[៦]ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សម្រាប់និងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ។ [៧]ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងប៉ុន្មានចុះ។
[៨]មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្ដីឃោរឃៅរបស់ការកំផិតខ្លួន។ [៩]រួចមានទេវតាទី៣មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ហើយទទួលទីសម្គាល់វានៅលើថ្ងាស ឬនៅដៃ [១០]អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ និងកូនចៀមផង។ [១១]ឯផ្សែងនៃសេចក្ដីទុក្ខលំបាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ឬអ្នកណាដែលទទួលទីសម្គាល់នៃឈ្មោះវាផង។ [១២]នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តិរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ។
[១៣]ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សម្រាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើ ក៏តាមគេជាប់។(វិវរណៈ ១៤:៦-១៣)
ចូរកោតខ្លាចព្រះជាម្ចាស់ និងថ្វាយសិរីល្អដល់ទ្រង់ចុះ
ទិដ្ឋភាពប្រែពីស្ថានសួគ៌ទៅផ្ទៃមេឃ។ ត្រង់កន្លែងនេះសាវ័ក យ៉ូហាន ប្រើវាក្យសព្ទ «កណ្ដាលមេឃ» (ភាសាក្រិក «មេស៊ូរានីម៉ា» mesouranēma) ប្រែថា «នៅពីលើក្បាល» ដើម្បីបង្ហាញអំពីផ្ទៃមេឃនៅសំកាំងពីលើផែនដី (វិវរណៈ ៨:១៣; ១៩:១៧)។ ទេវតាទីមួយក្នុងចំណោមទេវតាទាំងបីក៏បានចូលមកកាន់ ដោយនាំសារមួយ ជាសារនៃដំណឹងល្អដ៏នៅអស់កល្បជានិច្ច ដើម្បីប្រកាសប្រាប់ដល់មនុស្សនៅផែនដី (ភាសាក្រិក «អេភិ ធួអឺស ខាធីមេននីអឺស» epi tous kathēmenous epi tēs gēs)។ កាន់តែច្បាស់ លើកនេះសាវ័ក យ៉ូហាន មិនបានប្រើឃ្លា «ពួកអ្នកដែលនៅលើផែនដី» (ភាសាក្រិក «ហ៊យ កាថយគូនថេស អេភិ ធីស ហ្គីស» hoi katoikountes epi tēs gēs; វិវរណៈ ៣:១០; ៦:១០; ៨:១៣; ១១:១០; ១៣:៨, ១២, ១៤; ១៧:២, ៨) ដែលជាពាក្យគន្លឹះ សំដៅទៅលើពួកអ្នកដែលមិនជឿ (វិវរណៈ ៣:១០)។ ត្រង់ចំណុចនេះ គាត់និយាយអំពីដំណឹងល្អដល់មនុស្សទាំងអស់ ជាដំណឹងល្អដល់ពួកអ្នកដែលមកពីគ្រប់ក្រុម គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍(ម៉ាថាយ ២៤:១៤)។ ពាក្យ «ដំណឹងល្អ» សំដៅអំពីសេចក្តីសង្គ្រោះដែលបានបម្រុងទុកជាស្រេច ប៉ុន្តែស្របពេលជាមួយគ្នាដែរ អស់អ្នកណាដែលមិនទទួលយកដំណឹងល្អនេះ នោះពួកគាត់នឹងត្រូវជាប់ជំនុំជម្រះ។
ទេវតាបានហៅមនុស្សទាំងអស់ ដោយមិនមានការលើកលែង ឲ្យកោតខ្លាចដល់ព្រះ ហើយថ្វាយសិរីល្អដល់ទ្រង់(វិវរណៈ ១៥:៤; ក៏ដូចជានៅក្នុងកណ្ឌគម្ពីរ យេរេមា ១៣:១៦)។ ការថ្វាយសិរីល្អដល់ព្រះជាម្ចាស់ ដែលជាព្រះអាទិករដែលបានបង្កើតស្ថានសួគ៌និងផែនដី គឺជាការតម្រូវជាមូលដ្ឋានសម្រាប់មនុស្សជាតិ(កិច្ចការ ៤:២៤; រ៉ូម ១:២១)។ អ្នកកាត់ស្រាយព្រះបន្ទូលខ្លះជំទាស់ថា ការថ្វាយសិរីល្អនៅត្រង់ខនេះ គឺសំដៅទៅលើពួកអ្នកមិនទាន់ទទួលជឿដែលបានមកគោរពតែប៉ុណ្ណោះ នៅពេលដែលពួកគេត្រូវបានបង្ខំឲ្យថ្វាយបង្គំព្រះអម្ចាស់ នៅថ្ងៃចុងក្រោយ(ភីលីព ២:៩-១១)។ អ្នកកាត់ស្រាយទាំងនោះចោទសួរថា តើការឆ្លើយតបទៅនឹងដំណឹងល្អ ពិតជាមាននៅក្នុងទិដ្ឋភាពនៅត្រង់ហ្នឹងមែនឬ ព្រោះមិនឃើញមាននិយាយអំពីព្រះយេស៊ូវគ្រីស្ទទាល់តែសោះ។ ទោះបើអញ្ចឹងក៏ដោយ នៅត្រង់ចំណុចនេះ វានៅតែមានទំនោរទៅរកការធានាអំពីសេចក្ដីសង្គ្រោះដដែល។ សាវ័ក យ៉ូហាន មិនចាំបាច់ត្រូវរៀបរាប់អ្វីគ្រប់យ៉ាង ក្នុងរាល់អត្ថបទនោះទេ ព្រោះអ្វីដែលនៅសល់ក្នុងកណ្ឌគម្ពីរវិវរណៈបានបញ្ជាក់យ៉ាងច្បាស់ថា គ្មាននរណាម្នាក់អាចកោតខ្លាចព្រះជាម្ចាស់ ឬថ្វាយសិរីល្អដល់ទ្រង់បានទេ ប្រសិនបើពួកគេមិនថ្វាយបង្គំកូនចៀម និងគោរពកោតខ្លាចដល់ទ្រង់។ ជាច្រើនលើកច្រើនសារ នៅក្នុងកណ្ឌគម្ពីរវិវរណៈ យើងឃើញថា ការថ្វាយសិរីល្អដល់ព្រះជាម្ចាស់ គឺជាសកម្មភាពរបស់ពួកបរិសុទ្ធ (វិវរណៈ ១៥:៤; ១៦:៩; ១៩:៥) ។ មនុស្សទាំងអស់ត្រូវបានហៅមកឲ្យកោតខ្លាចព្រះជាម្ចាស់ ហើយនិងថ្វាយសិរីល្អដល់ទ្រង់ ដ្បិតពេលវេលានៃការជំនុំជម្រះបានខិតជិតមកដល់ហើយ ហើយអស់អ្នកណាដែលមិនគោរពកោតខ្លាច និងថ្វាយបង្គំដល់ទ្រង់ នោះនឹងត្រូវជាប់ទោស។
ទេវតាមួយទៀតក៏បានលេចមក ដោយបន្លឺសំឡេងថា «ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ»។ ហោរា អេសាយ និងហោរា យេរេមា បានទាយអំពីការដួលរលំនៃទីក្រុងបាប៊ីឡូននេះ ហើយទំនាយនេះក៏បានសម្រេចនៅក្នុងឆ្នាំ ៥៣៦ មុនគ.ស រួចហើយដែរ (អេសាយ ២១:៩; យេរេមា ៥១:៨)។ សាវ័ក យ៉ូហាន បានប្រដូចអ្វីដែលបានកើតឡើងចំពោះទីក្រុងបាប៊ីឡូនទៅនឹងទីក្រុងរ៉ូម ដោយបង្ហាញថា ទីក្រុងបាប៊ីឡូនគឺជាអ្នកនាំមុខ និងជាប្រភេទដែលបដិសេធព្រះដែលនឹងត្រូវមកដល់ (វិវរណៈ ១៧:១-១៩:៥; ១ពេត្រុស ៥:១៣)។ សាវ័ក យ៉ូហាន នឹងរៀបរាប់បន្ថែមទៀតលើពាក្យរបស់ទេវតាយ៉ាងច្បាស់ នៅក្នុងកណ្ឌគម្ពីរ វិវរណៈ ១៧:១-១៩:៥ ប៉ុន្តែនៅទីនេះ គាត់ប្រកាសប្រាប់អំពីការដួលរលំនៃទីក្រុងបាប៊ីឡូន (វិវរណៈ ១៨:២, ១០, ២១)។ ទីក្រុងបាប៊ីឡូនទទួលការជំនុំជម្រះ ដោយព្រោះបានធ្វើឲ្យប្រជាជាតិនានាផឹកស្រាទំពាំងបាយជូរនៃអំពើសហាយស្មន់របស់វា (វិវរណៈ ១៦:១៩; ១៧:២, ៥; ១៨:៣)។ អំពើសហាយស្មន់ត្រង់នេះមានន័យខាងឯវិញ្ញាណទេ មិនមែនន័យចំនោះឡើយ ទោះបើវាក៏រួមបញ្ចូលទាំងគំនិតនៃអំពើបាបខាងឯផ្លូវភេទក៏ដោយ។ ការផ្ដោតសំខាន់គឺនៅតែសំដៅទៅលើការកំផិត និងអំពើពេស្យាចារខាងឯវិញ្ញាណដដែល (យេរេមា ៣:៨-៩; អេសេគាល ១៦; ២៣; ហូសេ ១:១-៣:៥)។ ទីក្រុងបាប៊ីឡូននឹងប្រឈមមុខនឹងការកាត់ទោស ចំពោះការលើកទឹកចិត្ដឲ្យថ្វាយបង្គំព្រះក្លែងក្លាយ ដោយប្រកាសពាសពេញផែនដីនូវសារដែលថា វាជាការត្រឹមត្រូវក្នុងការបះបោរប្រឆាំងនឹងព្រះដ៏ពិតតែមួយអង្គ។
ការព្រមានដ៏ខ្លាំងក្លា
រួចទេវតាទីបីក៏បានមកដល់តាមក្រោយ ហើយប្រកាសជាទូទៅដោយបន្លឺសំឡេងខ្លាំងៗ។ រៀងរាល់លើក ទេវតាបន្លឺសម្លេងថា គ្រប់គ្នាត្រូវតែថ្វាយបង្គំព្រះដ៏ពិត ជំនួសឲ្យព្រះក្លែងក្លាយ។ ក្នុងគ្រប់ចំណុច ទេវតាបានលើកឡើងអំពីការដែលមនុស្សទាំងអស់ត្រូវតែថ្វាយបង្គំព្រះដ៏ពិតតែមួយ ជាជាងព្រះក្លែងក្លាយ។ នៅត្រង់ចំណុចនេះ ទេវតាបានលើកឡើងអំពីអស់អ្នកដែលថ្វាយបង្គំសត្វ (ចក្រភពរ៉ូម) និងរូបរបស់សត្វនោះ ព្រមទាំងបានទទួលសញ្ញារបស់សត្វនោះនៅលើថ្ងាស និងនៅលើដៃរបស់ពួកគេទៀតផង។ នៅក្នុងកណ្ឌគម្ពីរ វិវរណៈ ១៣:១៦-១៧ យើងដឹងថា ពួកអ្នកដែលបានទទួលសញ្ញាសម្គាល់នេះ គឺសម្រាប់តែហេតុផលសេដ្ឋកិច្ច ដើម្បីឲ្យរីកចម្រើនឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ ការទទួលយកសញ្ញាសម្គាល់នេះ គឺមិនគ្រាន់តែជាការសម្រេចចិត្តខាងឯសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងឆ្លុះបញ្ចាំងអំពីភក្តីភាពដ៏ខ្លាំងបំផុតរបស់ពួកគេ ដោយបង្ហាញថាទីក្រុងរ៉ូម និងទ្រព្យសម្បត្តិដ៏មហាសាល និងអំណាចដ៏ខ្លាំងក្លារបស់វាមានសារៈសំខាន់ចំពោះពួកគេ ជាជាងព្រះទៅទៀត។
ការព្រមាននេះគឺខ្លាំងក្លាណាស់។ អស់អ្នកដែលថ្វាយបង្គំសត្វ ឬទទួលសញ្ញាសម្គាល់របស់សត្វនោះនឹងត្រូវផឹកពីពែងនៃស្រាទំពាំងបាយជូរនៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់ (វិវរណៈ ១៦:១៩) ដែលនោះជាពាក្យដែលប្រើប្រាស់ញឹកញាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីបង្ហាញអំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ដល់អស់អ្នកដែលបះបោរប្រឆាំងនឹងទ្រង់ (ទំនុកតម្កើង ៧៥:៨; អេសាយ ៥១:១៧, ២២; យេរេមា ២៥:១៥)។ ពិតណាស់ ពួកអ្នកដែលបះបោរនឹងភ្លក់សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ក្នុងរបៀបដែលមិនចេះរលត់។ ព្រះអង្គនឹងមិនរំលងពួកគេ ឬក៏បង្ហាញសេចក្ដីមេត្តាករុណាឡើយ។ ព្រះនឹងបង្ហូរសេចក្តីក្រោធរបស់ទ្រង់មកលើពួកគេ ហើយពួកគេនឹងរងទុក្ខវេទនាពីភ្លើង និងស្ពាន់ធ័រ (វិវរណៈ ១៩:២០; ២០:១០; ២១:៨; លោកុប្បត្ដិ ១៩:២៤; ទំនុកតម្កើង ១១:៦; អេសេគាល ៣៨:២២)។ ការប្រើភាសាថា «ភ្លើង និងស្ពាន់ធ័រ» មិនចាំបាច់មានន័យត្រង់នោះទេ ប៉ុន្តែយ៉ាងណាមិញ ការរងទុក្ខនឹងនាំមកនូវសេចក្តីវេទនា និងការព្រួយចិត្តនៅពេលដែលពួកគេរងទុក្ខ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងកូនចៀម។
សាវ័ក យ៉ូហាន បានបន្តបរិយាយយ៉ាងលម្អិតអំពីការដាក់ទោសរបស់ពួកគេ។ ផ្សែងនៃសេចក្តីវេទនារបស់ពួកគេនឹងហុយឡើងជាដរាបទៅ (វិវរណៈ ១៩:៣; និងអេសាយ ៣៤:១០)។ អ្នកខ្លះយល់ថា ផ្សែងនេះមានន័យថា ពួកគេត្រូវបានបំផ្លាញចោលទាំងស្រុង (annihilated) ដោយលែងមានទៀត ប៉ុន្តែការលើកឡើងនេះផ្ទុយទាំងស្រុងពីអ្វីដែលបានលើកឡើងអំពីការដាក់ទោសនៅក្នុងខ១០ និងឃ្លាក្នុងខ១១ ដែលសាវ័ក យ៉ូហាន បានសរសេរថា ពួកគេនឹងមិនមានពេលសម្រាកទាំងថ្ងៃទាំងយប់នោះឡើយ។ ម្យ៉ាងវិញទៀត បទពិសោធន៍នៃការដាក់ទោសរបស់ពួកគេគឺនៅតែបន្តជារៀងរហូត។ ទិដ្ឋភាពនៃការជំនុំជម្រះចុងក្រោយនេះមានភាពដូចគ្នាទៅនឹងការរៀបរាប់ក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៥:៤៦ ដែលបានរៀបរាប់ថាមនុស្សសុចរិតរីករាយនឹងមាន «ជីវិតដ៏នៅអស់កល្បជានិច្ច» ឯមនុស្សទុច្ចរិតវិញ នោះនឹងប្រឈមមុខនឹងការ «មានទោសអស់កល្បជានិច្ច» (ផងដែរ ម៉ាថាយ ២៥:៤១)។ អ្នកអានបានទទួលសារនៃការព្រមានថា ការរងទុក្ខដ៏គួរឲ្យខ្លាចនឹងបន្តមានដ៏នៅអស់កល្បជានិច្ច ប្រសិនបើពួកគេថ្វាយបង្គំសត្វ និងរូបរបស់វានោះ ឬក៏ទទួលយកសញ្ញារបស់វាជាដើម។
ការហៅមកឲ្យស៊ូទ្រាំ
ការព្រមានដ៏គួរឲ្យកត់សម្គាល់ដ៏ខ្លាំងក្លានៅក្នុងកណ្ឌគម្ពីរ វិវរណៈ ១៤:៩-១១ គឺមិនមែនសរសេរឡើងសម្រាប់ពួកអ្នកមិនជឿនោះទេ ពីព្រោះសាវ័ក យ៉ូហាន មិនបានសរសេរកណ្ឌគម្ពីរវិវរណៈនេះសម្រាប់ពួកគេទេ។ ការព្រមាននេះ គឺជាការនិយាយសំដៅទៅកាន់ពួកអ្នកជឿ («ពួកបរិសុទ្ធ») ក្នុងគោលបំណងជំរុញឲ្យពួកបរិសុទ្ធតយុទ្ធដល់ទីបញ្ចប់។ ប្រសិនបើពួកគេផ្ដល់ភក្ដីភាពដល់សត្វនោះ នោះពួកគេនឹងរងទុក្ខវេទនាជារៀងរហូត។ ដូច្នេះ ការព្រមានក្នុងកណ្ឌគម្ពីរ វិវរណៈ ១៤:៩-១១ និងសាររបស់ទេវតាទាំងពីរដំបូង (វិវរណៈ ១៤:៦-៨) គឺជាការប្រាប់ឲ្យអ្នកអានរបស់សាវ័ក យ៉ូហាន នៅតែស៊ូទ្រាំ និងកាន់ខ្ជាប់ជានិច្ច (វិវរណៈ ១២:១០)។ ការស៊ូទ្រាំ ក៏ទទួលបានពន្យល់បន្ថែមទៀតក្នុងលក្ខខណ្ឌនៃការរក្សាបញ្ញត្តិរបស់ព្រះជាម្ចាស់ និងការបន្តដាក់សេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវ (វិវរណៈ ១២:១៧)។ ការពិតជាក់ស្ដែងនៃសេចក្តីជំនឿរបស់ពួកគេនឹងបង្ហាញដោយខ្លួនឯងតាមរបៀបដែលអាចសង្កេតឃើញ និងភាពជាក់ស្ដែង—ពួកអ្នកដែលស៊ូទ្រាំដើរតាមព្រះជាម្ចាស់ដោយស្តាប់បង្គាប់។
ជាបន្ទាប់ក៏មានសំឡេងពីស្ថានសួគ៌បន្លឺឡើង ដោយនិយាយសង្ខេបក្នុងរបៀបជាច្រើននូវសារដែលសរសេរក្នុងជំពូកនេះមកដល់ពេលនេះ ហើយតាមពិតទៅគឺកណ្ឌវិវរណៈទាំងមូលដែរ។ សាវ័ក យ៉ូហាន ត្រូវតែកត់ត្រានូវសារដែលធានាអះអាងនេះ ដោយព្រោះតែសារៈសំខាន់របស់សារនោះ។ ព្រះជាម្ចាស់បានត្រាស់ហៅអ្នកជឿឲ្យមកស៊ូទ្រាំក្នុងលោកីយ៍ ដែលប្រឆាំងនឹងពួកគេយ៉ាងខ្លាំង។ ផែនដីបច្ចុប្បន្ននេះ មិនមែនជាផ្ទះរបស់ពួកគេទេ ដូច្នេះហើយបានជាពួកអ្នកដែលបានស្លាប់ក្នុងព្រះអម្ចាស់មានពរ។ ពួកគេទុកការតយុទ្ធនៃលោកីយ៍នេះនៅពីក្រោយ (វិវរណៈ ៦:១១; ហេព្រើរ ៤:៩-១០) ដោយប្ដូរមកវិញនូវរង្វាន់ចុងក្រោយ។ ព្រះវិញ្ញាណនឹងអះអាងបញ្ជាក់ឡើងវិញនូវព្រះពររបស់ពួកអ្នកស្លាប់៖ ពួកអ្នកជឿនឹងសម្រាកពីការនឿយលំបាកនាសម័យដ៏អាក្រក់នេះ។ បន្ទាប់មក ពួកគេនឹងទទួលបានការធូរស្រាលពីសម្ពាធ ដែលបានដាក់ក្នុងជីវិតរបស់ពួកគេ។ សាវ័ក យ៉ូហាន បានលើកឡើងថា ពួកអ្នកជឿនឹងសម្រាក ពីព្រោះការងាររបស់ពួកគេមកតាមពួកគេ។ បើនិយាយមួយបែបទៀត ការងាររបស់ពួកគេនឹងធ្វើទីបន្ទាល់ថា ពួកគេជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដូច្នេះការសម្រាកនឹងផ្តល់ឲ្យពួកគេជាការធានា។
មតិយោបល់
Loading…