in

កត្តា៩យ៉ាង​គួរ​ពិចារណា​នៅ​ពេល​ជ្រើស​រើស​នរណា​ម្នាក់​មក​ធ្វើ​ជា​សិស្ស

ស្រមៃ​ថា មាន​សមាជិក​ក្នុង​ក្រុម​ជំនុំ​ពីរ​នាក់។ យើង​ដាក់​ឈ្មោះ​ពួក​គាត់​ម្នាក់​ថា លោក សុខ ហើយ​ម្នាក់​ទៀត លោក សីហា។ សុខ ជា​សិស្ស​ថ្នាក់​សាលា​ព្រះ​គម្ពីរ។ គាត់​ចូល​ចិត្ត​ចង់​ដឹង​អំពី​អ្វីៗ​ដែល​ព្រះ​គម្ពីរ​និយាយ​ពាក់​ព័ន្ធ​នឹង​រឿង​គ្រប់​យ៉ាង។ គាត់​អាច​ពន្យល់​សូម្បី​តែ​គោល​លទ្ធិ​នៃ​ព្រះ​ត្រៃ​ឯក បើ​សិន​ជា​លោក​អ្នក​សួរ​គាត់។ ទង្វើ​របស់​គាត់​មួយ​ចំនួន​មើល​ទៅ​ទំនង​ជា​មិន​បង្ហាញ​ថា គាត់​ជា​គ្រីស្ទ​បរិស័ទ។ តាម​ការ​ពិត​ទៅ ជីវិត​របស់​គាត់​មិន​ដូច​ជា​គ្រីស្ទ​បរិស័ទ​ទាល់​តែ​សោះ ទង្វើ​មួយ​ចំនួន​របស់​គាត់​អាច​ហាក់​ដូច​ជា​មិន​បង្ហាញ​ថា គាត់​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ។ ប៉ុន្តែ​គាត់​ស្គាល់​ព្រះ​គម្ពីរ​របស់​គាត់។

ត្រឡប់​មក​បង សីហា វិញ​ម្ដង។ លោក សីហា មិន​ចែក​ចាយ​ការ​ពិត​ដែល​គាត់​មិន​បាន​អាន​គម្ពីរ​របស់​គាត់​ច្រើន​ប៉ុន្មាន​នោះ​ឡើយ។ ប៉ុន្តែ គាត់​ចង់​ធ្វើ​ខ្លួន​ឲ្យ «ល្អ» ដោយ​គាត់​ព្យាយាម​ស្រឡាញ់​អ្នក​ដទៃ។ យ៉ាង​ណា​មិញ​លោក សីហា អាច​នឹង​ពិបាក​ផ្ដល់​ការ​ពន្យល់​បែប​ច្បាស់​លាស់​ថា ព្រះ​យេស៊ូវ​ជា​នរណា ឬ​អ្វី​ទៅ​ជា​ក្រុម​ជំនុំ​បាន​នោះ​ទេ។ ហើយ​គាត់​ក៏​នឹង​មិន​អាច​ធ្វើការ​កំណត់​បញ្ហា​ក្រម​សីលធម៌​ទាំង​អស់​ដោយ​ម៉ឺង​ម៉ាត់​បាន​នោះ​ដែរ។ ប៉ុន្តែ គាត់​ចង់​រស់​ឲ្យ​ផ្ទុយ​ពី​ភាព​អាត្មា​និយម ជីវិត​ដែល​បំពេញ​តែ​ខ្លួន​ឯង ដែល​គាត់​កំពុង​ឃើញ​លើ​ជីវិត​អ្នក​ដទៃ។ គាត់​ចូល​ចិត្ត​គិត​ពី​ខ្លួន​គាត់​ដូច​ជា «មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ម្នាក់»  ជាង «មនុស្ស​ដែល​យល់​ដឹង​ពី​ព្រះ​គម្ពីរ»  ឬ «មនុស្ស​ដែល​យល់​ពី​គោល​លទ្ធិ​ម្នាក់»។

តើ​រវាង​អ្នក​ទាំង​ពីរ​នេះ ស្ដាប់​ទៅ​ដូច​ជា​អ្នក​ដែរ​ឬ​ទេ?

លោក សុខ គួរ​តែ​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​បន្ថែម​ទៀត ហើយ​លោក សីហា គួរ​តែ​ខ្វាយ​ខ្វល់​ពី​សេចក្ដី​ពិត​បន្ថែម​ផង​ដែរ។ ជា​ការ​ពិត​ណាស់ អ្នក​ទាំង​ពីរ​គួរ​តែ​ខ្វាយ​ខ្វល់​ពី​ព្រះ​យេស៊ូវ​បន្ថែម​ទៀត ព្រោះ​ព្រះ​យេស៊ូវ​ស្រឡាញ់​សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ និង​ជីវិត​របស់​ប្រជា​រាស្ត្រ​ទ្រង់។

កិច្ច​ការ​បង្កើត​សិស្ស​របស់​ក្រុម​ជំនុំ​មួយ​គួរ​តែ​ចេះ​ជួយ​មនុស្ស​ទាំង​ពីរ​ប្រភេទ​នេះ​ឲ្យ​ដើរ​តាម​ព្រះ​យេស៊ូវ​ឲ្យ​បាន​កាន់​តែ​ប្រសើរ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ»  (ម៉ាកុស ៨:៣៤)។ លោក សុខ ត្រូវ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ហើយ​មក​តាម​ព្រះ​យេស៊ូវ ដោយ​ស្រឡាញ់​អ្នក​ដទៃ​បន្ថែម​ទៀត។ ហើយ​លោក សីហា ត្រូវ​ធ្វើ​ដូច​គ្នា​នេះ​ដែរ ដោយ​ការ​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ​បន្ថែម​ទៀត។ សិស្ស​ម្នាក់​មិន​មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ថា ដើរ​តាម​ព្រះ​គ្រីស្ទ​ទេ។ សិស្ស​ម្នាក់ គឺ​ជា​អ្នក​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ​ពិត​ប្រាកដ​មែន។

នេះ​គឺ​ជា​ចំណុច​ដែល​ថា ការ​សន្ទនា​ណា​ក៏​ដោយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​សិស្ស​ឯ​ទៀតៗ​ត្រូវ​ចាប់​ផ្ដើម ​ដោយ​ចង​ចាំ​នូវ​អ្វី​ដែល​ជា​អត្ថន័យ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។ ការ​បង្កើត​សិស្ស​មាន​ន័យ​ថា ការ​ជួយ​អ្នក​ឯ​ទៀត​ដើរ​តាម​ព្រះ​យេស៊ូវ។ ការ​បង្កើត​សិស្ស គឺ​ជា​ទំនាក់​ទំនង​មួយ​ដែល​យើង​ស្វែង​រក​ធ្វើ​ការ​ល្អ​ខាង​ឯ​វិញ្ញាណ​សម្រាប់​នរណា​ម្នាក់​ដោយ​ការ​ចេះ​ផ្ដួច​ផ្ដើម ការ​បង្រៀន ការ​កែ​តម្រូវ ការ​ធ្វើ​គំរូ សេចក្ដី​ស្រឡាញ់ ការ​បន្ទាប​ខ្លួន ការ​ប្រឹក្សា និង​ការ​មាន​ឥទ្ធិពល។

ដូច្នេះ តើ​យើង​បង្កើត​សិស្ស​យ៉ាង​ដូច​ម្ដេច​ទៅ? តើ​យើង​អាច​ជួយ​លោក សុខ ឲ្យ​ចេះ​ខ្វាយ​ខ្វល់​ថែម​ទៀត​ពី​ការ​រស់​នៅ​ដោយ​បង្ហាញ​ពី​ជំនឿ​របស់​គាត់​ឡើង ហើយ​ជួយ​លោក សីហា ឲ្យ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​យល់​ដឹង​ថែម​ទៀត​បាន​យ៉ាង​ដូច​ម្ដេច?

សំណួរ​ទាំង​នេះ គឺ​មិន​ត្រឹម​តែ​សម្រាប់​គ្រូ​គង្វាល​ប៉ុណ្ណោះ​ទេ។ ព្រះ​គម្ពីរ​ដាក់​ប្រភេទ​ការ​ងារ​បែប​នេះ​ឲ្យ​យើង​ទាំង​អស់​គ្នា។ សាវ័ក យ៉ូហាន ប្រាប់​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក (២យ៉ូហាន ១:៥)។ សាវ័ក ប៉ុល ប្រាប់​យើង​ឲ្យ​កម្សាន្ត ហើយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក (១ថែស្សឡូនីច ៥:១១)។ លោក​ក៏​ប្រាប់​យើង​ទៀត​ផង​ដែរ ឲ្យ​បង្រៀន​គ្នា ដោយ​ព្រោះ​យើង​ចង់​ឃើញ​គ្រប់​គ្នា​មាន​ភាព​ចាស់​ទុំ​ក្នុង​ព្រះ​គ្រីស្ទ (កូឡូស ១:២៨)។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ហេព្រើរ ប្រាប់​យើង​ឲ្យ​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ផង (ហេព្រើរ ១០:២៤)។

បញ្ហា​ទី​មួយ​ដែល​អ្នក​នឹង​ត្រូវ​តែ​សម្រេច​ចិត្ត​នោះ​គឺ តើ​នរណា​ដែល​លោក​អ្នក​គួរ​ចំណាយ​ពេល​ជា​មួយ? លោក​អ្នក​មាន​ពេល​វេលា​ច្រើន​ណាស់​ក្នុង​មួយ​សប្ដាហ៍ៗ។ លោក​អ្នក​មិន​អាច​បង្កើត​សិស្ស​មួយ​ក្រុម​ជំនុំ​ទាំង​មូល​បាន​នោះ​ទេ ដូច្នេះ តើ​លោក​អ្នក​សម្រេច​ចិត្ត​បណ្ដាក់​ទុន​ជា​មួយ​នឹង​នរណា?

សូម​ត្រៀម​គម្ពីរ​ទុក​ក្នុង​ដៃ នេះ​ជា​កត្តា​ប្រាំ​បួន​យ៉ាង​គួរ​ពិចារណា​មើល និង​ប្រហែល​ជា​តាម​លំដាប់​បែប​នេះ។

១. សមាជិក​គ្រួសារ 

សាវ័ក ប៉ុល បាន​សរសេរ​ថា «បើ​មាន​អ្នក​ណា​ដែល​មិន​ផ្គត់ផ្គង់​ពួក​ញាតិ​សន្ដាន​ខ្លួន គឺ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត» (១ធីម៉ូថេ ៥:៨)។

ព្រះ​គម្ពីរ​បង្រៀន​ក្នុង​សារ​មួយ​នេះ និង​សារ​ឯ​ទៀតៗ​ថា ពួក​យើង​ម្នាក់ៗ​មាន​នូវ​ទំនួល​ខុស​ត្រូវ​ដ៏​ពិសេស​មួយ​សម្រាប់​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​ម្នាក់ៗ។ នៅ​ក្នុង​គ្រួសារ ព្រះ​ជា​ម្ចាស់​ប្រទាន​ទំនាក់​ទំនង​ក្នុង​ជីវិត​ដែល​យូរ​អង្វែង ព្រម​ទាំង​បទដ្ឋាន​ធម្មជាតិ​សម្រាប់​ក្ដី​ស្រឡាញ់ និង​ក្ដី​បារម្ភ។ ហើយ​ក្ដី​ស្រឡាញ់ និង​ទំនួល​ខុស​ត្រូវ​ពី​ធម្មជាតិ​ទាំង​នោះ លោក​អ្នក​គួរ​យក​មក​ប្រើ​ថ្វាយ​ព្រះ​គ្រីស្ទ​រហូត​ដល់​ទីបំផុត។ នោះ​ហើយ​ជា​ករណី​យ៉ាង​ពិសេស ប្រសិន​បើ​អ្នក​រស់​នៅ​ជា​មួយ​សមាជិក​គ្រួសារ​ទាំង​នេះ។ វា​ជា​ករណី​លើស​លប់​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​បទ​គម្ពីរ​ឲ្យ​អ្នក​ធ្វើ​នូវ​ទំនួល​ខុស​ត្រូវ​ពិសេស​មួយ​សម្រាប់​ពួក​គាត់ ដូច​ដែល​ទំនួល​ខុស​ត្រូវ​មាន​សម្រាប់​ឪពុក​ម្ដាយ​ជា​មួយ​កូនៗ ឬ​ប្ដី​ប្រពន្ធ​ចំពោះ​គ្នា។ ទំនាក់​ទំនង​ទាំង​អស់​នេះ​ជា​ទំនាក់​ទំនង​នៃ​ការ​បង្កើត​សិស្ស​ដ៏​សំខាន់​បំផុត​ដែល​លោក​អ្នក​មាន។

២. ស្ថាន​ភាព​ព្រលឹង​វិញ្ញាណ

លោក​អ្នក​គួរ​ផ្សាយ​ដំណឹង​ល្អ​ដល់​មិត្តភក្ដិ​របស់​អ្នក ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ តែ​វា​មិន​ត្រូវ​ទេ​បើ​លោក​អ្នក​ព្យាយាម​បង្កើត​សិស្ស​ជា​មួយ​នឹង​ពួក​គេ ហាក់​បី​ដូច​​ជា​ពួក​គេ​ជា​គ្រីស្ទ​បរិស័ទ។ សាវ័ក ប៉ុល ប្រាប់​យើង​ថា «មនុស្ស​ខាង​សាច់​ឈាម គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្ដី​ល្ងង់​ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំង​នេះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ»  (១កូរិនថូស ២:១៤)។ លោក​អ្នក​គួរ​តែ​បង្កើត​សិស្ស​ជា​មួយ​នឹង​​គ្រីស្ទ​បរិស័ទ។

៣. សមាជិក​ភាព​នៃ​ក្រុម​ជំនុំ

សូម​ពិចារណា​មើល​លើ​សេចក្ដី​បង្គាប់​ទាំង​នេះ​ចេញ​ពី​កណ្ឌ​គម្ពីរ ហេព្រើរ៖

«ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ​បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង… ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ​ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា​​ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ» (ហេព្រើរ ១៣:៧, ១៧)។

ច្បាស់​ណាស់​ដែល​ខ​គម្ពីរ​ទាំង​នេះ​បង្គាប់​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង។ ប៉ុន្តែ មាន​ភាព​ពាក់​ព័ន្ធ​ស៊ី​ជម្រៅ​មួយ​គឺ​ថា របៀប​សាមញ្ញៗ​នៃ​ការ​បង្កើត​សិស្ស​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​បំផុត​ដោយ​បរិបទ​នៃ​ទំនាក់​ទំនង​របស់​ក្រុម​ជំនុំ។

យើង​មាន​ទំនួល​ខុស​ត្រូវ​មួយ​ដែល​ប្រសើរ​ជាង​សម្រាប់​ពួក​ជំនុំ​របស់​យើង ដើម្បី​ជួយ​បាន​ទាំង​ពួក​គាត់​ផង ព្រម​ទាំង​ពួក​គាត់​ក៏​ជួយ​ដល់​យើង​វិញ​ផង​ដែរ។ សមាជិក​ទាំង​អស់​របស់​ក្រុម​ជំនុំ​ដដែល​ក៏​ធ្វើ​តាម និង​ចុះ​ចូល​តាម​រូប​កាយ​ដដែល​របស់​ពួក​ចាស់​ទុំ​ដែរ។ ពួក​គាត់​ប្រកាស​សេចក្ដី​បញ្ជាក់​ពី​ជំនឿ និង​សេចក្ដី​សញ្ញា​របស់​ក្រុម​ជំនុំ​ដូចៗ​គ្នា។ ពួក​គាត់​ដក​ពិសោធ​សេចក្ដី​បង្រៀន​ដូច​គ្នា​លើ​បញ្ហា​ចម្បង និង​បញ្ហា​បន្ទាប់​បន្សំ។ ពួក​គាត់​ជួប​គ្នា​យ៉ាង​ហោច​ណាស់​មួយ​សប្ដាហ៍​ម្ដង។ ដោយ​សារ​ហេតុ​ផល​ទាំង​អស់​នេះ​ហើយ ទើប​ជា​ធម្មតា​វា​សម​ស្រប​ជាង ដើម្បី​កសាង​ទំនាក់​ទំនង​ក្នុង​ការ​បង្កើត​សិស្ស​ផ្អែក​លើ​បរិបទ​របស់​ក្រុម​ជំនុំ​មួយ។

លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​មិត្តភក្ដិ​របស់​លោក​អ្នក​ចូល​រួម​ក្រុម​ជំនុំ​មួយ​ដែល​មិន​មាន​សុខ​ភាព​ល្អ នោះ លោក​អ្នក​ទំនង​ជា​អាច​នឹង​បង្ក​ឲ្យ​មាន​ភាព​ខូច​ខាត​ដល់​ជីវិត​ខាង​ឯ​វិញ្ញាណ​របស់​ពួក​គេ តាម​រយៈ​ការ​បង្កើត​សិស្ស​ដល់​ពួក​គេ​ហើយ។ តើ​ការ​នេះ​កើត​ឡើង​ដោយ​របៀប​ណា? ការ​ជួយ​គាំ​ពារ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក​ដល់​គាត់​អាច​នឹង​នាំ​គាត់​ឲ្យ​បន្ត​នៅ​ជាប់​ក្នុង​ក្រុម​ជំនុំ​មួយ ដែល​មិន​បង្រៀន​ស្រប​តាម​ព្រះ​គម្ពីរ។ នេះ​មិន​មែន​ជា​ក្បួន​ច្បាប់​អ្វី​នោះ​ទេ ប៉ុន្តែ​វា​អាច​ល្អ​ជាង​នេះ បើ​គ្រាន់​តែ​លើក​ទឹក​ចិត្ត​មិត្តភក្ដិ​របស់​លោក​អ្នក​ឲ្យ​ចូល​រួម​ក្រុម​ជំនុំ​មួយ​ដែល​មាន​សុខ​ភាព​ល្អ។ គ្រីស្ទ​បរិស័ទ​ត្រូវ​ការ​រាង​កាយ​ទាំង​មូល មិន​មែន​គ្រាន់​តែ​លោក​អ្នក​នោះ​ទេ។

៤. ភេទ

បទ​គម្ពីរ​មាន​លក្ខណៈ​រសើប​លើ​បញ្ហា​ផ្សេងៗ​នៃ​ភេទ ក្នុង​ការ​បង្កើត​សិស្ស។ ឧទាហរណ៍ សាវ័ក ប៉ុល ប្រាប់​លោក ទីតុស ថា «ពួក​ស្ត្រី​ចាស់ៗ…ត្រូវ​ខំ​បង្រៀន​សេចក្ដី​ត្រឹម​ត្រូវ​វិញ ដើម្បី​នឹង​បង្ហាត់​ដល់​ពួក​ស្ត្រី​ក្មេងៗ គេ​ស្រឡាញ់​ប្ដី​នឹង​កូន​ខ្លួន មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ​បន្ទូល​បាន​ឡើយ» (ទីតុស ២:៣-៥)។

ខ្ញុំ​បង្រៀន​បុរស និង​ស្ត្រី​ក្នុង​ទី​សាធារណៈ។ បន្ថែម​ពី​លើ​នេះ យើង​គ្រប់ៗ​គ្នា​មាន​ម្ដាយ និង​ឪពុក ហើយ​យើង​ភាគ​ច្រើន​មាន​បង​ប្អូន​ស្រី ឬ​បង​ប្អូន​ប្រុស ឬ​ក៏​ដៃគូ​ជីវិត​ដែល​ត្រូវ​និយាយ​ថា ការ​បង្កើត​សិស្ស​សម្រាប់​ភេទ​ផ្ទុយ​គ្នា​ត្រូវ​បាន​កសាង​ទៅ​ក្នុង​ក្រុម​គ្រួសារ​យើង​ទាំង​អស់​គ្នា។ ហើយ​ក្នុង​ក្រុម​ជំនុំ យើង​មាន​មេត្រី​ភាព​ជា​មួយ​គ្នា​ដោយ​មាន​បុរស និង​ស្ត្រី រួម​ទាំង​មាន​មិត្តភក្ដិ​ក្រុម​គ្រួសារ។

យ៉ាង​ណា​មិញ នៅ​ពេល​ចូល​មក​កាន់​ទំនាក់​ទំនង​ដែល​បង្កើត​សិស្ស​តាម​បែប​ធម្មតា និង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​នោះ វា​ជា​ការ​ដែល​មាន​ប្រាជ្ញា​ជាង​សម្រាប់​បុរស​បង្កើត​សិស្ស​នឹង​បុរស ហើយ​ស្ត្រី​បង្កើត​សិស្ស​នឹង​ស្ត្រី​វិញ។ យើង​យល់​ថា ភេទ​ជា​ភាព​លក្ខណៈ​មួយ​ដែល​ព្រះ​បាន​ប្រទាន​មក ហើយ​យើង​ចង់​ធ្វើ​វា​ដោយ​ត្រឹម​ត្រូវ និង​ពេញ​ដោយ​ការ​គោរព។ យើង​គួរ​តែ​ស្រឡាញ់​គ្រប់​គ្នា​ក្នុង​ក្រុម​ជំនុំ ហើយ​ស្រប​ពេល​ទន្ទឹម​គ្នា​នោះ  យើង​ក៏​ប្រឹង​គេច​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ខុស​ឆ្គង​ទាំង​ឡាយ​ផង​ដែរ។

៥. អាយុ

ខណៈ​ពេល​ដែល​បទ​គម្ពីរ​ងាយ​នឹង​ប្រតិកម្ម​ចំពោះ​ភេទ ដូច្នេះ​បទ​គម្ពីរ​ក៏​ងាយ​នឹង​ប្រតិកម្ម​ចំពោះ​អាយុ​ផង​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ទីតុស បាន​លើក​ឡើង​ថា ស្ត្រី​វ័យ​ក្មេង​រៀន​ពី​មនុស្ស​ចាស់។ នៅ​កន្លែង​ផ្សេង​ទៀត​សាវ័ក ប៉ុល បាន​ប្រាប់​លោក ធីម៉ូថេ ថា កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ។ យ៉ាង​ណា​មិញ​នៅ​ក្នុង​សំបុត្រ​នេះ​ដដែល​សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​លោក ធីម៉ូថេ ឲ្យ​ចេះ​គោរព​ចាស់​ទុំ (១ធីម៉ូថេ ៤:១២; ៥:១)។

ជា​ទូ​ទៅ លោក​អ្នក​នឹង​បង្កើត​សិស្ស​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​អាយុ​តិច​ជាង​ខ្លួន។ ដោយ​បាន​លើក​ឡើង​ថា បទ​គម្ពីរ​គឺ​ពោរ​ពេញ​ទៅ​ដោយ​គំរូ​ជា​ច្រើន​ដែល​យុវជន​បង្រៀន​ទៅ​កាន់​មនុស្ស​ចាស់។ ហើយ​ប្រាកដ​ណាស់ នៅ​ពេល​ដែល​យើង​ចម្រើន​វ័យ​កាន់​តែ​ច្រើន យើង​ក៏​ចង់​ចម្រើន​នូវ​ការ​បន្ទាប​ខ្លួន​ក្នុង​ការ​រៀន​សូត្រ​ពី​អាយុ​របស់​យើង ហើយ​សូម្បី​តែ​រៀន​សូត្រ​ពី​អ្នក​ដែល​ក្មេង​ជាង​យើង​ផង​ដែរ។ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លែង​មាន​គ្រូ​នៅ​សល់​ទៀត​ហើយ! សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​រៀន​បាន​ច្រើន​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​មាន​វ័យ​ម្ភៃ និង​សាមសិប​ឆ្នាំ ហើយ​សូម្បី​តែ​ក្នុង​វ័យ​ចិត​សិប និង​ប៉ែត​សិប​ឆ្នាំ​របស់​ពួក​គេ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​រៀន​បាន​ពី​ពួក​គេ​ដែរ។

៦. លក្ខណៈ​ខុស​ប្លែក​ពី​អ្នក

មាន​កិច្ច​ការ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​មើល​ឃើញ​ពី​អំណាច​នៃ​ដំណឹង​ល្អ ដូច​ជា​ការ​រួប​រួម​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ប្រភេទ​ក្នុង​ពិភព​លោក​នេះ។ «តាម​រយៈ [ព្រះ​គ្រីស្ទ]» សូម​សង្កេត​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ «ដ្បិត​ដោយ​សារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍ [សាសន៍​យូដា ហើយ​និង​សាសន៍​ដទៃ] មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះ​វរបិតា ដោយ​ព្រះ​វិញ្ញាណ​តែ១»  (អេភេសូរ ២:១៨)។ ជញ្ជាំង​នៃ​ការ​ខណ្ឌ​ចែក​រវាង​សាសន៍​យូដា និង​សាសន៍​ដទៃ​បាន​ធ្លាក់​ទៅ​ឯ​ឈើ​ឆ្កាង។

ឥឡូវ​នេះ ព្រះ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​រួប​រួម​នៃ​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា (អេភេសូរ ៣:១០)។ ហើយ​ជា​ការ​ពិត​ណាស់ ការ​រួប​រួម​ដែល​ក្រុម​ជំនុំ​បាន​ជួប​ប្រទះ​ដូច​ជា ក្រុម​មនុស្ស​ដែល​មាន​វប្បធម៌​ផ្សេងៗ​គ្នា សេដ្ឋកិច្ច ការ​អប់រំ និង​ក្រុម​ដែល​បាន​បែង​ចែក​ដទៃ​ទៀត ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល «មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»  ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់ (វិវរណៈ ៧:៩-១០)។

ដូច្នេះ តើ​វា​មាន​ន័យ​ដូច​ម្ដេច​ក្នុង​ការ​អនុវត្តន៍?

ជាក់​ស្ដែង នៅ​ពេល​លោក​អ្នក​ស្វែង​រក​នរណា​ម្នាក់​មក​ធ្វើ​ជា​សិស្ស សម្រាប់​ស្ត្រី​ជា​ម្ដាយ​ដែល​មាន​វ័យ​កណ្ដាល​គួរ​ចេះ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច ហើយ​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​គួរ​ចំណាយ​ពេល​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន រី​ឯ​បុរស​នៅ​លីវ​ដែល​មាន​អាយុ ២០​ឆ្នាំ​ស្ដើង គួរ​តែ​ដើរ​លេង​កម្សាន្ត។ មនុស្ស​ទាំង​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែល​ព្រះ​ជា​ម្ចាស់​ប្រើ​ប្រាស់​សម្រាប់​ការ​រីក​ចម្រើន​ឡើង។

ប៉ុន្តែ លោក​អ្នក​គួរ​តែ​ពិចារណា​ថា តើ​អ្នក​នឹង​រៀន​បាន​អ្វី​ខ្លះ​ពី​ការ​ចំណាយ​ពេល​ជា​មួយ​សិស្ស​និស្សិត ឬ​ធ្វើ​ការ​ជា​មួយ​ក្មេងៗ និង​យុវជន ឬ​ជា​អ្នក​ជួយ​អន្តរ​ជាតិ​ដូច​ជា​មក​ពី​ប្រទេស​អង់គ្លេស ប្រេស៊ីល ឬ​កូរ៉េ ឬ​ក៏​អ្នក​ជា​ប្ដី​ដែល​ជា​ជន​ជាតិ​ស្បែក​ស​វ័យ​ក្មេង គួរ​ជួប​ជា​មួយ​នឹង​ប្ដី​ដែល​ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។

តើ​ព្រះ​ជាម្ចាស់​ត្រូវ​បង្រៀន​យើង​អំពី​ទ្រង់​ច្រើន​ប៉ុណ្ណា តាម​រយៈ​មនុស្ស​ផ្សេងៗ​ពី​គ្នា! ហើយ​នឹង អំពី​របៀប​ដែល​ដំណឹង​ល្អ​ត្រូវ​បាន​បង្ហាញ​ក្នុង​ការ​រួប​រួម—មិន​ត្រឹម​តែ​តាម​រយៈ​ការ​រួប​រួម​នៃ​ការ​ចូល​ចិត្ត​គ្នា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​គឺ​ជា​ការ​រួប​រួម​នៃ​ការ​ដែល​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

៧. ភាព​អាច​បង្រៀន​បាន

នៅ​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត បាន​ប្រាប់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ប្រៀន​ប្រដៅ​កូន ហើយ​ថែម​ទាំង បន្ទោស​ទៅ​កាន់​មនុស្ស​ល្ងីល្ងើ​ដែល​មិន​ព្រម​ទទួល​យក​នូវ​ការ​ស្ដី​បន្ទោស ការ​ណែ​នាំ ការ​បង្ហាត់​បង្រៀន និង​ការ​ទូន្មាន។ លើស​ពី​នេះ​ទៅ​ទៀត កណ្ឌ​គម្ពីរ​នេះ​ក៏​បាន​ប្រាប់​យើង​ទាំង​អស់​គ្នា​ថា ព្រះ​ជា​ម្ចាស់ «ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិធម៌ ហើយ​នឹង​បង្រៀន​មនុស្ស​រាប​ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់»  (ទំនុក​តម្កើង ២៥:៩ និង សុភាសិត ១១:២)។ ដូច្នេះ​សាវ័ក ពេត្រុស បាន​បង្គាប់​ថា៖ «ឯ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង នោះ​ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ​ដែរ ហើយ​ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្ដល់​ព្រះ​គុណ​ដល់​ពួក​រាបសា​វិញ» (១ពេត្រុស ៥:៥)។

លោក​អ្នក​មិន​ចង់​ចំ​ណាយ​ពេល​វេលា​ជាមួយ​មនុស្ស​ដែល​គិត​ថា លោក​អ្នក​គ្មាន​អ្វី​បង្រៀន​ទៅ​កាន់​ពួក​គេ ហើយ​ពួក​គេ​ក៏​គ្មាន​អ្វី​ដែល​ត្រូវ​រៀន​ពី​លោក​អ្នក​ដែរ។ ចូរ​បង្រៀន​ទៅ​កាន់​អស់​អ្នក​ដែល​អាច​បង្រៀន​បាន។ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ដែល​អាច​ឲ្យ​គេ​បង្រៀន​បាន​ដែរ។

៨. ភាព​ស្មោះ​ត្រង់​ក្នុង​ការ​បង្រៀន​អ្នក​ដទៃ​ទៀត

សូម​នឹក​ចាំ​នូវ​ពាក្យ​របស់​សាវ័ក ប៉ុល ដែល​និយាយ​ទៅ​កាន់​លោក ធីម៉ូថេ ថា៖ «ឯ​អស់​ទាំង​សេចក្ដី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះ​ត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ»  (២ធីម៉ូថេ ២:២)។

យើង​ចង់​បង្កើត​សិស្ស​ជា​មួយ​នឹង​មនុស្ស​គ្រប់​គ្នា ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ យើង​ចង់​បង្កើត​សិស្ស​ជា​មួយ​នឹង​អស់​អ្នក​ដែល​អាច​បង្កើត​សិស្ស​បន្ត​ពី​យើង​បាន​ផង​ដែរ។ យើង​នឹង​ធ្វើ​កិច្ច​ការ​បន្ថែម​ទៀត ប្រសិន​បើ​វា​ចាំ​បាច់​ត្រូវ​តែ​ធ្វើ ប៉ុន្តែ​យ៉ាង​ណា​មិញ ពួក​យើង​ពិត​ជា​ចង់​ធ្វើ​វា​ឲ្យ​កាន់​តែ​ច្រើន​ទ្វេ​ដង។ យើង​មិន​គ្រាន់​តែ ផ្ដល់​ឱវាទ​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ តែ​យើង​កំពុង​តែ​ព្យាយាម​ឲ្យ​វា​បាន​ទៅ​ដល់​មនុស្ស​គ្រប់​ជំនាន់​តែ​ម្ដង!

៩. ភាព​ជិត​ស្និទ្ធ និង​កាល​វិភាគ 

ជា​ចុង​ក្រោយ ជឿ ឬ​មិន​ជឿ​ក៏​ដោយ ពេល​វេលា និង​កាល​វិភាគ​ដ៏​មមាញឹក​របស់​យើង​គឺ​ជា ចំណុច​រសើប​របស់​ព្រះ​គម្ពីរ។ សាវ័ក ប៉ុល សរ​សេរ​ថា៖ «ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»  (កាឡាទី ៦:១០)។ លោក​អ្នក​នឹង​ឃើញ​ខ​គម្ពីរ​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ទៅ​នឹង​ខ​គម្ពីរ​មួយ​នេះ​ដែរ​គឺ ការ​ត្រាស់​ហៅ​ឲ្យ​យើង​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​បាន​ល្អ​បំផុត (ឧទាហរណ៍ អេភេសូរ ៥:១៦)។

ចរិត​លក្ខណៈ​ចុង​ក្រោយ ដែល​ខ្ញុំ​កំពុង​តែ​និយាយ​នេះ​គឺ​ជា បញ្ហា​នៃ​ប្រាជ្ញា។ ប៉ុន្តែ​ជា​ទូទៅ ខ្ញុំ​សូម​ណែ​នាំ​ឲ្យ​ស្វែង​រក​អ្នក​ដែល​មាន​កាល​វិភាគ​ដូច​គ្នា​នឹង​លោក​អ្នក។ លោក​អ្នក​ក៏​ត្រូវ​តែ​ពិចារណា​ទាក់​ទង​ទៅ​នឹង​កន្លែង​ដែល​អ្នក​គួរ​តែ​រស់​នៅ ធ្វើ​ការ ហើយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្រួសារ ការ​ងារ ហើយ​នឹង​ក្រុម​ជំនុំ​ផង​ដែរ។ ឧទាហរណ៍​ថា ព្រះ​ជា​ម្ចាស់​មិន​បាន​ត្រាស់​ហៅ​លោក​អ្នក​ឲ្យ​ធ្វើ​កិច្ច​ការ​ណា​ដែល​មិន​អាច​ទៅ​រួច​នោះ​ឡើយ។

សរុប​មក ជា​ការ​ពិត​ណាស់​ព្រះ​ជា​ម្ចាស់​បាន​រៀប​ចំ​កិច្ច​ការ​ល្អ​សម្រាប់​យើង​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម (អេភេសូរ ២:១០)។ ហើយ​ក៏​ដូច​ជា​ស្ត្រី​សាសន៍​សាម៉ារី​ដែល​មាន​ចិត្ត​ល្អ​អញ្ចឹង​ដែរ ពេល​ខ្លះ​ព្រះ​អង្គ​ដាក់​នរណា​ម្នាក់​មក​ក្នុង​ជីវិត​របស់​យើង ទាំង​ដែល​យើង​មិន​ដែល​នឹង​គិត​ថា ចំណាយ​ពេល​ជា​មួយ​ទៀត​ផង។ ប្រហែល​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​របស់​លោក​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន ឬ​ក៏​កូន​របស់​ពួក​គេ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជា​មួយ​នឹង​កូន​របស់​លោក​អ្នក។ ប្រហែល​ជា​ប្ដី ឬ​ប្រពន្ធ​របស់​នរណា​ម្នាក់​ដែល​បាន​បែក​បាក់​គ្នា ហើយ​ភាគី​ដែល​ជា​ជន​រង​គ្រោះ​ជួប​នឹង​ជន​ទី៣​ដូច​ជា​លោក​អ្នក។

អ្វី​ដែល​ត្រូវ​និយាយ​គឺ ចូរ​មាន​ប្រាជ្ញា ហើយ​គិត​ពិចារណា​អំពី​មនុស្ស​ដែល​អ្នក​នឹង​ជ្រើស​រើស​ចំណាយ​ពេល​ជា​មួយ ក៏​ប៉ុន្តែ​ត្រូវ​ដឹង​ថា ការ​ផ្គត់​ផ្គង់​ដែល​មក​ពី​ព្រះ​អម្ចាស់​ជួន​កាល​គ្រប់​គ្រង​លើ​ផែន​ការ​ទាំង​ប៉ុន្មាន​របស់​យើង។ ចូរ​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់ ចូរ​យើង​បន្ត​ពឹង​អាង​លើ​ទ្រង់!

ការ​ដាក់​បញ្ចូល​គ្នា

តើ​លោក​អ្នក​ចង​ចាំ​អំពី​សាច់​រឿង​លោក សុខ និង​លោក សីហា ដែរ​ឬ​ទេ? ឧបមា​ថា កាល​វិភាគ​របស់​លោក​អ្នក​អនុញ្ញាត​ឲ្យ​លោក​អ្នក​ចំណាយ​ពេល​វេលា​ជា​មួយ​តែ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ។ តើ​លោក​អ្នក​នឹង​ធ្វើ​ការ​ជ្រើស​រើស​ដោយ​របៀប​ណា? ប្រាកដ​ណាស់ លោក​អ្នក​គួរ​តែ​អធិស្ឋាន ប៉ុន្តែ​វា​នឹង​មិន​ចាំ​បាច់​ត្រូវ​ការ​ចម្លើយ​ត្រឹម​ត្រូវ​ណា​មួយ​នោះ​ទេ ហើយ​លោក​អ្នក​ក៏​មិន​គួរ​មាន​អារម្មណ៍​រអៀស​ចិត្ត​ដែរ ប្រសិន​បើ​លោក​អ្នក​មិន​អាច​ចំណាយ​ពេល​ជា​មួយ​ពួក​គេ​ទាំង​ពីរ​បាន។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​មាន​រូប​កាយ​របស់​ព្រះ​គ្រីស្ទ។

លោក​អ្នក​ប្រហែល​ជា​ជ្រើស​រើស​ចំណាយ​ពេល​ជា​មួយ​នឹង​លោក សុខ ដោយ​សារ​តែ​កាល​វិភាគ​ការ​ងារ​របស់​គាត់​ត្រូវ​គ្នា​នឹង​លោក​អ្នក ឬ​ដោយ​សារ​គាត់​រស់​នៅ​ក្បែរ​អ្នក ឬ​ក៏​ប្រពន្ធ​របស់​លោក​អ្នក​គឺ​ជា​មិត្ត​ល្អ​របស់​គាត់​រួច​ទៅ​ហើយ។ ឬ​លោក​អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​ចំណាយ​ពេល​ជា​មួយ​នឹង​លោក សីហា ដោយ​សារ​តែ​គាត់​នឹង​ត្រលប់​ទៅ​ទី​ក្រុង​បូគូតា (Bogota) នៃ​ប្រទេស កូឡុំប៊ី វិញ​នៅ​ក្នុង​រដូវ​ក្ដៅ​ក្រោយ ហើយ​គាត់​បង្ហាញ​អំពី​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​បង្រៀន​អ្នក​ដទៃ ហើយ​លោក​អ្នក​ក៏​ចង់​បង្វឹកបង្វឺន​គាត់ ដើម្បី​ឲ្យ​គាត់​អាច​នឹង​បង្វឹកបង្វឺន​អ្នក​ដទៃ​ទៀត​នៅ​ទី​ក្រុង​បូគូតា​ដែរ។ មិន​ថា​ហេតុ​ផល​អ្វី​ក៏​ដោយ ចូរ​អធិស្ឋាន​ទូល​សូម​នូវ​ប្រាជ្ញា ហើយ​ធ្វើ​វា​ចុះ។

និយាយ​រួម មិន​ថា​អ្នក​មាន​មនសិការ ក្នុង​ការ​បង្កើត​សិស្ស​តែ​ម្នាក់ ឬ​បួន​នាក់​ក៏​ដោយ លោក​អ្នក​ត្រូវ​ប្រាកដ​ថា ខ្លួន​ឯង​ត្រូវ​តែ​រីក​ចម្រើន​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ជា​មុន​សិន ហើយ​បន្ទាប់​មក ជួយ​អ្នក​ដែល​នៅ​ជុំវិញ​លោក​អ្នក​ឲ្យ​រីក​ចម្រើន​ដែរ។ ទាំង​ពីរ​នេះ​គឺ សំខាន់​ដូច​គ្នា ហើយ​ម្នាក់ៗ​រួម​ចំណែក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

* * * * *

កំណត់​សម្គាល់​ពី​អ្នក​កែ​សម្រួល៖ អត្ថបទ​នេះ​ដែល​បាន​ដក​ស្រង់​ចេញ​មក​ពី​អត្ថបទ​ក្នុង​សៀវភៅ​របស់​លោក គ្រូ ម៉ាក ដិវើរ (Mark Dever) ដែល​មាន​ចំណង​ជើង​ថា ការ​បង្កើត​សិស្ស (“Discipling” Crossway, ២០១៦)។

និពន្ធ​ដោយ៖ Mark Dever
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​មាន​ន័យ​ដូច​ម្តេច​ដែល​ថា​ព្រះជាម្ចាស់​ស្អប់ លោក អេសាវ (ម៉ាឡាគី ១)

តើ​គ្រីស្ទ​បរិស័ទ​គួរ​បញ្ចេញ​មតិ​យោបល់​លើ​បណ្ដាញ​សង្គម​ដោយ​របៀប​ណា?