ការបង្កើតសិស្ស ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹង ការបង្រៀន និងការត្រាប់តាម។ ការបង្កើតសិស្សផ្សារភ្ជាប់ជាមួយនឹងសេចក្ដីស្រឡាញ់។ នៅពេលដែលយើងបង្រៀនដោយសេចក្ដីស្រឡាញ់ដល់អ្នកជឿក្មេងជាងក្នុងការគោរពកោតខ្លាចព្រះ និងរស់នៅក្នុងជីវិតដែលគួរឲ្យកោតសរសើរ នោះពួកគេនឹងរីកចម្រើនក្នុងភាពដូចជាព្រះគ្រីស្ទដោយការត្រាប់តាមគោលលទ្ធិ និងជីវិតរបស់យើងដែរ (សូមមើលនៅក្នុង ១ធីម៉ូថេ ៤:១៦)។
ការបង្រៀន៖ ព្រះគម្ពីរបានត្រាស់ហៅគ្រូគង្វាល និងឪពុកម្ដាយឲ្យទូន្មានដល់អស់អ្នកដែលទ្រង់បានប្រទានឲ្យពួកគាត់គ្រប់គ្រងមើលថែរក្សា (សុភាសិត, កាឡាទី ៦:៦, អេភេសូរ ៦:៤, ១ថែស្សាឡូនិច ៤:៨, ១ធីម៉ូថេ ១:១៨, ៦:៣, ២ធីម៉ូថេ ២:២៥, ៤:២)។ ហើយព្រះគម្ពីរក៏បានត្រាស់បង្គាប់ឲ្យអ្នកជឿទាំងអស់គ្នាទូន្មានគ្នាទៅវិញទៅមកផងដែរ (រ៉ូម ១៥:១៤)។
ការត្រាប់តាម៖ គ្រីស្ទបរិស័ទគឺជាអស់អ្នកដែលយកតម្រាប់តាមគ្នា ទី១ គឺយកតម្រាប់តាមព្រះ ហើយបន្ទាប់មក គឺយកតម្រាប់តាមគ្នាទៅវិញទៅមក។ យើងរីកចម្រើននៅក្នុងព្រះគុណរបស់ព្រះដោយការស្ដាប់ និងការយកតម្រាប់តាម។ សូមពិចារណាអំពីបទគម្ពីរខាងក្រោមនេះ៖
- «ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ» (១កូរិនថូស ១១:១)។
- «ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង» (ហេព្រើរ ១៣:៧)។
- «ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា» (ភីលីព ៤:៩)។
- «តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្ដីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត និងបំណងចិត្ត សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ» (២ធីម៉ូថេ ៣:១០)។
- «អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យតាមសេចក្ដីអាក្រក់ឲ្យសោះ…» (៣យ៉ូហាន ១:១១)។
សេចក្ដីស្រឡាញ់៖ មនុស្សនឹងយកតម្រាប់តាមលោកអ្នក ទោះបីជានៅពេលដែលលោកអ្នកមិនបានស្រឡាញ់ពួកគេក៏ដោយ។ ប៉ុន្តែ អ្នកដឹកនាំដែលដឹកនាំដោយសេចក្ដីស្រឡាញ់ គឺតំណាងឲ្យរូបភាពដ៏ល្អបំផុតរបស់ព្រះគ្រីស្ទ ហើយអ្នកដទៃនឹងដើរតាមលោកអ្នកនៅពេលដែលលោកអ្នកស្រឡាញ់ពួកគេ។
មិត្តភាព៖ ក្នុងអត្ថន័យមួយ ការបង្កើតសិស្ស គឺមានន័យយ៉ាងសាមញ្ញថា មិត្តភាព ប៉ុន្តែជាមិត្តភាពមួយដែលដឹកនាំទៅរកព្រះគ្រីស្ទ។ តើមិត្តភាពមានលក្ខណៈយ៉ាងដូចម្ដេច? ពួកគេយកតម្រាប់តាមគ្នាទៅវិញទៅមក។ ក្នុងការបង្កើតសិស្ស យើងរាប់អានអ្នកដទៃ ដើម្បីរីកចម្រើនក្នុងភាពដូចជាព្រះគ្រីស្ទ និងការជួយពួកគេឲ្យរីកចម្រើនក្នុងភាពដូចជាព្រះគ្រីស្ទផងដែរ។
តើយើងធ្វើដូចម្ដេច ដើម្បីធ្វើជាសិស្ស? (១) ចូរស្ដាប់ និងមើលពីរបៀបដែលគ្រីស្ទបរិស័ទធ្វើការ សម្រាក ចិញ្ចឹមបីបាច់កូន ដោះស្រាយបញ្ហា ផ្សាយដំណឹងល្អជាមួយអ្នកជិតខាង តស៊ូឆ្លងកាត់ការល្បងល បម្រើនៅក្នុងក្រុមជំនុំ ឬតយុទ្ធជាមួយអំពើបាបជាដើម។ (២) ចូរយកតម្រាប់តាមពួកគាត់។
មតិយោបល់
Loading…