ចំណុច៩យ៉ាងដែលលោកអ្នកគួរយល់ដឹងអំពីសំណួរ-ចម្លើយ
១. សំណួរ-ចម្លើយគឺជាទម្រង់មួយនៃការណែនាំ
សំណួរ-ចម្លើយគឺជាទម្រង់មួយនៃការណែនាំខាងឯជំនឿសាសនា ជាទូទៅមានបទបង្ហាញជាទម្រង់និយាយ។ ជាទូទៅ ការណែនាំមានមូលដ្ឋានលើសៀវភៅ ឬក៏ឯកសារដែលគេហៅថា (“catechism” ក្នុងភាសាអង់គ្លេស ប្រែជាភាសាខ្មែរថាជា «សំណួរ-ចម្លើយ») ដែលមានគោលការណ៍សង្ខេបៗ ជាពិសេសទាក់ទងទៅនឹងគោលជំនឿសាសនា។
២. សំណួរ-ចម្លើយគឺជារបៀបបង្រៀនមួយដែលមាននៅក្នុងព្រះគម្ពីរ
ពាក្យនានាដែលទាក់ទងនឹង “catechism” ក្នុងភាសាអង់គ្លេសគឺជាពាក្យដែលកើតចេញពីក្នុងភាសាក្រិក “katecheo” («ខាតថិខិអូ») ដែលមានន័យថា «ការបង្រៀនផ្ទាល់មាត់ ឬក៏ការណែនាំ»។ យើងអាចឃើញលំនាំនៃការបង្រៀនបែបនេះនៅក្នុងកណ្ឌគម្ពីរ លូកា ១:៤ និង១កូរិនថូស ១៤:១៩។ សាវ័ក ប៉ុល ក៏បានបង្រៀនដូចរបៀបនេះនៅក្នុងកណ្ឌគម្ពីរ កាឡាទី ៦:៦ នៅពេលដែលគាត់បានលើកឡើងថា «អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អឲ្យដល់គ្រូនោះផង»។ ដូចគ្នាផងដែរ នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១៨:២៥ សាវ័ក ប៉ុល បានមានប្រសាសន៍ថាលោក អ័ប៉ុឡូស «បានសិក្សាខាងឯផ្លូវព្រះអម្ចាស់…បានជាគាត់អធិប្បាយហើយបង្រៀនយ៉ាងត្រឹមត្រូវ ពីអស់ទាំងសេចក្ដីខាងឯព្រះអម្ចាស់»។
៣. សំណួរ-ចម្លើយគឺជារបៀបបង្រៀនមួយពីប្រវត្តិសាស្ត្រ
ស្ទើរតែគ្រប់និកាយ និងប្រពៃណីក្នុងប្រវត្តិសាស្ត្រក្រុមជំនុំនីមួយៗបានប្រើប្រាស់ទម្រង់ផ្ទាល់មួយចំនួននៃសំណួរ-ចម្លើយសម្រាប់ការបង្រៀនអំពីជំនឿសាសនាទៅកាន់កុមារ និងមនុស្សធំដែលជាគ្រីស្ទបរិស័ទ៖ និកាយលូធ័រិន (“Lutherans” សំណួរ-ចម្លើយខ្លីៗរបស់លោកគ្រូ លូធ័រ “Luther’s Small Catechism”) និកាយប្រេសប៊ីធើរាន (“Presbyterians” សំណួរ-ចម្លើយគោលជំនឿគ្រីស្ទានជាភាសាខ្មែរ “Westminster Shorter Catechism”) និកាយបាទីស្ទ (“Baptist” សំណួរ-ចម្លើយខ្លីៗរបស់លោកគ្រូ ខិក “Keach’s Catechism”) និកាយកាតូលិក (“Catholics” សំណួរ-ចម្លើយនៃក្រុមជំនុំកាតូលិក “Catechism of the Catholic Church”) និកាយក្រុមជំនុំអង់គ្លីខិន (“Anglicans” សំណួរ-ចម្លើយពីសៀវភៅការអធិស្ឋានរួម “The Catechism from the Book of Common Prayer”)។ល។
៤. ជាទូទៅ សំណួរ-ចម្លើយមានចំណុចសំខាន់ៗ៤យ៉ាង
ខណៈពេលចំណុចនៃគោលជំនឿនៃសំណួរ-ចម្លើយមានភាពខុសៗគ្នាយ៉ាងខ្លាំងពីក្រុមជំនុំដំបូងរហូតដល់សព្វថ្ងៃនេះ ក៏ចំណុចសំខាន់នៃសំណួរ-ចម្លើយនៅមានរួមនូវចំណុច៤យ៉ាង៖ គោលជំនឿនៃពួកសាវ័ក ព្រះបន្ទូលអំពីការអធិស្ឋាន ក្រឹត្យវិន័យទាំង១០ប្រការ និងការបង្រៀនលើពិធីបង្ហូរព្រះគុណ (ឧ. ពិធីលាងព្រះអម្ចាស់ និងពិធីច្រមុជទឹក)។
៥. អ្នកកំណែទម្រង់ជឿថាពួកគាត់បាន «រកឃើញឡើងវិញ» នូវសំណួរ-ចម្លើយ
បន្ទាប់ពីសម័យកំណែទម្រង់ មានគ្រូប្រូតេស្តង់ជាច្រើននាក់ជឿថា អ្វីដែលបុព្វការីជននៅសម័យកណ្ដាលបានបង្រៀន នោះគេមិនគួររាប់ថាជាសំណួរ-ចម្លើយនោះទេ។ អ្វីដែលលោកគ្រូ ចន ខិលវិន (John Calvin) បានលើកឡើងនៅក្នុងសេចក្ដីផ្ដើមនៃសៀវភៅសំណួរ-ចម្លើយរបស់គាត់ថាអារក្សផ្ទាល់បានផ្តួលរម្លំសំណួរ-ចម្លើយចោល ហើយ «ក៏មិនបានបន្សល់អ្វីក្រៅពីភាពកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ដែលនឹងបង្កើតឲ្យមានតែអបិយជំនឿ បើគ្មានផលផ្លែនៃការស្អាងឡើងវិញទេ»។ ហើយលោកគ្រូ ម៉ធិន លូសើរ (Martin Luther) ក៏បានលើកឡើងថា «តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំបាននាំឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដល់ថ្នាក់ថាឥឡូវនេះក្មេងស្រី ឬក្មេងប្រុសដែលមានអាយុ១៥ឆ្នាំស្គាល់គោលជំនឿគ្រីស្ទបរិស័ទច្រើនជាងទេវវិទូទាំងអស់នៃមហាវិទ្យាល័យដ៏អស្ចារ្យនានាដែលធ្លាប់ដឹងនៅសម័យមុនៗទៅទៀត។ ក្នុងចំណោមយើង យើងបានត្រឡប់ទៅប្រើប្រាស់សំណួរ-ចម្លើយវិញ៖ ព្រះបន្ទូលអំពីការអធិស្ឋាន គោលជំនឿនៃពួកសាវ័ក ក្រឹត្យវិន័យទាំង១០ប្រការ…»
៦. ទម្រង់សំណួរ-ចម្លើយទាក់ទងគ្នាជាមួយនឹងលោកគ្រូ ម៉ធិន លូសើរ
ស្ទើរតែគ្រប់ទម្រង់សំណួរ-ចម្លើយទាំងអស់ទាមទារឲ្យមានទម្រង់នៃការទន្ទេញឲ្យចំមាត់ខ្លះៗ។ ប៉ុន្តែ មិនមែនថាគ្រប់ទម្រង់សំណួរ-ចម្លើយទាំងអស់សុទ្ធតែប្រើប្រាស់នូវទម្រង់អត្ថបទសំណួរ-ចម្លើយនោះទេ។ ដោយមានការបារម្ភចង់ឲ្យគ្រីស្ទបរិស័ទយល់អំពីអ្វីដែលពួកគាត់កំពុងតែទន្ទេញ នោះលោកគ្រូ លូសើរ ក៏បានសរសេរបញ្ចូលក្នុងសំណួរ-ចម្លើយខ្លីៗរបស់គាត់ ដែលនិពន្ធឡើងនៅក្នុងឆ្នាំ១៥២៩ថា «តើនេះមានន័យយ៉ាងដូចម្ដេច?» បែបជាសំណួរអមជាមួយនឹងចម្លើយដែលគាត់បានបង្កើតឡើង។ ទោះបើលោកគ្រូ លូសើរ មិនបានបង្កើតទម្រង់នៃសំណួរ-ចម្លើយក៏ដោយក៏គាត់ជាអ្នកដែលធ្វើឲ្យទម្រង់នៃសំណួរ-ចម្លើយរបស់ក្រុមប្រូតេស្តង់មានភាពល្បីល្បាញដែរ។
៧. សំណួរ-ចម្លើយគឺជាចំណុចមួយដែលជះឥទ្ធិពលលើសម័យកំណែទម្រង់
នៅក្នុងអំឡុងឆ្នាំសម័យកំណែទម្រង់ ម៉ាស៊ីនបោះពុម្ពមិនគ្រាន់តែបានអនុញ្ញាតឲ្យមនុស្សម្នាមានព្រះគម្ពីរក្នុងភាសារៀងៗខ្លួននោះទេ ប៉ុន្តែក៏បានជួយផ្សព្វផ្សាយធនធាននៃសំណួរ-ចម្លើយប្រូតេស្តង់ដែរ។ លោក ចន ថិលឡូតសិន (John Tillotson) ដែលជាមហាសាសនិកនៃទីក្រុងខិនអ័របារី (Archbishop of Canterbury) នៅប្រទេសអង់គ្លេសពីឆ្នាំ១៦៩១-១៦៩៤បានមានប្រសាសន៍ថា «សំណួរ-ចម្លើយ និងប្រវត្តិសាស្ត្រនៃពួកមរណសាក្សីគឺជាសសរពីរដ៏អស្ចារ្យនៃពួកប្រូតេស្តង់»។ ហើយក្រុមប្រឹក្សារ៉ូម៉ាំងកាតូលិកនៃទីក្រុងត្រេន (Roman Catholic Council of Trent) បានរអ៊ូថា ពួកប្រូតេស្តង់បានប្រព្រឹត្ត «អំពើរប៉ិលរប៉ូច» យ៉ាងធំតាមរយៈការប្រើប្រាស់ទម្រង់សំណួរ-ចម្លើយ។
៨. សំណួរ-ចម្លើយបន្ថែមលើការអធិប្បាយ
មូលហេតុមួយដែលបណ្ដាលឲ្យសំណួរ-ចម្លើយមានការជះឥទ្ធិពលយ៉ាងខ្លាំងបន្ទាប់ពីសម័យកំណែទម្រង់គឺ ដូចដែលលោកគ្រូ ខិននេធ ប្រោនណិល (Kenneth Brownell) បានពន្យល់ថា «[វា] ផ្ដល់ជូននូវរចនាសម្ព័ន្ធនៃគោលជំនឿចំពោះមនុស្សជាច្រើននាក់ ដែលនាំឲ្យគ្រូគង្វលមានការគិតដែលបានត្រៀមទុកយ៉ាងល្អក្នុងការដែលពួកគាត់លើកឡើងអំពីដំណឹងល្អ»។ លោកគ្រូ អៀន ហ្គ្រិន (Ian Green) ក៏បានកត់សម្គាល់ផងដែរថា ក្នុងសម័យបន្ទាប់ពីកំណែទម្រង់ គ្រូបង្រៀន «ក៏បានទាញយកនូវចំណុចភ្ជាប់គ្នារវាងជោគជ័យក្នុងការទន្ទេញឲ្យចាំមាត់ និងជោគជ័យក្នុងការប្រាកដឲ្យសមាជិកក្រុមជំនុំយល់សេចក្ដីអធិប្បាយដែលពួកគេបានឮផងដែរ»។
៩. សំណួរ-ចម្លើយគឺជាទម្រង់ដ៏សំខាន់មួយនៃការបង្កើតសិស្ស
ក្នុងការទទួលយកទម្រង់សំណួរ-ចម្លើយខ្លះៗរបស់និកាយបាទីស្ទ លោកគ្រូ ចន ផាបភ័រ (John Piper) ក៏បានលើកឡើងនូវមូលហេតុ៥យ៉ាង ដែលបានលើកឡើងថាការអនុវត្តទម្រង់សំណួរ-ចម្លើយគឺសំខាន់ដោយសារ៖
១. ព្រះអង្គបានតម្រូវឲ្យយើង «នៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្ដីជំនឿដែរ» (កូឡូស ១:២៣)។
២. ព្រះអង្គបានជំរុញយើង «បានរួបរួមខាងឯ… [ការ] ស្គាល់ព្រះរាជបុត្រានៃព្រះ…ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោកហើយផាត់យើងចុះឡើង» (អេភេសូរ ៤:១៣-១៤)។
៣. មានអ្នកនាំឲ្យវង្វេងជាច្រើននាក់ (១យ៉ូហាន ២:២៦)។
៤. មានគោលជំនឿពិបាកៗជាច្រើន «ពួកអ្នកខ្លៅល្ងង់ និងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ…ឲ្យខ្លួនគេត្រូវវិនាស» (២ពេត្រុស ៣:១៦)។
៥. យើងត្រូវតែបណ្ដុះបណ្ដាលអ្នកដឹកនាំដែលអាច «បង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង» (ទីតុស ១:៩)។
មតិយោបល់
Loading…