in ,

តើ​ព្រះ​គម្ពីរ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ឃ្លា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ»? (ភាគ២)

ការ​បង្គាប់​របស់​ព្រះ​យេស៊ូវ​កុំ​ឲ្យ​ថ្កោល​ទោស​គេ​ ទំនង​ជា​ឃ្លា​ដែល​គេ​លើក​ឡើង​មក​និយាយ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​អង្គ​បាន​បង្រៀន ទោះ​បើ​ភាគ​ច្រើន​តាម​ពិត​ទៅ​ការ​លើក​ឡើង​នោះ គឺ​ជា​ការ​លើក​ឡើង​ខុស​ពី​បរិបទ​ទាំង​ស្រុង។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ» (ម៉ាថាយ ៧:១)។ មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​ខ​គម្ពីរ​នេះ ដើម្បី​ព្យាយាម​បំបិទ​មាត់​អ្នក​រិះគន់​ខ្លួន ដោយ​កាត់​ស្រាយ​អត្ថន័យ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ឲ្យ​ទៅ​ជា​ថា «អ្នក​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ខុស​ទេ!»។ ភាគ​ច្រើន ពួក​គាត់​លើក​ខ​នេះ​តែ​ឯង «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ» ហើយ​ហាក់​បី​ដូច​ជា​កាត់​ស្រាយ​ការ​បង្គាប់​របស់​ព្រះ​យេស៊ូវ​ថា សុទ្ធ​តែ​មាន​ការ​រិះគន់​អវិជ្ជមាន។ តាម​ពិត​ទៅ ឃ្លា​នោះ​មាន​អត្ថន័យ​លើស​ហ្នឹង​ទៅ​ទៀត ពេល​មើល​ក្នុង​បរិបទ​ទាំង​មូល។

នៅ​ពេល​ដែល​ព្រះ​គម្ពីរ​បង្គាប់​យើង​កុំ​ឲ្យ​ថ្កោល​ទោស​គេ នោះ​មិន​មែន​មាន​ន័យ​ថា យើង​អាច​បង្ហាញ​ការ​ខ្វះ​ពិចារណា​រវាង​ខុស​ត្រូវ​នោះ​ទេ។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ» ភ្លាម​នោះ​ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា «កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ​មុក្ដា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ» (ម៉ាថាយ ៧:៦)។ បន្តិច​ក្រោយ​មក​ទៀត នៅ​ក្នុង​ការ​អធិប្បាយ​ដូច​គ្នា​នេះ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ដែរ​ថា «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ…អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត» (៧:១៥-១៦)។ តើ​ឲ្យ​យើង​ត្រូវ​តែ​វែក​ញែក​រវាង «ឆ្កែ» «ជ្រូក» និង «គ្រូ​ក្លែងក្លាយ» បាន​ដោយ​របៀប​ណា លុះ​ត្រាតែ​យើង​មាន​សមត្ថភាព​កាត់​ស្រាយ​លើ​គោលលទ្ធិ និង​ការ​ប្រព្រឹត្ត? ព្រះ​យេស៊ូវ​កំពុង​តែ​ផ្ដល់​សិទ្ធិ​ដល់​យើង​ក្នុង​ការ​វែក​ញែក​រឿង​ត្រូវ​ចេញ​ពី​រឿង​ខុស។

លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​ព្រះ​គម្ពីរ​បង្គាប់​យើង​កុំ​ឲ្យ​ថ្កោល​ទោស​គេ នោះ​មិន​មែន​មាន​ន័យ​ថា គ្រប់​ទង្វើ​ទាំង​អស់​សុទ្ធតែ​មាន​ភាព​ស្មើ​គ្នា​ផ្នែក​សីលធម៌ ឬ​ក៏​ថា​សេចក្ដី​ពិត​មិន​មាន​បង្អែក​លើ​មូលដ្ឋាន​ពិត​ជាក់​ស្ដែង​ណា​នោះ​ទេ [ឬ​ក៏​បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ការ​បង្គាប់​នោះ​មិន​មែន​មាន​ន័យ​ថា យើង​អាច​កាត់​ស្រាយ​សេចក្ដី​ពិត​តាម​តែ​ចិត្ត​យើង​បាន​នោះ​ឡើយ]។ ព្រះ​គម្ពីរ​បាន​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា សេចក្ដី​ពិត​ពឹង​ផ្អែក​លើ​ការ​ពិត មាន​តាំង​ពី​អស់​កល្ប​ជានិច្ច ហើយ​ក៏​មិន​អាច​បំបែក​គ្នា​បាន​ចេញ​ពី​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​ដែរ។ សេចក្ដី​បង្រៀន​ដែល​ផ្ទុយ​គ្នា​ពី​ការ​ពិត​គឺ​ជា​ការ​កុហក—ពិត​ណាស់ ការ​ថា​អ្វី​មួយ​គឺ​ជា​ការ​កុហក នោះ​គឺ​ជា​ការ​ថ្កោល​ទោស។
ដូច​គ្នា​ផង​ដែរ អំពើ​សហាយស្មន់ ការ​កាប់​សម្លាប់​គេ​ក៏​ជា​ការ​ថ្កោល​ទោស​ដែរ—ប៉ុន្តែ ការ​ថា​បែប​នេះ​ក៏​ជា​ការ​ឯកភាព​គ្នា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ផ្ទាល់។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា​កុំ​ឲ្យ​ថ្កោល​ទោស​គេ ព្រះ​អង្គ​មិន​មែន​កំពុង​មាន​ន័យ​ថា យើង​មិន​គួរ​ហៅ​អំពើ​បាប​ថា មិន​មែន​ជា​អំពើបាប​នោះ​ទេ អាស្រ័យ​លើ​អត្ថន័យ​របស់​ព្រះ​ជាម្ចាស់​លើ​ពាក្យ​ថា «បាប»។

ហើយ​នៅ​ពេល​ដែល​ព្រះ​គម្ពីរ​បង្គាប់​យើង​កុំ​ឲ្យ​ថ្កោល​ទោស​គេ នោះ​មិន​មែន​មាន​ន័យ​ថា មិន​មាន​របៀប​វាស់វែង​លើ​អំពើ​បាប​ទេ។ ព្រះ​គម្ពីរ​មាន​កណ្ឌ​មួយ​ដែល​មាន​ចំណង​ជើង​ថា​កណ្ឌ​គម្ពីរ​ពួក​ចៅហ្វាយ [ហើយ​តួនាទី​របស់​ពួក​គាត់​គឺ​ជា​អ្នក​កាត់​ទោស]។ ព្រះ​ជាម្ចាស់​ផ្ទាល់​គឺ​ជា​អង្គ​ដែល​បាន​ត្រាស់​ហៅ​ពួក​ចៅហ្វាយ​ទាំង​នោះ
(ពួក​ចៅហ្វាយ ២:១៨)។ សព្វ​ថ្ងៃ​នេះ ការ​ដែល​ប្រព័ន្ធ​តុលាការ​មាន​ចៅ​ក្រម​ដែល​ជា​អ្នក​កាត់​ក្ដី​គឺ​ជា​ផ្នែក​មួយ​ដែល​សំខាន់​នៅ​ក្នុង​សង្គម​យើង។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ»
នោះ​ព្រះ​អង្គ​មិន​មែន​មាន​ន័យ​ថា ឲ្យ​យើង​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​យើង​នោះ​ក៏​បាន​ដែរ។

នៅ​ក្នុង​ខ​គម្ពីរ​មួយ​ផ្សេង​ទៀត ព្រះ​យេស៊ូវ​ផ្ទាល់​បាន​បង្គាប់​ឲ្យ​យើង​ថ្កោល​ទោស «កុំ​ឲ្យ​ជំនុំ​ជម្រះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ​ជម្រះ​តាម​សេចក្តី​សុចរិត​វិញ»។ តាម​រយៈ​ខ​គម្ពីរ​មួយ​នេះ យើង​ឃើញ​តម្រុយ​នៃ​ប្រភេទ​នៃ​ការ​ថ្កោល​ទោស​ដ៏​ត្រឹម​ត្រូវ និង​ការ​ថ្កោល​ទោស​មិន​ត្រឹម​ត្រូវ។ ប្រសិន​បើ​យើង​យក​ខ​គម្ពីរ​មួយ​នេះ និង​ខ​គម្ពីរ​ផ្សេងៗ​ទៀត​មក​ផ្ដុំ​គ្នា នោះ​យើង​នឹង​ឃើញ​ការ​ពណ៌នា​អំពី​ប្រភេទ​នៃ​ការ​ថ្កោល​ទោស​ដែល​ជា​អំពើ​បាប ឬ​ក៏​ជា​ការ​ថ្កោល​ទោស​បែប​មិន​ត្រឹម​ត្រូវ៖

ការ​ថ្កោល​ទោស​ដែល​ពុំ​ស៊ី​ជម្រៅ ​គឺ​ជា​ការ​ថ្កោល​ទោស​មិន​ត្រឹម​ត្រូវ។ ការ​ថ្កោល​ទោស​លើ​បុគ្គល​ណា​ម្នាក់​ដោយ​អាស្រ័យតែ​ទៅ​លើ​សម្បក​ក្រៅ​គឺ​ជា​អំពើ​បាប (យ៉ូហាន ៧:២៤)។ វា​គឺ​ជា​រឿង​ល្ងីល្ងើ​ហើយ ប្រសិន​បើ​យើង​ធ្វើ​ការ​សន្និដ្ឋាន​មុន​យើង​បាន​ស្រាវជ្រាវ​ហេតុការណ៍ (សុភាសិត ១៨:១៣)។ លោក ស៊ីម៉ូន ដែល​ជា​ពួក​ផារិស៊ី​ម្នាក់ បាន​ថ្កោល​ទោស​លើ​ស្ត្រី​ម្នាក់​ដោយ​អាស្រ័យ​ទៅ​លើ​សម្បក​ក្រៅ និង​កេរ្តិ៍​ឈ្មោះ​របស់​នាង ប៉ុន្តែ​លោក ស៊ីម៉ូន មិន​បាន​ឃើញ​ថា ស្ត្រី​ម្នាក់​នោះ​បាន​ទទួល​ការ​អត់​ទោស​រួច​ស្រេច​ទៅ​ហើយ។ ជា​លទ្ធផល​លោក ស៊ីម៉ូន ក៏​បាន​យល់​ឃើញ​ថា ការ​ស្ដី​បន្ទោស​របស់​ព្រះ​យេស៊ូវ​លើ​គាត់​បាន​បង្ហាញ​ថា គាត់​បាន​ធ្វើ​ការ​ថ្កោល​ទោស​ដែល​មិន​ត្រឹម​ត្រូវ (លូកា ៧:៣៦-៥០)។

ការ​ថ្កោល​ទោស​បែប​លាក់​ពុត​គឺ​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ។ មុន​ព្រះ​យេស៊ូវ​បាន​បង្គាប់​កុំ​ឲ្យ​ថ្កោល​ទោស​អ្នក​ដទៃ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៧:១ ព្រះ​អង្គ​ក៏​បាន​លើក​ឡើង​អំពី​ការ​ប្រៀបធៀប​ទៅ​កាន់​មនុស្ស​មាន​ពុត​ដែរ
(ម៉ាថាយ ៦:២, ៥, ១៦) ហើយ​ការ​បង្រៀន​បន្ទាប់​របស់​ព្រះ​អង្គ​ក៏​បាន​ព្រមាន​អំពី​ការ​ធ្វើ​ជា​មនុស្ស​មាន​ពុត​ដែរ (ម៉ាថាយ ៧:៣-៥)។ នៅ​ពេល​ដែល​យើង​ចង្អុល​បង្ហាញ​អំពី​អំពើ​បាប​របស់​អ្នក​ដទៃ ខណៈ​ពេល​ដែល​យើង​ផ្ទាល់​កំពុង​តែ​ប្រព្រឹត្ត​អំពើ​បាប​ដូច​គ្នា នោះ​មាន​ន័យ​ថា យើង​ក៏​កំពុង​តែ​កាត់​ទោស​ខ្លួន​ឯង​ហើយ (រ៉ូម ២:១)។

ការ​ថ្កោល​ទោស​បែប​ឃោរឃៅ ហើយ​មិន​មាន​ការ​អត់​ទោស​ក៏​ជា​ការ​មិន​ត្រឹម​ត្រូវ​ដែរ។ យើង «ត្រូវ​មាន​ចិត្ត​ស្លូតបូត ទាំង​សម្ដែង​សេចក្តី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង» (ទីតុស ៣:២)។ គឺ​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា​នោះ​ឯង​ដែល​នឹង​បាន​សេចក្ដី​មេត្តា​ករុណា​វិញ (ម៉ាថាយ ៥:៧) ហើយ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ព្រមាន «ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង» (ម៉ាថាយ ៧:២)។

ការ​ថ្កោល​ទោស​ដោយ​ចាត់​ទុក​ខ្លួន​ឯង​ថា​សុចរិត​ក៏​ជា​ការ​មិន​ត្រឹម​ត្រូវ​ដែរ។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ចេះ​បន្ទាប​ខ្លួន ហើយ «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ» (យ៉ាកុប ៤:៦)។ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ​អំពី​ពួក​ផារិស៊ី និង​អ្នក​យក​ពន្ធ គឺ​អ្នក​ផារិស៊ី​ម្នាក់​នោះ​មាន​ទំនុក​ចិត្ត​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន​ឯង
ហើយ​ចេញ​ពី​ឋានៈ​នៃ​អំនួត​នោះ គាត់​ក៏​បាន​ថ្កោល​ទោស​អ្នក​យក​ពន្ធ។ ព្រះ​ជាម្ចាស់​បាន​ទត​ឃើញ​ដួង​ចិត្ត
ហើយ​ក៏​បាន​បដិសេធ​មិន​អត់​ទោស​អំពើ​បាប​ឲ្យ​អ្នក​ផារិស៊ី​ម្នាក់​នោះ (លូកា ១៨:៩-១៤)។

ការ​ថ្កោល​ទោស​ដែល​មិន​មាន​សេចក្ដី​ពិត​ជា​សម្អាង​ក៏​ជា​ការ​មិន​ត្រឹម​ត្រូវ។ ព្រះ​គម្ពីរ​បាន​ហាម​យ៉ាង​ច្បាស់​លាស់​មិន​ឲ្យ​ធ្វើ​ជា​សាក្សី​ភូត​ភរ (សុភាសិត ១៩:៥)។ «មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ» (ទីតុស ៣:២)។

ជា​ទូទៅ នៅ​ពេល​ដែល​គ្រីស្ទ​បរិស័ទ​និយាយ​ជំទាស់​នឹង​អំពើ​បាប គេ​តែង​តែ​ចោទ​ប្រកាន់​គ្រីស្ទ​បរិស័ទ​នោះ​ថា «កំពុង​ថ្កោល​ទោសៗ» ឬ​ក៏​មិន​ព្រម​ឲ្យ​គេ​ធ្វើ​តាម​តែ​អំពើ​ចិត្ត​គេ​ហើយ។ ប៉ុន្តែ ការ​ជំទាស់​នឹង​អំពើ​បាប​គឺ​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ការ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ស្តង់ដារ​នៃ​សេចក្ដី​សុចរិត​នឹង​នាំ​មិន​ឲ្យ​មាន​សេចក្ដី​សុចរិត ហើយ​បណ្ដាល​ឲ្យ​មាន​ការ​គប់​ដុំ​ថ្ម និង​ការ​បាញ់​ព្រួញ​ទៅ​កាន់​អ្នក​ដែល​ជ្រើស​រើស​ប្រព្រឹត្ត​អំពើ​បាប ជា​ជាង​កោត​ខ្លាច​ព្រះ។ លោក យ៉ូហាន-បាទីស្ទ បាន​ជួប​ប្រទះ​ជា​មួយ​នឹង​កំហឹង​របស់​នាង ហេរ៉ូឌាស នៅ​ពេល​ដែល​គាត់​និយាយ​ជំទាស់​នឹង​អំពើ​កំផិត​ជា​មួយ​នឹង​លោក ហេរ៉ូឌ (ម៉ាកុស ៦:១៨-១៩)។ នៅ​ទី​បញ្ចប់ នាង​ក៏​បាន​បំបិទ​មាត់​លោក យ៉ូហាន-បាទីស្ទ ប៉ុន្តែ​មិន​អាច​បំបាំង​សេចក្ដី​ពិត​បានទេ (អេសាយ ៤០:៨)។

ព្រះ​គម្ពីរ​បាន​ព្រមាន​អ្នក​ជឿ​ទាក់​ទង​ទៅ​នឹង​ការ​ថ្កោល​ទោស​អ្នក​ដទៃ​ក្នុង​របៀប​ដែល​អយុត្តិធម៌ និង​មិន​សុចរិត ប៉ុន្តែ​ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ «ជំនុំ​ជម្រះ​តាម​សេចក្តី​សុចរិត» (យ៉ូហាន ៧:២៤)។ យើង​ត្រូវ​តែ​ចេះ​មាន​ការ​ពិចារណា (កូឡុស ១:៩; ១ថែស្សាឡូនីច ៥:២១)។ យើង​ត្រូវ​តែ​ប្រកាស «ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ» ដែល​នេះ​មាន​រួម​ទាំង​ការ​បង្រៀន​ពី​ព្រះ​គម្ពីរ​លើ​ប្រធាន​បទ​នៃ​អំពើ​បាប (កិច្ចការ ២០:២៧; ២ធីម៉ូថេ ៤:២)។ យើង​ត្រូវ​តែ​ប្រឆាំង​ជា​មួយ​នឹង​បង​ប្អូន​ប្រុស​ស្រី​ដែល​កំពុង​តែ​ធ្លាក់​ក្នុង​សេចក្ដី​បង្រៀន​ខុស​ឆ្គង ដោយ​មាន​ចិត្ត​ស្រទន់ (កាឡាទី ៦:១)។ យើង​ត្រូវតែ​អនុវត្ត​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ (ម៉ាថាយ ១៨:១៥-១៧)។
យើង​ត្រូវ​តែ​និយាយ​សេចក្ដី​ពិត​ដែល​ពេញ​ដោយ​ចិត្ត​ស្រឡាញ់ (អេភេសូរ ៤:១៥)។  (អានភាគ ១)

និពន្ធ​ដោយ៖ Got Questions
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កុំ​ថ្កោល​ទោស ដើម្បី​ឲ្យ​លោក​អ្នក​អាច​ថ្កោល​ទោស​បាន​ត្រឹម​ត្រូវ (ភាគ១)

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ ៖ កណ្ឌ​គម្ពីរ​យ៉ូស្វេ និង​កណ្ឌ​គម្ពីរ​​ពួក​ចៅហ្វាយ