នេះជាសំណួរសំខាន់មួយសម្រាប់យើងក្នុងនាមជាគ្រីស្ទបរិស័ទ ដែលត្រូវតែពិចារណា។ នៅពេលដែលយើងនិយាយអំពីអំណាចបំផ្លិចបំផ្លាញនៃអំពើបាប ជាធម្មតាការនិយាយដើមមិនកើតឡើងក្នុងគំនិតទេ។ អ្វីដែលកើតឡើងក្នុងចិត្តមានដូចជា អំពើបាបខាងឯផ្លូវភេទ អំពើបាបនៅក្នុងពិភពនៃការញៀន ការថ្វាយបង្គំរូបព្រះ ការរំលូតកូន ការប្រកាសដំណឹងល្អក្លែងក្លាយ។ នោះហើយជាអ្វីដែលមាននៅក្នុងគំនិតយើង។ នៅពេលដែលយើងនិយាយអំពីការបំផ្លិចបំផ្លាញពីអំពើបាប អ្វីដែលយើងមិននឹកស្មានដល់គឺការនិយាយដើមគេ។
មានរបៀបជាច្រើន យើងបានក្លាយទៅជាមនុស្ស ដែលរំភើបចិត្តជាមួយនឹងអំពើបាបនៃការនិយាយដើមគេ។ នៅក្នុងប្រទេសមួយចំនួន គេមានទស្សនាវដ្ដីនិយាយដើមគេនៅជួរនៃច្រកចេញពីហាងទំនិញ។ គេមានកម្មវិធីទូរទស្សន៍ ដែលត្រូវបានបង្កើតឡើងជុំវិញរឿងរ៉ាវនៃការនិយាយដើម។ ថ្មីៗនេះ ខ្ញុំបានអានទស្សនាវដ្ដីសិក្សាមួយដែលព្យាយាមអះអាងថា ការនិយាយដើមគេ គឺតាមពិតជាទម្រង់មួយនៃការរៀនសូត្រ។ ការនិយាយដើមគេ គឺជាការរីករាលដាលនៅក្នុងវប្បធម៌របស់យើង ហើយជាអកុសលជាញឹកញាប់ វាក៏កើតមាននៅក្នុងក្រុមជំនុំដែរ។
ដូច្នេះ តើគ្រីស្ទបរិស័ទគួរតែឆ្លើយតបបែបណាចំពោះការនិយាយដើមគេ? មុនពេលយើងពិចារណាជំហានអនុវត្តខ្លះៗ វាជារឿងសំខាន់ណាស់សម្រាប់យើង ក្នុងការរម្លឹកអំពីអំពើបាបនៃការនិយាយដើមគេ។
អំពើបាបនៃការនិយាយដើមគេ
សូមពិចារណាអំពីប្រសាសន៍របស់សាវ័ក ប៉ុល នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២៨-២៩។ គាត់បានសរសេរថា៖
«ហើយដោយព្រោះគេ (មនុស្សមិនសុចរិត) មិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសម្រេចការដែលមិនគួរគប្បីធ្វើជាមនុស្សមានពេញដោយសេចក្ដីទុច្ចរិតគ្រប់យ៉ាង គឺសេចក្ដីកំផិត សេចក្ដីកំណាច សេចក្ដីលោភ និងសេចក្ដីព្យាបាទ ក៏មានសេចក្ដីឈ្នានីស និងការកាប់សម្លាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង» (រ៉ូម ១:២៨-២៩)។
សូមគិតថា ព្រះបន្ទូលរបស់ព្រះគឺច្បាស់ណាស់ទាក់ទងនឹងអំពើបាបនៃការនិយាយដើមគេ ការនេះមិនដូចការលើកឡើងរបស់ពិភពលោក និងការងប់ងុលជាមួយនឹងការនិយាយដើមឡើយ។ អំពើបាបនៃការដើរផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការលាតត្រដាងអ្វីមួយអំពីនរណាម្នាក់នៅពីក្រោយខ្នងរបស់ពួកគេ។
ដូច្នេះ ប្រសិនបើយើងមានការយល់ដឹងយ៉ាងច្បាស់លាស់នៅក្នុងគំនិតរបស់យើងអំពីអំពើបាបនៃការនិយាយដើម នោះយើងត្រូវត្រឡប់ទៅសំណួរ «តើគ្រីស្ទបរិស័ទគួរតែឆ្លើយតបដូចម្ដេចចំពោះការនិយាយដើមគេ នៅពេលវាមកគោះទ្វារយើង?» មានបីចំណុចបានមកចូលគំនិតរបស់ខ្ញុំ ទាក់ទងនឹងការអនុវត្ត៖
១. និយាយឲ្យចំៗ
ប្រសិនបើលោកអ្នកកំពុងសន្ទនាជាមួយនរណាម្នាក់ ហើយវាបានចាប់ផ្ដើមឆ្ពោះទៅរកការនិយាយដើមគេអំពីអ្នកដទៃ សូមសុខចិត្តបញ្ឈប់ការសន្ទនានោះ ហើយនិយាយប្រាប់ត្រង់ៗថាវាគឺជាអ្វី៖ «នេះគឺជាការនិយាយដើមគេ។ ព្រះជាម្ចាស់មិនទទួលបានសិរីល្អដោយការនិយាយដើមគេនោះឡើយ។ ការនិយាយដើមគេគឺជាអំពើបាប ហើយព្រះជាម្ចាស់ស្អប់ការធ្វើបែបនោះ។ ដូច្នេះ យើងត្រូវតែបញ្ឈប់ការសន្ទនាឥឡូវនេះ មុនមានការនិយាយដើមគេច្រើនជាងនេះកើតឡើង»។
សូមមើល ដោយមិនមានការសង្ស័យ ប្រសិនបើលោកអ្នកស្ថិតនៅក្នុងខណៈណាមួយនៃគ្រាដូចនេះ វានឹងកាន់តែពិបាក ប៉ុន្តែចំណុចសំខាន់មានការទាក់ទងគ្នា។
២. បង្វែរការសន្ទនាឡើងវិញ
វិធីមួយទៀតក្នុងការឆ្លើយតបនឹងការនិយាយដើមគេ គឺលោកអ្នកគ្រាន់តែបង្វែរការសន្ទនា។ នៅពេលដែលលោកអ្នកកំពុងធ្វើការសន្ទនា ហើយស្រាប់តែមាននរណាម្នាក់ចាប់ផ្ដើមនិយាយដើមគេ គឺនិយាយអំពីអ្នកផ្សេងដែលមិនមានវត្តមាន សូមមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរប្រធានបទទាំងមូល។ ជាថ្មីម្ដងទៀត នេះប្រហែលជាពិបាក ប៉ុន្តែចំណុចសំខាន់ត្រូវបានប្រាប់យ៉ាងច្បាស់ថា លោកអ្នកនឹងមិនត្រូវចូលរួមជាមួយនឹងការនោះឡើយ។
៣. ផ្តល់ការមើលទទេ
មធ្យោបាយទីបី គឺប្រហែលជាអ្វីដែលខ្ញុំចូលចិត្តជាងគេ ពីព្រោះខ្ញុំធ្លាប់ជាជនរងគ្រោះនៃរឿងនេះម្នាក់។ សូមផ្តល់ការមើលទទេ។ ខ្ញុំផ្ទាល់ធ្លាប់ជាអ្នកទទួលបានការឆ្លើយតបបែបនេះចំពោះការនិយាយដើមគេ។ ខ្ញុំបានចូលទៅកាន់ការនិយាយដើមជាមួយគ្រូគង្វាល ដែលខ្ញុំគោរពយ៉ាងខ្លាំងម្នាក់ ខ្ញុំបានរំពឹងថា គាត់នឹងចូលរួមជាមួយខ្ញុំដែរ ហើយភ្លាមៗនោះគាត់គ្រាន់តែផ្តល់ការមើលទទេមកកាន់ខ្ញុំ។ ហើយខ្ញុំបានឆ្ងល់ថា «គាត់មិនឮខ្ញុំទេអី? តើមានរឿងអ្វីកើតឡើង?» ប៉ុន្តែ ភ្លាមៗនោះ ខ្ញុំក៏បានដឹងថា គាត់កំពុងតែបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនឈានជើងចូលទៅក្នុងរឿងនេះ ហើយគាត់នឹងមិនចូលរួមទេ។ ពិតណាស់ អ្នកខ្លះអាចនឹងឆ្ងល់ថា «នេះវាស្ដាប់ទៅហាក់បីដូចជាជ្រុលបន្តិច ជាពិសេសចំណុចចុងក្រោយ»។
ប៉ុន្តែ សូមឲ្យខ្ញុំបានរម្លឹកលោកអ្នកថា កណ្ឌគម្ពីរ សុភាសិត ២០:១៩ បានប្រាប់យើងឲ្យចៀសចេញពីអ្នកនិយាយដើមគេ។
«អ្នកណាដែលដើរចុះឡើងនិយាយដើមគេ នោះជាអ្នកបើកបង្ហាញការលាក់កំបាំងហើយ ដូច្នេះ កុំឲ្យភប់ប្រសព្វនឹងអ្នកណា ដែលមានមាត់ប៉ាចរហាចឡើយ»។
ដូច្នេះ ប្រសិនបើដោយចៃដន្យលោកអ្នកឃើញថា ខ្លួនឯងកំពុងស្ថិតនៅក្នុងការសន្ទនា ដែលមានការនិយាយដើមគេកំពុងតែចាប់ផ្ដើមកើតឡើង វាមិនធ្ងន់ធ្ងរពេកក្នុងការប្រើការអនុវត្តន៍ចំណុចណាមួយ ដែលទើបតែបានលើកឡើង ដើម្បីសម្លាប់អំពើបាបនៃការនិយាយដើមគេចោលឲ្យស្លាប់នៅក្នុងគន្លងរបស់វា។ សូមឲ្យយើងប្រើប្រាស់ពាក្យសម្ដីរបស់យើង ដើម្បីនាំមកនូវសិរីល្អ និងការសរសើរដល់ព្រះជាម្ចាស់។ ហើយសូមឲ្យយើងសម្លាប់ការនិយាយដើមគេ គ្រប់ពេលដែលវាមកគោះទ្វារយើងដែរ។
មតិយោបល់
Loading…