ្លួនបានយ៉ាងស្រួល ដូច្នេះបង្កឲ្យមានទំនាស់រវាង ស្ដេច សូល និងពួកអំបូរដែលនៅភាគខាងជើងបំផុត។ ដំបូងឡើយ ពួកឈ្លានពានបានប្រមូលផ្តុំគ្នានៅអាផែក (១សាំយូអែល ២៩:១) ការតាំងទីលំនៅ នៅភាគខាងជើងបំផុតរបស់ពួកភីលីស្ទីន ប៉ុន្តែនៅទីនេះ ពួកគេបានបន្តទៅមុខទៀត ៧១គ.ម. រហូតដល់ស្រុកស៊ូណែម។ ដូច្នេះ តាមកាលប្បវត្តិ ហេតុការណ៍នេះ
កើតឡើងបន្ទាប់ពី ១សាំយូអែល ជំពូក២៩។ ស្រុកស៊ូណែមស្ថិតនៅភាគខាងជើងនៃជ្រលងភ្នំ ហើយ ស្រុកគីលបោស្ថិតនៅភាគខាងត្បូងប្រហែលជា ១២គ.ម.។
នៅពេលដែល ស្ដេច សូល បានឃើញជំហររបស់ពួកភីលីស្ទីន នោះទ្រង់ដឹងថា ស្ថានភាពគឺអាក្រក់ណាស់ ហើយទ្រង់ដឹងជាមុនអំពីលទ្ធផលដែលនឹងកើតឡើង។ នៅស្រុកភ្នំ ទាហានថ្មើរជើងរបស់សាសន៍អ៊ីស្រាអែលអាចទប់ទល់ស្រុករបស់ពួកគេ ប៉ុន្តែនេះជាតំបន់ខ្ពង់រាប។ ពាក្យ «ភ័យខ្លាច» បន្ទរពាក្យ «ឃើញ» (សូមអាននៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ២៣:១៥) និងពាក្យ «ទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង» (១សាំយូអែល ១៣:៧; ២៨:៥) គឺជាការបញ្ជាក់ដំបូងនៃការភ័យខ្លាច នៅក្នុងជំពូកនេះ។
នៅសម័យបុរាណ ពួកមេទ័ពតែងតែពិគ្រោះជាមួយព្រះរបស់ខ្លួន មុនពេលពួកគេចេញទៅច្បាំងនៅសមរភូមិ។ ទោះជាយ៉ាងណាក៏ដោយ «កាលសូលទូលសួរដល់ព្រះយេហូវ៉ា» [yishʼal shaʼul; សូមមើលបន្ថែមនៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ១:២០] នោះទ្រង់មិនឆ្លើយតបមកឡើយ (១សាំយូអែល ២៨:៦)។ គ្មានរបៀបណាមួយនៃរបៀបទាំងបីបានបង្ហាញឲ្យឃើញអំពីការទាក់ទងពីព្រះអម្ចាស់ទេ ពីព្រោះព្រះអង្គមិនព្រមមានបន្ទូលទៅកាន់អ្នកដែលព្រះអង្គបានបដិសេធហើយ ដោយសារតែការមិនស្តាប់បង្គាប់ (១សាំយូអែល ១៥:២៦)។ ស្ដេច សូល មិនមែនកំពុងស្វែងរកផ្លូវវិលត្រឡប់ទៅរកព្រះអម្ចាស់វិញនោះទេ ប៉ុន្តែទ្រង់កំពុងស្វែងរកវិធីបញ្ចៀសបរាជ័យដែលនឹងកើតឡើង។
ស្ដេច សូល រត់ទៅរកគ្រូខាបព្រលឹងខ្មោច
នៅទីបញ្ចប់នៃគំនិតរបស់ស្ដេច សូល នោះទ្រង់បានសម្រេចចិត្តទៅរក «ស្រីដែលចេះខាបខ្មោច» (បើនិយាយឲ្យចំគឺជាស្ត្រីដែលមានទំនាក់ទំនងជាមួយវិញ្ញាណ)¹។ មនុស្សបែបនេះអះអាងថា ខ្លួនអាចមានទំនាក់ទំនងជាមួយព្រលឹងមនុស្សស្លាប់ ហើយថាអាចបង្ហាញមានចំណេះដឹងដ៏ទូលំទូលាយដែលពួកគេសរសើរបាន (សូមអានបន្ថែម ១សាំយូអែល ២៨:១៥)។ ការសម្រេចចិត្តរបស់ស្ដេច សូល ក្នុងការរត់ទៅរកគ្រូខាបព្រលឹងខ្មោច គឺជាការបំពានទៅលើការយល់ដឹងដ៏រាក់កំផែលរបស់ទ្រង់អំពីព្រះអម្ចាស់ ហើយជាជំហានចុងក្រោយនៃការដួលរលំរបស់ទ្រង់ដែរ (១របាក្សត្រ ១០:១៣-១៤)។ មានអ្នកបម្រើពីរនាក់ដែលជាសេនារបស់ទ្រង់បានរួមដំណើរជាមួយទ្រង់ ទៅផ្ទះរបស់គ្រូខាបព្រលឹងខ្មោចនោះ (១សាំយូអែល ២៨:៨)។ ពួកគេស្វែងរកឃើញថាមានគ្រូខាបព្រលឹងខ្មោចម្នាក់ដែលនៅរស់ នៅក្រុងអេនដោរ ដែលអាចជាជនជាតិកាណាននៅក្នុងទឹកដីម៉ាន៉ាសេ (យ៉ូស្វេ ១៧:១១-១៣)។ ពីជំរំរបស់ស្ដេច សូល ទៅកាន់ទីកន្លែងនោះ គឺទ្រង់ត្រូវធ្វើដំណើរឆ្លងកាត់ទឹកដីដែលសត្រូវកាន់កាប់ប្រមាណដប់គីឡូម៉ែត្រ។
ដើម្បីគេចផុតពីការដឹងរបស់ខ្មាំងសត្រូវ ក៏ដូចជាកងទ័ពរបស់ទ្រង់ ហើយក៏ដើម្បីបញ្ឆោតដល់គ្រូខាបព្រលឹងខ្មោច នោះស្ដេច សូល ក៏ផ្លាស់សំលៀកបំពាក់ (ដោះព្រះពស្ត្រចេញ)។ ជាមួយសេនាទាំងពីរនាក់ នោះស្ដេច សូល ក៏បានធ្វើដំណើរទៅកាន់ផ្ទះគ្រូខាបព្រលឹងខ្មោច «នៅពេលយប់» ដែលពេលនោះប្រហែលជាពេលវេលាធម្មតាសម្រាប់ខាបព្រលឹងមនុស្សស្លាប់ ប៉ុន្តែក៏ប្រហែលជានឹងជួយលាក់បាំងការប្រព្រឹត្តរបស់ទ្រង់ផងដែរ។ ទ្រង់បានសុំឲ្យស្ត្រីដែលជាគ្រូខាបព្រលឹងខ្មោច «សូមទាយប្រាប់ខ្ញុំដោយនូវខ្មោចចុះ» [សម្រាប់ពាក្យ «ខ្មោច» សូមអានបន្ថែមនៅ ២៨:៣]។ ពាក្យ «សូមទាយប្រាប់» គឺជាពាក្យទូទៅបំផុតសម្រាប់ការអនុវត្តអបិយជំនឿ ហើយស្ដេច សូល កំពុងសុំឲ្យមានការខាបព្រលឹងដែលទ្រង់នឹងប្រាប់ឈ្មោះត្រូវខាបចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ (១សាំយូអែល ១៥:២៣)។
ស្ត្រីនោះមានការសង្ស័យថា ភ្ញៀវដែលនាងមិនស្គាល់នោះអាចជាអ្នកធ្វើការឲ្យស្ដេច សូល ដូច្នេះដោយមិនបានលើកឡើងអំពីអ្វីដែលនាងអាចធ្វើបាន នោះនាងក៏បានរម្លឹកពួកគេអំពីច្បាប់របស់ស្ដេច សូល បានធ្វើជាយ៉ាងណា រួចក៏បដិសេធមិនព្រមធ្វើតាមទ្រង់។ ពាក្យថា «បណ្ដេញ…ពីស្រុកចេញ» មានន័យបង្កប់ថា កាត់ទោសសម្លាប់ចោល ដូចដែលច្បាប់របស់លោក ម៉ូសេ បានតម្រូវ (លេវីវិន័យ ២០:២៧) ហើយពាក្យនេះមានន័យខ្លាំងជាងពាក្យ «បានបណ្ដេញ» (ភាសាហេប្រើបានប្រើពាក្យខុសៗគ្នា ១សាំយូអែល ២៨:៣) ហើយពាក្យនេះនៅតែមានន័យថា ជាការបណ្ដេញចេញដោយមិនបានសម្លាប់ចោល។ គ្រូខាបព្រលឹងខ្មោចមិនចង់ឲ្យមានការចោទប្រកាន់មកលើនាងពីការដែលនាងចេះខាបព្រលឹងខ្មោចនោះឡើយ ដោយសារនាងមិនចង់ស្លាប់មុនពេល។
ទោះជាយ៉ាងណាក៏ដោយក៏ស្ដេច សូល មិនទទួលយកការបដិសេធរបស់នាងដែរ ហើយដើម្បីធានាដល់នាង នោះទ្រង់បានស្បថម្តងទៀតជាមួយនាង។ ទោះបើពាក្យថា «ព្រះយេហូវ៉ាដ៏មានព្រះជន្មរស់» ជាពាក្យទូទៅរបស់សាសន៍អ៊ីស្រាអែលក៏ដោយ ក៏ការប្រើពាក្យនេះនៅក្នុងបរិបទនេះបានបង្ហាញអំពីការយល់ច្រឡំក្នុងការគិតរបស់ស្ដេច សូល ដែរ (សូមអានបន្ថែម ១សាំយូអែល ១៤:៣៩)។ វាជាការប្រមាថយ៉ាងធ្ងន់ធ្ងរក្នុងការប្រើព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីធានាអំពីអភ័យឯកសិទ្ធដល់អ្នកដែលអនុវត្តផ្ទុយទៅនឹងច្បាប់របស់ព្រះអម្ចាស់។
ប្រហែលជារបៀបដែលស្ដេច សូល បានមានបន្ទូល និងការសន្មតដែលថា ទ្រង់អាចការពារដល់បុគ្គលនោះ បានធ្វើឲ្យស្ត្រីនោះជឿជាក់ថា នាងកំពុងចរចាជាមួយនឹងមនុស្សមិនធម្មតា។ «តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក?» ជាសំណួរដែលទទួលស្គាល់ថា នាងអាចខាបវិញ្ញាណបាន។ ក្នុងការឆ្លើយតបរបស់ស្ដេច សូល ទ្រង់បានផ្ដោតលើហោរា «សាំយូអែល» ដោយមានរាជឱង្ការបញ្ជាក់ឈ្មោះហោរាជាដំបូង។ សាំយូអែល គឺជាហោរាដែលបាននាំព្រះបន្ទូលមកប្រាប់អំពីការត្រាស់ហៅដល់ស្ដេច សូល និងជាតំណាងឲ្យភាពប្រាកដប្រជានៃអតីតកាលដែល ស្ដេច សូល បានបដិសេធព្រះជាម្ចាស់។
ការឆ្លើយតបរបស់ ស្ដេច សូល
ខគម្ពីរមិនបានលើកឡើងយ៉ាងច្បាស់លាស់អំពីវិធីដែលគ្រូខាបព្រលឹងខ្មោចបានប្រើប្រាស់—តាមពិត មិនដឹងថានាងបានប្រើអ្វីផង—ការធ្វើបែបនោះមិនមែនគ្រាន់តែ ដើម្បីជៀសវាងពីការចាប់អារម្មណ៍ហួសហេតុចំពោះអបិយជំនឿប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែនៅពេលនោះ ការខាបព្រលឹងរបស់នាងមិនបានទទួលលទ្ធផលនោះទេ។ ឃ្លា «កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង»។ សម្រែករបស់នាងគឺជាការស្រឡាំងកាំងដែលមិនអាចនិយាយចេញជាពាក្យបានពីការភ្ញាក់ផ្អើលដែលបានកើតឡើងលើសពីការគ្រប់គ្រង ឬលើសពីបទពិសោធន៍របស់នាង។ តាមការពណ៌នារបស់នាងនៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ២៨:១៣ វាមិនទំនងទេដែលនាងស្គាល់ ហោរា សាំយូអែល នៅពេលនោះ។ ប៉ុន្តែ ទោះបីជានាងមានការភ័យខ្លាចយ៉ាងណាក៏ដោយ ក៏គ្រូខាបព្រលឹងខ្មោចម្នាក់នេះបានចំណាយពេលគិតយ៉ាងខ្លាំង ហើយលក្ខណៈនៃការលេចធ្លោឡើងដោយស្មានមិនដល់នោះក៏បាននាំឲ្យនាងអាចកំណត់អត្តសញ្ញាណរបស់ស្ដេច សូល បាន ហើយក៏ចោទប្រកាន់ទ្រង់អំពីការបោកប្រាស់នាង ដោយមិនបង្ហាញអត្តសញ្ញាណរបស់ទ្រង់ឲ្យនាងស្គាល់ជាមុន។
ស្ដេច សូល មានអារម្មណ៍រំភើប ខណៈពេលដែលគ្រូខាបព្រលឹងខ្មោចមានអារម្មណ៍ភ័យ។ ស្ដេច សូល បានប្រាប់គ្រូខាបព្រលឹងខ្មោច «កុំឲ្យភ័យខ្លាចឡើយ» ដើម្បីព្យាយាមបំបាត់ការភ័យខ្លាចរបស់នាង ពីព្រោះទ្រង់មិនចង់ឲ្យនាងបញ្ឈប់ពិធីខាបព្រលឹងមុនការរំពឹងទុករបស់ទ្រង់ឡើយ។ សំណួរដែលស្ដេច សូល បានសួរគ្រូខាបព្រលឹងខ្មោចថា «តើអ្នកបានឃើញអ្វី?» មានន័យថា ទ្រង់មិនបានឃើញអ្វីទាល់តែសោះនៅពេលនោះ។ ពាក្យពេចន៍ដែលស្ត្រីនោះបានទូលឆ្លើយទៅទ្រង់ក៏មិនមានភាពច្បាស់លាស់ ហើយយើងក៏មិនយល់ថាកំពុងតែមានអ្វីកើតឡើងដែរ។ នាងឆ្លើយថា «ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក» ដែលនេះជាការសន្មតថា តាមទស្សនៈនៃជាតិសាសន៍របស់ស្ត្រីនោះ គឺនាងបានយករាងកាយដែលនាងបានឃើញខុសពីធម្មតាមកធ្វើជាព្រះ។ ឃ្លា «ឡើងពីដីមក» ឆ្លុះបញ្ចាំងអំពីជំនឿដែលបញ្ជាក់ថា ស្ថានឃុំព្រលឹងមនុស្សស្លាប់ជាកន្លែងដែលនៅក្រោមផែនដី ដែលអ្នកស្លាប់ត្រូវទៅទីកន្លែងនោះ។
ស្ដេច សូល នៅតែទតមើលមិនឃើញ ហើយក៏សួរទៀតថា «តើមានភាពយ៉ាងដូចម្ដេច?»។ ការរៀបរាប់របស់គ្រូខាបព្រលឹងខ្មោចមានលក្ខណៈគ្រប់គ្រាន់អាចឲ្យស្ដេច សូល ដឹងថា នោះគឺជាហោរា សាំយូអែល។ ឃ្លាថា «មនុស្សចាស់» រៀបរាប់អំពីហោរា សាំយូអែល ក្នុងលក្ខណៈទន់ខ្សោយនៃភាពជាមនុស្ស (មិនមែនដូចជា «សិរីល្អ» របស់លោក ម៉ូសេ និងលោក អេលីយ៉ា នៅក្នុងកណ្ឌគម្ពីរ លូកា ៩:៣០-៣១ នោះឡើយ) ហើយគាត់គ្រលុំដោយ «អាវ» លក្ខណៈនៃសំលៀកបំពាក់របស់លោកតាំងពីក្មេងមកម៉្លេះ (១សាំយូអែល ២:១៩) ដែលអាវនោះមានដើរតួយ៉ាងសំខាន់ក្នុងការបដិសេធរបស់ស្ដេច សូល (១សាំយូអែល ១៥:២៧-២៨)។ ប្រហែលជានៅក្នុងកាលនេះហើយដែលស្ដេច សូល បានទតមើលឃើញ និងយល់ថានោះគឺជាហោរា សាំយូអែល រួចទ្រង់ក៏ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។
មិនមានឧបសគ្គចំពោះការប្រាស្រ័យទាក់ទងគ្នារវាងស្ដេច សូល និងហោរា សាំយូអែល ទេ ហើយគ្រូខាបព្រលឹងខ្មោចក៏មិនចូលរួមក្នុងការសន្ទនាជាមួយពួកគេដែរ។ តាមពិត ក្រោយមក «ស្ត្រីនោះក៏មកឯសូល» មានន័យថា នាងមិនមានវត្តមាននៅពេលនោះទេ (១សាំយូអែល ២៨:២១)។ ហោរាសាំយូអែល បានបន្ទោសស្ដេច សូល ដោយព្រោះទ្រង់បាន «រំខាន» លោក ឲ្យឡើងមកពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ ស្ដេច សូល បានបញ្ជាក់អំពីទង្វើរបស់ទ្រង់ដោយផ្អែកលើ «សេចក្ដីវេទនាជាខ្លាំង» របស់ទ្រង់ ព្រោះទ្រង់មិនដឹងថា តើត្រូវដោះស្រាយចំពោះការគម្រាមកំហែងពីពួកភីលីស្ទីនដោយរបៀបណាឡើយ។ សំខាន់ជាងនេះទៅទៀត គឺត្រង់ថា ទ្រង់មិនបានសារភាពអំពីកំហុស ឬពីការបះបោរដែលមានពីអតីតកាលមកនោះទេ។ ស្ដេច សូល គ្រាន់តែបញ្ជាក់ថា «ព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ»។ ទោះបីជាពាក្យថា «បានថយចេញពី» ក៏ជាពាក្យដូចគ្នាទៅនឹងពាក្យ «ដកថយចេញពី» (១សាំយូអែល ១៦:១៤; ១៨:១២) ក៏ការនេះមិនបានជំរុញឲ្យស្ដេច សូល សញ្ជឹងគិតអំពីមូលហេតុដែលព្រះជាម្ចាស់មិនបានឆ្លើយតប «ទោះបើដោយការពន្យល់សប្តិ ឬដោយសារយូរីម ឬដោយពួកហោរាក្ដី» នោះឡើយ (១សាំយូអែល ២៨:៦)។ ការលើកឡើងអំពី អ៊ូរីម ប្រហែលដើម្បីរម្លឹកអំពីការដែលស្ដេច សូល បានសម្លាប់ពួកសង្ឃនៅស្រុកណូប។ ប៉ុន្តែ ស្ដេច សូល បានកោះហៅហោរា សាំយូអែល មក ពីព្រោះទ្រង់រំពឹងថា ហោរានឹង «បង្ហាញការ ដែលខ្ញុំគួរធ្វើជាយ៉ាងណា» [ពាក្យ «ខ្ញុំ» សំដៅទៅលើស្ដេច សូល]។
«ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ» មិនមែនជាចម្លើយដែលលើកទឹកចិត្តពីហោរា សាំយូអែល នោះទេ។ ការប្រើពាក្យ «សួរ» ម្តងទៀតនេះបង្កប់អត្ថន័យអំពីព្រះនាមរបស់ស្ដេច សូល (សូមមើលបន្ថែម ១សាំយូអែល ២៨:៦)។ ប្រៀបធៀបទៅនឹងការបញ្ជាក់របស់ស្ដេច សូល អំពីព្រះជាម្ចាស់ [«ព្រះទ្រង់»] តែម្តងគត់នៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ២៨:១៥ ត្រង់នេះហោរា សាំយូអែល បានសំដៅទៅលើ «ព្រះយេហូវ៉ា» ចំនួន៧ដង នៅក្នុងការឆ្លើយតបរបស់លោក។ លោកគ្មានការសង្ស័យអំពីការគ្រប់គ្រងរបស់ព្រះអម្ចាស់ចំពោះព្រឹត្តិការណ៍នានានោះទេ។ ការនិយាយឡើងវិញពីកិរិយាសព្ទដែលស្ដេច សូល បានប្រើនៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ២៨:១៥ នោះហោរា សាំយូអែល ក៏បានបញ្ជាក់ដោយមិនពេញចិត្តថា «ព្រះយេហូវ៉ាបានថយចេញពីទ្រង់» គឺជាការបដិសេធនៃការតាំងសេចក្ដីសញ្ញា [«ព្រះយេហូវ៉ា…បានដករាជ្យពីព្រះហស្តទ្រង់ចេញ» ក្នុងខ១៧] ។ ឃ្លា «ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង» មានន័យថា អ្នកដែលបានបះបោរនឹងមិនអាចរំពឹងថា ខ្លួននឹងមានជំនួយពីព្រះដ៏ខ្ពស់បំផុត ឬពីហោរា សាំយូអែល ដែលជាអ្នកនាំសាររបស់ទ្រង់ឡើយ។
ហោរា សាំយូអែល មិនបានផ្តល់ព័ត៌មានអ្វីថ្មីដល់ស្ដេច សូល ទេ។ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ស្ថានភាពដែលកើតមាននេះ គឺស្របទៅតាមអ្វីដែលបានកើតឡើងកាលលោកនៅរស់ ដែលត្រូវបានបើកបង្ហាញដល់ស្ដេច សូល។ លោក សាំយូអែល បាននិយាយឡើងវិញម្តងទៀតអំពីការសម្រេចចិត្តរបស់ព្រះជាម្ចាស់ «គឺ [ព្រះយេហូវ៉ា] បានដករាជ្យពីព្រះហស្តទ្រង់ចេញប្រគល់ឲ្យដល់អ្នកដទៃម្នាក់» ដែលបានចែងនៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ១៣:១៤ និងជាពិសេសនៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ១៥:២៨ ថា «ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ» ដោយមានការបញ្ជាក់ជាក់លាក់ពីអត្តសញ្ញាណរបស់អ្នកជិតខាងនោះគឺថាជា «ដាវីឌ»។
ស្ថានភាពរបស់ ស្ដេច សូល គឺជាលទ្ធផលនៃការមិនស្តាប់បង្គាប់ពីពេលកន្លងមករបស់ទ្រង់ ដែលបានបញ្ជាក់នៅក្នុងកណ្ឌគម្ពីរ ១សាំយូអែល ១៥:១៩។ កិរិយាសព្ទដែលហោរា សាំយូអែល បានប្រើទាំងនៅក្នុងប្រយោគ «មិនបានស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា» និង «ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ» គឺជាការភ្ជាប់ការប្រព្រឹត្តិបទល្មើស និងការដាក់ទោសដែលធ្វើឡើងដោយព្រះជាម្ចាស់។ ឃ្លា «យ៉ាងដូច្នេះ» ប្រហែលជា ការបដិសេធមិនឆ្លើយតបរបស់ព្រះជាម្ចាស់ចំពោះស្ដេច សូល៖ អ្នកដែលបោះបង់ព្រះចោល នោះព្រះអង្គក៏នឹងបោះបង់គេចោលវិញដែរ។ ព្រះអង្គមិនត្រឹមតែដកចេញនូវការណែនាំតាមទំនាយរបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងមិនគាំទ្រដល់នគររបស់ស្ដេច សូល ទៀតផងដែរ។ ការបរាជ័យកំពុងរង់ចាំស្ដេច សូល និងប្រជាជនដូចគ្នាដែរ។ លើសពីនេះទៅទៀតទាំងស្ដេច សូល និងបុត្រាទ្រង់នឹងស្លាប់នៅថ្ងៃស្អែក (១សាំយូអែល ៣១:៦) ហើយពួកទ្រង់នឹងទៅនៅជាមួយហោរា សាំយូអែល នៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់។ ស្ដេចដែលត្រូវបានតែងតាំងឡើងឲ្យកម្ចាត់ពួកភីលីស្ទីន នឹងត្រូវសុគត ទុកឲ្យអ៊ីស្រាអែលត្រូវបានត្រួតត្រាដោយពួកភីលីស្ទីនវិញ (១សាំយូអែល ៩:១៦)។
យើងអាចសន្មតបានថា ស្ដេច សូល បានរក្សាការក្រាបព្រះភក្ត្រចុះដល់ដីនៅចំពោះមុខហោរា សាំយូអែល ប៉ុន្តែនៅពេលឮការប្រកាសដែលមិនអាចអង្វរបាននេះ នោះទ្រង់ក៏បាន «ដួលស្រប៉ាបចុះនៅដី» (១សាំយូអែល ២៨:១៤)។ ស្ដេចដែលមានការភ័យខ្លាចកំពុងសង្ឃឹមផ្ទុយទៅនឹងសេចក្តីសង្ឃឹមថាហោរា សាំយូអែល នឹងចង្អុលបង្ហាញអំពីវិធីណាមួយផ្សេង ដើម្បីបញ្ចៀសគ្រោះមហន្តរាយដែលកំពុងកើតឡើងនេះ ប៉ុន្តែហោរាបែរជាបានពង្រឹងភាពប្រាកដប្រជា និងភាពឆាប់រហ័សជំនួសវិញ—ហើយបន្ទាប់មក ហោរាក៏បានបាត់ខ្លួនពីកន្លែងកើតហេតុទៅ។ ពាក្យ «ខណៈនោះ» (ន័យត្រង់មានន័យថា «ផងដែរ» ឬ «លើសពីនេះទៅទៀត») បានណែនាំអំពីកត្តាបន្ថែមលើសពីការប៉ះទង្គិចផ្លូវចិត្ត៖ រាងកាយរបស់ស្ដេច សូល ក៏ខ្សោយ និងអស់កម្លាំងដែរ «ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ» នេះប្រហែលជាចង់ឲ្យព្រះជាម្ចាស់សព្វព្រះទ័យ ដោយការតមអាហារ ឬបាត់បង់ចំណង់អាហារ ដោយសារតែការថប់បារម្ភរបស់ទ្រង់ (១សាំយូអែល ១៤:២៤)។
ទុកចោល ដើម្បីឲ្យប្រឈមមុខនឹងការដែលចៀសមិនផុត
ក្នុងស្ថានការណ៍លំបាករបស់ស្ដេច សូល (ការដែលត្រូវបានព្រះជាម្ចាស់ និងហោរាសាំយូអែល បោះបង់ចោល) គឺមានតែគ្រូខាបព្រលឹងខ្មោចប៉ុណ្ណោះដែលមានចិត្តអាណិតដល់ទ្រង់។ ពេលនាងមើលឃើញស្ដេចដួលស្រប៉ាបនៅលើដី ស្ត្រីនោះក៏ «ឃើញថាទ្រង់តក់ស្លុតជាខ្លាំង»—ជាប្រតិកម្មផ្លូវអារម្មណ៍ដែលបានចុះខ្សោយដ៏ខ្លាំងក្លា ដែលគ្របដណ្ដប់លើបុគ្គលណាម្នាក់ ហើយធ្វើឲ្យបុគ្គលនោះមិនអាចបំពេញមុខងារបានសមស្របឡើយ។ ដោយសារស្ត្រីនោះបានប្រថុយជីវិត ដើម្បីធ្វើតាមការទាមទាររបស់ទ្រង់ ឥឡូវនេះ ទ្រង់គួរតែធ្វើតាមការណែនាំរបស់នាង ហើយសោយអាហារខ្លះ ដើម្បីមានកម្លាំងឡើងវិញ។ អ្វីដែលគ្រូខាបព្រលឹងខ្មោចបានធ្វើគឺជាភាពជាក់ស្ដែងក្នុងនាមជាមនុស្ស ទាក់ទងនឹងការចង់រក្សាជីវិតខ្លួនឯង៖ តើនឹងមានអ្វីកើតឡើងចំពោះនាង បើសិនជាស្ដេចសុគតនៅក្នុងផ្ទះរបស់នាង? ការបដិសេធដំបូងរបស់ស្ដេច សូល ត្រូវបានយកឈ្នះដោយការទទូចពីអ្នកបម្រើពីរនាក់របស់ទ្រង់ និងស្ត្រីនោះដែលបាននៅ «ចេះតែទទូចអង្វរ [ទ្រង់]» («កៀបសង្កត់ទ្រង់ឲ្យមានការឆ្លើយតប» ២សាំយូអែល ១៣:២៥)។
នៅទីបំផុត ទ្រង់ក៏បាន «ក្រោកពីដីឡើងទៅគង់នៅលើគ្រែ» ប្រហែលជានៅទីនេះមានគ្រែដែលមានលក្ខណៈដូចជាសាឡុងដែលមានស៊ុម មិនមែនគ្រាន់តែជាកន្ទេលកម្រាលនៅលើដីនោះទេ។ ស្ត្រីនោះមានកូនគោយ៉ាងធាត់មួយក្បាលនៅផ្ទះនាង។ នាងបានសម្លាប់គោនោះ ហើយប្រហែលជាស្ងោរ ឬអាំងសាច់គោនោះ—ដែលជាម្ហូបឆ្ងាញ់ពិសេសនៅសម័យនោះ។ ទោះបើជាស្ត្រីនោះធ្វើយ៉ាងប្រញឹកប្រញាប់ក្នុងការរៀបចំម្ហូប និងដុតនំបុ័ងក៏ដោយ ក៏នេះមិនមែនជាអាហារសម្រន់ដែលនាងថ្វាយនោះទេ ប៉ុន្តែគឺជាអាហារដែលសមនឹងស្ដេច។ ដូច្នេះស្ដេច សូល គង់នៅលើគ្រែអស់រយៈពេលមួយទៅពីរម៉ោង ដោយគិតលើអ្វីដែលទើបតែបានកើតឡើង។ ក្រោយពេលស្ដេច សូល និងអ្នកបម្រើរបស់ទ្រង់បានបរិភោគគ្រប់គ្នាហើយ «រួចគេក្រោកឡើងចេញទៅ ទាំងយប់នោះវិញ»។ ដំណើររឿងដែលបានកើតឡើងនៅពេលយប់ក៏បានបញ្ចប់នៅពេលយប់ដែរ (សូមអានបន្ថែម ខ៨ និងយ៉ូហាន ១៣:៣០)។ ព្រះជាម្ចាស់ដែលទ្រង់ជាពន្លឺមិនបានប្រទានពរដល់ស្ដេច សូល ទេ តែត្រូវទុកឲ្យប្រឈមមុខនឹងទីបញ្ចប់ដែលជៀសមិនផុតនៅថ្ងៃបន្ទាប់វិញ។
កំណត់យោង៖
១. លោក Tsumura បានផ្ដល់ការកាត់ស្រាយមួយបែបទៀតលើកឃ្លានេះ «ស្រីដែលចេះខាបព្រលឹងខ្មោច»។ គាត់បានវែកញែកថា «ស្ត្រីដែលមានទំនាក់ទំនងជាមួយវិញ្ញាណ» សំដៅទៅលើព្រះអាទិត្យ ដែលថានៅពេលយប់ធ្វើដំណើរនៅក្រោមដី គឺទៅកន្លែងឃុំព្រលឹងមនុស្សស្លាប់ ហើយក៏អាចនាំវិញ្ញាណដែលបានស្លាប់រួចហើយចេញពីទីនោះបានផងដែរ។ ដូច្នេះ «ស្រីដែលចេះខាបខ្មោច» គឺជាអ្នកថ្វាយបង្គំព្រះមួយនេះ (First Book of Samuel, ទំព័រ៦៣០-៦៣១)។
មតិយោបល់
Loading…