in ,

អំណោយ​៣យ៉ាង​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ

3 Gifts of the Resurrection

ប្រសិនបើ​លោកអ្នក​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​លោកអ្នក​នឹង​អាច​ឮ​ខ្ទរ​ពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក្នុង​រឿង​ដ៏​អស្ចារ្យ​ដែល​យើង​ត្រឡប់​ទៅ​មើល​ម្ដង​ហើយ​ម្ដង​ទៀត។ រឿង​ទាំង​នោះ​នាំ​យើង​ឲ្យ​ទៅ​ដល់​ចំណុច​នៃ​ការ​អស់​សង្ឃឹម ពេល​ដែល​យើង​មើល​ទៅ​ហាក់​បី​ដូច​ជា​រាល់​គ្រប់​អ្វីៗ​ត្រូវ​បាន​រលាយ​សាបសូន្យ​អស់​ហើយ។ ប៉ុន្តែ បន្ទាប់ពី​នោះ​ស្រាប់​តែ​មាន​អំណរ​ដែល​ស្ទើរ​តែ​មិន​អាច​ទប់​បានត្រូវ​​ផ្ទុះ​ឡើង ខណៈពេល​ដែល​សេចក្ដី​ល្អ​បាន​យក​ឈ្នះ​លើ​សេចក្ដី​អាក្រក់។

វា​ពិត​ជា​មាន​ហេតុផល​មែន ដែល​រឿង​ទាំង​នោះ​ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​យើង។ មិន​ថា​ក្នុង​របៀប​ណា​ក៏​ដោយ ក៏​រឿង​ទាំង​នោះ​បង្ហាញ​ជា​គំរូ និង​ការ​ត្រាប់តាម​រឿង​ដ៏​ពិត​នៅ​លើ​ផែនដី​នេះ​ផង​ដែរ។ ដំណើរ​រឿង​នៃ​ភាព​ដ៏​ល្អ​ឥត​ខ្ចោះ និង​កន្លែង​ដ៏​ពោរ​ពេញ​ដោយ​សុភមង្គល​ត្រូវ​បាន​បែរ​ទៅ​ជា​អាក្រក់​តាមរយៈ​អំពើបាប និង​អំពើ​អាក្រក់​របស់​មនុស្សលោក ហើយ​ត្រូវ​បាន​ទទួល​ការ​សង្គ្រោះ​តាមរយៈ​ការ​លះបង់​ដែល​មិន​គិត​ពី​ខ្លួន​ឯង ព្រម​ទាំង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ការ​យាង​ត្រឡប់​មក​វិញ​ដោយ​មាន​ជ័យជម្នះ។ នោះ​គឺ​ជា​ដំណើរ​រឿង​ដ៏​ពិត​របស់​ផែនដី​របស់​យើង។

ការ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ចំណុច​បង្វែរ។ ក្នុង​ព្រឹត្តិការណ៍​មាន​ចំណុច​សំខាន់​ណាស់៖ ក្នុង​ដំណើរ​រឿង​ដ៏​ធំ​នៃ​ការ​បង្កបង្កើត និង​ក្នុង​ដំណើរ​រឿង​យើង​នីមួយៗ។ ចំពោះ​យើង​ក្នុង​នាម​ជា​អ្នក​ជឿ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​ប្រទាន​នូវ​អំណោយ​ទាន​បី​យ៉ាង​ដែល​យើង​ពុំ​អាច​យល់​ច្រឡំ​គ្នា​បាន។ ខណៈពេល​ដែល​នៅ​មាន​អំណោយ​ទាន​ជា​ច្រើន​ជាង​នោះ​ទៅ​ទៀត យើងខ្ញុំ​ជឿ​ថា ការ​ផ្ដោត​លើ​អំណោយ​ទាន​ទាំង​បី​នេះ​នឹង​នាំ​ឲ្យ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន។

១.ជីវិត​ហួស​ពី​ផ្នូរ

ការ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ធានា​ថា​នឹង​មាន​ជីវិត​ហួស​ពី​ផ្នូរ—អំណោយ​ទាន​ដំបូង។ ក្នុង​អំណោយ​ទាន​នេះ យើង​ឃើញ​ថា យើង​មាន​ក្ដី​សង្ឃឹម​នៅ​ក្នុង​ភាព​អស់​សង្ឃឹម​របស់​យើង។

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ប្រាប់​គ្រីស្ទបរិស័ទ​ឲ្យ​ដឹង​ថា អំពើ​បាប​ពី​អតីតកាល​មិន​ផ្ដល់​អត្ថន័យ​លើ​អនាគតកាល​ឡើយ។ ការ​តយុទ្ធ​នា​ពេល​បច្ចុប្បន្ន​នឹង​មិន​រារាំង​លោកអ្នក​ពី​ការ​ទទួល​បាន​សិរីល្អ​ឡើយ។ ខណៈពេល​ដែល​លោកអ្នក​មើល​ខ្លួន​ឯង ហើយ​គ្រាន់តែ​ឃើញ​អំពើ​បាប និង​បរាជ័យ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​អះអាង​ថា​មាន​លើស​ពី​នោះ​ទៅ​ទៀត។ ភាព​ងងឹត​នា​ពេល​យប់​កំពុង​តែ​រៀបចំ​ផ្លូវ​ឲ្យ​ព្រះ​អាទិត្យ​រះ។

ជីវិត​ហួស​ពី​ផ្នូរ​មាន​ន័យ​ថា យើង​អាច​មាន​ទំនុកចិត្ត​ថា​ព្រះ​យេស៊ូវ​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​សន្យា។ ទោះបើ​គំនិត​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​សង្គ្រោះ​ដែល​គេ​បាន​ឆ្កាង ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​ទំនង​សោះ​ចំពោះ​មនុស្ស​ជា​ច្រើន ក៏​យើង​នៅ​អាច​ឃើញ​ជា​ភស្តុតាង​ដោយ​មាន​ទំនុក​ចិត្ត​ថា ពិត​ជា​មាន​មនុស្ស​ដែល​នឹង​ចូល​រួម​ជាមួយ​នឹង​មនុស្ស​រាប់​លាន​នាក់​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ដែល​ពួកគាត់​បាន​ប្រទះ​នឹង​ការ​អស្ចារ្យ​ពេល​ដែល​ពួកគាត់​ប្រឈមមុខ​នឹង​ព្រះ​អង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

មាន​អ្នក​ខ្លះ​ដឹង​ថា ដួងចិត្ត​ខ្លួន​មាន​ភាព​ងងឹត ក៏​ដូច​ជា​ដឹង​ពី​ជម្រៅ​នៃ​អំពើ​បាប​ខ្លួន ហើយ​ពួកគាត់​កំពុង​សង្ឃឹម​ថា​នឹង​មាន​ជីវិត៖ ជីវិត​ហួស​ពី​ភាព​ស្លាប់​នៃ​អំពើ​បាប​ខ្លួន ជីវិត​ហួស​ពី​ទុក្ខ​កង្វល់​នៃ​ជីវិត​ប្រចាំ​ថ្ងៃ និង​ជីវិត​ហួស​ពី​ផ្នូរ​ទៅ​កាន់​ផែនដី​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​សម្រាប់​ពួកគាត់។ ការ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ផ្ដល់​អំណោយ​ទាន​នោះ​ដល់​យើង។

២.អំណរ​ហួស​ជំនឿ

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ផ្ដល់​ដល់​យើង​នូវ​អំណរ​ហួស​ជំនឿ។ យើង​មាន​អំណរ​ដែល​នឹង​នៅ​ជា​មួយ​យើង​យ៉ាង​អស់កល្ប​ជានិច្ច ហើយនិង​ជា​មូលដ្ឋាន​នៃ​ជីវិត​របស់​យើង។ ការ​ដឹង​ថា​យើង​នឹង​មាន​អំណរ​នា​ពេល​ព្រឹក​អាច​នឹង​ជួយ​ឲ្យ​យើង​មាន​សង្ឃឹម​ពេល​យើង​ប្រឈមមុខ​នឹង​យប់​ដ៏​ងងឹត។

មើល​ទៅ​​ជា​ដំណឹងល្អ​ហាក់​បី​ដូច​ជា​ល្អ​ហួស​ពី​ការ​ពិត​ពេក​ហើយ។ តាម​ពិត​ទៅ ដំណឹងល្អ​គឺ​ល្អ​រហូត​ដល់​ដំណាក់​ថា បើ​មិន​ល្អ នោះ​មិន​ពិត​ទេ។ យើង​មិន​អាច​ដក​សេចក្ដី​ពិត​ចេញពី​ដំណឹងល្អ​រហូត​ទាល់​តែ​អស់​នោះ​ទេ។ ហើយ​អំណរ​របស់​យើង​គឺ​ជា​ចំណុច​ដែល​នាំ​ឲ្យ​យើង​បន្ត​សង្វាត​ដេញ​តាម​ព្រះ​ជាម្ចាស់​ថែម​ទៀត។ ពេល​ខ្លះ ជំនឿ​របស់​យើង​ត្រូវ​ដេញ​តាម​ឲ្យ​ទាន់​អំណរ​របស់​យើង។

ក្នុង​ព្រះ​យេស៊ូវ រាល់​គ្រប់​ទុក្ខព្រួយ​នឹង​លែង​ក្លាយ​ជា​ទុក្ខព្រួយ​ទៀត​ហើយ ហើយ​សេចក្ដី​ស្លាប់​នឹង​លេប​នូវ​រាល់​គ្រប់​ការ​រងទុក្ខ និង​ការ​ឈឺចាប់​នា​ពេល​បច្ចុប្បន្នកាល​នេះ​នៅ​លើ​លោកីយ៍។ បន្ទាប់មក នឹង​មាន​សួនច្បារ​ដ៏​ល្អ​ស្រស់​ស្អាត​ថ្មី​មួយ​ដែល​នឹង​គ្រប​បាំង​ការ​ឈឺចាប់​នោះ​ចោល​ហើយ រហូត​ដល់​កម្រិត​ថា​វា​មិន​មែន​ជា​បញ្ហា​អ្វី​ទេ​ក្នុង​ការ​ឆ្លង​កាត់។

ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក​វិញ នោះ​ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ដូច​ជា​ទ្រង់​ផ្ទាល់។ ផែនដី​ថ្មី​គឺ​ជា​ទីកន្លែង​ចុង​ក្រោយ​ដែល​យើង​នឹង​ទៅ។ យើង​រង់ចាំ​ថ្ងៃ​រស់​ឡើង​វិញ គឺ​ពេល​ដែល​អំណរ​នៃ​ស្ថានសួគ៌​នឹង​មាន​ការ​រួបរួម​គ្នា​នឹង​អ្វីៗ​ដែល​មាន​លើ​ផែនដី​នេះ។ នៅ​ថ្ងៃ​នោះ យើង​នឹង​មាន​អំណរ​រាល់​វេលា។ លោកគ្រូ ស៊ី. អេស. លូវ៉ីស បាន​លើក​ឡើង​ថា «នេះ​គឺ​ជា​ការងារ​របស់​ស្ថានសួគ៌»។

ក្ដារមឈូស​នឹង​មិន​នៅ​បិទ​ទៀត​ឡើយ។ ឆ្អឹង​របស់​យើង​នឹង​មក​ផ្គុំ​គ្នា​ឡើង​វិញ។ ស្បែក​យើង​នឹង​ដុះ​ឡើង​វិញ។ ផ្នូរ​ដែល​យើង​បាន​លុប​នឹង​ដី​នឹង​លែង​មាន​ការ​លុប​វិញ។ ក្លិន​នៃ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បាន​បក់​ចេញ​ដោយ​ក្លិន​ក្រអូប​នៃ​ជីវិត​ថ្មី។ កន្លែង​បញ្ចុះ​សព​គឺ​ជា​សួនច្បារ ហើយ​ថ្ងៃ​មួយ​អំណរ​នៃ​ការ​រស់​ឡើង​វិញ​នឹង​បក់​លើ​ក្បាល​ថ្ម​ផ្នូរ​នៃ​អស់​អ្នក​ដែល​ជឿ។

៣.បេសកកម្ម​ហួស​ព្រំដែន

ព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ​សម្រាប់​លោកអ្នក—ក្នុង​នាម​ជា​ព្រះ​មេស្ស៊ី​ដែល​បាន​រងទុក្ខ សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ—អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​មាន​ព័ន្ធកិច្ច​តាមរយៈ​លោកអ្នក—ក្នុង​នាម​ជា​អ្នក​ធ្វើ​ទីបន្ទាល់​សម្រាប់​ព្រះ​នាម​ព្រះ​អង្គ។ ពេល​ដែល​ព្រះ​ជាម្ចាស់​ត្រាស់ហៅ​លោកអ្នក​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ ពេល​នោះ​ព្រះ​អង្គ​ក៏​បាន​ត្រាស់ហៅ​លោកអ្នក​ឲ្យ​ធ្វើ​បេសកកម្ម​របស់​ទ្រង់​ផង​ដែរ។ ព័ន្ធកិច្ច​របស់​ព្រះ​អង្គ​សម្រាប់​យើង​នាំ​ឲ្យ​ព្រះ​អង្គ​មាន​ព័ន្ធកិច្ច​តាមរយៈ​យើង។

ហេតុ​ដូច្នេះ ចំណុច​នៃ​ការ​រស់​ឡើង​វិញ​គឺ មិនមែន​ឲ្យ​យើង​នៅ​អង្គុយ​រង់ចាំ​ឲ្យ​មាន​ជីវិត​នៅ​ឯ​ស្ថានសួគ៌​នោះ​ទេ។ មិនមែន​ជា​ការ​រក្សា​ទុក​នូវ​ទំហំ​នៃ​ជំនឿ​ក្នុង​ជីវិត​របស់​យើង​នោះ​ដែរ។ មិនមែន​ជា​ការ​សម្រាក​លើ​ភាព​សុខ​ស្រួល​ក្ដី​សង្ឃឹម​នៅ​អនាគត​តែ​ប៉ុណ្ណោះ​នោះ​ឡើយ។ ចំណុច​គឺ ការ​ចេញ​ប្រកាស។

រាជសារ​គឺ​អំពី​ព្រះ​មេស្ស៊ី ហើយ​រាជសារ​នោះ​គឺ​សម្រាប់​មនុស្ស​មាន​បាប​នៅ​គ្រប់​ទី​កន្លែង។ គឺ​ទាក់ទង​នឹង​ការ​កែប្រែ​ចិត្ត។ គឺ​ទាក់ទង​នឹង​ការ​ស្លាប់​ក្នុង​អំពើ​បាប ហើយ​ទទួល​បាន​ភាព​ត្រូវ​គ្នា​ឡើង​វិញ​ជាមួយ​នឹង​ព្រះ​ជាម្ចាស់។ គ្រប់​គ្នា​អាច​ទទួល​បាន​ការ​អត់​ទោស ព្រោះ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​បាន​បង្វែរ​សេចក្ដី​ក្រោធ ហើយ​ព្រោះ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​បាន​ផ្ដល់​នូវ​ជីវិត​ដ៏​ល្អ​បំផុត។ យើង​ទាំង​អស់​គ្នា​គឺ​ជា​ទាហាន​នៃ​កូន​ចៀម​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​ដក​ចេញ​នូវ​អំពើ​បាប​នៃ​លោកីយ៍។

មាន​ខ្យល់​ដែល​កំពុង​បក់​តាមរយៈ​ទ័ព​ទាហាន​នៃ​អ្នក​នាំ​សារ​ទាំង​នេះ។ ខ្យល់​នោះ​គឺ​ជា​បុគ្គល ព្រះ​វិញ្ញាណបរិសុទ្ធ​នៃ​ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​នាម​ព្រះ​អង្គ ទ្រង់​គឺ​ជា​ព្រះ​អង្គ​ដែល​ប្រទាន​អំណាច​ដល់​យើង​ក្នុង​ការ​ធ្វើ​បេសកកម្ម។ ទីក្រុង​យេរូសាឡឹម​មិនមែន​ជា​ទី​បញ្ចប់​នៃ​ព្រំដែន​នោះ​ទេ។ ហើយ​ក្រុមជំនុំ ឬ​សង្គម​យើង​ក៏​មិនមែន​ជា​ទី​បញ្ចប់​ផង​ដែរ។ ដាច់ខាត រាជសារ​ត្រូវតែ​ចេញ​ទៅ។ ហើយ​គ្រប់​ជាតិ​សាសន៍​ត្រូវតែ​ឮ។

ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ប្រើប្រាស់​ដំណឹងល្អ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ជំរុញ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ឲ្យ​ចេញ​ទៅ​បម្រើ​បេសកកម្ម​ជាមួយ​នឹង​ព្រះ​ជាម្ចាស់។ ការ​ធ្វើ​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ​គឺ​ជា​អំណោយទាន​ដ៏​ល្អ។

ចំណុច​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​មិនមែន​ជា​ចំណុច​ចុង​ក្រោយ​នៃ​ការ​អរសប្បាយ​បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត​ទេ។ តែ​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​អរសប្បាយ​នៃ​ការ​បង្កើត​ជា​ថ្មី​របស់​ព្រះ​អង្គ។ យើង​មាន​ការងារ​ដែល​យើង​ត្រូវ​ធ្វើ។

ក្នុង​កណ្ឌគម្ពីរ ១ កូរិនថូស ១៥ សាវ័ក ប៉ុល បាន​ចំណាយ​អស់​មួយ​ជំពូក​ទាំង​មូល​ក្នុង​ការ​បកស្រាយ​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ចំណុច​សំខាន់​នៃ​ការ​នោះ។ តើ​ជំពូក​ដ៏​វែង​នេះ​បាន​ចប់​ដោយ​របៀប​ណា? «បាន​ជា​បង​ប្អូន​ស្ងួន​ភ្ងា​អើយ» ដែល​នេះ​មាន​ន័យ​ម្យ៉ាង​ទៀត​ថា «ដោយ​យោង​លើ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ» «ចូរ​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ដោយ​ឥត​រង្គើ។ ទាំង​ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ​អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ» (១កូរិនថូស ១៥:៥៨ គខប)។

ការ​ដែល​យើង​ដឹង​ថា យើង​បាន​ទទួល​ជីវិត​ហួស​ពី​ផ្នូរ អំណរ​ហួស​ពី​ជំនឿ និង​បេសកកម្ម​ហួស​ពី​ព្រំដែន​នឹង​ជួយ​យើង​ក្នុង​បម្រើ​ព្រះ​អម្ចាស់​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

និពន្ធដោយ៖ លោកគ្រូ Trevin Wax
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងលោកស្រី ឡូញ ណារ៉ុង
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយ មាន ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មាន​ភាព​សប្បាយ​ជាមួយ​នឹង​គ្នា

ស្រឡាញ់លោកអ្នកខ្លាំងពេក