ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស។
(អេភេសូរ ១:៧)ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្តីសញ្ញាថ្មី ដែលបាន
បង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។
(ម៉ាថាយ ២៦:២៨ គកស)
នៅពេលដែលយើងអត់ទោសសេចក្ដីកំហុស ឬការបន្ទច់បង្អាក់ ឬក៏ការបង្ករបួសស្នាមដល់អ្នកដែលធ្វើខុសនឹងយើង នោះយើងមិនទាមទារឲ្យអ្នកនោះសងថ្លៃជំងឺចិត្តអ្វីឡើយ។ តើអ្វីទៅដែលផ្ទុយពីការអត់ទោស? ប្រសិនបើគេបានសងថ្លៃនូវអ្វីដែលបាត់បង់ នោះមិនមែនជាការអត់ទោសនោះទេ។ បើគេបានសងនូវអ្វីដែលគេបានធ្វើឲ្យយើងខូចខាត នោះមិនមានការអត់ទោសណាមួយដែលយើងត្រូវអត់ទោសឲ្យគេនោះទេ ព្រោះគេបានសងយើងរួចហើយ។ ហើយយើងក៏ទទួលនូវការខូចខាតពីគេវិញដែរ។
ការអត់ទោសតម្រូវឲ្យមានព្រះគុណ។ ប្រសិនបើខ្ញុំត្រូវរបួសដោយសារអ្នក នោះដោយសារតែព្រះគុណទើបខ្ញុំអាចអត់ទោសឲ្យអ្នកបាន។ ហើយខ្ញុំក៏មិនប្ដឹងផ្ដល់ពីអ្នកដែរ តែខ្ញុំអត់ទោសឲ្យអ្នក។ អត្ថន័យនៃពាក្យព្រះគុណក្នុងព្រះគម្ពីរ គឺមានន័យថា ការផ្ដល់ឲ្យនូវអ្វីដល់អ្នកណាម្នាក់ដែលគាត់មិនស័ក្តិសមនឹងទទួល។ ការអត់ទោស គឺជាការដែលយើងបោះបង់សិទ្ធិនៃការសងសឹកចំពោះអ្នកដែលធ្វើខុសនឹងយើងចោល។
អ្វីដែលព្រះជាម្ចាស់ធ្វើចំពោះយើងនៅពេលដែលយើងជឿទុកចិត្តលើព្រះគ្រីស្ទនោះហើយគឺ៖ «…អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ» (កិច្ចការ ១០:៤៣ គខប)។ ប្រសិនបើយើងជឿដល់ព្រះគ្រីស្ទ នោះព្រះជាម្ចាស់នឹងអត់ទោសបាបដែលយើងបានប្រព្រឹត្តទាស់នឹងទ្រង់។ ខគម្ពីរខាងក្រោមនេះគឺជាទីបន្ទាល់ផ្ទាល់របស់ព្រះជាម្ចាស់ដែលចែងថា៖ «គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ…» (អេសាយ ៤៣:២៥)។ «ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ» (ទំនុកតម្កើង ១០៣:១២)។
ប៉ុន្តែការនេះបង្កឲ្យមានបញ្ហាមួយត្រង់ថា យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ការអត់ទោស គឺមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយទេ។ ពីព្រោះថា យើងអាចមើលឃើញច្បាស់នៅពេលណាដែលមានការបង្កឲ្យមានរបួសស្នាមដ៏ធ្ងន់ធ្ងរ ដូចជាអំពើឃាតកម្ម ឬការចាប់រំលោភជាដើម។ ទោះបើសង្គមជាតិ ឬសាកលលោកទាំងមូលរួមគ្នាក៏មិនអាចធ្វើអ្វីបានដែរ ប្រសិនបើចៅក្រម (ឬព្រះជាម្ចាស់) និយាយយ៉ាងសាមញ្ញទៅកាន់ឃាតករ និងជនចាប់រំលោភគ្រប់រូបថា «តើឯងមានការសោកស្ដាយពីទង្វើដែលឯងធ្វើដែរឬទេ? អើ មិនអីទេ! រដ្ឋាភិបាលអត់ទោសឯងហើយ។ ឯងអាចទៅបាន»។ ក្នុងករណីនេះយើងឃើញថា ជនរងគ្រោះប្រហែលជាមានចិត្ដសន្ដោសប្រណីដល់ជនជាប់ចោទ តែរដ្ឋាភិបាលមិនអាចលើកភាពយុត្តិធម៌ចោលបានឡើយ។
ដូច្នេះ ការនេះក៏ដូចគ្នាទៅនឹងសេចក្ដីយុត្តិធម៌របស់ព្រះជាម្ចាស់ដែរ។ អំពើបាបទាំងអស់គឺធ្ងន់ធ្ងរណាស់ ដោយព្រោះវាទាស់នឹងព្រះជាម្ចាស់ (សូមមើលជំពូក១ជាថ្មីម្ដងទៀត)។ យើងបានធ្វើឲ្យសិរីល្អរបស់ព្រះជាម្ចាស់ខូច នៅពេលដែលយើងព្រងើយកន្តើយមិនព្រមស្ដាប់បង្គាប់ ឬប្រមាថមើលងាយទ្រង់។ សេចក្ដីយុត្តិធម៌របស់ទ្រង់នឹងមិនអនុញ្ញាតឲ្យទ្រង់ដោះលែងយើងឲ្យមានសេរីភាពយ៉ាងសាមញ្ញ ដូចទៅនឹងចៅក្រមអាចលុបចោលនូវគ្រប់ទាំងបំណុលដែលឧក្រិដ្ឋជនជំពាក់ដល់សង្គមនោះទេ។ សិរីល្អរបស់ព្រះជាម្ចាស់ដែលបានខូចដោយសារអំពើបាបរបស់យើង ដាច់ខាតត្រូវតែមានការស្ដារឡើងវិញ ដើម្បីឲ្យសិរីល្អរបស់ទ្រង់មានពន្លឺចែងចាំងខ្លាំងឡើងវិញ តាមរយៈសេចក្តីយុត្តិធម៌។ បើសិនជាយើងដែលជាអ្នកធ្វើបាបបានទទួលការប្រោសលោះ និងការអត់ទោស នោះព្រះអង្គត្រូវធ្វើអ្វីមួយដើម្បីបង្ហាញថា ព្រះកិត្តិយសរបស់ព្រះនៅតែរុងរឿងដដែល ទោះបើទ្រង់បានប្រោសលោះអ្នកដែលបានប្រមាថព្រះនាមព្រះអង្គ។
នោះហើយជាហេតុផលដែលព្រះគ្រីស្ទរងទុក្ខ ហើយសុគត។ «ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស…» (អេភេសូរ ១:៧)។ ការអត់ទោសមិនទាមទារឲ្យយើងបង់ថ្លៃអ្វីសោះ។ ការដែលយើងលះបង់នូវអ្វីៗទាំងអស់ចោល និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺជាផលផ្លែនៃការដែលយើងទទួលបានការអត់ទោស តែការលះបង់ និងការស្ដាប់បង្គាប់មិនមែនជាហេតុផលដែលបញ្ជាក់ប្រាប់ថា យើងទទួលបានការអត់ទោសនោះទេ។ ហេតុនេះហើយបានជាយើងហៅការទទួលបានសេចក្តីសង្គ្រោះថាជា ព្រះគុណ។ ប៉ុន្តែ ការទទួលបានសេចក្តីសង្គ្រោះទាមទារឲ្យព្រះយេស៊ូវបង់នូវថ្លៃព្រះជន្មរបស់ទ្រង់។ ហេតុនេះហើយបានជាយើងហៅការនេះថា យុត្តិធម៌។ អូ៎! ដំណឹងដែលថាព្រះជាម្ចាស់មិនបានយកអំពើបាបរបស់យើង មកទាស់នឹងយើង អីក៏មានតម្លៃម៉្លេះ! ឱ! ព្រះគ្រីស្ទដ៏អស្ចារ្យអើយ! ដោយសារព្រះលោហិតរបស់ទ្រង់ហើយបានជាព្រះជាម្ចាស់អត់ទោសដល់យើង!
មតិយោបល់
Loading…