in

ការ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ

Dad, Why Must I Obey?

តើ​លោក​អ្នក​ធ្លាប់​ឮ​កូន​សួរ​ថា «ម៉េច​បាន​ត្រូវ​ឲ្យ​កូន​ស្ដាប់​បង្គាប់?» ដែរ​ឬ​ទេ?

ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ម្នាក់​ដែល​មាន​កូន​អាយុ​ចន្លោះ​ពី​៧-១៧​ឆ្នាំ​ដល់​ទៅ​ប្រាំមួយ​នាក់ ពួក​គេ​បាន​សួរ​សំណួរ​បែប​នេះ​មក​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​សារ។ ក្រោយ​មក​ពួក​គេ​បែរ​ជា​បញ្ចេញ​កាយវិការ ហើយ​ដំឡើង​សំឡេង​បែប​គម្រោះ​គម្រើយ​ដោយ​ឆ្ងល់​ពី​មូល​ហេតុ​ដែល​ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់។ ក្នុង​នាម​ខ្ញុំ​ជា​ឪពុក ខ្ញុំ​មិន​ចង់​ទៅ​កែប្រែ​ឥរិយាបថ​ខាង​ក្រៅ​របស់​ពួក​គេ​ទេ តែ​ខ្ញុំ​ចង់​ពួក​គេ​យល់​ពី «មូលហេតុ» ដែល​ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់​ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ។ ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ខ្ញុំ​ឆ្ងល់​ថា តើ​ព្រះ​គម្ពីរ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ដែរ​ចំពោះ​សំណួរ​កូនៗ​របស់​ខ្ញុំ។ ខ្ញុំ​បាន​រក​ចម្លើយ​ឃើញ​មួយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ជំពូក៦ លោក ម៉ូសេ​រំពឹង​ថា ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​ព្រះ (ចោទិយកថា ៦:៤-៥) ឪពុក​ម្ដាយ​ដែល​បង្រៀន​កូនៗ​របស់​ពួក​គេ​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ (ចោទិយកថា ៦:៧) ពួក​គេ​ក៏​នឹង​ប្រឈម​មុខ​ជា​មួយ​សំណួរ​បែប​នេះ​ដែរ (ចោទិយកថា ៦:២០)។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៦:២០-២៥ លោក ម៉ូសេ ពន្យល់​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​ឪពុក​ម្ដាយ​គួរ​ឆ្លើយ​តប​ចំពោះ​កូន៖

«កាល​ណា​ដល់​ថ្ងៃ​ក្រោយ​កូនៗ​លោក​អ្នក​សួរ​ថា «អស់​ទាំង​ទី​បន្ទាល់ និង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង បាន​បង្គាប់​មក តើ​មាន​ន័យ​ដូច​ម្តេច» នោះ​លោកអ្នក​ត្រូវ​ឆ្លើយ​នឹង​គេ​ថា «ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បំរើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ​ហស្ត​ដ៏​មាន​ព្រះ​ចេស្តា ហើយ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​ជា​ធំ ហើយ​វេទនា​ផង ដល់​ពួក​ស្រុក​អេស៊ីព្ទ និង​ផារ៉ោន ព្រម​ទាំង​វង្សា​របស់​ទ្រង់​ផង​នៅ​ភ្នែក​យើង​រាល់​គ្នា ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ ដើម្បី​នឹង​នាំ​ចូល​មក​ឲ្យ​បាន​ប្រទាន​ស្រុក​នេះ​មក​យើង ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​យើង ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្តិ​​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ ដូច្នេះ បើ​យើង​ប្រយ័ត្ន និង​កាន់​បញ្ញត្ត​ទាំង​នេះ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដូច​ជា​ទ្រង់​បាន​បង្គាប់​មក នោះ​នឹង​បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​យើង​ហើយ»»។

ត្រង់​នេះ​លោក ម៉ូសេ​បង្រៀន​យើង​នូវ​ចម្លើយ​បី​យ៉ាង​ស្ដីពី​ហេតុផល​នៃ​ការ​ស្ដាប់​បង្គាប់​ដ៏​ពិត។

សូម​លោក​ឪពុក​អ្នក​ម្ដាយ​កត់​សម្គាល់​ពី​ចំណុច​នេះ​ជាមួយ​គ្នា៖

១. រំឭក​កូនៗ​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ប្រទាន​បញ្ញត្តិ​នោះ​ជា​នរណា

លោក ម៉ូសេ​មិន​បាន​ចាប់ផ្ដើម​និយាយ​ដោយ​សាមញ្ញ​ថា «ព្រះ​យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្តិ​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ» ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹកចិត្ត​ឪពុកម្ដាយ​ឲ្យ​នឹកចាំ​ពី​បរិបទ​នៃ​ការ​ស្ដាប់​បង្គាប់ (ចោទិយកថា ៦:២១-២៣)។ និយាយ​ឲ្យ​ចំ​ទៅ យើង (១) គួរ​ផ្ដោត​លើ​កាលៈទេសៈ​នៃ​ការ​គ្មាន​សេចក្ដី​សង្ឃឹម បើ​យើង​ដាច់​ចេញ​ពី​ព្រះជាម្ចាស់ (២) ផ្ដោត​លើ​ព័ន្ធកិច្ច​ដែល​ព្រះជាម្ចាស់​ធ្វើ ដើម្បី​រំដោះ​យើង​ឲ្យ​មាន​សេរីភាព (៣) ហើយ​បញ្ជាក់​ប្រាប់​ឲ្យ​កូនៗ​ដឹង​ថា ព្រះ​ជាម្ចាស់​ស្មោះ​ត្រង់​រហូត​គ្មាន​ទី​បញ្ចប់។

យើង​បាន​ឃើញ​ចំណុច​ពីរ​ដំបូង​នៅ​ក្នុង​បរិបទ​នេះ​ថា «ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បម្រើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក» (ចោទិយកថា ៦:២១)។ សូម្បី​តែ​មុន​ពេល​ដែល​ព្រះ​ជាម្ចាស់​ដឹកនាំ​អ៊‌ីស្រាអែល​ទៅ​កាន់​ភ្នំ​ស៊ីណាយ និង​មុន​ពេល​ដែល​ទ្រង់​ប្រទាន​ក្រឹត្យវិន័យ​ដល់​ពួកគេ ក៏​ទ្រង់​បាន​រំដោះ​ពួកគេ​ចេញ​ពី​ភាព​ជា​ទាសករ​នៅ​ប្រទេស​អេស៊ីព្ទ​ដែរ។ កាល​នោះ​ពួកគេ​ជា​ទាសករ ហើយ​ព្រះ​ជាម្ចាស់​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួកគេ។

យើង​អាច​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់ ដោយសារ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ដល់​យើង​ជា​មុន។ ហើយ​ការ​ដែល​យើង​ស្ដាប់បង្គាប់​តាម​ច្បាប់​របស់​ព្រះ​ជាម្ចាស់ គឺ​ជា​ការ​ដែល​យើង​មាន​សេរីភាព មិន​មែន​ជា​ការ​ដែល​យើង​ជាប់​ជា​ទាសករ​នោះ​ទេ។ សេចក្តី​បង្រៀន​នេះ​ក៏​មាន​នៅ​ក្នុង​ការ​តាំង​សញ្ញា​ថ្មី​យ៉ាង​ច្បាស់ ហើយ​ស៊ីជម្រៅ​ផង​ដែរ។ ស្រប​ពេល​ដែល​ព្រះ​យេស៊ូវ​រំដោះ​យើង​ចេញពី​ទាសករ​នៃ​អំពើ​បាប ក៏​ដូចជា​សេចក្តី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​តាមរយៈ​ឈើឆ្កាង ពេល​នោះ​ការ​ដែល​យើង​ចាប់​ផ្ដើម​ស្ដាប់​បង្គាប់ គឺ​ជា​ផល​ផ្លែ​នៃ​ការ «ប្រោស​ឲ្យ​រួច​ពី​បាប» (រ៉ូម ៦:២២)។

បន្ទាប់​មក «ព្រះ​អម្ចាស់​បាន​នាំ​យើង​ចេញ​ពី (អេស៊ីព្ទ) មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ថា​នឹង​ប្រគល់​មក​ឲ្យ​យើង» (ចោទិយកថា ៦:២៣)។ មាន​ជនជាតិ​អ៊‌ីស្រាអែល​ជា​ច្រើន​នាក់​មិន​បាន​ចូល​ទៅ​កាន់​ទឹក​ដី​សន្យា ដោយសារ​តែ​ភាព​មិន​ស្មោះត្រង់​របស់​ពួកគេ (ចោទិយកថា ២:១៤-១៥) ប៉ុន្តែ​ព្រះ​ជាម្ចាស់​នៅ​តែ​រក្សា​ភាព​ស្មោះត្រង់​របស់​ទ្រង់ មិន​ថា​ការ​ប្រទាន​ពរ និង​ការ​ដាក់​ទោស​ទេ។ ការ​នៅ​ជាមួយ​ព្រះជាម្ចាស់​នាំ​មក​នូវ​ជីវិត និង​ជ័យជម្នះ តែ​ការ​ដាច់​ចេញ​ពី​ទ្រង់​នោះ​នាំ​ឲ្យ​មាន​សេចក្តី​ស្លាប់។ អស់​អ្នក​ដែល​ជឿ​ដល់​ព្រះគ្រីស្ទ​នោះ​នឹង​រក​បាន​ទី​សម្រាក​ដ៏​ពិត (ម៉ាថាយ ១១:២៨) និង​មាន​ទី​សង្ឃឹម​នៅ​ក្នុង​ទី​សម្រាក​ដ៏​ពិត​នៅ​ក្នុង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច (ហេព្រើរ ៤:១-១៣)។ សេចក្តី​ពិត​នេះ​គួរ​តែ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​រស់នៅ​ជាប់​នឹង​ភាព​ស្មោះត្រង់​របស់​យើង​ជា​ប្រចាំ​ថ្ងៃ។

ដូច្នេះ ចូរ​រំឭក​កូនៗ​របស់​លោកអ្នក​ថា ព្រះ​សង្គ្រោះ​ជា​ព្រះ​ស្មោះ​ត្រង់ និង​ជា​ព្រះ​ដែល​ស្រឡាញ់​ព្រលឹង​របស់​ពួក​គេ ហើយ​ចូរ​ប្រាប់​ពួកគេ​ឲ្យ​ដើរ​តាម​ទ្រង់​លើ​វិថី​នៃ​ការ​ស្ដាប់​បង្គាប់​ដែល​នាំ​ទៅ​រក​ជីវិត។

២. រំឭក​កូនៗ​ពី​រង្វាន់​នៃ​ការ​ស្ដាប់​បង្គាប់

បន្ទាប់​មក​លោក ម៉ូសេ​បាន​បង្រៀន​យើង​ដែល​ជា​ឪពុក​ម្ដាយ​ឲ្យ​រំឭក​កូនៗ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ស្ដាប់​បង្គាប់។ លោក ម៉ូសេ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​ ដោយ​ផ្ដោត​ទៅ​លើ​ព្រះ​ពរ​ដូច​តទៅ​នេះ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្តិ​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ» (ចោទិយកថា ៦:២៤)។ កូនៗ​ដែល​ស្ដាប់​បង្គាប់ ហើយ​គោរព​ឪពុកម្ដាយ​នឹង​ទទួល​បាន​ព្រះ​ពរ។ មាន​សេចក្តី​ពិត​ពីរ​យ៉ាង​ដែល​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្អិត៖ ទី១ កូន​ដែល​ស្ដាប់​បង្គាប់ ហើយ​គោរព​ឪពុកម្ដាយ​របស់​ខ្លួន​នឹង​ទទួល​បាន​ព្រះពរ ទី២ អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះបន្ទូល​របស់​ព្រះអង្គ នឹង​នាំ​ឲ្យ​មាន​ជីវិត​ដែល​ពេញ​ដោយ​អំណរ (អេភេសូរ ៦:១-៣)។ «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ» (ចោទិយកថា ៨:៣; ម៉ាថាយ ៤:៤; ចោទិយកថា ៣២:៤៧)។

ការ​ស្ដាប់​បង្គាប់​ដ៏​ឥតខ្ចោះ​របស់​ព្រះ​យេស៊ូវ​បាន​ការពារ​យើង​ពី​ការ​ដាក់​ទោស ទិញ​យក​សេចក្តី​សន្យា​របស់​ព្រះ​ជាម្ចាស់ ហើយ​ប្រទាន​អំណាច​ឲ្យ​យើង​មាន​អំណរ​ក្នុង​ជីវិត និង​ការ​ស្ដាប់​បង្គាប់ (រ៉ូម ៨:១-៤, ១៣; ២កូរិនថូស ១:២០)។ ដូច្នេះ នៅ​ពេល​ដែល​កូនៗ​សួរ​លោកអ្នក​អំពី​ចំណុច​នៃ​ការ​ដើរ​តាម​ព្រះ​ជាម្ចាស់ នោះ​ចូរ​បង្ហាញ​ពួក​គេ​អំពី​ព្រះគុណ និង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់ ហើយ​រំឭក​ពួកគេ​ពី​ព្រះ​ពរ​ចំពោះ​អស់​អ្នក​ដែល​រីករាយ​ក្នុង​ការ​និយាយ​ថា «ទេ» ទៅ​កាន់​អំពើ​បាប ហើយ «បាទ/ចាស៎» ទៅ​កាន់​ព្រះ​ជាម្ចាស់។

៣. អរសប្បាយ​នឹង​សេចក្តី​សុចរិត​ដ៏​ឥតខ្ចោះ​តែ​មួយ​គត់​របស់​ព្រះ​គ្រីស្ទ ដែល​ទ្រង់​បាន​ការពារ​យើង

លោក ម៉ូសេ បាន​ហៅ​ពួក​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់​មិន​ឲ្យ​ខ្វះ​ចន្លោះ​ឡើយ ដែល​ការ​ស្ដាប់​បង្គាប់​ដូច​នោះ​ជា​អំណះអំណាង​នៃ​សេចក្តី​សុចរិត​របស់​ពួកគេ៖ «ដូច្នេះ បើ​យើង​ប្រយ័ត្ន និង​កាន់​បញ្ញត្ត​ទាំង​នេះ នៅ​ចំពោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ដូច​ជា​ទ្រង់​បាន​បង្គាប់​មក នោះ​នឹង​បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​យើង​ហើយ» (ចោទិយកថា ៦:២៥)។

គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្ដាប់​លោក ម៉ូសេ មាន​លទ្ធភាព​អាច​រស់នៅ​តាម​អ្វី​ដែល​លោក​បង្គាប់​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា លោក​បាន​ប្រាប់​ពួកគេ​នៅ​ពេល​ក្រោយ​ទៀត​ថា «មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ទ្រង់​មិន​បាន​ប្រទាន ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ» (ចោទិយកថា ២០:៣)។ លោក ម៉ូសេ បាន​ដឹង​ថា លទ្ធផល​នៃ​ភាព​រឹងចចេស​របស់​ពួក​អ៊‌ីស្រាអែល គឺ​ជា​សេចក្តី​ស្លាប់ (ចោទិយកថា ៣១:២៧-២៩) ហើយ​ចេញ​ពី​ទស្សនៈ​មួយ​នេះ ព្រះ​ជាម្ចាស់​បាន​ប្រទាន​ការ​តាំង​សញ្ញា​នៃ​ក្រឹត្យវិន័យ​ដល់​លោក ម៉ូសេ ដើម្បី​អះអាង​ពី​ «ការងារ​ខាង​ឯ​សេចក្តី​កាត់​ទោស» (២កូរិនថូស ៣:៩)។ មាន​តែ​ការ​តាំង​សញ្ញា​ថ្មី​របស់​ព្រះ​គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ ដែល​អាច​អះអាង​ពី «ការងារ​ខាង​ឯ​សេចក្តី​សុចរិត» (២កូរិនថូស ៣:៩)។

យើង​សង្ឃឹម​ថា ទាំង​យើង និង​កូនៗ​យើង​នឹង​ទទួល​ស្គាល់​ថា ខ្លួន​ជា​មនុស្ស​មាន​បាប ហើយ​ថា​យើង​បាន​ទទួល​សេចក្តី​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ។ តួនាទី​ធំៗ​នៃ​ក្រឹត្យវិន័យ​របស់​លោក ម៉ូសេ គឺ​កាត់​ទោស​មនុស្ស​គ្រប់ៗ​គ្នា (រ៉ូម ៣:១៩-២០; ២កូរិនថូស ៣:៩) ដូច​កណ្ឌគម្ពីរ រ៉ូម ចែង​ថា «បញ្ញត្តិ​នោះ ដែល​សម្រាប់​ឲ្យ​មាន​ជីវិត នោះ​បាន​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ» (រ៉ូម ៧:១០)។ មាន​តែ​ព្រះ​គ្រីស្ទ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​គ្មាន​បាប​សោះ (ហេព្រើរ ៤:១៥; ១ពេត្រុស ២:២២; ១យ៉ូហាន ៣:៥) ហើយ «មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយសារ​អំពើ​សុចរិត​តែ​១» របស់​ទ្រង់ (រ៉ូម ៥:១៨) ដែល​ទ្រង់​បាន​ចុះចូល​ចំពោះ​ព្រះ​ជាម្ចាស់​ដោយ​សេចក្ដី​ជំនឿ ហើយ​អស់​អ្នកណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ (រ៉ូម ៨:១) ដ្បិត​តាម​រយៈ​ការ​ដែល​ទ្រង់ «…ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ​បែប​ដូច​ជា​សាច់​ឈាម ដែល​តែង​តែ​មាន​បាប [ព្រះវរបិតា] កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​សេចក្តី​ក្រឹត្យវិន័យ​បង្គាប់​មក បាន​សម្រេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា…» (រ៉ូម ៨:៣-៤)។

លោក​សាវ័ក ប៉ុល និង​សាវ័ក យ៉ូហាន បាន​បង្រៀន​ថា ទង្វើ​ល្អ​របស់​គ្រីស្ទបរិស័ទ គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា ពួកគេ​ពិត​ជា​បាន​កើត​ជា​ថ្មី ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះ​គ្រីស្ទ។ (រ៉ូម ២:១៣; ១យ៉ូហាន ៣:៧)។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ដែល​យើង​អាច​នឹង​ស្ដាប់​បង្គាប់​បាន គឺ​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​អនុញ្ញាត​ឲ្យ​យើង​មាន​ផលផ្លែ​នៃ​សេចក្តី​សុចរិត ដែល​យើង​បាន​ទទួល​ក្នុង​ព្រះគ្រីស្ទ​រួច​ទៅ​ហើយ (រ៉ូម ៦:១៧)។ ដូច្នេះ ចូរ​ឲ្យ​យើង «អរ​ព្រះគុណ​ដល់​ព្រះអង្គ» ចុះ។ «ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ…តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បម្រើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្តី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច​ផង» (រ៉ូម ៦:៧, ២២)។

ការ​ឆ្លើយ​នឹង​សំណួរ​របស់​កូនៗ

សេចក្តី​បង្រៀន​របស់​លោក ម៉ូសេ នៅ​ក្នុង​កណ្ឌគម្ពីរ និក្ខមនំ គឺ​ជា​សេចក្តី​បង្រៀន​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់​គ្រីស្ទបរិស័ទ ប៉ុន្តែ​យើង​ត្រូវ​ទទួល​យក​ដោយ​យល់​ថា ព្រះ​គ្រីស្ទ​បាន​សម្រេច​នូវ​រាល់​អ្វីៗ​រួច​ទៅ​ហើយ។ នៅ​ពេល​ដែល​កូនៗ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​កូន​ស្ដាប់​បង្គាប់?» ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោកអ្នក​ឆ្លើយ​តាម​អ្វី​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​តាម​រយៈ​លោក ម៉ូសេ ប៉ុន្តែ​ចូរ​ធ្វើ​ក្នុង​របៀប​មួយ​ដែល​ជួយ​ឲ្យ​កូនៗ​របស់​លោកអ្នក​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់បង្គាប់​របស់​យើង​ទាក់ទង​នឹង​ព្រះ​គ្រីស្ទ៖

១. ចូរ​រំឭក​ដាស់​តឿន​កូនៗ​អំពី​បរិបទ​នៃ​ការ​ស្ដាប់​បង្គាប់ ដោយ​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​គ្រីស្ទ​សង្គ្រោះ​យើង​ចេញ​ពី​សេចក្តី​ក្រោធ​របស់​ព្រះ​ជាម្ចាស់ និង​ពី​អំណាច​នៃ​អំពើ​បាប។

២. ចូរ​រំឭក​ដាស់តឿន​កូនៗ​អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់​បង្គាប់ ដោយ​ប្រាប់​ពួក​គេ​អំពី​ព្រះគុណ​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ទុក​នា​ពេល​អនាគត​ចំពោះ​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ​អង្គ។

៣. អរសប្បាយ​នឹង​សេចក្តី​សុចរិត​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​មាន​តែ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មួយ​គត់ ហើយ​ការ​នោះ​អាច​នាំ​មក​នូវ​គ្រប់​អំណាច​នៃ​ស្ថាន​សួគ៌ ដើម្បី​ជា​ប្រយោជន៍​យើង។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Jason DeRouchie
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សូមកុំភ្លេច​មើល​បរិបទ

សាច់​ដុំ