in

តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?

សំណួរ​ដ៏​ពេញ​និយម​បំផុត​ដែល​បាន​សួរ​នៅ​ហ្គូហ្គល (Google) ក្នុង​បរិបទ​ជា​ភាសា​អង់គ្លេស​គឺ​៖ «តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?» តើ​លោក​គ្រូ​គិត​ថា ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​បាន​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់? ហើយ​តើ​លោក​គ្រូ​អាច​កំណត់​អត្ថន័យ​របស់​វា​ដោយ​របៀប​ណា?

ខ្ញុំ​គិត​ថា ប្រសិន​បើ​យើង​ចាប់​ផ្ដើម​ពី​និយម​ន័យ​ទៅ វា​នឹង​ធ្វើ​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​មាន​ការ​លំបាក ដើម្បី​ឲ្យ​បាន​យល់​ថា​សេចក្ដី​ស្រឡាញ់​ជា​អ្វី។ ដូច្នេះ សូម​ទទួល​ស្គាល់​ថា សេចក្ដី​ស្រឡាញ់​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា ឬ​អាច​និយាយ​បាន​ក្នុង​របៀប​ផ្សេង​ទៀត ពាក្យ​ថា សេចក្ដី​ស្រឡាញ់ ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ច្រើន​របៀប​ខុសៗ​គ្នា​។ នៅ​ពេល​ណា​ដែល​យើង​សួរ​ថា សេចក្ដី​ស្រឡាញ់​ជា​អ្វី នៅ​ក្នុង​គំនិត​មួយ​របស់​ខ្ញុំ​ត្រូវតែ​ឆ្លើយ​តប​ទៅ​វិញ ដោយ​និយាយ​ថា «យោង​ទៅ​តាម​និយម​ន័យ​របស់​នរណា?» ឬ«យោង​ទៅតាម​ឯកសារ​អ្វី?» ឬ​យោង​ទៅ​តាម​អត្ថបទ​មួយ​ណា​នៃ​ព្រះ​គម្ពីរ?» ជា​ដើម។ល។

តើ​យើង​ចាប់​ផ្ដើម​នៅ​កន្លែង​ណា?

ឧទាហរណ៍៖ នៅ​ក្នុង​សៀវភៅ​របស់​លោក ស៊ី.អេស ល៊ូហ្វីស ដែល​មាន​ចំណង​ជើង​ថា «សេចក្ដី​ស្រឡាញ់​បួន​ប្រភេទ» (“The Four Loves”) ដែល​បែង​ចែក​ជា អេរ៉ូស (Eros) ជា​ប្រភេទ​មួយ​នៃ​ស្នេហា​រ៉ូមែនទិច​ដែល​អ្នក​មាន​ស្នេហា​ខ្វះ​គ្នា​មិន​បាន និង ហ្វីឡូ (Philos) ជា​ស្នេហា​បែប​មិត្តភាព​ដែល​មនុស្ស​ពីរ​ពួតដៃ​ កៀក​ស្មា​គ្នា ដោយ​មាន​ចក្ខុ​វិស័យ គោល​ដៅ​មួយ​ដូច​គ្នា ព្រម​ទាំង​មាន​សេចក្ដី​អំណរ និង​ភាព​ជា​ដៃ​គូរ​ដែល​នាំ​គ្នា​ឆ្ពោះ​ទៅ​រក​គោល​ដៅ​តែ​មួយ។ ហើយ ស្ដរហ្គេ (Storge) គឺជា​សេចក្ដី​ស្រឡាញ់​ដែល​បុគ្គល​ម្នាក់​ប្រហែល​ជា​មាន​របស់​សំណព្វ​ចិត្ត​ដូច​ជា អាវ​ក្រៅ​កញ្ចាស់​មួយ ស្បែក​ជើង​ផ្ទាត់​កញ្ចាស់​មួយ​គូរ ឆ្កែ​ចាស់​មួយ​ក្បាល ដែល​គាត់​មិន​ដាច់​ចិត្ត​នឹង​បោះ​ចោល​វា​សោះ​។ ចុង​ក្រោយ អាហ្គាប៉េ (Agape) គឺជា​ការ​សេចក្ដី​ស្រឡាញ់​ល្អ​ឥត​ខ្ចោះ ត្រូវ​បាន​កំណត់​លក្ខណៈ ដោយ​ការ​លះបង់​ក្នុង​ការ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​។

ដូច្នេះ តាម​រយៈ​លោក ល៊ូហ្វីស លោក​អ្នក​អាច​សួរ​បាន​ថា «តើ​មួយ​ណា​ក្នុង​ចំណោម​ចំណុច​ទាំង​អស់​នោះ ដែល​លោក​អ្នក​ចង់​ឲ្យ​ខ្ញុំ​ឲ្យ​និយម​ន័យ នៅ​ពេល​លោក​អ្នក​និយាយ​ថា «តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?» ដោយ​ហេតុ​នេះ នោះ​ជា​ផ្នែក​នៃ​ហេតុ​ផល ដែល​មនុស្ស​កំពុង​ស្វែងរក​ដោយ​ងងឹត​ងងុល​។ ពាក្យ​ថា ស្រឡាញ់ មាន​អត្ថ​ន័យ​ច្រើន​យ៉ាង​ខុសៗ​គ្នា។ ហើយ​វា​មិន​មែន​ជា​រឿង​អវិជ្ជា​មាន​ដែល​វា​មាន​អត្ថន័យ​ជា​ច្រើន​នោះ​ទេ។

ឥឡូវ​នេះ អ្វី​ខ្ញុំ​រក​ឃើញ​ថា មាន​ប្រយោជន៍​បំផុត គឺ​ការ​បែងចែក​សេចក្ដី​ស្រឡាញ់​ជា​ពីរ​ប្រភេទ។ ខ្ញុំ​ទទួល​បាន​ប្រភេទ​ទីមួយ ពី​លោក យ៉ូណាថាន អេឌវើដស៍ (Jonathan Edwards) ប៉ុន្តែ​វា​មាន​តាំង​ពីមុន​គាត់​ទៅ​ទៀត។ គាត់​បែង​ចែក​សេចក្ដី​ស្រឡាញ់​ចេញ​ជា «សេចក្ដី​ស្រឡាញ់​ដោយ​ការ​ពេញ​ចិត្ត» និង «សេចក្ដី​ស្រឡាញ់​ប្រកប​ដោយ​ក្ដី​មេត្តា​ករុណា។»

ការ​ពេញ​ចិត្ត គឺ​នៅ​ឃ្លា «ខ្ញុំ​ចូល​ចិត្ត​ភីហ្សា។» អាច​និយាយ​ម្យ៉ាង​ទៀត​ថា «ខ្ញុំ​ដឹង​ថា ខ្លួន​ខ្ញុំ​ចូល​ចិត្ត​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ភីហ្សា ពោល​គឺ រស​ជាតិ​វា​តែ​ម្ដង។» នេះ គឺ​ជា​សេចក្ដី​ស្រឡាញ់​ដោយ​ការ​ពេញ​ចិត្ត។ ឬ​ក៏​ប្រហែល​ជា​លោក​អ្នក​ចូល​ចិត្ត​កន្លែង​ណា​មួយ ប្រទេស​ណា​មួយ ឬ​អ្វីៗ​ជា​ច្រើន​ទៀត​។ លោក​អ្នក​អាច​និយាយ​បាន​ថា លោក​អ្នក​ចូល​ចិត្ត​វា ដោយសារ​តែ​វា​គួរ​ឲ្យ​ស្រឡាញ់។ វា​ជាទី​គាប់​ចិត្ត​ដល់​លោក​អ្នក​ណាស់។

ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្រឡាញ់​ប្រកប​ដោយ​ក្ដី​មេត្តា​ករុណា គឺ​មិន​មែន​អាស្រ័យ​ទៅលើ​ភាព​គួរ​ឲ្យ​ស្រឡាញ់​របស់​វត្ថុ​ដែល​យើង​ស្រឡាញ់​នោះ​ទេ ប៉ុន្តែ​ជា​ចេតនា​ល្អ—ប្រកប​ដោយ​ក្ដី​មេត្តា​ករុណា—របស់​ចេតនា​ល្អ​របស់​លោក​អ្នក​មាន​ទៅ​កាន់​មនុស្ស ឬ​វត្ថុ​ដែល​លោក​អ្នក​កំពុង​ស្រឡាញ់​។ គោល​បំណង​របស់​លោក​អ្នក​នៅ​ក្នុង​ការ​ស្រឡាញ់​ប្រភេទ​នេះ គឺ​ដើម្បី​ធ្វើ​ការ​ល្អ នាំ​យក​នូវ​អ្វី​ដែល​ស្រស់​ស្អាត មិន​មែន​គ្រាន់តែ​ឆ្លើយ​តប​ចំពោះ​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់

អញ្ចឹង​ហើយ យើង​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​លក្ខណៈ​នៃ​ការ​ពេញ​ចិត្ត​នៅ​ក្នុង​ព្រះ​ជាម្ចាស់ និង​តើ​វា​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​ដឹង រីករាយ ព្រម​ទាំង​សរសើរ​តម្កើង និង​ស្កប់​ចិត្ត​ក្នុង​ព្រះ​ជាម្ចាស់ ហើយ​យើង​អាច​ចំណាយ​បាន​យូរ​ក្នុង​ការ​និយាយ​អំពី​ក្ដី​មេត្តា​ករុណា ទៅ​កាន់​មនុស្ស​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​កោត​សរសើរ ដែល​ធ្វើ​ឲ្យ​យើង​ចង់​ចូល​ទៅ​ជិត​ពួកគេ។

ដូច្នេះ អ្វី​ដែល​ខ្ញុំ​គិតថា មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរគឺ ការ​ឲ្យ​និយមន័យ​ទៅ​តាម​បទ​គម្ពីរ​នៃ​សេចក្ដី​ស្រឡាញ់​ប្រកប​ដោយ​ក្ដី​មេត្តា​ករុណា ពីព្រោះ​នេះ​ជា​ប្រភេទ​នៃ​ក្ដី​ស្រឡាញ់​មាននៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​ថា​ជា​ចំណុច​ស្នូល​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​។ ដោយ​ហេតុ​នេះ ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា ត្រូវ​បាន​វាស់​វែង​ក្នុង​ព្រះ​គម្ពីរ​ដោយ​លក្ខណៈ​វិនិច្ឆ័យ​បួន​យ៉ាង​ដូច​ខាង​ក្រោម​នេះ៖

១. កម្រិត​ចំពោះ​បុគ្គល​ម្នាក់​ត្រូវ​បាន​គេ​ស្រឡាញ់ ទាំង​ដែលគេ​មិន​សមនឹង​ទទួល​បាន​ការ​ស្រឡាញ់​នោះ។
២. វិសាល​ភាព​នៃ​តម្លៃ​ដែល​ត្រូវ​បង់ ដើម្បី​ស្រឡាញ់​មនុស្ស​ម្នាក់។
៣. វិសាល​ភាព​នៃ​អំពើ​ល្អ​ដែល​ត្រូវ​បាន​ធ្វើ​សម្រាប់​បុគ្គល​ម្នាក់ នៅ​ពេល​គេ​ត្រូវ​ទទួល​បាន​ការ​ស្រឡាញ់។
៤. កម្រិត​នៃ​បំណង​ប្រាថ្នា​ដែល​ព្រះ​មាន​សម្រាប់​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់។

ដូច្នេះ សូម​ឲ្យ​ខ្ញុំ​បាន​ផ្ដល់​នូវ​ខ​គម្ពីរ​យោង​មួយ​ចំនួន​សម្រាប់​លក្ខណៈ​វិនិច្ឆ័យ​មួយៗ៖

១. នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៥:៦-៨ ព្រះ​ជាម្ចាស់​ស្រឡាញ់​អស់​អ្នក​ដែល​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ទ្រង់​ទាល់​តែ​សោះ ម្ល៉ោះ ហើយ​បាន​ជា​ក្ដី​ស្រឡាញ់​ទ្រង់​គឺ​ធំ​អស្ចារ្យ​ណាស់។ «ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅ​ឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះ​គ្រីស្ទ​ទ្រង់​បាន​សុគត ជំនួស​មនុស្ស​ទមិល​ល្មើស កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង តែ​ឯ​ព្រះ​ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ —ព្រះ​ជាម្ចាស់​ខុស​ពី​ចំណុច​ទាំងអស់​នោះ— «ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់» — នេះ​ហើយ​ជា​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់— «ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ ដូច្នេះ រង្វាស់​ខ្នាត​ទី​១​ចំពោះ​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​យើង​រាល់​គ្នា​មិន​សម​នឹង​ទទួល​បាន​ក្ដី​ស្រឡាញ់​នោះ​ទេ។ ហេតុ​នេះ​ហើយ បាន​ជា​វា​ធំ​អស្ចារ្យ។

២. ការ​ពិចារណា​ទៅលើ​តម្លៃ​ដែល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​បង់​សង​ជំនួស​យើង​រាល់​គ្នា «គ្មាន​អ្នកណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ» (យ៉ូហាន ១៥:១៣)។ សេចក្ដី​ស្រឡាញ់​នេះ​ត្រូវ​បាន​វាស់​ដោយ​មិន​គ្រាន់​តែ​ពឹង​ផ្អែក​ទៅ​លើ​ការ​ពិត ដែល​យើង​មិន​សមនឹង​ទទួល​វា​នោះ​ទេ​។ វា​ត្រូវ​បាន​វាស់​ដោយ​តម្លៃ​ដែល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​បង់​សង​ជំនួស​យើង​រាល់​គ្នា ពោល​គឺ ព្រះ​ជន្ម​របស់​បុត្រា​ទ្រង់​ផ្ទាល់។

៣. រង្វាស់​ខ្នាត​ទី៣ គឺ​សំដៅ​ទៅ​លើ​អត្ថ​ប្រយោជន៍​ដែល​យើង​រាល់​គ្នា​បាន​ទទួល​តាម​រយៈ​សេចក្ដី​ស្រឡាញ់​មួយ​នេះ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៣:១៦ បាន​ហៅ​ថា «ជីវិត​អស់​កល្ប​ជានិច្ច។» »ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ»។ ហើយ​បន្ទាប់​មក​ទ្រង់​បាន​ឲ្យ​និយម​ន័យ​លើ​ពាក្យ «ជីវិត​អស់​កល្ប​ជានិច្ច» នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១៧:៣ ដោយ​បញ្ជាក់​ថា វា​ជា​ការ​ស្គាល់​ព្រះ​ជាម្ចាស់ និង​ការ​ស្គាល់​ព្រះ​គ្រីស្ទ។ ដ្បិត សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​ទំនង​នឹង ត្រូវ​ផ្ដល់​ឲ្យ​នូវ​អំណោយ​ដ៏​អស្ចារ្យ​តាម​ដែល​អាច​នឹង​ផ្ដល់​ឲ្យ​បាន ដែល​ជា​រូប​អង្គ​ទ្រង់​ផ្ទាល់។

៤. តើ​ព្រះ​ជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​នេះ​ដោយ​មិន​សព្វ​ព្រះទ័យ ឬ​ដោយ​អស់ពី​ព្រះទ័យ​ទ្រង់​វិញ? កណ្ឌ​គម្ពីរ សេផានា ៣:១៧ ចែងថា «ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង»។ យើង​អាន​ការ​ឆ្លើយតប​ដូច​គ្នា​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច «កូន​ពៅ​វង្វេង» នៅ​ត្រង់​កន្លែង​ដែល​ឪពុក​ឃើញ​កូន​ប្រុស​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​ស្ទុះ​ទៅ​ឱប​កូន​ប្រុស​ព្រម​ទាំង​បំពាក់​ចិញ្ចៀន​ទៅ​នឹង​ដៃ​របស់​គាត់ ពាក់​អាវ​ថ្មី ព្រម​ទាំង​បំពាក់​ស្បែក​ជើង​ថ្មី​ឲ្យ​គាត់ ថែម​ទាំង​ធ្វើ​ពិធី​ជប់​លៀង​មួយ​ឲ្យ​គាត់​ទៀត​ផង (លូកា ១៥:២០-២៤)។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ព្រះ​ជាម្ចាស់​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សង្គ្រោះ​យើង។ គ្មាន​នរណា​ម្នាក់​កំពុង​បង្ខំ​ទ្រង់​ទេ។

ដូច្នេះ សេចក្ដី​ស្រឡាញ់​ដែល​ប្រសើរ​ជាង​បំផុត​នៅ​លើ​លោក គឺជា​សេចក្ដី​ស្រឡាញ់​ល្អ​ឥត​ខ្ចោះ​ដែល​បង់​ថ្លៃ​លោះ​ដ៏​ខ្ពស់​បំផុត គឺ​ព្រះ​ជន្ម​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ សម្រាប់​ពួក​ខ្មាំង​សត្រូវ​ទាំងឡាយ​ដែល​មិន​សមនឹង​ទទួល​បាន​សេចក្ដី​ស្រឡាញ់​មួយ​នេះ ដើម្បី​ផ្ដល់​ឲ្យ​យើង​រាល់​គ្នា​នូវ​ភាព​រីករាយ​ដ៏​យូរ​អង្វែង និង​អស្ចារ្យ​បំផុត​នៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ទ្រង់។ ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ក្រៃ​លែង​នឹង​ការ​ធ្វើ​បែប​នេះ។

សេចក្ដី​ស្រឡាញ់​របស់​យើង​សម្រាប់​ព្រះ

ចំណុច​មួយ​ចុង​ក្រាយ៖ ប្រសិន​បើ​វា​ស្ដាប់​ទៅ​ដូចជា​មាន​ភាព​ផ្ទុយ​ស្រលះ​ក្នុង​ការ​និយាយ​ថា ព្រះ​ចិន្ដា​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​សេចក្ដី​មេត្តា​ករុណា​ចំពោះ​មនុស្ស​ដែល​មិន​សមនឹង​ទទួល​ដូច​ជា​យើង​រាល់​គ្នា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គោលបំណង​ចម្បង​នៃ​ជីវិត​មនុស្ស​ជាតិ គឺជា​ការ​ស្រឡាញ់​ព្រះ​ជាម្ចាស់។ ខ្ញុំ​មិន​គិត​ថា វា​ពិត​ជា​មាន​ភាព​ផ្ទុយ​ស្រលះ​ពី​គ្នា​នោះ​ទេ។ ហើយ​ហេតុផល​នោះ វា​មិន​មែន​ដោយ​សារ​តែ​គោល​បំណង​ចម្បង​ធំ​បំផុត​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​ចំពោះ​យើង​រាល់​គ្នា ក្នុង​ការ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ពេញ​ចិត្ត​ក្នុង​ទ្រង់​ផ្ទាល់​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្រឡាញ់​ដោយ​មេត្តា​ករុណា​បាន​ដក់​ជាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​យើង នូវ​សេចក្ដី​ស្រឡាញ់​ដោយ​ការ​ពេញ​ចិត្ត​ក្នុង​ព្រះជាម្ចាស់​ដែរ។

ព្រះ​ជាម្ចាស់​មិន​មាន​ការ​ស្កប់​ព្រះទ័យ​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​យើង​ទេ គឺ​មានតែ​យើង​ទេតើ​ដែល​មាន​ការ​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទ្រង់។ ព្រះ​ជាម្ចាស់​នឹង​ក្លាយ​ជា​អង្គ​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ​វិញ ប្រសិន​បើ​គោល​ដៅ​ដ៏​ធំ​ផុត​របស់​ទ្រង់ គឺ​ជា​ស្រឡាញ់​ដោយ​ការ​ពេញ​ចិត្ត​ចំពោះ​យើង។ ផ្ទុយ​ទៅ​វិញ ទ្រង់​ធ្វើ​ការ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​ស្រឡាញ់​ដោយ​ការ​ពេញ​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ទ្រង់។ យើង​មិន​បាន​ស្រឡាញ់​ព្រះ​ដោយ​ការ​ជួយ​ឲ្យ​ព្រះ​បាន​រួច​ចេញពី​ភាព​មិន​ពេញ​លក្ខណៈ​ទៅ​ក្នុង​សេចក្ដី​អំណរ​នោះ​ទេ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ស្រឡាញ់​យើង​ដោយ​ការ​ជួយ​ឲ្យ​យើង​រួច​ចេញពី​ភាព​មិន​ពេញ​លក្ខណៈ​ចូល​ទៅ​ក្នុង​សេចក្ដី​អំណរ​វិញ។ ក្នុង​ករណី​ទាំង​ពីរ​នេះ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជាម្ចាស់ ហើយ​និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង មាន​គោល​ដៅ​ចម្បង​ដូច​គ្នា៖ យើង​នឹង​រក​ឃើញ​ការ​ស្កប់​ចិត្ត​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ព្រះ​ជាម្ចាស់ ហើយ​ព្រះ​ជាម្ចាស់​រក​ឃើញ ឬ​ដេញ​តាម​ការ​ស្កប់​ព្រះ​ទ័យ​ក្នុង​ទ្រង់​ផ្ទាល់ និង​ការ​បង្ហាញ​ភាព​ជា​ព្រះ ពោល​គឺ​ការ​លើក​តម្កើង​អង្គ​ទ្រង់​ឡើង។

ដូច​នេះ គោល​ដៅ​ដ៏​ចម្បង​បំផុត​នៃ​គ្រប់​ការ​ទាំង​អស់—ហើយ​នេះ​ប្រហែល​ជា​រឿង​មាន​ប្រយោជន៍​ជាង​គេ​បំផុត​សម្រាប់​ចម្លើយ ឬ​សំណួរ​នេះ—ជា​គោល​បំណង​ធំ​បំផុត​នៃ​គ្រប់​រឿងរ៉ាវ​ទាំង​អស់ នៅ​ពេល​ផែនដី​នេះ​ត្រូវ​បាន​លម្អ​ទៅ​ដោយ​តម្លៃ​គ្មាន​ព្រំដែន​នៃ​ព្រះ​ជាម្ចាស់ គឺ​តាមរយៈ​ការ​យក​ទ្រង់​ទុក​ជា​ទ្រព្យ​សម្បត្តិ។ អស់​អ្នកណា​ដែល​ទុក​ទ្រង់​ជា​ទ្រព្យ​សម្បត្តិ នឹង​មាន​សេចក្ដី​អំណរ​ចំពោះ​ទ្រង់​លើស​គ្រប់​អ្វីៗ​ទាំង​អស់ ក្នុង​ន័យ​នេះ​គោលដៅ​នៃ​គ្រប់​អ្វីៗ​ទាំង​អស់ គឺ​ការ​ស្រឡាញ់​ទ្រង់។

ដូច្នេះ​ហើយ ប្រសិន​បើ​លោក​អ្នក​សួរ​ខ្ញុំ​ថា «តើ​លោក​គ្រូ​គិត​ថា ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​បាន​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់?» — សំណួរ​នេះ នឹង​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ គឺ​ថា «ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​យល់​អំពី​អត្ថន័យ​សេចក្ដី​ស្រឡាញ់?»— ខ្ញុំ​នឹង​ឆ្លើយ​ថា «ដោយ​ឡែក​ក្រៅ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ គ្មាន​នរណា​ម្នាក់​អាច​នឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដូច​អ្វី​ដែល​ខ្ញុំ​ទើប​នឹង​បាន​គិត​នោះ​ឡើយ។ អាស្រ័យ​ដោយ​អំពើ​បាប​ពី​កំណើត​របស់​យើង យើង​គិត​តែ​ពី​ខ្លួន​ឯង ហើយ​មិន​យក​ព្រះ​ទុកជា​ចំណុច​កណ្ដាល​ទេ។ យើង​រត់​គេច​ទៅ​រាប់​ពាន់​ទិសដៅ ដើម្បី​គេច​ចេញពី​សេចក្ដី​ពិត​មួយ​នេះ ដែល​ថា​យើង​អាច​រក​ឃើញ​ភាព​ពេញ​លេញ និង​ការ​ស្កប់​ចិត្ត​យូរ​អង្វែង​ក្នុង​ព្រះ​ជាម្ចាស់។ ហើយ​ព្រះ​ជាម្ចាស់ ផ្ដល់​ក្ដី​មេត្តា​ករុណា​មក​កាន់​យើង​យ៉ាង​ច្បាស់​ក្រឡែត ដើម្បី​នាំ​យើង​ចូល​ទៅ​កាន់​សេចក្ដី​អំណរ​នោះ។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​ផល៥​យ៉ាង ​យើង​មិន​បង្កើត​សិស្ស (ភាគ២)

​លោក​អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ព្រះ​យេស៊ូវ ដើម្បី​យល់​ព្រះ​គម្ពីរ៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី៥